លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលតុលាការរំលាយ បានចេញមុខជាលើកដំបូងនៅខេត្តកំពង់ចាម អំពាវនាវឱ្យខ្មែរគ្រប់និន្នាការរួបរួមគ្នា ដើម្បីឱ្យជាតិខ្លាំងទប់ទល់ហិច្ចតាឈ្លានពានពីបរទេស ខណៈមានសារជំរុញឱ្យដោះលែងលោកឱ្យមានសេរីភាព ដើម្បីឈានទៅរកការឯកភាពជាតិ រួមទាំងសង្រ្គោះសេដ្ឋកិច្ចកម្ពុជាឡើងវិញ។
ពីខេត្តកំពង់ចាម នៅថ្ងៃទី៣១ខែកក្កដានេះ អំឡុងលោកទៅគោរពវិញ្ញាណក្ខន្ធសព វរសេនីយយ៍ត្រី សៀង សាត ដែលបានពលីជីវិតនៅលើសមរភូមិ ប្រឆាំងនឹងការឈ្លានរបស់ថៃ លោក កឹម សុខា និយាយថា សម័យនេះហើយមិនគួរណាថៃ ឈ្លានពានកម្ពុជានោះទេ។
ជុំវិញបញ្ហានេះ លោកអំពាវនាវឱ្យខ្មែររួមគ្នាដើម្បីទប់ទល់មហិច្ឆតាឈ្លានពាននេះ។
លោកថា៖ «ខ្ញុំចង់ជំរាបថា ពលិកម្មរបស់វិរយុទ្ធជនយើងដែលពលីជីវិតនេះ គឺដើម្បីបុព្វហេតុទឹកដី មិនមែនដើម្បីបុព្វហេតុបក្សណា ឬក្រុមណាទេ តែជាបុព្វហេតុទឹកដីខ្មែរ គឺមាតុភូមិយើងហើយគាត់ជាខ្មែរ ឈាមគាត់ជាឈាមខ្មែរ ហើយយើងទាំងអស់គ្នានេះ ខ្ញុំសូមផ្តាំយើងជាខ្មែរ ហើយឈាមយើងជាមួយគ្នា ហើយយើងសោកស្តាយ សោកស្តាយមែនទែន សោកស្តាយជីវិតគាត់។ ប៉ុន្តែយើងគិតថា មិនគួរណាមកដល់ពេលនេះហើយ ខ្មែរយើងធ្លាប់ឆ្លងកាត់សង្គ្រាមឈ្លានពានច្រើនដងហើយ មិនគួរណាដល់ពេលហ្នឹងហើយថៃនៅតែមកឈ្លានពានយើងទៀត វាហួសហេតុដល់សម័យកាលនេះ។ អីចឹងហើយយើងជាខ្មែរ ត្រូវរួម សូមអំពាវនាវឱ្យខ្មែររួមសាមគ្គីគ្នាដើម្បីឱ្យភាពរឹងមាំ ការពារទឹកដីសម្រាប់កូនចៅយើងបន្តទៀត»។
ទីតាំងផ្ទះ ដែលប្រធានគណបក្សសង្គ្រោះជាតិ ទៅគោរពវិញ្ញាណក្ខន្ធសព វរសេនីយ៍ត្រី សៀង សាត ស្ថិតគឺនៅភូមិស្រែប្រាំង ឃុំតាប្រុក ស្រុកចម្ការលើ ខេត្តកំពង់ចាម។
មេធាវីការពារក្តីឱ្យលោក កឹម សុខា គឺលោក ផែង ហេង បានបង្ហោះវីឌីអូលោក កឹម សុខា ទៅគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលី ដោយភ្ជាប់សារថា លោក កឹម សុខា បានសម្តែងទឹកមុខក្រៀមក្រំ រំលែកមរណៈទុក្ខ និងឈឺចាប់ដោយទឹកភ្នែក។
លោកសរសេរក្នុងន័យដើមថា៖ «ឯកឧត្តម បានចាត់ទុក ប្តីអ្នក ឪពុកអ្នកគឺជាឈាមខ្ញុំ ពេលនេះអ្នកឈឺចាប់ ខ្ញុំក៏ឈឺចាប់ជាមួយអ្នក ហើយខ្មែរជាច្រើនទៀតក៏ឈឺចាប់ និងចងចាំនូវវីរភាពនៃការលះបង់ដ៏ធំធេងនេះ។ ខ្មែរយើងឈឺចាប់ដោយសង្គ្រាមឈ្លានពានជាច្រើនដងកន្លងមកហើយ មិនគួរណាពេលនេះសៀមបន្តឈ្លានពានធ្វើឲ្យយើងឈឺចាប់ទៀតសោះ។ តែយើងត្រូវតែរឹងមាំ ដ៏រាបណាយើងនៅតែរួមកម្លាំងសាមគ្គីជាតិដូចពេលនេះ។ ឯកឧត្តម បានបញ្ជាក់បន្ថែមថា ពេលនេះមិនមែនគណបក្សណាមួយ គឺជាតិយើងទាំងអស់គ្នា ពេលមានការឈ្លានពានពីបរទេស យើងត្រូវរួមសាមគ្គីគ្នាការពារទឹកដីយើង»។
សម្រាប់អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ រំពឹងថា តុលាការនឹងដោះលែងលោក កឹម សុខា ឱ្យមានសេរីភាពស្របតាមការលើកឡើងពីប្រមុខរដ្ឋាភិបាល ដែលជំរុញឱ្យមានការឯកភាពជាតិ ក្នុងពេលបរទេសឈ្លានពានទឹកដីកម្ពុជានេះ។
លោកសង្កត់ធ្ងន់ថា បទចោទលើលោកកឹម សុខា ថាគប់គិតជាមួយអាមេរិកផ្តួលរំលំរដ្ឋាភិបាលខ្មែរនោះ ត្រូវបានលាងជម្រះនៅពេលនេះ ក្រោយអាមេរិកលូកដៃជួយរកសន្តិភាពឱ្យកម្ពុជានៅពេលប៉ះទង្កិចជាមួយថៃ៥ថ្ងៃទៅនេះ។
លោកថា៖ «យើងសង្ឃឹមថា តុលាការនឹងពិចារណាដោះស្រាយដោយឈរទៅលើ គេហៅថា ភ័ស្តុតាងជាគោលការណ៍។ យើងឃើញហើយ រយៈពេលដែលកម្ពុជាមានបញ្ហាជាមួយថៃនេះសហរដ្ឋអាមេរិកដែលត្រូវបានចោទថាជាអ្នកនៅពីក្រោយខ្នងរបស់ លោក កឹម សុខា ក៏បានចូលខ្លួនធ្វើជាអ្នកសម្របសម្រួល និងដោះស្រាយបញ្ហាបញ្ចប់ទំនាស់ប្រដាប់អាវុដ រវាងកម្ពុជានិងថៃផងដែរ ដូច្នេះរឿងណាដែលមិនចាំបាច់ រឿងណាដែលធ្វើឲ្យប៉ះពាល់ទៅដល់សិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ ក៏គួរតែទម្លាក់ចោល ហើយយើងគួរតែងាកមករួបរួមនិងផ្សះផ្សាគ្នា»។
ដោយឡែក គណបក្សសង្គ្រោះជាតិប្រចាំសហរដ្ឋអាមេរិក បានចេញសេចក្តីថ្លែងការណ៍អរគុណចំពោះប្រធានាធិបតីសហរដ្ឋអាមេរិក លោក ត្រាំ ដែលបានផ្តួចផ្តើមស្នើឱ្យមានបទឈប់បាញ់។
បើតាមសេចក្តីថ្លែងការណ៍ចុះថ្ងៃទី៣០ ខែកក្កដា បទឈប់បាញ់នេះ បានសង្គ្រោះជីវិតមនុស្សយ៉ាងច្រើនពីការស្លាប់ និងរងរបួស ព្រមទាំងការបំផ្លាញសម្បត្តិបេតិកភណ្ឌមនុស្សជាតិនៃប្រទេសកម្ពុជា។
បន្ថែមលើនេះ គណបក្សសង្គ្រោះជាតិ យល់ឃើញថា មានតែខ្មែរនិងអ្នកនយោបាយខ្មែរគ្រប់និន្នាការរួបរួមគ្នាជាធ្លុងមួយ ទើបធ្វើឱ្យជាតិខ្មែរទាំងមូលរឹងមាំ និងខ្លាំងក្លា និងធ្វើឱ្យបរទេសឈ្លានពាន ឬបរទេសដែលមានចេតនាមិនល្អក្លបខ្លាចកម្ពុជា និងអាចរក្សាសេចក្តីថ្លៃថ្នូរ និងកិត្តិយសជាតិនៅលើពិភពលោក ព្រមទាំងការអភិវឌ្ឍប្រកបដោយចីរភាព។
ដោយឡែក ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត យល់ថា ការដោះលែងលោក កឹម សុខា និងអ្នកទោសមនសិការផ្សេងទៀតឱ្យមានសេរីភាព នឹងផ្តល់ប្រយោជន៍សម្រាប់ជាតិខ្មែរយ៉ាងតិច៣ ក្នុងនោះកម្ពុជានឹងរួចផុតទណ្ឌកម្មសេដ្ឋកិច្ចពីលោកសេរីផងដែរ។
លោកថា៖ «ផលប្រយោជន៍ទី១ អាចសម្រួលការចរចាប្រព័ន្ធពន្ធគយជាមួយសហរដ្ឋអាមេរិកគេនឹងបញ្ចុះឱ្យយើងថែមទៀត។ ទី២យើងអាចចរចាជាមួយនឹងសហភាពអឺរ៉ុប ទទួលបានEBA១០០ភាគរយមកវិញ។ ហើយទី៣គឺជាការផ្សះផ្សាជាតិដ៏ធំមួយសម្រាប់កម្ពុជា។ ក្នុងរឿងនេះ អ្នកដែលមានគុណបំណាច់ធំជាងគេ គឺជានាយករដ្ឋមន្ត្រីបច្ចុប្បន្ន គឺលោក ហ៊ុន ម៉ាណែត ហើយប្រជាពលរដ្ឋគេនឹងសាទរ លោក ហ៊ុន ម៉ាណែត អាចនឹងមានកិត្តិយសអណ្តែតឡើង ជាអ្នកសម្របសម្រួលបញ្ហាសង្គ្រាមផង គាត់ជាអ្នកសម្របសម្រួលស្ថានការណ៍ទូទៅរបស់កម្ពុជាអ៊ីចឹងលោក ហ៊ុន សែន នឹងទទួលបានកិត្តិយសដោយសារស្នាដៃកូនប្រុសគាត់ ជានាយករដ្ឋមន្ត្រីបច្ចុប្បន្នហ្នឹង»។
លោក កឹម សុខា ត្រូវបានតុលាការទីក្រុងភ្នំពេញ ចេញសាលក្រមចុះថ្ងៃទី៣ ខែមិនា ឆ្នាំ២០២៣ ផ្តន្ទាទោស ដោយឃុំខ្លួននៅក្នុងផ្ទះ ចំនួន២៧ឆ្នាំ ខណៈសមត្ថកិច្ចចាប់ខ្លួនគាត់ ទាំងពាក់កណ្តាលអធ្រាត្រ ឆ្លងចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧។
លោកត្រូវបានតុលាការចោទប្រកាន់ ពាក់ព័ន្ធនឹងសំណុំរឿងដ៏ចម្រូងចម្រាស ដែលចោទថាគប់គិតជាមួយសហរដ្ឋអាមេរិក ចង់ផ្តួលរំលំរដ្ឋាភិបាល ដែលដឹកនាំដោយ លោក ហ៊ុន សែន។
យ៉ាងណា ភ្លាមៗ ក្រោយតុលាកាប្រកាសសាលក្រមផ្តន្ទាទោស លោក កឹម សុខា សហរដ្ឋអាមេរិកតាមរយៈស្ថានទូតប្រចាំកម្ពុជា ច្រានចោលទៅនឹងសេចក្តីសម្រេចរបស់តុលាការនេះ។
សហរដ្ឋអាមេរិកចាត់ទុកការផ្តន្ទាទោស ដើម្បីបំបិទសំឡេង លោក កឹម សុខា ដោយផ្អែកលើបទសមគំនិត ប្រឌិត គឺជាបរាជ័យនៃប្រព័ន្ធយុត្តិធម៌។
ការបដិសេធ សេរីភាពក្នុងការបញ្ចេញមតិ និងធ្វើនយោបាយរបស់ លោក កឹម សុខា និងអ្នកនយោបាយផ្សេងទៀត ធ្វើឲ្យប៉ះពាល់ដល់រដ្ឋធម្មនុញ្ញកម្ពុជា បំណងអន្តរជាតិ និងវឌ្ឍនភាពកន្លងមក ដើម្បីក្លាយជាសង្គមពហុបក្សប្រកបដោយបរិយាបន្នមួយ។
យ៉ាងណា ក្រោយប្រធានាធិបតី ត្រាំ ចេញអន្តរាគមន៍រហូតមានបទឈប់បាញ់បន្ទាន់ រវាងកម្ពុជានិងថៃ ដែលបានប៉ះទង្គិចគ្នាដោយអាវុធមក មេដឹកនាំបក្សកាន់អំណាច ទាំងលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត បានផ្ញើសារថ្លែងអំណរគុណ លោក ដូណាល់ ត្រាំ ដោយចាត់ទុកថា សមិទ្ធផលនៃគំនិតផ្តួចផ្តើមនេះ បានសង្រ្គោះជីវិតមនុស្សរាប់ពាន់ម៉ឺននាក់ពីសង្រ្គាមកម្ពុជា និងថៃ។
ការណ៍នេះ ត្រូវបានមជ្ឈដ្ឋានមួយចំនួនចាត់ទុកថា កិច្ចអន្តរាគមន៍ឱ្យមានបទឈប់បាញ់បន្ទាន់របស់មេដឹកនាំអាមេរិក បង្ហាញថា អាមេរិកមិនមានគំនិតគប់គិតជាមួយលោក កឹម សុខា ចង់ផ្តួលរំលំរដ្ឋាភិបាលកម្ពុជា ដូចតុលាការចោទជិត១០ឆ្នាំទៅនេះទេ។
មួយវិញទៀត ពួកគេថា កិច្ចអន្តរាគមន៍បទឈប់បាញ់បន្ទាន់របស់អាមេរិកនេះ ហាក់បានបង្ហាញពីភាពស្អាតស្អំរបស់លោក កឹម សុខា ផងដែរ ពីការមិនជាប់ពាក់ព័ន្ធនឹងបទចោទ៕









