លោក ហ៊ុន សែន បណ្តេញ​អ្នក​ស្រី ធី សុវណ្ណ​ថា ចេញ​ពី​ក្រប​ខ័ណ្ឌ​រដ្ឋ

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន បាន​ប្រកាស​បណ្តេញ អ្នក​ស្រី ធី សុវណ្ណ​ថា ចេញ​ពី​ក្រប​ខ័ណ្ឌ​រដ្ឋ ដោយ​ភ្ជាប់​នឹង​សារនៅលើ​​ហ្វេសប៊ុក​ ឈ្មោះ ធី សុវណ្ណថា ដែល​បាន​បង្ហោះ​​​ថា កង​ទ័ព​ជួរ​មុខ​ភាគ​ច្រើន​ មាន​ជំងឺលើ​ស​ឈាម ទឹក​នោម​ផ្អែម ដោយ​សំអាង​ថា លោក​គ្មាន​ពេល​អប់រំ​មន្ត្រី​ដែល​គ្មាន​វិន័យ​នោះ​ទេ។

លោក ហ៊ុន សែន បាន​លើក​ឡើង​ក្នុង​សម្តី​ដើម​លើ​ហ្វេស​ប៊ុក​លោក​នៅ​ថ្ងៃ​ទី​០៣ ខែសីហា​​ថា៖ «យើង​គ្មានពេល​អប់រំ​មន្ត្រី​ដែល​គ្មាន​វិន័យ ក្នុង​ពេល​ដែល​កិច្ច​ការ​ជាតិ​ កំពុង​ទាម​ទារ​យើង​ដោះ​ស្រាយ​នោះ​ឡើយ។ ម្តង​ហើយ​ម្តង​ទៀត ធី សុវណ្ណ​ថា បាន​បង្ហោះ​សា​រ​តាម​Facebook ដែល​មាន​ចរិត​មិន​សម​ស្រប»។

លោកថា រឿងនេះ លោ​ក​បាន​ហៅ​ទូរស័ព្ទ​ប្រាប់ ធី សុវណ្ណថា ឲ្យ​លុប​ចោល​នៅ​អត្ថបទ​ចំនួន​២ កាល​ពី​ប៉ុន្មាន​ថ្ងៃមុ​ន។ តែ​ថា ថ្ងៃ​​​នេះ​ហ្វេស​ប៊ុក​នោះ បាន​បង្ហោះ​សារ​ប៉ះ​ពាល់​ដល់​កង​ទ័ព​ក្នុង​ពេលក​ង​ទ័ព​កំពុង​ការ​ពារ​ទឹក​ដី។

វិធាននេះ លោក​បាន​ប្រាប់​ទៅ​ លោក គួច ចំរើន ប្រធា​ន​គណបក្ស​​ខេត្ត​កណ្តាល ឱ្យ​បណ្តេញចេ​ញ​ពី​គណបក្ស​ប្រជាជន​​កម្ពុជា ហើយ​ថា បាន​ប្រាប់​ទៅ លោក ស សុខា ឧបនាយក​រដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​ឱ្យបញ្ចប់​មុខ​តំណែង អ្នកស្រី ​ធី សុវណ្ណថា ពី​អភិបាល​រង​ក្រុង​អរិយក្សត្រ​ និង​បណ្តេញ​ចេញ​ពី​ក្រប​ខ័ណ្ឌ​រដ្ឋទាំង​អស់។

លោក ហ៊ុន សែន សង្កត់​ធ្ងន់​ថា៖ « ក្នុងឋានៈជាប្រធានគណបក្ស​កាន់​អំណាច ខ្ញុំ​មាន​សិទ្ធិ​នឹង​ធ្វើ​បែប​នេះ ដើម្បី​រក្សា​វិន័យ​បក្ស​សម្រាប់​មន្ត្រី​ដែល​ជា​សមាជិក​បក្ស​ទាំង​អស់»។

អ្នកស្រី ធី សុវណ្ណថា ត្រូវ​គេ​ដឹង​ថា ជា​អ្ន​កស​កម្ម​គណសង្គ្រោះ​ជាតិ ដ៏​មាន​ប្រជាប្រិយ​ភាព​ខាង​វោហា​ថ្វី​មាត់ ចេញ​មុខ​ឃោសនា​រ​​កសំឡេង​ឆ្នោត​ចាប់​ពី​ឆ្នាំ​២០១៣ ដោយ​រិះ​គន់​ខ្លាំង​ពី​ភាព​អសកម្ម​របស់​មេដឹកនាំ​បក្សកាន់​អំណាច។

ប៉ុន្តែ​ក្រោយ​មក​បាន​ទៅ​ចូល​រួម​ជីវភាព​នយោបាយ​ជាគ​ណបក្ស​ប្រជាជន​កម្ពុជា​វិញ រហូត​ទទួល​បាន​តំណែង ជា​អភិបាល​រង​ក្រុង​អរិយក្សត្រ អំឡុង​ខែ​មេសា​ឆ្នាំ​២០២៣៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ