កម្ពុជា​​ស្នើ​កាក​បាទ​ក្រហម​​អន្តរ​ជាតិ​​ឱ្យ​ជួ​យ​​ករណី​​ទាហាន​​កម្ពុជា​​១៨​រូប​​​ត្រូវ​​ថៃ​​ចា​ប់ក្រោយ​​បទ​​ឈប់​​បាញ់​

លោក ​ហ៊ុន សែន ​បា​ន​​សរសេរ​នៅ​​លើ​​បណ្តាញ​​សង្គម​​របស់​​លោក ​​នៅ​​ថ្ងៃ​ទី​​៤ខែ​សីហា​​​នេះ​ថា ទាហាន​​កម្ពុជា​​១៨រូប ត្រូវ​​បាន​​​ថៃច​ល័ត​ទ័ព​ចូល​មក​ចាប់​ក្នុង​បន្ទាយ​នៃ​កង​ទ័ព​កម្ពុជា ​ក្រោយ​​កិច្ច​​ព្រម​ព្រៀង​ឈប់​បាញ់​ចូល​ជា​ធរមាន​រយៈ​ពេល​ប្រមាណ​៨ម៉ោង​ ដែល​ជា​ការ​បំពាន​លើ​កិច្ច​ព្រម​ព្រៀង​ឈប់​បាញ់ ដែល​ហាម​បាញ់​ ហាម​ចល័ត​កង​ទ័ព និង​ហាម​បន្ថែម​កង​ទ័ព។

ប្រធាន​ព្រឹទ្ធសភាកម្ពុជា​​បាន​​ចោទ​សួរ​​ថា ហេតុផ​ល​អ្វី​ទៅ ដែល​ថៃ​មិន​ព្រ​ម​ប្រគល់​កង​ទ័ព​​កម្ពុជា​​១៨រូប​មកឲ្យ​កម្ពុជា​វិញ?។ នេះបើយោង​តាម​ហ្វេស​ប៊ុករបស់ ​លោក​ហ៊ុន សែន។

គិតចាប់តាំងពីថ្ងៃកើតហេតុនៃការចាប់ខ្លួនទាហានកម្ពុជា​ពីសំណាក់ទាហាន​ថៃ ​កាលពីថ្ងៃទី​២៩ ខែកក្កដាឆ្នាំ២០២៥ នាវេលាម៉ោង ៧:៥០​នាទី​ព្រឹក ក្រោយ​​​ពី​​អនុវត្ត​​ប​ទ​​ឈប់​​បាញ់ ភាគី​​​កម្ពុជាបាន​ទទួល​សព​​ទាហាន​​១រូប​ ដែល​ថៃ​បាន​បញ្ជូន​មក​កាល​​​ពី​ថ្ងៃទី​​៣១ខែ​​កក្កដា ​និង​​ទាហាន​​២រូប​​ទៀត​ ​ត្រូវ​​បញ្ជូន​​មក​​កាល​ពី​ថ្ងៃ​​ទី​១​​ខែ​សីហា​ ដោយ​​ម្នាក់​​រង​​របួស​​ធ្ងន់​​ធ្ងរ​​ដើរ​​មិន​​រួច​​ត្រូវ​​ជិះ​​រទេះ​រុញ និង​ម្នាក់​ទៀត​ត្រូវ​វង្វេង​ស្មារតី​ ខណៈទាហាន​​កម្ពុជា​១៨​នាក់​ទៀត ​នៅ​មិន​ទាន់​បញ្ជូន​ត្រឡប់​មក​កម្ពុជា​​វិញនៅ​​ឡើយ ​គិត​​មក​ដល់​ត្រឹម​ថ្ងៃទី​៤ ​ខែសីហា​​នេះ។ នេះ​បើ​​យោង​តាម​លោក​ស្រី ម៉ាលី សុជាតា ​អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ។

សូម​បញ្ជាក់​ថា ទាហានកម្ពុជា២រូប ដែល​ត្រូវ​បាន​ថៃ​បញ្ជូន​មក​ឱ្យកម្ពុជា​​​តាម​ច្រក​ព្រំដែន​អូស្មាច់​ ក្នុង​ខេត្ត​ឧត្តរមានជ័យ ​កាលពីថ្ងៃទី​១​ខែ​សីហា​ មាន​​​ម្នាក់​​បាន​​​បាត់​​បង់​​ស្មារតី​ ​និង​ម្នាក់​ទៀត​រង​របួស​ធ្ងន់​ធ្ងរ​ដើរមិន​រួច​ត្រូវ​​គេសែង ឯម្នាក់​ទៀត​ត្រូវ​បញ្ជូន​មក​ជាសាក​សព​កាលពី​ថ្ងៃទី​៣១ខែ​កក្កដា​។

ចំពោះ​ទាហានខ្មែរ២រូប​ដែលថៃបញ្ជូនមកវិញក្នុង​សភាព​វង្វេង​ស្មារតី​ និង​រងរបួសធ្ងន់​ធ្ងរដើរមិនបាន ត្រូវ​បាន​​​គ្រូពេទ្យ​កម្ពុជា​ ​រក​ឃើញ​​ថា មាន​សារ​ធាតុ​ពុល និងបារ៉ត​​នៅ​ក្នុងខ្លួនធ្ងន់​ធ្ងរ​​ ដែល​​មិន​អាច​ធ្វើការ​ព្យា​បាល​​​ឱ្យ​​ជា​សះ​ស្បើយ​​បាន​​ឡើយ​។

មជ្ឈដ្ឋាន​ប្រជាជាតិ​ខ្មែរ​ជាច្រើន ​បាន​លើកឡើង​ថា យោធាថៃ​បាន​ប្រើអំពើឃោឃៅ​ព្រៃផ្សៃ​​អមនុស្ស​ធម៌ ​ធ្វើទារុណ​កម្ម​​​មក​​លើ​កងទ័ព​កម្ពុជា ​​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ទាំង​នោះ​។ ពួកគេ​បាន​សរសេរ​សារ​បង្ហោះ​​នៅ​លើ​បណ្តាញ​​សង្គម​របស់​ខ្លួន ​ដោយ​បាន​សម្តែង​ក្តីព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ​ចំពោះ​កងទ័ពកម្ពុជា​ចំនួន​១៨​រូប​ទៀត​ដែល​​​កំពុង​នៅក្នុង​កណ្តាប់​ដៃ​យោធា​ថៃ​​នៅឡើយ ​និង​បាន​ទាម​ទារ​ឱ្យ​កងទ័ពថៃ ​ដោះ​លែង​យោធាកម្ពុជា​ដោយ​គ្មាន​​លក្ខខណ្ឌ។

សារព័ត៌មានThe Nation របស់​ថៃ​ បាន​ចុះផ្សាយ​ដោយ​ស្រង់​សម្តី​មេទ័ព​ថៃ​ថា ការ​ពន្យាពេល​បញ្ជូនទាហាន​ខ្មែរ​​ដែលនៅសល់​១៨​នាក់​​ទៀត​​មក​​កម្ពុជា​​វិញ ដោយ​សារនីតិ​វិធី​ច្បាប់ ខណៈ​ទ័ព​ថៃ​បាន​ចោទពួកគេ​ពី​បទ​ចូលទឹកដីថៃដោយខុសច្បាប់។

ប៉ុន្តែ​បើ​តាម​ទាហាន​ខ្មែរ​​ កាល​ពី​​ព្រឹក​ថ្ងៃទី​២៩​ខែ​កក្កដា​ បន្ទាប់​ពីបទ​ឈប់​បាញ់​បាន​ចូល​ជា​ធរមាន ​ចាប់​​តាំង​​ពីម៉ោង​១២​​យប់​​​ថ្ងៃទី​២៨ខែ​​កក្កដា ​ទាហាន​ថៃបា​ន​ធ្វើ​ពុត​ចូល​​ម​ក​​រាក់​​ទាក់​​​​សុំ​​ចាប់​ដៃ និង​​ថត​​រូប​​ជាមួយ​​ទាហាន​​ខ្មែរ នៅ​ត្រង់​លេណ​ដ្ឋាន​​របស់​ទាហាន​​ខ្មែ​រ ​ហើយ​​មាន​​ទាហាន​​ថៃ​​ដែល​​ពួន​​​នៅក្នុ​ង​​​ព្រៃ​​បាន​​ចេញ​​មក​ភ្ជង់​​កាំភ្លើង​​ព័ទ្ធ​​ចាប់​​​ទាហានខ្មែរ​​ទាំង​​នោះ​​​នៅ​លើ​ទឹកដីខ្មែរ។

លោក កែវ រ៉េមី ប្រធានគណៈ​កម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​ បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​របស់​​លោក​កាល​ពីថ្ងៃ​ទី​៣ខែ​​សីហា​​ថា ក្រសួង​ការ​បរទេស​ថៃ ​បាន​ឆ្លើយត​ប​ទៅនឹ​ង​​លិខិត​របស់​គណៈ​កម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ដោ​យ​បង្ហាញ​ពី​សុឆន្ទៈ​ក្នុង​ការ​​សហការ​​ជាមួយ​នឹងស​ហគមន៍​អន្តរ​ជាតិ ​និង​អង្គកា​រ​អន្តរ​ជាតិនានា ដើម្បីចុះទៅពិនិត្យ​មើលស្ថាន​ភាពរបស់​កងទ័ពកម្ពុជា​ចំនួន១៨នាក់ ដែលកំពុង​ត្រូវ​បាន​ឃុំខ្លួនដោយ​យោធាថៃ។

លោក ​កែវ រ៉េមី ​បញ្ជាក់​ថា សហគមន៍​អន្តរជាតិ និងអង្គការអន្តរជាតិនានា​ កំពុងផ្តោត​ទៅ​លើ​ទា​ហាន​កម្ពុជា​១៨​រូប​​នេះ ហើយ​លោក​​សូម​​អំពាវ​នាវ​ឲ្យយោ​ធាថៃ​ ​ដោះ​លែង​វីរៈ​កង​ទ័ព​ទាំង​​១៨​រូប ​ត្រឡប់​​មក​វិញ ដើម្បី​កសាង​ទំនុក​ចិត្ត​នៃ​ប្រទេស​ទាំង​២។

បើ​តាម​ លោក​ កែវ រ៉េមី​ កងកម្លាំងកម្ពុជា​ចំនួន​២០ នាក់​ដែលទាហាន​ថៃចា​ប់​ខ្លួន​ មិន​មែន​ជា​​ឈ្លើយ​​​សឹក​នោះ​ទេ ពីព្រោះ​ការ​ចាប់​ពួក​គាត់​ គឺ​​ធ្វើ​ឡើង​​ក្រោយ​កិច្ច​ព្រម​ព្រៀង​​នៃ​ការ​ឈប់​​បាញ់​គ្នា។ លោក​បាន​រំឭកថា​ កាលពីឆ្នាំ ២០០៨ សង្រ្គាមនៅប្រាសាទព្រះវិហារ កម្ពុជា​បាន​ចាប់​ទាហាន​ថៃ ហើយ​​ត្រូវ​​បាន​​ថែ​ទាំ​​និង​​ដោះលែង​ទៅវិញ​ដោយ​គ្មាន​លក្ខ​ខណ្ឌ។ លោក ​កែវ រ៉េមី ​ជំរុញ​ឱ្យ​យោធាថៃត្រូវដោះលែង​ទាហាន​​កម្ពុជា ​ដែល​នៅ​​សល់​​១៨​នាក់​​ទៀត​​ឲ្យវិល​ត្រឡប់មកវិញ ដូចដែលកម្ពុជាបានដោះលែងឈ្លើយ​សឹកថៃ កាលពីឆ្នាំ ២០០៨ ផង​​ដែរ។

ចំពោះការចាប់ខ្លួនកងទ័ពកម្ពុជានេះ លោកនាយក​រដ្ឋមន្ត្រី ​ហ៊ុន ម៉ាណែត បាន​​​បញ្ជាក់​កាល​ពី​ថ្ងៃទី​៣១ ខែ​កក្កដា​ថា មានការចោទសួរថា ហេតុអ្វី​បានជារាជរដ្ឋាភិបាលកម្ពុជា​មិន​បញ្ចេញព័ត៌មានភ្លាមៗ ​ពាក់ព័ន្ធនឹងកង​កម្លាំង​របស់កម្ពុជា​​ដែលត្រូវបានកងទ័ព​ថៃ​ចាប់ខ្លួន?

លោក​បាន​ថ្លែងថា ជីវិតរបស់កងទ័ព​ទាំង​នោះ ​គឺជាអាទិភាពចម្បងបំផុត​របស់រាជរដ្ឋា​ភិបាល ​​តាំង​ពីពេលដែល​ពួកគេត្រូវ​ចាប់​ខ្លួន។

នៅក្នុងដំណាក់កាលដំបូង ដែលមិនទាន់​មាន​ព័ត៌មានច្បាស់លាស់ អំពីជោគវាសនារបស់ពួកគេនោះ ការគ្រប់​គ្រងព័ត៌មាន​សំខាន់​ណាស់ ព្រោះ​ការបញ្ចេញព័ត៌មានមួយ​ចំនួន អាចនឹងនាំគ្រោះថ្នាក់ដល់ជីវិតរបស់ពួក​គាត់ ឬក៏អាច​បង្ក​​ឲ្យមានភាពស្មុគស្មាញ​កាន់តែខ្លាំង​ នៅក្នុងការចរចា​​សម្រាប់​ការ​ដោះលែង​​ពួក​គាត់​​ត្រឡប់​​មកវិញ។

​លោក ​ហ៊ុន ម៉ាណែត ​បញ្ជាក់​​ក្នុង​​សំណេរ​​ដើម​ថា៖ «ហេតុ​ដូច្នេះ​រវាង​ជម្រើស​ក្នុងកា​រ​ផ្សព្វ​ផ្សាយ​​ព័ត៌​មាន​ឲ្យ​​សាធារណ​ជន​​បាន​​ដឹង និង​ជម្រើស​ក្នុង​ការ​រក្សា​ព័ត៌មា​ន​ ដើម្បីធា​នា​អាយុជី​វិត​​របស់​ពួក​​គាត់​​នៅ​ក្នុង​ដំណាក់​កាល​ដំបូង​ដែល​មាន​ភាព​មិន​ច្បាស់​លាស់​នោះ គឺ​រាជ​រដ្ឋាភិ​បាល​​គ្មាន​​ជម្រើស​​​​​អ្វី​​ក្រៅពី​​ការ​គ្រប់​គ្រង​ព័ត៌​មាន​ឱ្យ​​បាន​ល្អ និង​បើក​ការ​ចរចា​​ទាម​ទារ​​ពួក​​គេ​​មក​​វិញ​ឲ្យបា​ន​​ឆាប់​រហ័ស​នោះ​ទេ។ មិន​មែន​រាជ​រដ្ឋាភិ​បាល​លាក់​​ព័ត៌​មាន​​មិន​ចង់​ឱ្យ​​ប្រជា​ពលរដ្ឋ​​ដឹង ឬ​​មិន​គិត​ពី​អាយុ​ជីវិត​របស់​កង​កម្លាំង​យើង ដូច​មជ្ឈ​ដ្ឋាន​មួយ​ចំនួន​​បាន​ចោទ​​ប្រកាន់​​នោះ​ទេ»។

បន្ថែម​ពីនេះ ​លោក​បញ្ជាក់​​ថា កម្ពុជាបានទាក់ទងទៅភាគីថៃ ដើម្បីស្នើឲ្យមាន​ការ​ដោះលែង​ភ្លាមៗតាំងពីពេលកើតហេតុ ហើយ​អគ្គមេបញ្ជាការកងទ័ពកម្ពុជា ក៏បានស្នើសុំការជួយ​អន្ត​រា​គមន៍ពីអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ដែលជាអ្នកសម្របសម្រួល និងតាមដាន​នៃ​បទ​ឈប់បាញ់ផងដែរ​ ដើម្បីស្នើទៅអគ្គបញ្ជាការកង​ទ័ព​ថៃ ឱ្យជួយជំរុញការដោះលែង​ឲ្យ​បាន​ឆាប់​ផងដែរ។

យ៉ាងណាក្តី ​អ្នក​ជំនាញ​ ​និង​អ្នកតាម​ដាន​ស្ថានការណ៍​នយោបាយ ​​មិន​​យល់​​ស្រ​ប​​ទៅ​នឹង​ការ​​ប​ក​​ស្រាយ​របស់​​ លោក​ ​ហ៊ុន ម៉ាណែត នេះ​ទេ ដោយ​លើក​​ឡើ​ង​​ថា ការ​លាក់​​ព័ត៌មាន​​ទៅ​​វិ​ញ​​ទេ​ ​ដែល​​​ធ្វើ​ឱ្យ​​កង​​ទ័ព​​កម្ពុជា​​ទាំង​​នោះ ប្រឈម​​នឹ​​ង​​​​គ្រោះ​​ថ្នាក់់ ពីព្រោះ​រឿង​នេះ​វាមិន​មែន​ជា​ករណី​ចាប់​ជម្រិត​​​ ដែល​ជន​ល្មើស​តម្រូវ​ឱ្យបិទព័ត៌មាន ​ហើយ​ឱ្យក្រុមគ្រួសារ​យក​ប្រាក់​ទៅ​លស់​​នោះ​​ទេ ក៏ប៉ុន្តែ​វាជា​ការ​ចាប់​ខ្លួន​កង​ទ័ព​​ដោយ​ភាគីថៃ​​ដែល​​រំលោភ​ទៅ​នឹង​កិច្ច​ព្រម​ព្រៀង​បទ​ឈប់​​​បាញ់ ដែល​ចាំបាច់​ណាស់ ​ត្រូវ​ប្រកាស​ឱ្យ​ពិភពលោក​បាន​ដឹង​ចំពោះ​ការ​រំលោភ​បំពាន​នេះ ​ដើម្បី​ជួយ​អន្តរាគមន៍​ ​និង​ដាក់សម្ពាធ​ទៅលើ​ភាគីថៃ​ឱ្យដោះ​លែង​។

នៅ​លើ​ទំព័រហ្វេសប៊ុក​ឈ្មោះ​ Sarun Thanarith, Lors Sotheara និង​Sokmil Minh ជាដើម​ ​បាន​លើកឡើ​ងថា បន្ទាប់​ពីកងទ័ពថៃបាន​ប្រើល្បិច​ចូល​មក​ចាប់​ខ្លួនទាហានកម្ពុជា​២០​នាក់​​ភ្លាមៗ ​គឺនៅ​ព្រឹកថ្ងៃ​ទី​២៩​​ខែ​កក្កដា ​រដ្ឋាភិបាល​កម្ពុជា​បាន​លាក់​​ព័ត៌មាន​ ដោយ​រិះគន់​អ្នកផុស​​ព័ត៌​មាន​នោះ​ថា ​ជា​ជន​​អគតិ បំពុលសង្គម​ និង​ញុះញ​ង់​​​ទៅ​​វិញ​។ ពួក​​គេ​​បា​ន​​អរគុណ​អ្នក​​ស្នេហា​ជាតិ​​ពិត​ប្រាកដ ​និង​​អ្ន​ក​ប្រជាធិ​ប​តេយ្យ ដែល​ជួយ​សង្គ្រោះជី​វិត​ទាហាន​ខ្មែរ​​ទាំង​​នោះ ​តាម​​រយៈ​ការ​ផុស​តវ៉ា​ទាម​​ទារ​​​ឱ្យ​​រដ្ឋាភិបាល​ទៅ​ចរចា ដើម្បីរំដោះពួកគេ។

អ្នក​ប្រើហ្វេសប៊ុក​ទាំងនេះ បាន​លើកឡើងថា ប្រសិនបើមិន​មានហ្វេស​ប៊ុក ​និងអ្នក​ប្រជាធិប​តេយ្យ ផុស​​ពីរឿង​​នេះ​​ទេ​ ប្រហែល​​ទាហាន​​កម្ពុជា​​ដែល​​ត្រូវ​​ទាហាន​​ថៃ​​​ចាប់​នោះ ត្រូវបានគេ​បំភ្លេច​​ចោ​ល​​ហើយ​​មើល​​ទៅ​។

គួរ​រំឭក​ថា ចាប់​តាំងពីទាហាន​ថៃ​បានបើកការ​បាញ់​ប្រហារ​​មក​លើ​ទាហានកម្ពុជា ​កាលពី​ថ្ងៃ​ទី​២៤ខែ​​កក្កដា​មក​ ប្រជាព​លរដ្ឋ​​ខ្មែរ​នៅ​គ្រប់​​ទិសទី គ្រប់​​និន្នាការ​​នយោបាយ​​​ទាំង​នៅ​កម្ពុជា​ ​និ​ង​​នៅ​​តាម​​បណ្តា​​ប្រទេស​​មួយ​​ចំនួន ​ដូច​​ជា ​សហរដ្ឋ​​អាមេរិក​ កាណាដា បារាំង​ អាល្លឺម៉ង់ ហូឡង់​ អូស្ត្រាលី និង​​កូរ៉េ​​ខាង​​ត្បូង​​ជាដើម ​បាន​​ប្រមូល​​ផ្តុំ​គ្នា​​ដង្ហែ​ក្បួន​​ និង​​ធ្វើ​​​បាតុកម្ម​​ទាម​​ទា​រ​​ឱ្យ​​​ថៃ​​​ បញ្ឈប់​ការ​រំលោភ​ឈ្លាន​ពាន​មក​​លើបូរណៈ​​ភាពទឹក​ដី​​កម្ពុជា​ និង​​ទាម​​ទារ​​ឱ្យ​​ទាហាន​​​ថៃ ​ដោះ​លែង​ទាហាន​កម្ពុជា​ដែល​នៅ​សល់​១៨​នាក់​​វិញ។ ការ​តវ៉ា​របស់ប្រជា​ជាតិ​ខ្មែរ​នេះ ​ធ្វើឡើង​ស្របពេល​ដែល​រាជរដ្ឋាភិបាល​កម្ពុជា ​​ក៏​កំពុង​​ខិត​ខំ​ប្រឹង​​ប្រែង​​ធ្វើ​ការ​​ចរ​ចា​ឱ្យ​បញ្ឈប់​​បទ​​ឈប់​​បាញ់​​ជា​ស្ថាពរ ​តាម​​រយៈ​​យន្ត​​ការ​​ការ​ទូត​ ​និង​ច្បាប់​​អន្តរ​ជាតិ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ