ក្រសួងការពារជាតិកម្ពុជា បានប្រកាសថា តាមព័ត៌មានដែលខ្លួនទទួលបាន ភាគីថៃគ្រោងនឹងបើកការវាយលុកតាមបន្ទាត់ព្រំដែន រហូតដល់តំបន់អានសេះ ដែលការវាយលុក នឹងចាប់ផ្ដើមក្នុងពេលឆាប់ៗ មុនកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) ដែលគ្រោងនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
ក្រសួងការពារជាតិ បាននិយាយនៅលើហ្វេសប៊ុករបស់ខ្លួន ប៉ុន្មានម៉ោងមុននេះថា ខ្លួនសូមជូនព័ត៌មានដល់សាធារណជន និងសហគមន៍អន្តរជាតិ មេត្តាជ្រាបថា តាមព័ត៌មានដែលទើបទទួលបាន នៅវេលាម៉ោង ១០:៤៩នាទី ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥ កងទ័ពថៃ សហការជាមួយអាជ្ញាធរថៃ បានណែនាំឱ្យប្រជាជនខ្លួនដែលនៅសេសសល់ នៅតំបន់ជាប់ព្រំដែនក្នុងខេត្តសុរិន្ទ ឱ្យចេញឱ្យអស់ត្រឹមយប់នេះ។
តាមប្រភពព័ត៌មានដដែល ក៏បានបញ្ជាក់ថា កងទ័ពថៃគ្រោងនឹងបើកការវាយលុកតាមបណ្តោយព្រំដែន ចាប់តាំងពីតំបន់ប្រាសាទតាមាន់ ប្រាសាទតាក្របី ប្រាសាទព្រះវិហារ រហូតដល់តំបន់អានសេះ ដែលការវាយលុកនេះនឹងចាប់ផ្ដើមក្នុងពេលឆាប់ៗនេះ មុនកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) ដែលគ្រោងធ្វើនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
ការរៀបចំផែនការវាយលុកនេះ ជាការរំលោភមកលើបូរណភាពទឹកដីកម្ពុជា នៅមុនកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ(GBC) ហើយក៏ជាការរំលោភយ៉ាងធ្ងន់ធ្ងរបំផុត នូវបទឈប់បាញ់ដែលប្រទេសទាំងពីរបានឯកភាពគ្នា កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ដែលមានម៉ាឡេស៊ី សហរដ្ឋអាមេរិក និងចិន ជាសាក្សី។
ជុំវិញការដែលថៃរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់នេះ កម្ពុជាសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិជួយទប់ស្កាត់ឱ្យខានតែបាន ឱ្យភាគីថៃបញ្ឈប់ជាបន្ទាន់ នូវផែនការឈ្លានពានរបស់ខ្លួនករណីព័ត៌មាននេះជាការពិត ហើយងាកមកគោរពកិច្ចព្រមព្រៀមបទឈប់បាញ់ឱ្យបានម៉ឺងម៉ាត់ ដើម្បីសន្តិភាព និងស្ថិរភាព នៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរផង និងតំបន់ទាំងមូលផង។
ជុំវិញដំណឹងនេះ ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន ប្រកាសលើកពេលដឹកនាំកិច្ចប្រជុំនៅព្រឹទ្ធសភា នៅព្រឹកថ្ងៃទី៤ ខែសីហាផងដែរ។
លោកបានលើកឡើងថា យោងតាមសេចក្តីប្រកាសរបស់អ្នកនាំពាក្យក្រសួងការពារជាតិ មុននេះបន្តិច បានបង្ហាញថា មានលទ្ធភាពជាច្រើនដែលកងទ័ពថៃ អាចប្រើកម្លាំងយោធាវាយមកលើកម្ពុជានៅវេលាយប់នេះ។
លោកបញ្ជាក់ថា ដោយសភាពការណ៍បែបនេះ លោកមិនអាចដឹកនាំប្រជុំព្រឹទ្ធសភា នៅព្រឹកថ្ងៃទី៤ ខែសីហា ស្អែកនេះបានទេ បើទោះមានការប្រយុទ្ធ ឬគ្មានការប្រយុទ្ធគ្នាក៏ដោយ ព្រោះលោកត្រូវប្រចាំការរួមទាំងបញ្ជាកងទ័ព២៤ម៉ោងលើ២៤ម៉ោងបន្តទៀត។
សូមជំរាមជូនថា កម្ពុជានិងថៃ បានចុះកិច្ចព្រមព្រៀងបទឈប់បាញ់បន្ទាន់មួយ ទៅប្រទេសម៉ាឡេស៊ី ក្រោមការសម្របសម្រួលពីប្រធានអាស៊ានប្តូរវេន នៃនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ក្រោមគំនិតផ្តួចផ្តើមពីប្រធានធិបតីអាមេរិក លោក ដូណាល់ ត្រាំ។
បទឈប់បាញ់នេះ កម្ពុជា-ថៃ បានព្រមព្រៀងគ្នាលើ៣ចំនុច ក្រោមការចូលរួមអង្កេតតាមដានពីតំណាងមហាអំណាចចិន និងសហរដ្ឋអាមេរិក ដែលទី១ភាគីទាំងពីរឯកភាពគ្នាបទឈប់បាញ់បន្ទាន់ ឥតលក្ខខណ្ឌ ចាប់ពីវេលាម៉ោង១២យប់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ទៅ។
ចំនុចទី២ ភាគីទាំងពីរព្រមព្រៀង ឱ្យរៀបចំកិច្ចប្រជុំក្រៅផ្លូវការថ្នាក់មេបញ្ជាការយោធភូមិភាគ ខាងភាគីថៃ យោធភូមិភាគទី១ និងទី២ និងភាគីកម្ពុជា យោធភូមិភាគទី៤ និងទី៥។ នៅថ្ងៃទី២៩ ខែកក្កដា បន្តរៀបចំកិច្ចប្រជុំជាមួយបណ្តាសេនានុព័ន្ធ និងអនុព័ន្ធយោធា ដឹកនាំដោយប្រធានអាស៊ាន បើមានការឯកភាពពីភាគីទាំងពីរ និងទី៣ រៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ប៉ុន្តែពេលនេះ កិច្ចប្រជុំ(GBC) ត្រូវលើកទៅធ្វើនៅប្រទេសម៉ាឡេស៊ីវិញ៕









