តុលាការ​កំពូល​បិសេធសំណើរសុំដោះ​លែង​ស​កម្ម​ជន​បក្ស​កម្លាំង​​ជាតិ លោក ជិន ប៊ុណ្ណា​រ័ត្ន​

តុលាការ​កំពូល​ នៅថ្ងៃព្រហស្បតិ៍នេះ បាន​​បដិសេធ​សំណើរ​សុំ​ឱ្យ​​ដោះ​លែង​​សកម្មជន​​គណបក្ស​​កម្លាំង​ជាតិ លោក ជិន ប៊ុណ្ណារ័ត្ន ដែលត្រូ​វ​​បា​ន​ចោទ​ប្រកាន់​ពាក់​ព័ន្ធ​​នឹង​​​​បទ ញុះ​ញង់។

លោក​ ជិន ប៊ុណ្ណារ័ត្ន ​អគ្គនាយករដ្ឋបាលគណបក្សកម្លាំងជាតិ ​ត្រូវ​បាន​សមត្ថកិច្ច​​ចាប់ខ្លួនកាលពី​​​​​ថ្ងៃ​​ទី​​២ ​​ខែ​​កញ្ញា​ ឆ្នាំ២០២៤ នៅ​​ខាង​​មុខ​ផ្ទះរបស់លោក​​​ ក្នុង​​សង្កាត់​​ស្ទឹង​​មាន​ជ័យ ​ខ​ណ្ឌ​​មាន​ជ័យ​ រាជធានី​​ភ្នំពេញ​ និ​ង​ត្រូវ​​បាន​​តុលាការ​​​សម្រេច​​​ឱ្យ​​ឃុំ​​ខ្លួន​បណ្តោះ​អាសន្ន​​នៅ​ពន្ធនា​គារ ពីបទ ​«ញុះញង់បង្ក​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់សន្តិ​សុខ​សង្គម​» នៅថ្ងៃ​ដដែល​នោះ​។

លោក ជូង​ ជូងី មេធាវី​ការពារ​ក្ដី​ឲ្យ​លោក ជិន ប៊ុណ្ណារ័ត្ន បាន​ថ្លែង​នៅ​មុខតុលាការ​កំពូល​នៅ​ថ្ងៃទី​៣១ ខែកក្កដា​នេះ​ថា តុលាការ​កំពូល បានប្រកាសសាលដីកាដោយឱ្យបន្តឃុំខ្លួន​គាត់នៅក្នុ​ង​​​ពន្ធនាគារ តាម​ការ​​សម្រេច​​​របស់​តុលាការ​​ថ្នាក់​ទាប​។

លោកថា៖ «នៅថ្ងៃតុលាការ​កំពូលបាន​ប្រកាស​សាលដីកា​ ពាក់ព័ន្ធនឹងការ​ប្តឹង​ទាមទារ​ឱ្យ​ដោះ​លែង​លោក ជិន ប៊ុណ្ណា​រ័ត្ន ​ឱ្យ​មានសេរីភាពវិញ តុលាការកំពូល​សម្រេច​ដូចនៅសភាស៊ើបសួរសាលាឧទ្ធរណ៍​​​ដដែល​​​​ គឺ​​បានន័យថា មិនដោះលែង​​​លោក ជិន ប៊ុណ្ណារ័ត្ន​​ ឱ្យ​មានសេរីភាពទេ។ យើង​មានតែរងចាំ​សេចក្តីសម្រេច​លើ​អង្គ​សេចក្តីទេ ចំពោះ​ការ​ប្តឹង​ទាម​​ទារ​​ឱ្យដោះលែ​ងមានសេរីភាពនេះ​​​ គឺយើងដើរអស់នីតិវិធី​ហើយ»។ 

អ្នកស្រី ​ស៊ីវ សុភា ​ភរិយា​របស់​លោក ​ជិន ប៊ុណ្ណារ័ត្ន ចាត់ទុក​​ការ​សម្រេច​របស់​តុលាការ​កំពូល​ថាជារឿង​អយុត្តិធម៌​សម្រាប់​ស្វាមីរបស់គាត់ ដែល​ពុំបានប្រព្រឹត្តកំហុសដូចការ​ចោទប្រកាន់។ អ្នកស្រីបានស្នើដល់តុលាការ​ពិចារណា​ឡើង​វិញ ក្នុងការ​​ទម្លាក់បទ​ចោទ​ប្រកាន់​ និង​ដោះលែង​លោក ប៊ុនណ្ណារ័ត្ន​ ឱ្យមានសេរីភាព ជួបជុំគ្រួសារ​វិញ។

អ្នកស្រី​ស្នើ​ថា​៖ «ខ្ញុំស្នើ​ដល់​តុលាការ​ដោះលែងគាត់ឱ្យមានសេរីភាពឡើងវិញ ដោយសារ​គាត់មិនមានប្រព្រឹត្ត​ខុសអីទេ រយៈពេលជិត​មួយ​ឆ្នាំ​ហើយ បន្ត​ឃុំគាត់ ពិបាករស់​នៅ​ណាស់ ​ផ្លូវ​ចិត្ត​​ផ្លូវ​កាយ​​​មិន​ស្រួល​ទេ អត់​ស្រួលទេ ហើយម្យ៉ាង​​គាត់ សុខភាពគាត់គឺ​​នៅ​ក្រៅ គាត់មានបញ្ហា​​សុខ​​ភាព​​ ដល់​​ពេល​​គា​ត់​​ទៅ​​ក្នុងហ្នឹង​វា​​​​អាប់​អួរ​គ្រប់​ទាំង​អស់ ការ​ញ៉ាំ ការ​គេង គ្រប់ទាំង​អស់ ដល់ពេល​ចឹងកាន់តែ​ធ្វើ​ឱ្យ​សុខ​ភាព​គាត់​កាន់​តែ​ វាទៅតាមហ្នឹង​​»

លោក ប៊ុណ្ណារិទ្ធ ​​ត្រូវ​បាន​ចាប់​ខ្លួន និង​ចោទ​ប្រកាន់​ ពាក់​ព័ន្ធ​នឹងព្រឹត្តិ​ការណ៍​​នៃកា​រ​បង្ក្រាប​ទ្រង់​ទ្រាយ​ធំ​លើ​មនុស្ស​​ជាង ១០០​នាក់ ដែល​អ្នក​ទាំង​នោះ​ត្រូវ​បាន​គេ​ចោទ​​​ប្រកាន់​ថា បាន​បញ្ចេញ​មតិ ឬ​គ្រោង​នឹង​ប្រមូល​ផ្តុំគ្នា​ទាក់​ទង​នឹង​តំបន់​ត្រី​កោណ​អភិវឌ្ឍន៍ កម្ពុជា វៀត​ណាម និង​ឡាវ (CLV-DTA) ដែល​ជា​កិច្ច​ព្រម​ព្រៀង​សហ​ប្រតិ​បត្តិ​ការ​ក្នុង​តំបន់​ ហើយ​​​ដែល​កម្ពុជា​​បាន​សម្រេច​ដក​ខ្លួន​ចេញ​កាល​ពី​ពេល​កន្លងទៅ​នេះ​។

​ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ​ លោក​ រ៉ុង ឈុន​ បង្ហាញការ​សោកស្តាយ​ដែល​តុលាការ​កំពូល​ នៅ​បន្ត​​​​​ឃុំ​ខ្លួន​​សកម្ម​ជន​​គណបក្ស​នេះ​​ទាំង​​អយុត្តិ​ធម៌ ដោយសារ​លោក ប៊ុណ្ណារ័ត្ន ពុំបាន​ប្រព្រឹត្ត​​​កំហុស​ដូចកា​រចោទ​ប្រកាន់​។ លោកបន្តថា ក្នុង​កាលៈទេសៈនេះ ​រដ្ឋាភិបាល​គួរ​មានការ​ដោះលែង​សកម្មជន​នយោបាយ បរិស្ថាន និង​សង្គម ដើម្បីបង្ហាញពីការ​ផ្សះផ្សា និង​សាមគ្គី​ជាតិ​។    

លោកថា៖ «គណបក្សកម្លាំង​ជាតិ យល់ឃើញថា ក្នុងកាលៈទេសៈនេះ​ រដ្ឋាភិបាល​ ក៏​ដូច​ជា​​​តុលាការ ត្រូវ​តែ​​ផ្តល់​សេរីភាព បង្ហាញអំ​ពីការ​សាមគ្គីជាតិខ្មែរ បើយើងនៅ​តែប្រកាន់​ការ​​រើស​អើង​បែប​ចឹង ខ្មែរ​​យើង​​ឆ្ពោះទៅរក​ចំណុច​ខ្លាំង​មិនបាន​ទេ​ ពីព្រោះ​ក្នុងរយៈពេលពីរបី​ថ្ងៃ​ដែលមានការ​ឈ្លាន ពីសំណាក់​សៀមមក​លើ​អធិបតេយ្យ​បូរណភាព​ទឹកដីកម្ពុជា វាជាមេរៀនគ្រប់គ្រាន់សម្រាប់រដ្ឋាភិបាល ក៏ដូចជា​តុលាការ​យក​មក​រៀន​សូត្រ​ ហើយ​បង្ហាញអំពី​ស្មារតី​សាមគ្គីភាព»។​

ចំណែក ​មន្ត្រីស៊ើបអង្កេត​ជាន់ខ្ពស់នៃសមាគម​ការ​ពារ​សិទ្ធិ​មនុស្ស​អាដហុក លោក​ យី សុខសាន្ត កត់សម្គាល់​ឃើញថា កន្លង​មក ការ​ចាប់ខ្លួន និង​ឃុំខ្លួន​សកម្មជន​គណបក្ស​នយោបាយដែលមាន​និន្នាការ​ប្រឆាំង​​​ភាគច្រើន គឺ​ជា​រឿង​​នយោបាយ ខណៈដែល​ពួកគេ​គ្រាន់តែ​បញ្ចេញ​មតិ​ ដែលមិនមាន​កំហុស​អ្វី​ដល់​ថ្នាក់ចាប់​ពួកគេ​ដាក់ពន្ធនាគារ​នោះទេ។

ករណីនេះ លោក​បានស្នើ​ដល់​រដ្ឋាភិបាល និ​ងតុលាការ​ គួរពិចារណាឡើង​វិញ ក្នុងការ​​​ដោះលែង​​​សកម្មជន​​នយោបាយ បរិស្ថាន និង​សង្គមទាំង​អស់​ឱ្យ​មានសេរីភាពវិញ ស្រប​តាមកិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​​ ដើម្បី​បញ្ចប់​ជម្លោះផ្នែកនយោបាយ​​​ ការ​​និន្ទា​ ការ​រើសអើង ហើយ​កសាង​​សង្គម​មួយ​​ឱ្យក្លាយជា​ប្រទេសដែលមានសន្តិភាព ដូចដែល​រដ្ឋាភិបាល​តែងតែលើកឡើង​ជារឿយៗ។

លោកថា៖ «​យើង​ស្នើ​សុំ​យ៉ា​ង​ទទូច​ទៅ​រដ្ឋ​ភិបាលទៅ​ បើចាត់ទុកថា​ប្រទេស​កម្ពុជា ប្រកាន់​យក​របបប្រជាធិបតេយ្យ​ សេរី​ពហុ​បក្ស​​​​ គួរ​តែ​លើកលែង​ការ​រិះគន់ ការ​តិះទៀន​ដើម្បីស្ថាបនា វាមិនមានកំហុស​អីទេ ពីព្រោះ​​មាន​ច្បាប់ការ​ពារ ហើយ​​​ពួកគាត់​ដែលធ្វើសកម្មភាព ក៏មានការ​ចុះបញ្ជី​​នៅ​ក្រសួង​មហាផ្ទៃ​ត្រឹម​ត្រូវ​​ដែរ ពាក់ព័ន្ធនឹងគណបក្ស​នយោ​បាយ ដូច្នេះគាត់មានសិទ្ធិ។ ហើយសំខាន់​មួយ​ទៀត គឺ​រដ្ឋាភិបាល​ល្មម​មានភាព​ចាស់​ទុំ​ គួរតែ​ គេហៅ មាន​ជាតិ​​សាសន៍​និយម រួបរួមគ្នា​ដើម្បី​កសាង​ជាតិ​»

កាលពីចុងខែសីហា ឆ្នាំ​២០២៤ ​អង្គកា​រ​​ឃ្លាំ​​មើល​​សិទ្ធិ​​មនុស្ស​​អន្តរ​ជាតិ​ (Human Rights Watch)​ បាន​​លើក​​ឡើង​​ថា​ យ៉ាង​​ហោច​​ណាស់​ មនុស្ស​​ចំនួន​ ៩៤​​នាក់ ​ត្រូវ​​បាន​​ចាប់​​ខ្លួន​ ​តាំង​​ពី​ចុ​ង​​ខែ​​​កក្កដា​ ឆ្នាំ​​២០២៤​ ពាក់ព័ន្ធ​​នឹង​​ការ​​រិះគ​ន់​​កិច្ច​​សហ​​ប្រតិបត្តិ​​ការ​​តំបន់​​ត្រីកោណ​​អភិវឌ្ឍន៍​កម្ពុជា ​ឡាវ ​វៀតណាម​ ឬ​ហៅ​ថា ​CLV-DTA។ អង្គការ​អន្តរ​ជាតិ​នេះ​ បញ្ជាក់​​ថា​ យ៉ាង​​ហោច​ណាស់​​មនុស្ស​ ៥៩​នាក់ ​ក្នុង​ចំណោម​អ្នក​ដែល​​ត្រូវ​​បាន​​ចាប់​​ខ្លួន​ ​ត្រូវ​បាន​ឃុំ​ខ្លួន​ដោយ​ខុស​ច្បាប់ ​និង​​ត្រូវ​​បា​ន​​ចោទ​​ប្រកាន់ ​ដោយ​​គ្រាន់​​​តែ​​ពួក​គេ​​បង្ហាញ​​ទស្សនៈ​​ដោយ​​សន្តិវិធី៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ