កម្ពុជា​បន្ត​ប្រើ​យន្ត​ការ​អាស៊ាន​ជំរុញ​ឱ្យ​ថៃ​ប្រញាប់​ប្រគល់​ទាហាន​ខែ្មរ​១៨​នាក់​មក​វិញ

រដ្ឋាភិបាល​កម្ពុជា​ បាន​អះ​អាង​ថា ខ្លួន​កំពុង​បន្ត​ធ្វើ​ការ​យ៉ាង​សស្រាក់​សស្រាំ ក្នុង​ការ​ចរចា រួម​ទាំង​យន្ត​ការ​អា​ស៊ាន​ ដើម្បី​ជំរុញ​ឱ្យ​ភាគី​ថៃ​ប្រគល់​ទាហាន​កម្ពុជា​ចំនួន ១៨នាក់ មក​កម្ពុជា​វិញ ឱ្យ​បាន​ឆាប់​រហ័ស​បំផុត​ និង​​មាន​សុវត្ថិ​ភាព ស្រប​តាម​ច្បាប់​មនុស្ស​ធម៌​អន្តរ​ជាតិ។

ក្រសួងការពារជាតិ បាន​និយាយ​លើហ្វេ​ស​ប៊ុក​របស់​ខ្លួន​ នៅ​ថ្ងៃ​ទី​២​ខែ​សីហា​នេះ​ថាពាក់​ព័ន្ធ​នឹង​កង​កម្លាំង​កម្ពុជា​ចំនួន ១៨រូប ពេល​នេះ​កំពុង​ស្ថិត​នៅ​ក្រោម​កា​រគ្រប់​គ្រង​របស់​ថៃ ហើយ​ថា​ កម្ពុជា «កំពុង​បន្ត​ធ្វើ​ការ​យ៉ាង​សស្រាក់​សស្រាំ​ក្នុង​ការ​ចរចា ដើម្បី​ជំរុញ​ឱ្យ​ភាគី​ថៃ​ប្រគល់​កង​កម្លាំង​របស់​យើង​មក​វិញ ឱ្យ​បាន​ឆាប់​រហ័ស​បំផុត និង​មាន​សុវត្ថិ​ភាព ស្រប​តាម​ច្បាប់​មនុស្ស​ធម៌​អន្តរ​ជាតិ»។

លើសពីនេះ កម្ពុជាក៏បានស្នើទៅកាន់ប្រទេសម៉ាឡេស៊ី ដែលជាប្រធាន​អាស៊ាន​ប្តូរវេន ជួយ​អន្តរា​គមន៍​ដើម្បី​ជំរុញ​ឱ្យ​ភាគីថៃ​ឆាប់​ប្រគល់​ម​ក​ឱ្យ​កម្ពុជា​​វិញ នូវ​​កង​​កម្លាំង​របស់​កម្ពុជា​ទាំង ១៨​នាក់។

ក្រសួង​ការ​ពារ​ជាតិ​បញ្ជាក់​ថា ខ្លួន​នឹង​មិន​ទុក​សមាជិក​របស់​ខ្លួន​ណា​ម្នាក់​ចោ​ល​នោះ​ទេ ទោះ​ក្នុង​កាលៈ​ទេសៈ​ណា​ក៏​ដោយ។

កាលពីថ្ងៃសុក្រ ទាហានខ្មែរពីររូបត្រូវ​បាន​ថៃ​បញ្ជូន​ឱ្យ​កម្ពុជា​វិញ តាម​ច្រក​ទ្វារ​ព្រំដែន​អូស្មាច់ ក្រោយ​ពី​ថៃ​ចាប់​​ធ្វើ​ជា​ចំណាប់​ខ្មាំង​ចំនួន​ ២០​នាក់ កាល​ពី​ថ្ងៃទី​២៩ ខែ​កក្កដា ឆ្នាំ​២០២៥​ រំលោភ​បទ​ឈប់​បាញ់​ ដែល​បាន​ចូល​ជាធ​រ​មាន​នៅ​ថ្ងៃ​ទី​២៨ខែ​កក្កដា ចាប់​ពី​ម៉ោ​ង​១២​យប់។

ក្រោយថៃប្រគល់ទាហានខ្មែរពីរនាក់នេះ អតីត​នាយករដ្ឋ​មន្ត្រី​កម្ពជា លោក ហ៊ុន សែន បាន​បង្ហោះ​​​សា​រ​​លើ​ហ្វេ​​ស​ប៊ុក​​លោក នៅថ្ងៃ​ទី​១ខែ​សីហា​ថា កង​ទ័ព​កម្ពុជា​២​នាក់​រង​របួស ត្រូវ​បាន​ភាគី​ថៃ ចាប់​នៅ​ក្រោយ​បទ​ឈ​​ប់​​បាញ់​រយៈ​ពេល​៨ម៉ោង ត្រូវ​បាន​ភាគី​ថៃ​បញ្ជូន​មក​កម្ពុជា​វិញ​ដោយ​សុវត្ថិ​ភាព៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ