រដ្ឋាភិបាល​លុប​ចោល​បំណុល​គ្រួសារ​យោធិន​ពលី​ចំ​ពេល​មាន​ការ​ជំរុញ​ពី​បក្ស​ប្រឆាំង

រដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​លុប​ចោល​បំណុល​របស់​គ្រួសារ​យុទ្ធ​ជន​ដែល​បាន​ពលី​ នៅ​សម​រភូមិ​ជួរ​មុខ​ ក្រោយ​មាន​ការ​អំពាវ​នាវ​ពី​បក្ស​ប្រឆាំង​ ឱ្យ​តប​ស្នង​គុណ​ដល់​យុទ្ធ​ជន​ខ្មែរ​ដែល​ប្រយុទ្ធ​ការ​ពារ​ទឹក​ដី​ទប់​ទល់​ការ​ឈ្លាន​ពាន​ពី​ប្រទេស​ថៃ។

បើតាម​សេចក្តីណែនាំ​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី៣​០ ខែ​កក្កដា​នេះ បា​ន​ឱ្យ​គ្រឹះ​ស្ថាន​ធនាគារ និង​ហិរញ្ញ​វត្ថុ លុប​ចោល​ឥណទាន​ចំនួន​ ១០​លាន​រៀល​ របស់​អតិថិជ​ន​ជា​យោធិន​ពិការ​នៅ​សមរភូមិ​បច្ចុប្បន្ន និង​លុប​ចោល​ឥណទាន​ចំនួន​៨០​លាន​រៀល​របស់​អតិថិជន​ឬ​អ្នក​រួម​ខ្ចី​ជា​យោធិន​ពលី។

យ៉ាងណា នៅថ្ងៃដ​ដែ​លនេះ​ ទាំង​ប្រធាន​ព្រឹទ្ធ​សភា លោក ហ៊ុន សែន និង​នាយករដ្ឋ​មន្រ្តី​កម្ពុជា លោក ហ៊ុន ម៉ាណែត បាន​សរ​សេរ​លើ​បណ្តាញ​សង្គម​ជា​ហូហែរ ដោយ​អរគុណចំ​ពោះធនាគារ​មួយ​ចំនួន​ដែល​ប្រកាស​ថា ពួក​គេ​បាន​សម្រាប់​លុប​ចោល​បំណុល​ទាំង​ស្រុង​ហើយ​ដល់​យោធិន​ពលី​ជីវិត និង​អ្នក​រួម​ខ្ចី ដែល​បាន​បំពេ​ញ​ប្រតិបត្តិ​ការ​ក្នុង​សមរភូមិ​ការ​ពារ​ទឹក​ដី។

កិច្ចអន្តរាគមន៍រ​បស់​រដ្ឋាភិបាល​នេះ ក្រោយ​មាន​ចរន្ត​ជំរុ​ញ​ឱ្យ​រដ្ឋាភិបាល​លុប​ចោល​បំណុល​ទាំង​អស់​ដែល​គ្រួសារ​យុទ្ធ​ជន​នៅ​សម​រភូមិ​ជួរ​មុខ​ជំពាក់​ធនាគារ ដើម្បី​សង​គុណ​ដល់​ពួក​គេ។

ក្រុមប្រឹក្សាជាតិតស៊ូដឹកនាំ​ដោយ​ លោក សម រង្ស៊ី​ នៅថ្ងៃ​ទី​២៩ ខែ​កក្កដា បាន​ចេញ​សេចក្តី​ថ្លែង​ការ​ណ៍មួ​យ​ថា ក្រោយ​​មាន​ការ​ប្រឹង​ប្រែង​របស់​អាមេរិ​ក និង​ប្រទេស​ម៉ាឡេ​ស៊ី ដោយ​មាន​ការ​អង្កេត​ពី​ចិន សម្រេច​បាន​នូវ​បទ​ឈប់​បាញ់ កម្ពុជា-ថៃ រដ្ឋាភិបាល​កម្ពុជា​គួរ​មាន​ពេល​គ្រប់​គ្រាន់​ ដើម្បី​គិត​គូរ​តប​ស្នង​គុណ​បំណាច់​របស់​យុទ្ធជន​ខ្មែរ ដែល​កាន់​អាវុធ​ក្រាញ​ននៀល​ប្រយុទ្ធ​ការ​ពារ​ទឹក​ដី​កម្ពុជា​នៅ​សមរភូមិ​ជួរ​មុខ។

ប្រភព​នោះថា​ រដ្ឋាភិបាល​កម្ពុជា​ត្រូវ​លុប​ចោល​បំណុល​ទាំង​អស់ ដែល​គ្រួសារ​យុទ្ធ​ជន​សមរភូមិ​ជួរ​មុខ​ជំពាក់​ធនាគារ ហើយ​រដ្ឋាភិបាល​ត្រូវ​បង់​សង​ជំនួស​វិញ។

លើស​ពីនេះ​ រដ្ឋាភិបាលត្រូវរៀបចំតម្លើង​ប្រាក់​ខែ បុណ្យ​ស័ក្តិ ក្នុង​លក្ខ​ខណ្ឌ​ពិសេស និង​សង់​ផ្ទះ​ជូន​ពួក​គាត់ និង​គ្រួសារ​​ឲ្យ​ស័ក្តិ​សម​ពលិកម្ម​ការ​ពារ​ទឹក​ដី។ ដោយ​ឡែក យុទ្ធជន​ពលី រដ្ឋាភិបាលគួរ​ប្រគល់​ប្រាក់​បំណាច់​ដល់​គ្រួសារ​ពួក​គាត់​ យ៉ាង​តិច​មួយ​គ្រួសារ ១០​ម៉ឺន​ដុល្លារ​អាមេ​រិក។

បន្ថែម​លើ​នេះ ក្រុម​ប្រឹក្សា​ជាតិ​តស៊ូ​ ទទូច​ឲ្យ​រដ្ឋាភិបាល​ផ្តល់​ឱកាស​ឲ្យ​កូនៗ នៃ​យុទ្ធជន​សមរភូមិ​ជួរ​មុខ បាន​រៀន​សូត្រ​ដោ​យឥ​ត​គិត​ថ្លៃ​ និង​ឧបត្ថម្ភ​ជីវភាព​សិក្សា​គ្រប់​គ្រាន់។

ដោយ​ឡែក តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក ម៉ែន សុថាវ​វិន្រ្ទ យល់​ថា យុទ្ធជន​ការ​ពារ​ព្រំដែន​នៅ​មាន​ជីវភា​ពក្រ​លំបាក​នៅ​ឡើយ ដែល​ទាម​ទារ​ឱ្យ​រដ្ឋ​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៀត​ ឱ្យ​សម​តាម​វីរៈភាព​ដ៏​អង់​អាច​ក្លាហាន​របស់​យុទ្ធជន​ខ្មែរ​ ដែល​ហ៊ាន​បូជា​ជីវិត​ដើម្បី​ជាតិ​មាតុ​ភូមិ។

លោកថា៖ «យើងមើលទៅគាត់គិតគូរតែ​រឿង​តារា​​ឱ្យ​បុណ្យ​សក្កិ។ យុទ្ធ​ជន​ដែល​ការ​ពារ​ព្រំដែន​ទាំង​អស់​ហ្នឹង ​គឺ​​អ​ត់​ទេ! អត់​មាន​ជួយ​យុទ្ធជន​ទេ អត់​មាន​ដោះ​ស្រាយ។ ឃើញ​ខ្មែ​រ​យើងទាំង​អស់​ជួយ​ទូទាំង​ពិភព​លោក គេ​រៃអ​ង្គាស​ដើម្បី​យក​ទៅ​ជួយយុ​ទ្ធជន​ជួរ​មុខ​ ជាពិសេស​ពួក ភៀស​សឹក។ សូម​ឱ្យ​គិត​គូរ​ហើយ ឱ្យ​ប្រាក់​ខែ ហើយ​ឡើង​ឋានរន្ត​ស័ក្តិ»។

យ៉ងណា នាយកទទួលបន្ទុកកិច្ចការទូទៅ​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត ជំរុញ​ឱ្យ​ធនាគារ​ជាតិ​ តាម​ដាន​គ្រឹះ​ស្ថាន​ធនាគារ និ​ង​ហិរញ្ញ​វត្ថុ ដើម្បី​ឱ្យ​ប្រាកដ​ថា​មិន​បាន​បំពាន​លើ​ការ​ណែនាំ​ក្នុង​ការ​ជួយ​សម្រួល​បន្ទុ​ក​គ្រួសារ​កង​កម្លាំង ដែល​ឈរ​ជើង​នៅ​សមរភូមិ​ជួរ​មុខ​នៅ​ពេល​នេះ។

បន្ថែមលើនេះ លោកចង់ឃើញរដ្ឋជួយបន្ថែមទៀត​លើ​ជីវភាព​គ្រួសារ​របស់​យុទ្ធជន​ ​នៅ​សមរភូមិ​ជួរ​មុខ​ផង​ដែរ ដែល​ពួក​គេ​កំពុង​លះ​បង់​ដើម្បី​ជាតិ​ខ្មែរ។

លោកថា៖ «រាជរដ្ឋាភិបាល​លោក​គួរ​តែ​ពិនិ​​ត្យ​ទៅ​លើ​លទ្ធភាព​ជួយ​បន្ថែម សម្រាប់​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ក៏​ដូ​ច​ជា​កង​នគរបាល​ដែល​គាត់​ទៅ​នៅ​ជួ​រមុខ ទាក់​ទង​នឹង​បញ្ហា​ជីវភាព​គ្រួសារ​របស់​ពួក​គាត់។ ជាការ​លើក​ទឹក​ចិត្ត​ដល់​វីរភាព​ដ៏អ​ង់​អាច​ ដែល​គាត់​ប្រឈម​ ឬ​ក៏លះ​បង់»

សម្រាប់ អតីត​នាយ​ខុទ្ទ​ការល័យ​លោក កឹម សុខា គឺលោក មុត ចន្ថា នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា បាន​សរ​សេរ​សារ​ភ្ជាប់​រូប​ភាព​យុទ្ធជន​ដែល​ពលី​ ក្នុង​សមរភូមិ​ប្រយុទ្ធ​ទប់​ទល់កា​រ​ឈ្លាន​ពាន​ពី​ប្រទេស​ថៃ ថា​ពេល​សុខ​សាន្ត​ត្រាណ​កុំ​ភ្លេច​វីរៈ​ភាព​ និង​គុណ​បំណាច់។

បើតាម លោក ​មុត ចន្ថា រាជរដ្ឋាភិបាលគួរ​ពិចារណា​ធ្វើ​កិច្ច​ការ​មួយ​ចំនួន សម្រាប់​នាយ​ទាហាន​ និង​យុទ្ធ​ជន​ដែល​បាន​ពលី​ក្នុង​សមរភូមិ​ ដើម្បី​ការ​ពារ​ទឹក​ដី​ពី​ការ​ឈ្លាន​ពាន​របស់​ប្រទេស​ថៃ​។

កិច្ចការនោះ រួម​មាន សង់វិ​មាន​អនុស្សារីយ៍ដោយចារឹកឈ្មោះ បំពាក់​មេដាយ​ការ​ពារ​ជាតិ​ដល់​យុទ្ធ​ជន​ពលី​ និង​យុទ្ធជន​​ទាំងអស់ ផ្តល់​គោល​នយោបាយ​សម​ស្រប​ដល់​ក្រុម​គ្រួសារ​យុទ្ធ​ជន​ពលី បំពា​ក់ឋា​នន្តរស័ក្តិ​តាម​លំដាប់​​ប្រសិ​ន​ជា​អាច ផ្តល់​សេវា​ពិគ្រោះយោ​បល់​ផ្នែក​ចិត្ត​សាស្រ្ត​ដល់​គ្រួសារ​យុទ្ធជន​ពលី ជួយ​ទំនុក​បម្រុង​ដល់​កូនៗ​យុទ្ធជ​ន​ពលី ឱ្យ​រៀន​សូត្រ​​យ៉ា​ងហោ​ច​បញ្ចប់​កម្រិត​ឧត្តម​សិក្សា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ