កម្ពុជាអំពាវនាវឱ្យថៃបញ្ជូនទាហានខ្មែរ២០នាក់ និងសព មកកម្ពុជាឱ្យបានឆាប់ តាមច្បាប់អន្តរជាតិ ខណៈពួកគេទាំងនោះត្រូវបានទាហានថៃ ចាប់កាលពីថ្ងៃទី២៩ខែកក្កដា ធ្វើជាចំណាប់ខ្មាំង រំលោភបទឈប់បាញ់ដែលចូលជាធរមាននៅថ្ងៃម៉ោង១២យប់ ថ្ងៃទី២៨ខែកក្កដានេះ។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា អ្នកស្រី ម៉ាលី សុជាតា ថ្លែងក្នុងសន្និសីទកាសែតនៅថ្ងៃទី៣១ ខែកក្កដានេះថា ថៃពិតជាបានចាប់ទាហានខ្មែរ២០នាក់មែន កាលពីថ្ងៃទី២៩ ខែកក្កដា អំឡុងពេលចរចា បទឈប់បាញ់។
យ៉ាងណា អ្នកស្រីអះអាងថា គិតមកទល់ពេលនេះ កម្ពុជាទើបតែទទួលសពទាហានខ្មែរម្នាក់ប៉ុណ្ណោះ ខណៈទាហានខ្មែរចំនួន១៩នាក់ទៀត មិនទាន់ត្រូវបានបញ្ជូនត្រឡប់មកកម្ពុជាវិញនៅឡើយទេ។
ដែលការណ៍នេះ កម្ពុជាអំពាវនាវឱ្យភាគីថៃពន្លឿនការដោះលែងទាហានខ្មែរជាបន្ទាន់ ដោយឥតលក្ខខណ្ឌ តបតាមច្បាប់អន្តរជាតិស្តីពីមនុស្សធម៌សកល ខណៈបទឈប់បាញ់ត្រូវបញ្ចប់ផងដែរ។
អ្នកស្រីថា៖ «មកទល់ពេលនេះ យើងបានទទួលសពចំនួនមួយរូប និង២១រូបផ្សេងទៀត ត្រូវបញ្ជូនត្រឡប់មកវិញ យើងសូមអំពាវនាវដល់ភាគីថៃដើម្បីធ្វើយ៉ាងណាបញ្ជូនកម្លាំងរបស់យើងទាំង២០រូប ឲ្យត្រឡប់មកវិញ ឲ្យបានឆាប់ រួមទាំងកម្លាំងផ្សេងទៀតប្រសិនមាន ក្នុងការគ្រប់គ្រងរបស់ថៃ ដូច្នេះយើងសង្ឃឹមយ៉ាងមុតមាំថា បងប្អូនទាំងអស់នោះ នឹងវិលត្រឡប់មកវិញដោយសុខសុវត្ថិភាព។ ក្នុងពេលជាមួយគ្នានេះ យើងអំពាវនាវឲ្យភាគីថៃជួយមើលថែមើលខុសត្រូវ ចំពោះបងប្អូនយើងដែលនៅទីនោះឲ្យបានល្អ និងឆាប់បញ្ជូនពួកគេត្រឡប់មកវិញឲ្យបានឆាប់ ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ»។
ការទម្លាយរបស់ក្រសួងការពារជាតិនេះ ក្រោយពី លោកឧត្តមសេនីយ៍ទោ ច័ន្ធ សុភ័ក្ត្រា បានប្រាប់អនុព័ន្ធយោធាដែលចុះត្រួតពិនិត្យព្រំដែនក្នុងតំបន់ប៉ះទង្គិចគ្នាដោយអាវុធ រវាងកងទ័ពកម្ពុជា និងថៃ ដោយបានបញ្ជាក់ថា កាលពីថ្ងៃទី២៩ខែកក្កដា ក្រោយបទឈប់បាញ់ចូលជាធរមាន ទាហានថៃមួយក្រុមបានដើរចូលមកទឹកដីកងទ័ពកម្ពុជាឈរជើង ហើយប្រើល្បិចសុំចរចាចាប់ដៃជាមួយទាហានខ្មែរ បន្ទាប់មកក៏លេចចេញទាហានថៃមួយក្រុមទៀត ចេញមកផ្ជង់កាំភ្លើងចាប់ទាហានខ្មែរ២១នាក់ ដែលពួកគេគ្មានអាវុធកាន់នៅក្នុងដៃ ដោយគោរពបទឈប់បាញ់។ លោកថា គ្រានោះ ទាហានថៃបានបាញ់សម្លាប់ទាហានខ្មែរម្នាក់ ខណៈទាហានខ្មែរម្នាក់បានរត់រួច។
លោកថា៖ «នៅពេលដែលយើងមានបទបញ្ជាឈប់បាញ់ហើយ ទីបំផុតភាគីថៃប្រើល្បិចកលល្បិចថោកទាបបំផុត ផ្ជង់លើកម្លាំងរបស់ខ្ញុំ តើអស់លោកឈឺចាប់ទេ ខ្ញុំសួរអស់លោកទៅវិញ អស់លោកដែលជាសេនានុព័ន្ធតាមបណ្តាប្រទេសទាំងនេះ អស់លោកឈឺចាប់ទេ នៅពេលគេធ្វើអំពើអាក្រក់មកលើយើងទាំងដែលយើងបញ្ចេញនូវកាយវិការស្មោះត្រង់ទៅជាមួយគេនោះ ក្រោយពេលចប់ ចាប់កម្លាំងខ្ញុំទាំងអស់ទាំង២០យកទៅ ត្រូវបានរត់រួចម្នាក់ នៅសល់១៩ ប៉ុន្តែនៅពេលដែលអ្នករត់រួចគាត់រត់មកដល់ ឮព័ត៌មានគាត់ប្រាប់ថា ប្រហែលជាបាញ់សម្លាប់នៅមុខគាត់ពីរនាក់ទៀត»។
ជុំវិញបញ្ហានេះ តំណាងរាស្រ្តបក្សសង្រ្គោះជាតិ លោក អ៊ុំ សំអាន ប្រាប់VODនៅថ្ងៃទី៣១ ខែកក្កដានេះថា កម្ពុជាត្រូវពឹងសហរដ្ឋអាមេរិក ចិន និងប្រធានអាស៊ានប្តូរវេនបន្ថែមទៀត ដើម្បីបញ្ជាក់ទៅភាគីពាក់ព័ន្ធថា ថៃបានរំលោភលើបទឈប់បាញ់ និងដើម្បីពន្លឿនដោះលែងទាហានខ្មែរទាំងនោះមកវិញ។
លោកយល់ថា ករណីចាប់ខ្លួន និងបាញ់សម្លាប់ទាហានខ្មែរម្នាក់ កំឡុងពេលបទឈប់បាញ់ចូលជាធរមាននេះ ឆ្លុះបញ្ចាំងពីទង្វើព្រៃផ្សៃ អមនុស្សធម៌របស់ភាគីថៃ។ លោកបានថ្កោលទោសនូវទង្វើរបស់ទាហានថៃនេះ។
លោកថា៖ «យើងត្រូវធ្វើម៉េចស្នើទៅអាមេរិក និងម៉ាឡេស៊ី និងចិន ដាក់សម្ពាធទៅថៃបន្ថែមទៀត ព្រោះប្រទេសទាំងអស់ហ្នឹង គឺជាអ្នកសម្របសម្រួលគ្នាក្នុងការចរចាបញ្ចប់សង្គ្រាមរវាងខ្មែរនិងថៃ ហើយមួយទៀតគឺសុំឲ្យសហគមន៍អន្តរជាតិដាក់សម្ពាធទៅលើថៃបន្ថែមទៀត ទើបថៃព្រមដោះលែង បើមិនអីចឹងទេ ថៃមិនព្រមដោះលែងនោះទេ មួយទៀតក៏ត្រូវនិយាយជាមួយសារព័ត៌មានធំៗឱ្យល្បី ដើម្បីដាក់សម្ពាធទៅលើថៃ»។
ម្យ៉ាងវិញទៀត លោក អ៊ុំ សំអាន ហាក់ស្តីបន្ទោសមេដឹកនាំកម្ពុជាផងដែរ ដែលព្យាយាមលាក់បាំងព័ត៌មានពិត ករណីទាហានថៃចាប់ខ្លួនទាហានខ្មែរ ដោយថា ជាព័ត៌មានក្លែងក្លាយបំពុលសង្គមជាដើម។
លោកយល់ថា ការបិទបាំងព័ត៌មានពិតទៅវិញ ដែលបង្កគ្រោះថ្នាក់ដល់ទាហានខ្មែរ និងធ្វើឱ្យមហាជនស្តីបន្ទោសថា មេដឹកនាំគ្មានសមត្ថភាពការពារអាយុជីវិតទាហានខ្មែរ ដែលលះបង់ដើម្បីបុព្វហេតុជាតិ។
លោកថា៖ «ការលាក់ព័ត៌មានហ្នឹង ខ្ញុំយល់ថា គ្រាន់ជាការបិទបាំងភាពអាម៉ាស់របស់ខ្លួន ដែលធ្វើឲ្យមានការចាប់ខ្លួនទាហានរបស់ខ្មែរនោះទេ ហើយគាត់ក៏ដើម្បីការពារអំណាចរបស់គាត់ ការពារមុខមាត់របស់គាត់ហ្នឹង គាត់ចង់លះបង់ទាហានទាំងអស់ហ្នឹងដើម្បីសន្តិភាព»។
យ៉ាងណា នៅថ្ងៃទី៣១ខែកក្កដានេះ នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន ម៉ាណែត ចេញការពារការមិនទម្លាយព័ត៌មាននេះភ្លាមៗ ក្រោយដឹងថាទាហាថៃចាប់ទាហានខ្មែរធ្វើចំណាប់ខ្មាំង បំពានលើបទឈប់បាញ់នេះ។
បើតាមសារបង្ហោះសារលើហ្វេសប៊ុកលោក នៅថ្ងៃទី៣១ ខែកក្កដានេះ លោក ហ៊ុន ម៉ាណែត អះអាងថា រឿងនេះមិនមែនរដ្ឋាភិបាលចង់លាក់ព័ត៌មាននោះទេ ដោយសំអាងថា ការមិនបញ្ចេញព័ត៌មាននេះភ្លាមៗ ដោយសារតែរដ្ឋាភិបាលបារម្ភពីអាយុជីវិតទាហានខ្មែរ ដែលថៃចាប់ខ្លួន។
សម្រាប់ លោក ហ៊ុន ម៉ាណែត រដ្ឋាភិបាលគ្មានជម្រើសអ្វី ក្រៅពីរក្សាព័ត៌មានទុក ដើម្បីធានាអាយុជីវិតរបស់ពួកគាត់នៅក្នុងដំណាក់កាលដំបូងនេះ។
លើសពីនេះលោកថា៖ ការគ្រប់គ្រងព័ត៌មានកងទ័ពនៅលើសមរភូមិ គឺមានសារៈសំខាន់ណាស់សម្រាប់ការពារអាយុជីវិត និងប្រៀបឈ្នះរបស់កងទ័ពរបស់យើង»។
សម្រាប់ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត វិញនិយាយថា ការផ្ទុះអាវុធរយៈពេល៥ថ្ងៃ ដែលបានចាប់ផ្តើមដំបូងពីថ្ងៃទី២៤ខែកក្កដានេះ លោកថា ភាគីថៃ ជាអ្នកបង្កសង្គ្រាមមកលើកម្ពុជា ដោយបានបំពានយ៉ាងកម្រោលលើគោលការណ៍ច្បាប់អន្តរជាតិនានា ក្នុងបំណងឈ្លានពានប្រទេសកម្ពុជា។
ការណ៍នេះ កម្ពុជា ត្រូវពន្លឿនប្តឹងថៃ ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដូចដែលមេដឹកនាំកម្ពុជាធ្លាប់បានប្តេជ្ញាចិត្ត បន្ថែមពីនេះប្តឹងថៃបន្ថែមទៀត ទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) អំពីបទឧក្រិដ្ឋកម្មសង្គ្រាម ព្រមទាំងទាមទារឲ្យថៃសងជំងឺចិត្តមកកម្ពុជា ជុំវិញការបង្កឲ្យខូចខាតទ្រព្យសម្បត្តិជាតិខ្មែរ រួមទាំងប្រាសាទបូរាណ និងវត្តអារាម ជាដើម៕









