អ្នកឃ្លាំ​មើល​ថា​ទំនើប​កម្ម​វិស័យ​ការ​ពារ​ជាតិ​​និ​ង​ការ​លើ​ក​កម្ពស់​​ជីវភាព​កង​ទ័ព​ជួរ​មុខ​ត្រូវ​ធ្វើ​បន្ទាន់

ខណៈ​​ស្ថាន​​ការ​​​​នៅ​​តាម​​តំប​ន់​​ព្រំ​ដែន​ បាន​​វិល​​ទៅ​រក​​ភាព​ស្ងប់​​ស្ងាត់​ បន្ទាប់​​​ពី​​កម្ពុជា​​និង​​ថៃ​​​បាន​អនុវ​ត្ត​​បទ​ឈប់​​បាញ់​​ក្នុង​​រយៈ​​ពេល​​២ថ្ងៃ​ក​ន្លង​មក​​នេះ អ្នក​​ឃ្លាំមើ​ល​​និង​​អ្នក​​នយោបាយ​​ក្រៅ​​រដ្ឋាភិ​បាល​ ជំរុញ​ឱ្យ​​រដ្ឋាភិបាល​​កម្ពុជា ​ចាប់​​ផ្តើម​​គិត​​និង​​រៀប​​ចំ​​​ផែន​​ការ​ក្នុង​​ការ​ធ្វើទំ​នើប​កម្ម​​វិស័យ​ការ​ពារ​ជាតិ​ និង​​បង្កើន​​កម្រិត​​ជីវភាព​​របស់​​កង​ទ័ព​​និ​ង​​គ្រួសារ​​របស់​​ពួក​គេ​ ខណៈ​បច្ចុប្ប​ន្ន​​​កង​ទ័​ព​​ភាគ​​ច្រើន​​ក្រតោក​យ៉ាក​​ណាស់។

លោក​មាជ សុវណ្ណារ៉ា ប្រធាន​គណបក្ស​ជំនាន់​ថ្មី ​ដែល​ធ្លាប់​ធ្វើជាទាហាន​​ប៉ារ៉ា​​របស់​គណបក្ស​​លោក​​តា​​ស៊ឺន​ សាន បាន​​ថ្លែង​​ពី​តំបន់​​ព្រំដែន​​នៅក្បែរប្រាសាទតាមាន់​ធំ នៅ​ថ្ងៃទី​៣០ ខែ​កក្កដា​​​នេះ​ថា តាម​​​ការ​មើល​​ឃើញ​របស់​លោក ការ​ប្រយុទ្ធ​របស់​កងទ័ព​កម្ពុជា​ជាមួយ​ទ័ព​ថៃ ក្នុង​រយៈ​ពេល​៥ថ្ងៃ​កន្លងមកនេះ ​​បាន​បង្ហាញ​ថា កង​​​ទ័ព​កម្ពុជា​មាន​យុទ្ធសាស្ត្រច្បាំង ​គឺ​អស្ចារ្យណាស់ ​ពីព្រោះ​ពួកគាត់​អាច​ទប់​​ទល់​​បាន​នូវ​អាវុធ​ទំនើប​របស់​​សៀម ​នៅ​ត្រង់​សមរភូមិ​ដែល​ពួកគាត់​ឈរជើង​ នៅ​តាម​តំបន់​ភ្នំ​ដែល​តំបន់​ខ្លះ​គឺ​ចោទខ្លាំង។

លោក​លើកឡើងថា យោធាថៃ ​ក្រៅពីអាវុធ​ទំនើប សូម្បី​តែឯកសណ្ឋាន​អាវ ខោ ​ស្បែក​ជើង​​ និង​មួក​​ក៏​ទំនើបដែរ​​ មាន​តាំងពីអាវក្រោះ​។ ប៉ុន្តែ​កងទ័ព​កម្ពុជា​​​​ក៏​មិន​​អត់​​ដែរ​ ​​ទើ​​ប​​ពួក​គាត់​​អាច​​ទប់​​ទល់​​កងទ័ពសៀម​​​បាន​៥​ថ្ងៃ ​មិន​ឱ្យ​ចូល​មក​ទីតាំង​ដែល​ខ្លួន​ឈរជើង​បាន​ឡើយ ​ដែល​នេះ​បាន​បង្ហាញ​ពីវីរៈ​ភាពដ៏ខ្លាំងក្លា​របស់​កងទ័ព​ខ្មែរ​​។

ក៏ប៉ុន្តែ​​ទោះ​យ៉ាង​ណា ​​លោក ​មាជ សុវណ្ណារ៉ា លើក​ទឹកចិត្ត​ឱ្យ​ក្រសួង​ការ​ពារ​ជាតិ ​ធ្វើការ​សិក្សា​ជាមួយ​មេបញ្ជា​ការ​កងទ័ព​ជួរ​មុខ​ ធ្វើកា​រ​​ពិនិត្យ​មើល​​ថា​​តើ​ឆ្លង​កាត់បទពិសោធន៍​​សង្គ្រាម​ដ៏ក្តៅ​គគុក ​រយៈ​ពេល​៥ថ្ងៃ​​ដែល​​ទ័ព​សៀម​បាន​ប្រើ​អាវុធទំនើប​​រហូត​ដល់​យន្តហោះ F-16 និង​ដ្រូន​បាញ់​​ស្រោច​សន្ធាប់​​មក​លើ​ទឹកដីកម្ពុជា​​ទាំង​​យប់​ទាំង​​​ថ្ងៃ​នោះ​ កងទ័ព​កម្ពុជា​មាន​ចំណុច​​ចន្លោះ​​ប្រហោង​ខ្វះខាត​អ្វីខ្លះ ​គឺ​ចាំបាច់​ត្រូវ​តែបំពេញ​បន្ថែម​ ដើម្បី​ត្រៀម​ខ្លួន​ទប់​ទល់​នឹងសង្គ្រាម​លើក​ក្រោយ​ទៀត ​ប្រសិន​បើ​វាកើតមានឡើង។

លោកថា៖ «កងទ័ពយើងសុទ្ធ​តែមាន​បទពិសោធ​ន៍​​ក្នុងការ​ច្បាំង​ យើង​​គ្រាន់​តែពង្រឹងនូវ​វិន័យ​សណ្តាប់​ធ្នាប់​​​បច្ចេក​ទេស ​និង​កលយុទ្ធ​ប្រយុទ្ធបែបណា​ៗ នៅក្នុង​យុទ្ធសាស្ត្រវិធីសាស្ត្រ​បែបណា​ៗ ឱ្យ​គាត់​មាន​ប្រសិទ្ធភាព​ទៅ​នឹង​ទំនើបកម្ម​យោធាទៀត​ ខ្ញុំថា វា​ជារឿ​ង​​ល្អ​ហើយ ហើយ​យើង​​ឃើញ​​ការ​​ច្បាំង​នេះ ឃើញ​ថា កង​ទ័ព​​សៀម​​មាន​​ការ​​របួស​ ​និង​ស្លាប់​ច្រើន​ ហើយ​​កង​ទ័ព​​ខ្មែរ​​យើង ​បើ​តាម​ឃើញការ​បញ្ជាក់​​ពីក្រសួង​ការពារ​ជាតិ ​ក៏ដូចជាឃើញ​ពិធី​បុណ្យ​សព​របស់​​យុទ្ធជន​ពលី​ឃើញ​ថា មិនដល់៣០​​នាក់​ទេ របួស​ធ្ងន់​ស្រាល​​​អី​​មិន​​ដល់​​៥០​នាក់​​ទេ។ ចឹង​​នេះ​ជាទិដ្ឋភាពមួ​យ​ដែល​ចង់​​ឃើញ​រាជរដ្ឋាភិបាល ពង្រឹងទំនើបកម្ម​យោធា​​ឱ្យ​មាន​ប្រសិទ្ធភាព ​ហើយ​​ជាទា​ហាន​​​ដែល​​ពោរ​ពេញ​​​ទៅ​ដោយ​​វិជ្ជា​ជីវៈ ក្នុង​កិច្ចការច្បាំង​កិច្ចការការ​ពារ​​ជាតិ​»។

ជាមួយគ្នា​នេះ​ លោក ​សេង សារី ដែល​ធ្លាប់​ធ្វើជាចារកម្ម​យកការណ៍ ​ពីគណបក្ស​ប្រឆាំង​ ឱ្យ​លោក ​ហ៊ុន សែន ​​ប្រធាន​​ព្រឹទ្ធសភា បាននិយាយ​លើ​បណ្តាញ​សង្គម​របស់​លោក ​កាលពីថ្ងៃទី២៧ខែ​​កក្កដា​​​ថា តាម​រយៈ​ការ​​ផ្ទុះ​អាវុធ​ ជាមួយ​ថៃ​លើក​នេះ វា​ដល់​​ពេល​វេលា​ដែល​រដ្ឋាភិបាល​កម្ពុជា ​ត្រូវធ្វើទំនើបកម្មកងទ័ព​ និងទំនើប​​កម្ម​សព្វាវុធ ថា​តើ​កម្ពុជា​នៅ​​​តែ​បន្ត​ទិញ​សព្វាវុធ​តែ​ពីចិន​ទៀត​ ឬក៏​ទៅ​ទិញ​សព្វាវុធ​ពី​អាមេរិក​ខ្លះ ​ដើម្បី​​​អា​ច​យក​ធ្វើជាអំណះ​អំណាង​​ក្នុង​ការ​ចរចា​បញ្ចុះ​ពន្ធ​បដិការ។

ប៉ុន្តែ​យ៉ាងណាក្តី​ ការធ្វើ​ទំនើបកម្ម​វិស័យ​យោធា ត្រូវធ្វើសន្សឹមៗ ​ដោយ​ត្រូវ​រក្សា​តុល្យ​ភាព​ជា​មួយ​វិស័យ​​អាទិភាព​​​មួយ​​ចំនួន ដូច​ជា វិស័យ​សុខាភិបាល វិស័យ​អប់​រំ​ និង​វិស័យ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជាដើម។

លោក​ថ្លែងថា ត្រូវ​តែមាន​ការ​ពង្រឹងសមត្ថភាព​​កងទ័ព​ជួរមុខ​​ ខណៈ​កន្លង​ម​ក​មាន​តែកងទ័ព​លាប​ឡេ​នៅ​ទីក្រុង​ប៉ុណ្ណោះ​ ដែល​ត្រូវបាន​បញ្ជូន​ឱ្យ​ទៅ​រៀន​ជំនាញ​យោធា​​នៅ​តាម​បណ្តា​ប្រទេស​មួយ​ចំនួន។

លោកថា៖ «ដល់​ពេល​សង្គ្រាម​​ពិត​ប្រាកដ​អត់​ឃើញ​ពួកគាត់ទេ​​ អត់​ឃើញ​កងទ័ព​លាបឡេ​ហ្នឹង​ទេ ​ឃើញ​តែ​កង​ទ័ពអ្នក​ពាក់​ស្បែក​​ជើង​ផ្ទាត់​ អតីត​ខ្មែរក្រហម​ អតី​ត​ទាហាន​ហ្វ៊ុន​​ស៊ិន​​ប៉ិច​ អតី​​ត​ទាហាន​​ប៉ារ៉ា​​ដែល​នៅ​តាម​ព្រំដែន​ឯណោះទេ ​ពួកគាត់​មិន​ដែល​មានឱ​កាសបាន​ចេញទៅ​បណ្តុះ​បណ្តាល​នៅក្រៅ​ប្រទេស​ទេ បើ​ចេញ​​ទៅ​ហ្នឹង ​ច្រើន​តែ​ពួក​កងទ័ព​ដែល​មានក្បាល​ពោះ​សៗ​​​ លាបឡេ​លាប​ក្រេមលាបម្ស៉ៅ​អី​ណោះទេ​ ចឹង​ហើយ​​គួរធ្វើម៉េច​គម្រោង​ទាំង​ឡាយ​ ​​ដែល​ឈាន​ទៅ​ដល់​ការពង្រឹងសមត្ថភាពយោធាសម្រាប់​កងទ័ព​កម្ពុជា​​គឺរុញ​ការ​ពង្រឹង​សមត្ថភាព​នោះទៅ​កងទ័ពជួរមុខ»។

 លោក​លើកឡើង​ថា កងទ័ព​ជួរមុខ​ត្រូវបណ្តុះបណ្តាល​ឱ្យគាត់​មាន​ជំនាញ ​ក្នុងការ​ប្រយុទ្ធ​មាន​ជំនាញក្នុងកា​រ​ប្រើ​ប្រាស់​អាវុធទំនើប​ ពីព្រោះ​កងទ័ព​ដែល​ចេញប្រយុទ្ធ​ពិត​ប្រាកដ ​មិន​មែន​កងទ័ព​នៅក្នុង​ទីក្រុង​ភ្នំ​ពេញ​​​​​​នោះ​ទេ​​ ដូច្នេះ​​​ក្រសួង​ការពារជាតិ​ និងរដ្ឋាភិបាល ​គួរ​តែ​ពិចារណា​ក្នុងការ​ធ្វើទំនើបកម្ម។

ជាមួយគ្នា​នេះ​ លោក ​សេង សារី ជំរុញ​ឱ្យ​រដ្ឋាភិបាល​​ត្រូវស្តារមុខមាត់​កងទ័ពកម្ពុជា​ឡើង​វិញ​ ខណៈ​កន្លង​មក​​កងទ័ព​កម្ពុជា ​ត្រូវបាន​គេមើល​ឃើញ​ក្នុង​ន័យ​អវិជ្ជមាន​ច្រើន​ ដូ​ច​ជា​មេទ័ព​មួយ​ចំនួន​បាន​ប្រើកង​ទ័ពកា​ង​​ឈ្មួ​ញ​រក​ស៊ីឈើ​ កង​ទ័ពក្លាយ​ជាអង្គរក្ស​ឈ្មួញ​ជន​ជាតិ​ចិន​​ជាដើម។

​ដូច្នេះ​ហើយ ​​​លោក ​សេង សារី ​គិត​ថា កង​ទ័ព​​កម្ពុ​ជា​​ត្រូវ​​​ធ្វើ​យ៉ាង​ណា​​​ឱ្យ​​ជា​កង​ទ័ព​ ​ដែល​​មាន​​កេរ្តិ៍​ឈ្មោះ​​ល្អ​​​ ជា​មនុស្ស​​មួយ​​ក្រុម​​របស់​​កម្ពុជា ​ដែល​ហ៊ាន​លះបង់ជីវិត​ដើម្បី​ការ​ពារ​ជាតិ និង​បូរណភាព​ទឹកដី​ ជាមនុស្ស​ដែល​​គួរ​ឱ្យគោរព​នៅក្នុង​សង្គម។

លោក​ សេង សារី ថ្លែង​ទៀតថា ទន្ទឹម​នឹងការ​កសាង​កេរ្តិ៍​ឈ្មោះកងទ័ព​ ជីវភាព​និងសុខុមាល​ភាព​របស់​កងទ័ពក៏ជា​រឿង​សំខាន់​​ផងដែរ ពីព្រោះ​​បច្ចុប្បន្ន​​ឃើញ​​បងប្អូន​កងទ័ព​មួយ​ចំនួន​នៅមាន​ជីវភាពក្រតោក​យ៉ាក​ណាស់ ពេល​មាន​សង្គ្រាម​អ៊ីចឹង​ទៅ​បាន​ឃើញ​មាន​ការ​ឧបត្ថម្ភ។

​ប៉ុន្តែជាក់​ស្តែង​ពួកគាត់​រស់នៅ​ដោយ​លំបាក ដូច្នេះ​រដ្ឋាភិបាល​ត្រូវ​តែ​ទទួល​ខុសត្រូវ​ទាំង​​ស្រុង​​ទៅ​លើគ្រួសាររប​ស់​​កងទ័ព​​ ដែលពលី​ជីវិតក្នុងការ​ការ​ពារ​បូរណភាពទឹកដី​ ដោយ​ផ្តល់​នូវ​អាហារូបត្ថម្ភ និង​អាហារូបករណ៍​សម្រាប់​ឱ្យកូនៗ​កងទ័ព​ដែល​បាន​ពលី បាន​​រៀន​សូត្រ​រហូតដល់​ចប់​សាកលវិទ្យាល័យ​ជាដើម។

ត្រង់​ចំណុច​នេះ​ លោក ​មាជ សុវណ្ណារ៉ា ក៏​បាន​លើកឡើង​ដែរ​ថា ចំពោះ​គ្រួសារ​វីរៈកងទ័ព​ដែល​​បាន​ពលី​​ជីវិត​​ដើម្បីការពារ​​ជាតិទឹក​ដី មិន​ថា​បុរស​ឬស្ត្រី​​ ក្រៅពី​សង​ផ្តាច់​បំណុល​ជូន​គ្រួសារ​​ពួកគាត់ រដ្ឋាភិបាល​គួរ​មាន​​គោ​ល​​​នយោ​បាយ​​ច្បាស់លាស់​​អាច​​មាន​ជាកញ្ចប់​​​ថវិកា​ ឬក៏ប្រាក់​បៀវត្ស​​ប្រចាំខែ ធ្វើយ៉ាងណា​ដើម្បី​ឱ្យ​គ្រួ​សា​រ​​ពួកគាត់ ​អាច​រស់​នៅ​ក្នុង​កម្រិត​ជីវភាព​សមរម្យ​ អាច​ចិញ្ចឹមកូន​ឱ្យ​កូន​បាន​រៀន​សូត្រ​​រហូត​ដល់ថ្នាក់ឧត្តម​សិក្សា ​​​​​ដោយ​មិន​បង់ប្រាក់ ​និង​ទៅ​ព្យា​បាល​ជំងឺ​​ដោយ​មិន​បង់​ប្រាក់​ជាដើម​។

ជាមួយគ្នា​នេះ ​លោក​មុត ចន្ថា អតីត​​​ប្រធាន​ខុទ្ទការល័យ ​លោក ​កឹម សុខា ប្រធាន​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ​ បាន​សរសេរនៅលើ​បណ្តាញ​សង្គម​របស់​លោក ​នៅ​ថ្ងៃទី​២៩កក្កដា​ថា ពេល​សុខសាន្តត្រាណ​កុំភ្លេចវីរៈភាព និងគុណបំណាច់របស់​វីរៈ​កងទ័ព​ដែល​បាន​ពលីនៅ​សមរភូមិ ដោយ​រាជរដ្ឋាភិបាលគួរពិចារណាធ្វើ​កិច្ចការមួយចំនួនសម្រាប់នាយទាហាន​ និង​យុទ្ធជនដែលបានពលីក្នុងសមរភូមិ​ ដើម្បី​ការពារទឹកដីពីការឈ្លាន​​ពានរបស់ប្រទេស​ថៃ។​

លោក​សរសេរថា រដ្ឋាភិបាល​គួរ​សាងសង់វិមានអនុស្សារីយ៍​ដោយចារឹកឈ្មោះវីរៈ​កងទ័ព​ដែល​បាន​ពលី បំពាក់​មេដាយការពារជាតិដល់វីរៈ​កងទ័ពទាំងអស់​ ផ្តល់ការយកចិត្តទុកដាក់​ដល់​គ្រួសារកងទ័ពពលី​ និងយុទ្ធជនរងរបួស ​ផ្តល់​គោល​នយោបាយសមស្របដល់ក្រុម​គ្រួ​សារ​យុទ្ធជន​ពលី បំពាក់ឋានន្តរស័ក្តិតាមលំដាប់​ ដល់​កងទ័ព​រង​របួស​ ជួយកូន​​យុទ្ធជន​ពលី​ឱ្យមានលទ្ធភាពបន្តការរៀនសូត្រ​ និង​ផ្តល់ជំនួយចាំបាច់​សម្រាប់ផ្គត់​ផ្គង់​ជីវភាពរស់​នៅ​ប្រចាំ​ថ្ងៃ​ជាដើម។

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន ម៉ាណែត បាន​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​នៅ​ថ្ងៃទី​៣០ខែ​​កក្កដា​​​ថា ការប្រយុទ្ធគ្នា​រវាងកងទ័ពកម្ពុជា​​និងកងទ័ពថៃ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ​បានបណ្តាល​ឱ្យយោធិនមួយចំនួន ត្រូវពលី របួស ពិការ ក៏ដូចជាប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារ​ក្លាយជា​ជន​ភៀសសឹក មិនអាចប្រកបរបរចិញ្ចឹមជីវិតប្រចាំ​ថ្ងៃ​បាន។

លោក​បានឱ្យដឹងថា នៅពេល​នេះ​ រាជរដ្ឋាភិបាលបានរៀបចំ​ និងកំពុងអនុវត្តនូវកញ្ចប់​គោល​នយោបាយស​ម្រាប់​គ្រួសារយោធិនពលី យោធិនរងរបួស ពិការ ហើយ​លោក​បានចេញ​បទ​បញ្ជាឲ្យក្រសួងការពារជាតិ និ​ង​ក្រ​សួងស្ថាប័នពាក់ព័ន្ធ សិក្សារៀបចំនូវគោលនយោបាយ​លើកទឹកចិត្តពិសេស សម្រាប់កងកម្លាំងប្រដាប់អាវុធ​ទាំងយោធា ទាំងនគរបាលជាតិ ដែល​បានចូលរួមដោយផ្ទាល់នៅក្នុងសមរភូមិការពារបូរណភាពទឹកដីនៅពេលនេះ។

ចំពោះយោធិន និងកងនគរបាលជាតិ​ដែលបានពលី ឬធ្លាក់ខ្លួនពិ​ការមិនអាចបំពេញ​ភារ​កិច្ច​​បន្តបាន លោ​ក​ ហ៊ុន​ ម៉ាណែត ​បាន​ថ្លែង​ថា ​រាជរដ្ឋាភិបាលនឹងផ្ដល់ក្របខណ្ឌ​ឲ្យសាច់​ញាតិ​បង្កើតរបស់គាត់មួយរូប បានចូល​​បម្រើ​ប្រទេសជាតិ នៅអង្គភាពដែលគាត់បំពេញភារ​កិច្ច​មុនពលីឬធ្លាក់ខ្លួនពិការ។​

បន្ថែម​ពីនេះ ​លោក​នាយក​រដ្ឋ​មន្ត្រី ​​បាន​អំពាវនាវឲ្យសមាគមធនាគារនៅ​កម្ពុជា និងសមាគ​ម​មីក្រូហិរញ្ញវត្ថុកម្ពុជា ពិនិត្យលទ្ធភាពក្នុងការជួយសម្រាលបន្ទុកហិរញ្ញវត្ថុ ​សម្រាប់កង​កម្លាំង​ប្រដាប់អាវុធ ដែលកំពុងធ្វើប្រ​តិ​​បត្តិការយ៉ាង​សកម្មនៅក្នុងបុព្វហេតុការពារ​បូរណភាពទឹក​ដី​ នៅក្នុងសមរភូមិប្រយុទ្ធ ក៏ដូចជាគ្រួសារយោ​ធិនពលី យោធិន​រងរបួស ពិការ និងប្រជា​ពលរដ្ឋ​ជាជនភៀសសឹក ដោយសារការប្រយុទ្ធគ្នានៅពេលនេះផងដែរ​។

ទាក់​ទង​នឹង​បំណុល​របស់​គ្រួសារ​កងទ័ព​ដែល​បាន​ពលី លោក ​ហ៊ុន សែន ​ប្រធាន​ព្រឹទ្ធសភា​ បាន​បង្ហោះ​សារ​​នៅ​លើ​បណ្តាញ​​សង្គម​របស់​លោក​​​នៅ​ថ្ងៃទី​៣០ខែ​កក្កដា​​ថា លោក​សូម​អរគុណ​ធនាគារ​​អេស៊ី​លី​ដា ធនាគារ​វីង ធនាគារ​កាណា​ឌីយ៉ា និង​ធនាគារ​មួយ​ចំនួន​ទៀត ​ដែលបានប្រកាសលុបបំណុល​ទាំងស្រុង ​ជូនដល់យោ​ធិន​ពលី​ជីវិត និងអ្នករួមខ្ចី ព្រមទាំង​កាត់​​បន្ថយ​បំណុល​យោធិនរងរបួស ធ្លាក់ខ្លួនពិការ ដែល​បានបំពេញប្រតិបត្តិការក្នុង​សមរ​ភូមិការពារបូរណភាពទឹកដីកម្ពុជា។

ទាក់​ទងទៅ​នឹងលទ្ធភាពក្នុងការ​ផ្គត់ផ្គង់​កងទ័ព និង​ទំនាក់​ទំនង​រវាង​​កងទ័ព​និង​ប្រជាជន​​ លោកហ៊ុន សែន ធ្លាប់​​បាន​ថ្លែងក្នុងសមាជព្រឹទ្ធសភា-រដ្ឋសភា កាល​ពី​ថ្ងៃទី២ ខែ​មិថុនា ឆ្នាំ​២០​២៥​ថា ទោះបីដំឡើង​កង​ទ័ព​១០​ដង ឬ២០​​ដង​ទៀត​ ក៏​រដ្ឋាភិបាល​មិន​ខ្វះលុយ​ចិញ្ចឹមកងទ័ព​ដែរ។

ប៉ុន្តែអ្វីដែល​ជាសេចក្តីត្រូវការ​របស់​យើងនៅពេលនេះ​ គឺខឿន​ការពារជាតិ​របស់​ប្រជា​ជន ការផ្សា​​ភ្ជាប់​រវាង​ប្រជាជន និងកងទ័ពគឺ​​តែមួយ​។

នៅ​ក្នុង​រយៈ​ពេល​ជាច្រើន​ថ្ងៃ​កន្លង​មក​នេះ គេ​ឃើញ​ភរិយា​និង​គ្រួសារ​វីរៈ​កង​ទ័ព ​ដែល​បាន​ពលី​​និង​រង​របួស​បាន​បង្ហោះ​សារ​និង​រូប​ភាព ​​ដែល​បាន​បង្ហាញ​ពីទុក្ខ​​លំបាក​យ៉ាងខ្លាំងខាង​ជីវភាព​។

ក្នុង​នោះ ​អ្នកស្រី បាន ធាត់ អាយុ៣៧​ឆ្នាំ​ ជាភរិយា​លោកអនុសេនីយ៍ឯក​​ អួន ឡាវហុង អាយុ​៣២ឆ្នាំ​ ជា​យោធា​​នៅ​កងពល​លេខ​៨ ​​ដែល​បាន​ពលី​នៅ​តំបន់​ភ្នំទ្រព្យ ​បច្ចុប្បន្ន​រស់​នៅ​ភូមិពាម ឃុំ​ដូន​​កែវ ស្រុកពួក ខេត្ត​សៀម​រាប ដែល​មាន​កូន​តូច​ៗ​២នាក់​​ក្នុង​បន្ទុក​បាន​និយាយ​ប្រាប់​ TBT តាព្រហ្មបាទី ខណៈ​កំពុង​បីកូនតូច​​នៅ​នឹងដៃនៅក្នុង​ផ្ទះ​ប្រ​ក់​ស្លឹក​ត្នោត​​បាំងបិទ​ទៅ​ដោយ​ជញ្ជាំង​ស្លឹក​ត្នោ​ត​រយីករយាក​ថា បច្ចុប្បន្ន​អ្នក​ស្រី​មាន​​ជីវភាព​ក្រីក្រ​លំបាក​ខ្លាំង​ណាស់ ​រក​ព្រឹកខ្វះល្ងាច​​ ថែម​ទាំង​ជំពាក់​បំណុលធនាគារ​ទៀត​ សូម​ជួយ​គាត់​ផង​។

អ្នកស្រីថា៖ «ជីវភាពខ្វះខាត​ខ្លាំង ​ខ្ញុំជំពាក់ធនាគារផងអីផង ​រក​ព្រឹកដាច់ល្ងាច ​ខ្ញុំ​និង​ប្តីខ្ញុំ ​ថ្ងៃខ្លះ ​ហូប​បាយ​ជា​មួយ​​ទឹកស៊ីអ៊ីវ​ ថ្ងៃខ្លះ​បុកម្ជូរ​នាំប្តីប្រពន្ធ​អង្គុយ​ហូប​កម្សត់​ពេក​ខ្ញុំ​​»

សូម​បញ្ជាក់​ថា លោក អួន ឡាវហុង ​បាន​ពលី​នៅ​លើ​ភ្នំទ្រព្យ​ កាល​ពីព្រឹក​ថ្ងៃទី​២៤​ខែកក្កដា​ ជា​ថ្ងៃទី​១ ​ដែល​កងទ័ព​ថៃ​ បាន​​ចាប់​ផ្តើម​ធ្វើការវាយលុក​មក​លើ​កងទ័ព​កម្ពុជា​។

គិតមកត្រឹមថ្ងៃទី២៧ ខែ​កក្កដា ឆ្នាំ២០២៥ មាន​ជនភៀសសឹកចំនួនជិត ៤ម៉ឺនគ្រួសារ ស្មើនឹង​ជាង ​​​១៣ម៉ឺននាក់ ត្រូវបានជម្លៀសទៅកាន់តំបន់សុវត្ថិភាព និងផ្ទះសាច់ញាតិ សាលារៀន​ ៦០០ ត្រូវបានបិទទ្វារ និង​សិស្ស​ចំនួន ១៥​ម៉ឺន​នាក់ បានរងផលប៉ះពាល់ដល់​ការ​សិក្សា។ នេះបើតាមលោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួង​ការពារ​ជាតិ។

 បើតាម​មន្ត្រីយោធាកងទ័ព​ជើងគោក​ ដែល​បដិ​សេធប្រាប់ឈ្មោះ ​បានអះ​អាង​​ថា ​បច្ចុប្បន្ន​ពល​ទាហាន​ទទួ​ល​​​បា​ន​ប្រាក់​ខែតិចបំផុត​ចាប់​ពី​ ១​លាន​​៣សែន​រៀល​ឡើង ខណៈ​ប្រពន្ធ​ទាហាន​ទទួល​បាន​​១ម៉ឺន​រៀល ​និង​កូន​ម្នាក់​​ទទួលបាន​ ១៥០០០​រៀល​។

ប៉ុន្តែ​ប្រាក់​ខែទាំង​នេះ ​​​មិន​មែន​បើក​បាន​ទាំង​អស់​នោះទេ គឺ​នៅ​តាម​អង្គភាព​ខ្លះ​ត្រូវ​គេ​​កាត់​ចូល​គណបក្ស​ប្រ​ជា​​ជន​​ក្នុង​១ខែ​​​ ៥ម៉ឺន​រៀល​​ កាត់​ជួយ​ដល់​គ្រួ​សារ​ទាហាន​ដែល​ទទួល​មរណភាព​ និងក៏មាន​ការ​កាត់ផ្សេងៗ​​ទៀត​ផងដែរ។ ​

មន្ត្រី​យោធា​រូប​នេះ ​ក៏​ឱ្យ​ដឹង​ដែរថា នៅ​ពេល​មាន​ភាព​តាន​តឹង​នៅ​តាម​ព្រំដែន​ថៃ​ កងទ័ព​ជើង​គោក​បាន​ប្រ​មូល​​កម្លាំង​នៅ​គ្រប់​អង្គភាព ​​ដើម្បី​ត្រៀម​បញ្ជូន​ទៅ​សមរភូមិ​ ​ប៉ុន្តែ​បាត់​ទាហាន​​ជាង​​៦០០​​នាក់​ មិន​​ឃើញ​មក​​បង្ហាញ​​ខ្លួន​​ទេ​ មាន​តែឈ្មោះ​បើក​ប្រាក់​ខែ។

ប្រភព​ដដែល ​បាន​ឱ្យ​ដឹង​ទៀតថា ចំពោះ​របប​អាហារ​សម្រាប់​កងទ័ព ​កាល​ពីពេល​កន្លង​មក ​ក្នុង​១​ថ្ងៃ​កងទ័ព ម្នា​ក់​​​ទទួល​បាន​តែ៤ពាន់​រៀល​ប៉ុណ្ណោះ​ ទើប​តែថ្មីៗ​នេះ ​លោក ​ហ៊ុន ម៉ាណែត ​បាន​​បន្ថែ​ម​​​ឱ្យ​​៣​​ពាន់​រៀល​​ទៀត។

លោក​​បញ្ជាក់​ថា កង​ទ័ព​សុទ្ធ​តែ​យក​អាយុ​ជីវិត​យក​ឈាម​ទៅការ​ពារ​ជាតិ​ការ​ពារ​ទឹក​ដី ប៉ុន្តែ​របប​អាហា​រ​បាន​​តែ​៧ពាន់​​រៀល​​ទេ​​ក្នុង​មួយ​ថ្ងៃ​ ខណៈ​ប្រាក់​ខែក៏​តិច​តួច ​​ហេតុ​ដូច្នេះ​ហើយ​ទើប​គ្រួសារ​​កង​ទ័ព​ភាគ​ច្រើនលើស​លប់​សុទ្ធ​តែ​មាន​​ជីវភាព​ក្រីក្រ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ