អង្គការដែលធ្វើការផ្នែកបរិស្ថានមួយ ឱ្យដឹងថា ជនជាតិវៀតណាម តាមរយៈការចូលនេសាទក្នុងដែនសមុទ្រកម្ពុជាដោយខុសច្បាប់ បានជួយស្រូបទាញកំណើនឧស្សាហកម្មគ្រឿងសមុទ្ររបស់វៀតណាមកើនដល់ ១០ពាន់លានដុល្លារអាមេរិក ពីប្រទេសបញ្ជាទិញនានាក្នុងពិភពលោក ដែលការណ៍នេះ អង្គការនោះបានអំពាវនាវឱ្យមានការចូលរួម ក្នុងការទាមទារយុត្តិធម៌ជូនដែនទឹកកម្ពុជាវិញ ពីសំណាក់ទូកនេសាទវៀតណាម។
តាមការផ្សព្វផ្សាយលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន ចលនាមាតាធម្មជាតិ ដែលជាអង្គការមួយធ្វើការផ្នែកបរិស្ថាន បានលើកឡើងនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ថា ក្នុងឆ្នាំ២០២៣ វៀតណាមបាននាំចេញគ្រឿងសមុទ្រតម្លៃជិត ៩ពាន់លានដុល្លារ ទៅកាន់ពិភពលោក ហើយតូលេខនេះ បានកើនឡើងដល់ ១០ពាន់លានដុល្លារក្នុងឆ្នាំ២០២៤ ក្នុងនោះសហភាពអឺរ៉ុប (EU) ឈរជាអ្នកទិញធំជាងគេមួយដែលមានទឹកប្រាក់ ១ពាន់លានដុល្លារ ក្នុងចំណោមអ្នកទិញលំដាប់ៗផ្សេងៗទៀត។
ប្រភពដដែល បន្តថា ទន្ទឹមនឹងដំណើរពាណិជ្ជកម្មដែលកំពុងរីកចម្រើនរបស់វៀតណាមនេះ ជាការពិតដ៏អាក្រក់មួយ គឺទូកនេសាទវៀតណាម បាននឹងកំពុងបន្តប្រតិបត្តិការក្នុងដែនទឹកកម្ពុជា ដើម្បីទាញយកធនធានសមុទ្រដែលមិនមែនជាកម្មសិទ្ធិរបស់ខ្លួន ខណៈការអនុវត្តច្បាប់នៅកម្ពុជានៅមានកម្សោយខ្លាំង ជាពិសេសកម្ពុជាជាម្ចាស់ប្រទេសនៃធនធានសមុទ្ររបស់ខ្លួន បែរមិនហាស្ដីអំពីសកម្មភាពយ៉ាងគគ្រឹកគគ្រេងទាំងនេះ។
អង្គការចលនាមាតាធម្មជាតិ បានចោទជាសំណួរថា៖ «នៅពេលដែលកប៉ាល់វៀតណាមដកហូតប្រព័ន្ធអេកូឡូស៊ីសមុទ្ររបស់កម្ពុជា ត្រីទាំងនោះត្រូវបានដឹកជញ្ជូនទៅកាន់កំពង់ផែវៀតណាម និងអាចនាំចេញទៅអឺរ៉ុបសម្រាប់បរិភោគ! តើនេះជាសកម្មភាពលួចដកហូតធនធានសមុទ្រកម្ពុជាដែរឬទេ? តើសហភាពអឺរ៉ុបនឹងពិចារណាយ៉ាងណាចំពោះសកម្មភាពទាំងនេះរបស់ទូកនេសាទវៀតណាម?»។
ចលនាមាតាធម្មជាតិ ក៏បានអំពាវនាវដល់ពលរដ្ឋអ្នកស្នេហាជាតិទាំងអស់ ចូលរួមក្នុងការទាមទារយុត្តិធម៌ជូនដែនទឹកកម្ពុជា ពីសំណាក់ទូកនេសាទវៀតណាម ស្របពេលដែលមានជម្លោះព្រំដែនកម្ពុជា-ថៃ ព្រោះរឿងនេះមិនមែនកើតឡើងម្សិលមិញទេ ប៉ុន្តែជាវិបត្តិដែលត្រូវតែរួមគ្នាដោះស្រាយ និងថែរក្សាធនធានសមុទ្រសម្រាប់កូនចៅជំនាន់ក្រោយ។
កាលពីចុងខែឧសភា និងកំឡុងខែកក្កដានេះ ចលនាមាតាធម្មជាតិ ក៏បានផ្សព្វផ្សាយនូវវីដេអូឯកសារមួយ ពីករណីរកឃើញទូកវៀតណាមជាង ១០០០គ្រឿង បានឆ្លងដែននេសាទធនធានសមុទ្រក្នុងដែនសមុទ្រកម្ពុជា នៅខេត្តព្រះសីហនុ ខេត្តកំពត និងកែប។
អង្គការនេះ បញ្ជាក់ថា ទូកនេសាទវៀតណាមទាំងនោះ ភាគច្រើនប្រើប្រាស់អួន – មានអួនអូសជាគូរ អួនអូសមានភ្ជាប់អគ្គិសនី និងអួនប្រភេទផ្សេងទៀត ឆ្លងកាត់បាតសមុទ្រកម្ពុជា ដែលមានសមត្ថភាពអាចទាញយក និងសម្លាប់ត្រីគ្រប់ទំហំ គ្រប់ប្រភេទ ធ្វើឲ្យរហែកថ្មប៉ប្រះទឹក បំផ្លាញស្មៅសមុទ្រ ហើយប្រព័ន្ធអេកូឡូស៊ីទាំងមូលនឹងត្រូវបានបំផ្លាញក្នុងរយៈដ៏ខ្លី។
បើយោងតាមច្បាប់ស្ដីពីជលផល សកម្មភាពទាំងនេះសុទ្ធតែជាអំពើខុសច្បាប់ ដែលនាំឱ្យមានការបំផ្លិចបំផ្លាញធនធានសមុទ្រជាខ្លាំង។ ករណីនេះ ចលនាមាតាធម្មជាតិ បានអំពាវនាវដល់រដ្ឋាភិបាលកម្ពុជា ត្រូវតែឆ្លើយតបជាបន្ទាន់នូវករណីវត្តមានទូកនេសាទវៀតណាមទាំងនេះ ដើម្បីការពារធនធានសមុទ្រកម្ពុជា។
វីអូឌី មិនអាចស្វែងរកការបញ្ជាក់បានភ្លាមៗ ពីរដ្ឋមន្រ្តីក្រសួងការពារជាតិ លោក ទៀ សីហា និងជាប្រធានគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ និងអ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាតិ បានទេនៅថ្ងៃសុក្រនេះ។
ទោះយ៉ាងណា ក្នុងពិធីបើកសន្និសីទរបស់អង្គការសហប្រជាជាតិស្តីពីមហាសមុទ្រលើកទី២ (UNOC3) នៅទីក្រុងនីស ប្រទេសបារាំង កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងពីសារសំខាន់នៃមហាសមុទ្រចំពោះសុខុមាលភាព និងភាពរុងរឿងនៃមនុស្សជំនាន់ក្រោយ និងលើកឡើងពីក្តីបារម្ភចំពោះការគំរាមកំហែងនានាដល់មហាសមុទ្រ ក្នុងនោះមានទាំងការថយចុះយ៉ាងលឿននូវជីវចម្រុះក្នុងសមុទ្រ និងការប្រើប្រាស់ធនធានសមុទ្រជ្រុលហួសកម្រិត។
លោកបានគូសបញ្ជាក់ថា៖ «បញ្ហាប្រឈមទាំងនេះ ទាមទារឱ្យមានសកម្មភាពជាបន្ទាន់ និងម៉ឺងម៉ាត់ ព្រមទាំងកិច្ចសហការដែលឥតងាករេ។ នេះគឺជាពេលវេលាដែលយើងត្រូវធ្វើសកម្មភាពរួមគ្នា! កម្ពុជាប្តេជ្ញាពង្រឹងសមត្ថភាពជាតិរបស់ខ្លួន ក្នុងការការពារមហាសមុទ្រ កម្ពុជាបានពង្រីកតំបន់ការពារក្នុងដែនសមុទ្ររបស់ខ្លួន បានពង្រឹងបទប្បញត្តិស្តីពីការគ្រប់គ្រងការនេសាទប្រកដោយចីរភាព និងបានបង្កើននូវគំនិតផ្តួចផ្តើមថ្នាក់ជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងការបំពុលសមុទ្រ»។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិដែលតុលាការបានរំលាយ លោក អ៊ុំ សំអាន មានប្រសាសន៍ថា ការដែលមិនបានទប់ស្កាត់ការនេសាទរបស់ទូកវៀតណាមទាំងនោះបាន អាចបណ្តាលមកពីរដ្ឋាភិបាលកម្ពុជា ចាត់ទុកវៀតណាមជាចៅហ្វាយនាយ ដែលធ្វើឱ្យមន្ត្រីមិនហ៊ានចាត់វិធានការ និងអាចមកពីអំពើពុករលួយរបស់មន្ត្រីគ្រប់គ្រងដែនសមុទ្រ ដែលយកលុយប្រចាំខែពីទូកនេសាទទាំងអស់នោះ។
លោកថា៖ «មេដឹកនាំប្រទេសគាត់អត់ខ្វល់អត់រវីរវល់នោះទេ ព្រោះយើងដឹងហើយក្នុងគណបក្សប្រជាជនគេ ឱ្យតែមន្ត្រីរបស់គេហ្នឹងរកលុយបានទៅ ដើម្បីយកលុយហ្នឹងមកពង្រឹងបក្ស ពង្រឹងអំណាច។ ពេលរកលុយបានពីអំពើពុករលួយហ្នឹងទៅ មួយចំនួនគេចូលគ្រួសារទៅ មានបានទៅហ៊ីហាទៅ គេគាំទ្របក្សបន្តទៀតហើយ គេអត់ងាករេទេ ហើយលុយមួយចំនួនគេយកទៅដើម្បីឃោសនាបក្សគេទៅ មូលហេតុទាំងអស់ហ្នឹងហើយទើបមានអំពើពុករលួយជាប្រព័ន្ធតាំងពីលើដល់ក្រោម»។
លោក អ៊ុំ សំអាន បន្តថា ប្រសិនរដ្ឋាភិបាលនៅតែបន្តបណ្តែតបណ្តោយឱ្យមានបទល្មើសនេសាទពីសំណាក់ទូកវៀតណាម ក្នុងដែនសមុទ្រកម្ពុជាបន្តទៀត នោះនឹងធ្វើឱ្យធនធានសមុទ្រកម្ពុជាបាត់បង់ ប៉ះពាល់ដល់ជីវចម្រុះក្នុងសមុទ្រ និងប៉ះពាល់ដល់សេដ្ឋកិច្ចអ្នកនេសាទកម្ពុជា និងសេដ្ឋកិច្ចជាតិជាដើម។
ករណីនេះ លោកបានជំរុញឱ្យរដ្ឋាភិបាលត្រូវមានចំណាត់ការក្តៅទប់ស្កាត់ជាបន្ទាន់ និងលុបបំបាត់អំពើពុករលួយពាក់ព័ន្ធនឹងបទល្មើសនេសាទនេះ ហើយបើសិនរកឃើញមន្ត្រីរបស់ខ្លួនដែលប្រព្រឹត្តអំពើពុករលួយយកលុយប្រចាំខែពីទូកនេសាទវៀតណាមទាំងនោះ គឺត្រូវមានវិធានការដកដំណែង និងផ្តន្ទាទោសទៅតាមផ្លូវច្បាប់។
កាលពីខែសីហា ឆ្នាំ២០២០ កម្មវិធីគម្រោងផ្តួចផ្តើមគំនិតអង្កេតលើស្ថានភាពយុទ្ធសាស្រ្តក្នុងតំបន់សមុទ្រចិនខាងត្បូង ហៅកាត់ថា SCSPI បានចេញរបាយការណ៍មួយ ស្តីពី ទូកនេសាទខុសច្បាប់របស់វៀតណាម ចូលដល់ដែនសមុទ្រចិន និងដែនសមុទ្រនៃប្រទេសមួយចំនួនទៀត ក្នុងតំបន់អាស៊ាន រួមមាន ដែនសមុទ្រម៉ាឡេស៊ី ដែនសមុទ្រឥណ្ឌូណេស៊ី និងដែនសមុទ្រកម្ពុជា។
តាមរយៈរបាយការណ៍របស់ខ្លួន SCSPI ដែលជាកម្មវិធីគម្រោងផ្នែកស្រាវជ្រាវ មានមូលដ្ឋានក្នុងសាកលវិទ្យាល័យមួយនៃទីក្រុងប៉េកាំង ប្រទេសចិន បានសរសេរថា ទូកនេសាទវៀតណាមទាំងនោះ បានចូលទៅនេសាទដោយមិនបានរាយការណ៍ជាមុននិងគ្មានការអនុញ្ញាត។
ករណីនេះ ចលនាមាតាធម្មជាតិ បានព្រមានពីមហន្តរាយនៃធនធានសមុទ្រក្នុងដែនសមុទ្រកម្ពុជា ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ប្រសិនបើរដ្ឋាភិបាល មិនទប់ស្កាត់ជាបន្ទាន់ និងប្រកបដោយប្រសិទ្ធភាពទេនោះ៕









