គណបក្សប្រឆាំង ជំរុញឱ្យមេដឹកនាំកម្ពុជាវិលទៅផ្សះផ្សាជាតិ ដើម្បីទប់ទល់សត្រូវឈ្លានពាន ខណៈមេដឹកនាំកម្ពុជាសម្តែងការដឹងគុណសហរដ្ឋអាមេរិក ដែលបានបញ្ចុះពន្ធលើទំនិញនាំចេញពីកម្ពុជា និងបង្ហាញជំហរតាមដានបទឈប់បាញ់ ដែលកម្ពុជាកំពុងទប់ទល់ទៅនឹងការឈ្លានរបស់ថៃ។
នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត នៅថ្ងៃទី១ខែសីហានេះ បាននិយាយលើហ្វេសប៊ុករបស់លោកបង្ហាញការដឹងគុណចំពោះប្រធានាធិតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែលបានបញ្ចុះពន្ធបដិការលើទំនិញនាំចេញពីកម្ពុជា មកនៅត្រឹម១៩ភាគរយ និងអរគុណចំពោះការបញ្ជាក់ជំហរពីការតាមដានបទឈប់បាញ់កម្ពុជា-ថៃ ដែលបានចូលជាធរមាន។
លោក ហ៊ុន ម៉ាណែត លើកឡើងថាសហរដ្ឋអាមេរិកបានសម្រេចបញ្ចុះពន្ធលើទំនិញនាំចេញពីកម្ពុជាទៅកាន់សហរដ្ឋអាមេរិកមកត្រឹម ១៩% គឺថយចុះ ៣០% ប្រៀបធៀបជាមួយអត្រាពន្ធពីដំបូង ៤៩%។ លោកថា នេះជាដំណឹងដ៏ល្អសម្រាប់ប្រជាពលរដ្ឋខ្មែរ និងសេដ្ឋកិច្ចរបស់កម្ពុជា ដើម្បីបន្តអភិវឌ្ឍន៍ប្រទេសជាតិតទៅមុខ។
ជុំវិញការទម្លាក់ពន្ធបដិការនេះ លោកសូមអរគុណលោកប្រធានាធិបតី Donald Trump ដែលថា បានយកចិត្តទុកដាក់ដោយផ្ទាល់ នៅក្នុងការផ្ដួចផ្ដើមនិងជំរុញឲ្យមានការឈប់បាញ់គ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃ និងបន្តតាមដានការអនុវត្តបទឈប់បាញ់ដោយផ្ទាល់ រហូតដល់មានសន្តិភាពជាអចិន្ត្រៃយ៍ និងប្រក្រតីភាពនៃទំនាក់ទំនងរវាងកម្ពុជា-ថៃនៅពេលខាងមុខ។
បន្ថែមពីនេះ លោក ត្រាំ ក៏បានផ្ដល់នូវការយោគយល់សម្រាប់កម្ពុជា ដោយបានផ្ដល់នូវឱកាសក្នុងការបន្តពង្រឹងការអភិវឌ្ឍសេដ្ឋកិច្ច និងទំនាក់ទំនងពាណិជ្ជកម្ម រវាងកម្ពុជានិងសហរដ្ឋអាមេរិកបន្តទៅទៀត។
សម្រាប់ លោក ហ៊ុន ម៉ាណែត លោក Donald Trump បានបង្ហាញនូវការចាប់អារម្មណ៍យ៉ាងខ្លាំងពាក់ព័ន្ធជាមួយប្រវត្តិសាស្ត្រដ៏ជូរចត់របស់កម្ពុជា ក៏ដូចជាសមានចិត្តនៅក្នុងការជួយដល់ប្រជាជនកម្ពុជាឱ្យមានសន្តិភាព ក៏ដូចជាជួយឲ្យកម្ពុជាមានឱកាសបន្តអភិវឌ្ឍន៍ប្រទេសបន្តទៀត។
ជ្រុងមួយនៃការទម្លាក់ពន្ធនេះ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន និយាយថា ដោយសារកម្ពុជា និងថៃយល់ព្រមលើបទឈប់បាញ់គ្នា តាមសំណើររបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ។
ម្យ៉ាងទៀត ការទទួលបានការទម្លាក់ពន្ធរបស់កម្ពុជា ក៏ដោយសារ លោក ហ៊ុន សែន អនុញ្ញាតឱ្យលោក កឹម សុខា ទៅចូលរួមគោរពវិញ្ញាណក្ខន្ធសពយោធិនពលីនៅស្រុកចំការលើ ខេត្តកំពង់ចាម កាលពីថ្ងៃម្សិលមិញ។ លោកថា យ៉ាងណាក៏ដោយ នេះជាដំណឹងល្អសម្រាប់ពលរដ្ឋខ្មែរ ជាពិសេសកម្មករបើធៀបនឹងប្រទេសវៀតណាម ត្រូវបង់ពន្ធនាំចូលអាមេរិក២០ភាគរយដដែល។ អាមេរិកដាក់ពន្ធលើកម្ពុជាត្រឹម ១៩ភាគរយ នេះនឹងចូលជាធរមានចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ នេះទៅ។
លើសពីនេះ លោក កឹម សុខា ប្រធានគណបក្សសង្ក្រោះជាតិដែលតុលាការរំលាយ បានអំពាវនាវឱ្យខ្មែរបន្តរួបរួមគ្នាដើម្បីខ្មែរខ្លាំង ខណៈមានការឈ្លានពានពីកងទ័ពថៃ។
ការថ្លែងរបស់លោក កឹម សុខា នេះ ខណៈលោកទៅគោរពវិញ្ញាណក្ខន្ធសពយោធិនពលី នៅខេត្តកំពង់ចាម ដែលការស្លាប់របស់យោធិនរូបនោះ ដោយសារតែការប្រយុទ្ធជាមួយទាហានថៃឈ្លានពានកម្ពុជា។
លោកថា៖ «ពលិកម្មរបស់វិរយុទ្ធជនយើង ដែលពហលីជីវិតនេះ គឺដើម្បីបុព្វហេតុទឹកដី មិនមែនដើម្បីបុព្វហេតុបក្សណា ឬក្រុមណាទេ តែជាបុព្វហេតុទឹកដីខ្មែរ គឺមាតុភូមិយើង ហើយគាត់ជាខ្មែរ ឈាមគាត់ជាឈាមខ្មែរ។ ហើយយើងសោកស្តាយជីវិតគាត់។ […]ខ្មែរយើងធ្លាប់ឆ្លងកាត់សង្គ្រាមឈ្លានពានច្រើនដងហើយ មិនគួរណាដល់ពេលហ្នឹងហើយថៃនៅតែមកឈ្លានពានយើងទៀត វាហួសហេតុដល់សម័យកាលនេះ។ អីចឹងហើយយើងជាខ្មែរ ត្រូវរួម សូមអំពាវនាវឱ្យខ្មែររួមសាមគ្គីគ្នាដើម្បីឱ្យភាពរឹងមាំ ការពារទឹកដីសម្រាប់កូនចៅយើងបន្តទៀត»។
លើសពីនេះ ក្រុមប្រឹក្សាជាតិតស៊ូរបស់លោក សម រង្ស៊ី ដែលមានមូលដ្ឋាននៅក្រៅប្រទេស បាននិយាយក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី៣១ខែកក្កដា ដោយផ្តោតលើបញ្ហាធំ២ដែលរដ្ឋាភិបាលត្រូវដោះស្រាយ គឺ បញ្ហាបំណុលពលរដ្ឋ ការបង្រួបបង្រួមជាតិ ដើម្បីបញ្ចៀសគ្រោះថ្នាក់របស់កម្ពុជា។
បើតាមប្រភពនោះ៖ «វិធីដែលដោះស្រាយដ៏ល្អបំផុត រដ្ឋាភិបាលជាអ្នកទិញបំណុលរបស់ប្រជាពលរដ្ឋ ហើយរដ្ឋាភិបាល បំពេញតួនាទីជាភាគីកូនបំណុល ដែលត្រូវបង់សងជំនួសពលរដ្ឋវិញ[…]ចំណុចសំខាន់បំផុតពេលនេះ រដ្ឋាភិបាលត្រូវផ្សះផ្សាបង្រួបបង្រួមជាតិ និងស្តារប្រជាធិបតេយ្យ ធ្វើជាមូលដ្ឋានដោះស្រាយបញ្ហាសេដ្ឋកិច្ច បង្កើតការងារនិងពង្រឹងស្មារតីជាតិរួម ទើបប្រទេសកម្ពុជា និងប្រជាពលរដ្ឋខ្មែរ អាចគេចផុតពីគ្រោះធំៗ ទាំងបច្ចុប្បន្ន និងអនាគត»៕









