សំណុំរឿងប្តឹងទាស់របស់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលគ្រោងធ្វើនៅថ្ងៃទី១៤ខែសីហានេះ ត្រូវបានសាលាឧទ្ធរណ៍ភ្នំពេញ ប្រកាសលើកពេលជាថ្មីទៀត ដោយមិនកំណត់ពេល ដែលការណ៍នេះ រងការរិះគន់ថា ប៉ះពាល់ដល់សិទ្ធិទទទួលបានយុត្តិធម៌របស់ជនជាប់ចោទ។
តាមដីកាបញ្ជូនរបស់សាលាឧទ្ធរណ៍ភ្នំពេញ ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ដែលចុះហត្ថលេខាដោយប្រធានសាលាឧទ្ធរណ៍ភ្នំពេញ លោក ឃុន លាងម៉េង ផ្ញើទៅមេធាវី លោក ផែង ហេង ការពារសិទ្ធិឱ្យ លោក កឹម សុខា បានឱ្យដឹងថា ការដែលអគ្គព្រះរាជ្ញារងនៃមហាអយ្យការអមសាលាឧទ្ធរណ៍ លោក មាស សុភក្តិ ជូនដំណឹងអញ្ជើញមេធាវីឱ្យចូលមកកាន់សាលាឧទ្ធរណ៍ នៅថ្ងៃទី១៤ ខែសីហា ដើម្បីជំនុំជម្រះនោះ ត្រូវលើកពេល។
សហមេធាវីក្តី លោក ផែង ហេង ប្រាប់វីអូឌី នៅថ្ងៃទី២ ខែសីហានេះថា តុលាការពិតជាបានលើកពេលពិតមែន។ លោកមិនបានអត្ថាធិប្បាយច្រើនទេ ដោយគ្រាន់តែរំលេចសារថា រដ្ឋធម្មនុញ្ញកម្ពុជា ឱ្យសញ្ចាប័ន និងច្បាប់អន្តរជាតិ ស្តីពី សិទ្ធិទទួលបានការជំនុំជម្រះដោយឆាប់រហ័ស និងយុត្តិធម៌។
ក្រៅពីនេះ លោកបានរំលឹកជុំវិញការថ្លែងរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌កន្លងទៅ ដែលបាននិយាយថា ការទុកសំណុំរឿងគេចោលយូរស្នើនឹងអយុត្តិធម៌ហើយ កុំថាឡើយកាត់សេចក្តីយុត្តិធម៌ ឬអយុត្តិធម៌។
លោកថា៖ «ដូចច្បាប់ជាតិ(រដ្ឋធម្មនុញ្ញ) ខ្មែរឲ្យសញ្ចាប័ន និងច្បាប់អន្តរជាតិ convention ស្តីពីសិទ្ធិទទួលបានការជំនុំជម្រះដោយឆាប់រហ័ស និងយុត្តិធម៌។ […] កើត រិទ្ធិ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ក៏បានលើកហើយថាការទុកសំណុំរឿងគេចោលយូរ ស្មើនឹងអយុត្តិធម៌ហើយ កុំថាឡើយការកាត់ក្តីយុត្តិធម៌ ឬអយុត្តិធម៌»។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក សួន សូរីដា និយាយលើហ្វេសប៊ុករបស់លោកថា ហាក់បង្ហាញការខកចិត្តទៅនឹងសេចក្តីជូនដំណឹងរបស់សាលាឧទ្ធណ៍ ដោយពុំបានកំណត់កាលបរិច្ឆេតច្បាស់លាស់ថានឹងសវនាការឡើងវិញនៅពេលណាពិតប្រាកដនោះ។
លោកគូសបញ្ជាក់ថា មហាជនខ្មែរគិតថា៖ «រឿងពន្ធគយបដិការជាមួយសហរដ្ឋអាមេរិកចប់ហើយ រីឯរឿងការឈ្លានពានរបស់ថៃ ក៏ឈានដល់កិច្ចព្រមព្រៀងឈប់បាញ់ដែរ ដូច្នេះរឿងក្តីលោក កឹម សុខា ក៏ត្រូវផ្អឹបទុកចោលឡើងវិញបន្តទៀត»។
កាលពីថ្ងៃទី២៨ ខែកក្កដា កិច្ចព្រមព្រៀងឈប់បាញ់បន្ទាន់មួយរវាងកម្ពុជានិងថៃ ត្រូវបានធ្វើឡើងនៅប្រទេសម៉ាឡេស៊ី ក្រោយការសម្របសម្រួយពីប្រធានអាស៊ានប្តូរវេននាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ដែលផ្តួចផ្តើមគំនិតដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។
ក្រោមកិច្ចព្រមព្រៀងឈប់បាញ់នេះ អាមេរិកបានបញ្ជុះពន្ធបដិការដល់កម្ពុជាមកនៅត្រឹម១៩ភាគរយ ខណៈដំបូងប្រកាសដំឡើង៤៩ភាគរយ លើទំនិញដែលកម្ពុជានាំទៅទីផ្សារអាមេរិក។
លើសពីនេះ តំណាងរាស្ត្រគណបក្សប្រឆាំងមួយរូបទៀត គឺលោក អ៊ុំ សំអាន ហៅការពន្យាពេលរបស់សាលាឧទ្ធរណ៍នេះ ប្រៀបបាននឹងពន្យាពេលយុត្តិធម៌សម្រាប់លោក កឹម សុខា សិទ្ធិសម្តែងមតិ និងសិទ្ធិព្យាបាលជំងឺជាដើម។
លោកថា៖ «ការដែលតុលាការពន្យាពេលសវនាការគាត់អីចឹង គឺថាការផ្តល់យុត្តិធម៌ទៅឱ្យ លោក កឹម សុខា ហ្នឹងគឺមិនបានទទួលបានឆាប់ៗ អីចឹងហើយធ្វើឱ្យការឃុំខ្លួនគាត់នៅក្នុងផ្ទះហ្នឹង នឹងបន្តទៅទៀត។ ហើយគាត់មិនអាចចេញទៅណាបាន សូម្បីតែចេញទៅជួបក្រុមគ្រួសារ ឬក៏ញាតិមិត្ត ឬចង់ទៅព្យាបាល នៅក្រៅប្រទេសអីក៏មិនបានដែរ»។
បើតាមលិខិតរបស់សាលាឧទ្ធរណ៍ ផ្ញើជូនទៅកាន់មេធាវីការពារសិទ្ធិ លោក កឹម សុខា បានប្រាប់ពីការលើកពេលសវនាការ ប៉ុន្តមិនបានបញ្ជាក់ពីមូលហេតុទេ។
ដោយគ្រាន់តែបញ្ជាក់ថា ក្រុមប្រឹក្សាជំនុំជម្រះទី១០ នៃសភាព្រហ្មទណ្ឌ សូមជម្រាបជូនលោក-លោកស្រី ជាមេធាវីការពារសិទ្ធិឱ្យជនជាប់ចោទឈ្មោះ កឹម សុខា និងលោកមេធាវីតំណាងឱ្យដើមបណ្តឹងរដ្ឋប្បវេណី ឱ្យបានជ្រាបថា កម្មវិធីសវនាការក្នុងសំណុំរឿងព្រហ្មទណ្ឌ ចុះថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ដែលត្រូវធ្វើការជំនុំជម្រះ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ៨:៣០នាទីព្រឹក នៅបន្ទប់សវនាការទី១ ក្រុមប្រឹក្សាជំនុំជម្រះ សម្រេចលើកពេលសវនាការទៅថ្ងៃក្រោយវិញ។
វីអូឌី មិនអាចសុំការបញ្ជាក់ពីមូលហេតុនៃការលើកពេល ពីប្រធានក្រុមប្រឹក្សាជំនុំជម្រះលើកទី១០ពីលោក អឹម វណ្ណៈ បានទៅនៅថ្ងៃទី២ខែសីហានេះ។
នាយកគ្រប់គ្រប់គ្រងទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត និយាយថា ការលើកពេលរបស់សាលាឧទ្ធរណ៍ ទៅលើសវនាការលោក កឹម សុខា បន្តទៀត ចំពេលនីតិវិធីដល់ការដាក់សេចក្តីសន្និដ្ឋាននិងការសន្និដ្ឋានពេលនេះ វាប៉ះពាល់សិទ្ធិលោក កឹម សុខា ។
ក្នុងន័យនេះ លោកពន្យល់ថា តាមច្បាប់ជាតិ(រដ្ឋធម្មនុញ្ញ្ញកញ្ញ) និងច្បាប់អន្តរជាតិ គឺជនត្រូវចោទទទួលបាននូវសវនាការឱ្យបានលឿនដែលអាចធ្វើទៅបាន ដើម្បីកុំឱ្យប៉ះពាល់ទៅដល់សិទ្ធិលោក កឹម សុខា។
លោកថា៖ «អីចឹងការពន្យាពេលម្តងហើយម្តងទៀត វាធ្វើឱ្យប៉ះពាល់សិទ្ធិរបស់គាត់ ជាពិសេសលោក កឹម សុខា ជាអ្នកនយោបាយដែរ កាលណាគាត់ទទួលបានយុត្តិធម៌ លោកនឹងអាចបន្តការធ្វើនយោបាយតទៅទៀត ហើយការលើកពេលនេះ ក៏បន្តរងនូវការរិះគន់ពីសហគមន៍អន្តរជាតិផងដែរ ពីព្រោះករណីទាំងអស់នេះ មានការតាមដានយ៉ាងយកចិត្តទុកដាក់ពីសហគមន៍អន្តរជាតិផងដែរ»។
ការលើកឡើងនេះ ហាក់ស៊ីគ្នាទៅនឹងការលើកឡើងជាទូទៅកន្លងទៅ របស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក កើត រិទ្ធ ដែរ។
លោកថា៖ «កុំថាឡើយការកាត់ក្តីហ្នឹង វាយុត្តិធម៌ឬុមិនយុត្តិធម៌ គ្រាន់តែយើងទុករឿងក្តីគេចោល ដោយមិនចាត់ការ ជាក្តីអស់សង្ឃឹមក្នុងការស្វែងរកយុត្តិធម៌ឱ្យគេទៅហើយ។ រឿងក្តីមួយដែលត្រូវការដោះស្រាយយូរពេក យូររហូតដល់គេភ្លេចរឿងក្តីហ្នឹង មានន័យថា វាស្មើនឹងអយុត្តិធម៌សម្រាប់គេទៅហើយ»។
យ៉ាងណា លោក កឹម សុខា កាលពីថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ បានបង្ហាញមុខជាលើកដំបូង ក្រោមការបើកផ្លូវពីតុលាការ ឱ្យទៅគោរពវិញ្ញាណក្ខន្ជសព យោធិនពលី នៅខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តកណ្តាល និងខេត្តតាកែវ ។
យោធិនពលីទាំងនោះ ជាអ្នកលះបង់ជីវិតដើម្បីប្រទេសជាតិ ប្រឆាំងនឹងការឈ្លានពានរបស់ថៃ។ ការប្រយុទ្ធប្រឆាំងនឹងការឈ្លាននេះ ទាហានយោធាកម្ពុជា និងថៃ បានប៉ះទង្គិចគ្នាដោយអាវុធទ្រង់ទ្រាយធំ រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ រហូតថ្ងៃទី២៨ ខែកក្កដា ទើបមានបទឈប់បាញ់បន្ទាន់មួយ ធ្វើឡើងនៅប្រទេសម៉ាឡេស៊ី ក្រោមគំនិតផ្តួចផ្តើមពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ។ អំឡុងពេលចុះគោរពវិញ្ញាណក្ខន្ធសពយោធិនពលី លោក កឹម សុខា អំពាវនាវឱ្យខ្មែរសាមគ្គីគ្នាដើម្បីខ្មែរខ្លាំងប្រឆាំងនឹងសត្រូវឈ្លានពាន។
លោកថា៖ «ខ្ញុំចង់ជំរាបថាពលិកម្មរបស់វិរយុទ្ធជនយើងដែលពហលីជីវិតនេះ គឺដើម្បីបុព្វហេតុទឹកដី មិនមែនដើម្បីបុព្វហេតុបក្សណា ឬក្រុមណាទេតែជាបុព្វហេតុទឹកដីខ្មែរ គឺមាតុភូមិយើង។ ហើយគាត់ជាខ្មែរ ឈាមគាត់ ជាឈាមខ្មែរ ហើយយើងទាំងអស់គ្នានេះ ខ្ញុំសូមផ្តាំយើងជាខ្មែរ ហើយឈាមយើងជាមួយគ្នា។ហើយយើងសោកស្តាយៗមែនទែន សោកស្តាយជីវិតគាត់។ ប៉ុន្តែយើងគិតថា មិនគួរណា មកដល់ពេលនេះហើយ ខ្មែរយើងធ្លាប់ឆ្លងកាត់សង្គ្រាមឈ្លានពានច្រើនដងហើយ មិនគួរណាដល់ពេលហ្នឹងហើយថៃនៅតែមកឈ្លានពានយើងទៀត វាហួសហេតុដល់សម័យកាលនេះ។ អីចឹងហើយយើងជាខ្មែរ ត្រូវរួម សូមអំពាវនាវឱ្យខ្មែររួមសាមគ្គីគ្នាដើម្បីឱ្យភាពរឹងមាំ ការពារទឹកដីសម្រាប់កូនចៅយើងបន្តទៀត»។
លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ត្រូវបានតុលាការទីក្រុងភ្នំពេញ ចេញសាលក្រមចុះថ្ងៃទី៣ ខែមិនា ឆ្នាំ២០២៣ ផ្តន្ទាទោស ដោយឃុំខ្លួនៅក្នុងផ្ទះ ចំនួន២៧ឆ្នាំ ខណៈសមត្ថកិច្ចចាប់ខ្លួនគាត់ ទាំងពាក់កណ្តាលអាធ្រាត្រ ឆ្លងចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧។
លោកត្រូវបានតុលាការចោទប្រកាន់ ពីបទក្បត់ជាតិ តាមបណ្តឹងរបស់រដ្ឋាភិបាល លោក ហ៊ុន សែន អំឡុងចុងឆ្នាំ២០១៧ ដោយចោទថា គាត់គប់គិតជាមួយសហរដ្ឋអាមេក ចង់ផ្តួលរំលំរដ្ឋាភិបាល ។
យ៉ាងណា សហរដ្ឋអាមេរិក តាមរយៈស្ថានទូតប្រចាំកម្ពុជា បានច្រានចោលទៅនឹងសេចក្តីសម្រេចរបស់តុលាការកម្ពុជា ដោយចាត់ទុកថា លោក កឹម សុខា មេដឹកនាំនយោបាយកម្ពុជា ដែលទទួលបាននូវការគោរព ហើយថា ដំណើរការច្រើនឆ្នាំ ដើម្បីបំបិទសំឡេង លោក កឹម សុខា ដោយ ផ្អែកលើបទសមគំនិត ប្រឌិត គឺជាបរាជ័យនៃប្រព័ន្ធយុត្តិធម៌ ។
សម្រាប់ សហរដ្ឋអាមេរិក ការបដិសេធ សេរីភាពក្នុងការបញ្ចេញមតិ និងធ្វើនយោបាយរបស់ លោក កឹម សុខា និងអ្នកនយោបាយផ្សេងទៀត ធ្វើឲ្យប៉ះពាល់ដល់រដ្ឋធម្មនុញ្ញកម្ពុជា បំណងអន្តរជាតិ និងវឌ្ឍនភាពកន្លងមក ដើម្បីក្លាយជាសង្គមពហុបក្សប្រកបដោយបរិយាបន្នមួយ។
អាមេរិក អំពាវនាវឲ្យអាជ្ញាធរអនុញ្ញាតឲ្យប្រជាជនកម្ពុជាទាំងអស់ ប្រើប្រាស់សិទ្ធិមនុស្សជាសាកល ក្នុងការប្រមូលផ្តុំគ្នាដោយសន្តិវិធី និងសេរីភាពនៃការបញ្ចេញមតិ ព្រមទាំងការចូលរួមកសាងប្រព័ន្ធ ប្រជាធិបតេយ្យពិតប្រាកដមួយ៕









