កម្ពុជាហាមឃាត់ការ​​​បង្ហោះដ្រូន​នៅ​បណ្តាខេត្ត​ជាប់​ព្រំដែន​​​​ថៃ​​​និ​ងខេ​ត្ត​ពាក់​ព័ន្ធចំនួន​៩​​

ក្រសួងមហាផ្ទៃ ណែនាំ​ពីការហាមឃាត់ការ​បង្ហោះ​យន្តហោះ​គ្មានមនុស្ស​បើក​(ដូ្រន) ជា​ដាច់​ខាត ក្នុង​រយៈពេល ១៥ថ្ងៃ ដើម្បី​រក្សា​សន្តិ​សុខ​ សណ្តាប់ធ្នាប់ និង​សុវត្ថិ​ភាពសង្គម នៅតាម​បណ្តា​ខេត្ត​ជាប់ព្រំដែន​ជាមួយប្រទេសថៃ​​ និ​ងខេត្តពាក់ព័ន្ធចំនួន​៩​ ខណៈ​ដែល​កម្ពុជា ត្រូវ​បាន​ប្រទេស​​​​ថៃ​រំលោភ​បំពាន​លើអធិបតេយ្យ​ និងបូរណភាពទឹកដី។

លិខិត​របស់​លោក ស សុខា រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ផ្ញើជូន​អភិបាល​ខេត្ត​ចំនួន៩ ស្តីពីការ​ហាម​ឃាត់​ការ​បង្ហោះ​ដ្រូន ចុះ​ថ្ងៃទី​០៣ ខែ​សីហា ឆ្នាំ​២០២៥ បានណែនាំ​ដល់​អភិបាល​ខេត្ត​​ទាំង​នោះ ​ផ្សព្វផ្សាយ​ដល់​សាធារណជន​ ពីការ​ហាម​ឃាត់​មិន​ឱ្យ​មានការ​បង្ហោះ​ដ្រូន ជាដាច់ខាត​ក្នុង​រយៈពេល១៥ថ្ងៃ គិត​ចាប់ពីថ្ងៃ​ដែលក្រសួង​ចេញ​គោល​ការណ៍​ណែនាំនេះ។

លោក ស សុខា បញ្ជាក់ថា ការហាមប្រាមនេះ ​ក្នុង​គោល​បំណង​​លើក​​កម្ព​ស់​​កា​រ​​គ្រប់​គ្រង និ​ង​ថែ​​រក្សា​​សន្តិ​​សុខ​ សណ្តាប់​​ធ្នាប់​សាធារណៈ និង​សុវត្ថិ​ភាព​សង្គម នៅ​តាម​បណ្តា​ខេត្ត​ជាប់ព្រំដែន​ជាមួយ​ប្រទេសថៃ និ​ងខេត្ត​​ពាក់ព័ន្ធ ​ក្នុង​កាលៈទេសៈ​ដែល​ប្រទេស​ជាតិ ​ត្រូវ​បាន​ប្រទេស​ថៃ​ រំលោភ​បំពាន​មក​លើ​​អធិបតេយ្យ​ និ​ងបូរណ​ភាព​ទឹក​ដី​កម្ពុជា។

ក្រសួង​ក៏បានព្រមាន​ដែរថា៖ «​ក្នុ​ងករណីមានការ​បង្ហោះ​ដ្រូន អ្នកប្រព្រឹត្ត​បទល្មើស​នឹង​ត្រូវ​ទទួលទោស​ទណ្ឌ និង​វិធាន​ការ​រ​ដ្ឋ​បាល​តាមច្បាប់កំណត់​ជា​ធរមាន»។

ខេត្តទាំង៩ ដែលត្រូវ​ហាម​ឃាត់ដោយ​ក្រសួង​​នោះ រួម​មាន ​ឧត្តរ​​មាន​ជ័យ ព្រះ​វិហារ បន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន ពោធិ៍សាត់​ កោះកុង សៀមរាប និងកំពង់ធំ។

ការ​ណែនាំរបស់ក្រសួង បានធ្វើឡើង​ស្របពេលដែលភាពតាន​តឹង​នៅព្រំដែនរវាង​កម្ពុជា-ថៃ មានភាពតានតឹង​ជាថ្មី ក្រោយពីភាគី​​​ថៃ​​​បាន​​ណែនាំ​​​ឱ្យ​​ប្រជាជន​​ខ្លួន​​ដែល​​​នៅ​​សេស​​សល់​ នៅតំ​បន់​ជាប់​ព្រំដែន​​ក្នុង​​ខេត្ត​​សុរិន្ទ ចាកចេញ​​​ឱ្យ​​អ​​ស់​​ត្រឹម​​យប់​ថ្ងៃ​ទី​០៣ ខែសីហា​នេះ ដោយ​ភាគី​ថៃ​គ្រោង​​​នឹ​ង​​​បើ​​ក​​​ការ​​​វាយ​​​លុក​​​តាម​​​បន្ទាត់​​​ព្រំដែន ចាប់​តាំង​​ពី​​តំប​ន់​​ប្រា​សាទ​តា​មាន់ ប្រាសាទ​តាក្រ​បី ប្រាសាទ​ព្រះ​វិហារ រហូត​ដ​ល់តំ​បន់​អាន​សេះ​​ ​ក្នុង​ពេល​ឆាប់ៗ មុន​កិច្ច​ប្រជុំ​គណៈ​កម្មា​ធិការ​កិច្ច​ការ​ព្រំដែន​ទូទៅ (GBC) ដែល​គ្រោង​នៅ​ថ្ងៃទី​០៧ ខែ​សីហា ឆ្នាំ​២០២៥ នៅ​ទីក្រុង​កូឡា​ឡាំពួរ ប្រទេស​ម៉ាឡេ​ស៊ី។ នេះបើតាមសេចក្តីជូនដំណឹង​របស់ក្រសួ​ងកា​រពារ​ជាតិ​កម្ពុជា ចេញ​ផ្សាយ​​នៅកាលពីយប់ថ្ងៃអាទិត្យ​ម្សិលមិញ។​

តែយ៉ាងណា គិត​មកដល់​ព្រឹក​​​ថ្ងៃ​ទី​០៤ ខែសីហានេះ ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា បញ្ជាក់ថា សភាព​​​ការណ៍នៅតំបន់ជួរមុខ​ នៅមា​នស​ភាព​​ស្ងប់​ស្ងាត់​​​នៅ​ឡើយ​ ប៉ុន្តែ​កង​កម្លាំង​កម្ពុជា ស្ថិត​ក្នុង​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់។ ក្រសួង​បញ្ជាក់ដែរ​ថា ​កម្ពុជា​គោរព​ម៉ឺង​ម៉ាត់​ទៅ​លើកិ​ច្ច​ព្រម​ព្រៀង​បទ​​​ឈប់​បាញ់ បាន​ឯក​ភាពគ្នា​នៅ​ទីក្រុង​ភូត្រា​ចាយ៉ា ប្រទេស​ម៉ាឡេ​ស៊ី ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ២០២៥៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ