ពលរដ្ឋខ្មែរនៅក្រៅប្រទេស​ទាមទារឱ្យថៃ​​បញ្ឈប់ការ​ឈ្លាន​ពាន​​និង​ដោះ​លែង​​​ទាហាន​​​ខ្មែ​រ​​១៨នាក់​​ជា​​បន្ទាន់

ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​ពាន់​នាក់ រស់​នៅ​តាមបណ្តាប្រទេស​​មួយ​ចំនួន ដូច​​ជា កាណាដា បារាំង និង​​អាមេរិក​ជា​ដើម បាននាំគ្នា​ធ្វើ​មហាបាតុកម្ម​ប្រឆាំង​​នឹង​ការ​​ឈ្លាន​ពាន​​របស់​​ថៃ​​​មក​ទៅបូរណ​ភាព​​ទឹក​​ដី​​កម្ពុជា ដោ យ​​​ពួកគាត់​​ទាម​ទារ​ឱ្យ​​ថៃ​​​បញ្ឈប់​​កា​​​រ​ឈ្លា​​​ន​​​ពានកម្ពុជា​​ ដោះ​លែង​ទាហាន​​​​ខ្មែ​រ​​ជិត ២០នាក់​​​​ដែល​​ថៃ​បា​ន​​ចាប់​ជា​​​ចំណាប់​​ខ្មាំង ​​ព្រម​​​ទាំង​ទាមទារ​​ឱ្យ​​ថៃ​​​​​ចូ​ល​​រួម​​​​​ដោះ​​ស្រាយ​​ជម្លោះ​ព្រំ​ដែន​​​នៅ​តុលាការ​អន្តរជាតិ(ICJ)។

កា​រធ្វើមហាបាតុកម្មរបស់​ពលរដ្ឋ​ខ្មែរ​រស់នៅឯក្រៅប្រទេស បានធ្វើឡើង​នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ​២០២៥ ដោយ​មានការ​កាន់បដា ទង់ជាតិកម្ពុជា ការ​ច្រៀងនូវចំរៀង​ជាតិ និង​ការ​ស្រែកទាមទារ​ឱ្យ​ប្រទេស​ថៃ បញ្ឈប់​ការ​ឈ្លានពាន​មកលើទឹកដី​កម្ពុជា​ជាដើម។

លោក ហែម ផល្លា រស់នៅទីក្រុង​អូតាវ៉ា​ ដែលបា​នចូ​លរួ​ម​មហា​បាតុ​កម្ម​​ប្រឆាំង​​​នឹង​​ការ​ឈ្លាន​ពាន​​របស់​​ថៃ មក​លើ​​ប្រទេស​ខ្មែរ នៅ​ទីក្រុង​ម៉ុង​​​រេអាល់ ខេត្ត​​ហ្គេប៊ិក ប្រទេស​​​កាណា​ដា បាន​ថ្លែង​ក្នុងបទសម្ភាសន៍ក្នុងទំព័រ​ហ្វេសប៊ុក​ Dara Richard ​ថា ក្នុ​ងនាមជាពលរដ្ឋ​ខ្មែរ​ លោក​​​មាន​ក្តី​ឈឺចាប់ជាខ្លាំង​ចំពោះទង្វើរបស់ទាហាន​ថៃ ដែល​ឈ្លាន​ពាន​ទឹកដី​កម្ពុជា រំលោភ​កិច្ច​ព្រមព្រៀង​បទ​ឈប់បាញ់ និង​​​​ចាប់​​ទាហាន​​​​ខ្មែរ​ជាង២០នាក់ ​យក​ទៅ​ធ្វើ​ទារុណ​កម្ម ដែលជាបំពាន​ទៅលើ​សិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។

លោកបន្ត​ថា៖ «ក្នុងអូតាវ៉ានេះ គឺខ្មែរ​ដែល​បងប្អូន​ធ្វើមហាបាតុកម្មនេះ គឺ​ដើម្បីឱ្យ​ថៃ Repect ដល់ប្រទេស​ដទៃៗ ហើយ​ជាពិសេស​​គឺប្រទេស​កម្ពុជា កុំឈ្លាន​ពាន​​​ប្រទេស​កម្ពុជា។ យើងមាន​​​​ការ​​ឈឺចាប់ ឈឺចាប់​អនេក ដោយទាហាន​​សៀម​បំពាន​នូវសិទ្ធិរបស់មនុស្ស ដែលខ្ញុំឈឺចាប់​ណាស់ ទោះខ្ញុំនៅក្រៅប្រទេស ក៏ខ្ញុំឈឺ​ចាប់​ដែរ គួរណា​យើង​ដឹកដៃគ្នាទៅតុលាការ​ ICJ»។

សម្រាប់នៅសហរដ្ឋអាមេរិក ប្រជា​ពលរដ្ឋ​ខ្មែ​រ​រស់នៅក្នុង​​​រដ្ឋ Washington និង Oregon ប្រមាណ​ ១ ៥០០នាក់ បាន​​ចូល​រួម​បាតុកម្ម​ប្រឆាំង​ការ​ឈ្លាន​ពាន​របស់​ថៃ។

ប្រធាន​ស្ថាប័នVOD លោក ប៉ា ងួនទៀង ដែលចូលរួមបាតុកម្មនេះ​​ បានថ្លែង​ថា រូបលោក ក៏ដូចជា​ពលរដ្ឋ​ខ្មែរផ្សេង​ទៀត មាន​ក្តី​រន្ធត់ និង​​សោក​ស្តាយ​​ជា​ខ្លាំង​​ចំពោះកា​រ​​បាត់​បង់​​អាយុ​ជីវិតរបស់​វិរៈកង​ទ័ព​​ និ​​ង​​​ជន​​ស៊ីវិល​កម្ពុជា ព្រមទាំង​ការ​ធ្វើ​ឱ្យ​ប៉ះពាល់ហេដ្ឋារចនាសម្ព័ន្ធ និង​​​​ប្រាសាទ​​​ព្រះ​វិហារ​​​ដែល​ជា​​​សមប្បតិ្ត​​បេតិក​ភណ្ឌ​​​​ពិភព​លោក ​​ក្នុង​អំឡុងកា​រវាយ​ប្រហារ​ដោយសព្វាវុធរបស់ទាហាន​ថៃ​មក​លើ​កម្ពុជា។

លោក​​​​ថា៖ «សេចក្តីក្លាហាន​របស់​កង​ទ័ព​យើង បាន​ញ៉ាំង​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំង​ពិភព​លោក​​​ គោរព និង​​​ដឹង​គុណ​​គ្មាន​​​ថ្ងៃ​បំភ្លេច ក្រៅពីញ៉ាំង​ឱ្យ​​ប្រជាពលរដ្ឋ​ខ្មែរ​​ទូទាំ​ងពិភព​លោក គោរព ​និង​ដឹងគុណ​ សេចក្តីក្លាហាន​​​របស់​កង​ទ័ពខ្មែរ នៅ​ក្នុងការ​ប្រយុទ្ធ​ជាមួយ​នឹង​​កង​ទ័ព​ថៃ​ ក្នុង​រយៈពេល​៥ថ្ងៃ ​បាន​ក្លាយ​ជា​គំរូ​របស់​​​​ប្រវត្តិសាស្រ្ត​ សម្រាប់សេចក្តីក្លាហាន​នៃ​​​ពលរដ្ឋ​ខ្មែរ​​​ ហើយខ្ញុំជឿថា​យុវជន​ខ្មែរ​នៅគ្រប់ជំនាន់ នឹង​​យកគំរូ​តាម​​វីរៈ​ភាព​​របស់​​កង​ទ័ព​​ខ្មែរ​​យើង និងក្លាយ​ជាពលរដ្ឋ​ និង​កង​ទ័ព​ដ៏ក្លាហាន​​​ក្នុង​ពេ​ល​អនាគត»។​

លោក​ ប៉ា ងួនទៀង បានគូសបញ្ជាក់ថា ទន្ទឹមនឹងក្តីឈឺចាប់ និង​​ការ​បាត់បង់ដ៏ធំធេង​​នេះ បាន​ធ្វើ​​ឱ្យ​​​ប្រជាជាតិ​​កម្ពុជាទាំង​ក្នុង​ និងក្រៅ​ប្រទេស​​ មាន​ការ​​រួប​រួម​គ្នា​​ជា​​ធ្លុង​​មួយ​ក្នុង​​​កា​​​រ​កា​រ​​ពារ​​ជាតិ​ ការ​ពារ​ទឹកដី និ​ងបានធ្វើឱ្យ​​ប្រទេសនានា​នៅ​ទូទាំង​ពិភព​លោក បានដឹង​​ថា​​​ថៃ ជាប្រទេស​​​​​​​ជាតិ​មួយ​ដែលអាក្រក់​ និង​​មាន​មហិច្ឆ​តា​​ឈ្លាន​ពាន​​ទឹកដី​​ប្រទេស​​កម្ពុជា។ 

ចំណែក ​ពលរដ្ឋខ្មែរមួយចំនួន​​ ដែល​​ចូលរួមធ្វើបាតុកម្ម​ទាមទារឱ្យ​ថៃ​ដោះលែង​ទាហាន​ខ្មែរមកវិញ ​នៅសួន​​ត្រូកា​ដេរ៉ូ​ (Trocadero) ទីក្រុងប៉ារីស ប្រទេស​បារាំង នាថ្ងៃទី០៣ ខែសីហា ឯណោះ​​​​វិញ ​​បាន​លើកឡើង​ស្រដៀង​​គ្នា​ដែរថា ពួកគាត់មានក្តីឈឺចាប់​ជា​ខ្លាំង ដែល​ភាគីថៃបាន​ឈ្លាន​ពាន​​លើ​បូរណភាពទឹក​ដី​កម្ពុជា និ​ង​បាន​ចាប់ទាហាន​ខ្មែរធ្វើទារុណ​កម្ម។

តាមរយៈកិច្ច​សម្ភាសន៍ក្នុងគណនីហ្វេសប៊ុក​ឈ្មោះ BOPHA .L. Nature & LIFE 620 ពលរដ្ឋ​ខ្មែរ​ទាំង​នោះ បាន​ទាម​ទារ​ឱ្យ​ទាហាន​ថៃ បញ្ឈប់ការ​ធ្វើទារុណកម្ម​លើ​ទាហាន​​​ខ្មែរ​​ដែល​នៅ​សល់​​​ទាំង​ ១៨​នាក់​​ និង​ដោះលែងពួកគាត់ឱ្យ​ត្រឡប់ទៅកម្ពុជា​វិញជាបន្ទាន់។  

ពួកគាត់ថា៖ «មកដើម្បី​គាំទ្រ គាំទ្របងប្អូន​​​​ទាហាន​ខ្មែរ​យើង ហើយ​​បើ​គេ​ចាប់​ទៅ​ ហើយបើ​​​យក​ទាហាន​ ​មក​ឱ្យ​យើង​វិញ ត្រូវ​យកមក​ឱ្យ​ជា ឱ្យដូច​យកទៅ​ចឹង កុំឱ្យ​វៃដំច្រំ​ធាក់ ឱ្យ​យក​មក​វិញឱ្យ​បាន​ល្អ ឱ្យ​សុខភាព​ល្អ។ [] យើង​ចង់​ឱ្យ​ពួក​គាត់​ដោះលែង​ទាហាន​ខ្មែរយើង​​ដែលមានគ្នា​​ ១៨​នាក់ ឱ្យ​មក​វិញ​ដោយមានសុវត្ថិភាព​ មាន​រាង​កាយ​មាំមួន​ដូចមនុស្ស​​​​ធម្មតា​ កុំនាំ​មក​វិញ​មាន​​បាក់​ដៃ​ មាន​​ឈឺ​នេះ​ឈឺនោះ គាត់ធ្វើ​ចឹង​មិនល្អ​មើល​ទេ សូម​ឱ្យ​​គាត់​​ដោះ​លែង​​ទាហាន​ខ្មែរ​​​​យើ​ង​​មក​វិញ​ទាំង​អស់​គ្នា[] សូមឱ្យ​ភាគីខាង​ថៃ​ផ្អាកជា​បន្ទាន់នូវ​ការ​ធ្វើ​សង្គ្រាម​​​ទាំង​អស់​ហ្នឹង​​ ឈប់​បាញ់​ជា​បន្ទាន់ ហើយនិង​​​សំខាន់គឺសុំឱ្យ​​ដោះលែងបង​ៗកង​ទ័ព​​ជួរ​មុ​ខទាំង​អស់​គ្នា ដែលគាត់​ធ្វើបាបទារុណ​កម្មគាត់ បងប្អូន​២នាក់ដែលបញ្ជូនមក​វិញ​ហ្នឹង​អត់មាន​សុខ​ភាព​ល្អ​​ ហើយ​​យើងពួកយើងនៅស្រុកបារាំង​ទាំង​អស់ហ្នឹង ឈឺចាប់ទាំងអស់គ្នា»

លោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ​ដែលតុលាការ​បាន​រំលាយ មាន​ប្រសាសន៍នៅថ្ងៃចន្ទ​នេះ​​ថា ការ​រួបរួម​គ្នា​របស់​ពលរដ្ឋ​ខ្មែរ​ដែលរស់នៅទាំង​​ក្នុង និង​ក្រៅប្រទេស និង​​មក​​​ពី​គ្រប់និន្ទា​ការ​ ដើម្បី​​ថ្កោល​ទោស​ទៅ​លើ​ថៃ ក៏ជា​​​កម្លាំង​មួយ​ជំរុញ​ដល់​សហគមន៍អន្តរ​ជាតិ​មើលឃើញពីសាមគ្គីជាតិ​ខ្មែរ ហើយ​ពួកគេ​អា​ចនឹ​ង​​​​ជួយ​​​គាំទ្រ​កម្ពុជា ​ក្នុងកា​​រប្រឆាំងនឹ​ង​​ការ​​ឈ្លាន​ពាន​របស់​ថៃម​កលើ​​​កម្ពុជា​ដែរ។ ​

លោកបន្តថា៖ «ខ្មែរ​យើង​ត្រូវ​រួប​រួមគ្នា ហើយ​បណ្តុះ​គំនិត​ស្នេហា​ជាតិ​ ហើយនិ​ងធ្វើម៉េច​ផ្សះផ្សា​ជាតិសាមគ្គីគ្នា​ ដើម្បីអភិវឌ្ឍន៍ប្រទេស​ និង​ទប់ទល់ការ​ឈ្លានពាន​របស់ថៃ របស់​​វៀតណាម។ ហើយ​​​ផ្តើម​​ពី​ហ្នឹង​ គឺ​យើង​​​​ត្រូវ​​ធ្វើ​​ម៉េច​​ស្តារលទ្ធិ​ប្រជាធិបតេយ្យ​ គោរព​សិទ្ធិ​មនុស្ស រៀបចំ​ការ​បោះឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌ ដើម្បីឱ្យ​មានការ​ផ្សះផ្សា​​ជាតិ ដោះ​លែង​អ្នក​ទោស​នយោ​បាយ​​ក៏ជា​រឿ​ងសំខាន់ដែរ ហើយ​បន្ទាប់មក​យើង​ត្រូវពង្រឹង​​វិស័យ​យោធា​របស់​យើង ​ធ្វើម៉េចបំបាត់​​អំពើ​​ពុករលួយ​ ហើយនិង​​ឱ្យ​យោ​ធាហ្នឹង​មានប្រាក់ខែ​សមរម្យ មានការ​បណ្តុះបណ្តាល​ទាំង​​ក្នុង​និង​ក្រៅ​ប្រទេស​​ហ្នឹង​ឱ្យ​បាន​ច្រើន​ ហើយ​និង​ទិញ​សព្វា​វុធ​​ឱ្យ​ទំនើប​ៗ​​ដើម្បី​​ការ​ពារ​​ជាតិ»។​​

ក្រៅពីនោះ លោកថា កម្ពុជា​ ក៏​​ត្រូវ​​ប្រើ​​​យន្ត​ការ​​អន្តរ​ជាតិ ដូច​ជា កិច្ច​ព្រម​ព្រៀង​​សន្តិ​ភាព​ទីក្រុង​​ប៉ារីស​ឆ្នាំ​​១៩៩១ និងតុលាការ​​យុត្តិ​ធម៌​អន្តរ​ជាតិ ICJ ដើម្បី​ដោះ​ស្រាយបញ្ហា​ជម្លោះ​ព្រំដែន និង​ដើម្បី​កុំ​​​ឱ្យ​​​ប្រទេស​​ជិត​​ខាង​​​​រំលោភ​​លើ​បូរណ​ភាព​ទឹក​​​ដី​​​​របស់​​កម្ពុជា។​

កាលពីថ្ងៃទី១ខែសីហា​ ទាហានខ្មែរ ២រូប ត្រូវ​​បា​ន​​ថៃ​​​បញ្ជូន​​ឱ្យ​​កម្ពុជា​​វិញ តាម​​ច្រក​​ទ្វារ​ព្រំដែន​អូស្មាច់ ក្រោយ​​​ពី​ថៃ​ចាប់​​ធ្វើ​ជា​ចំណាប់​ខ្មាំង​ចំនួន​ ២០​នាក់ កាល​ពី​ថ្ងៃទី​២៩ ខែ​កក្កដា ឆ្នាំ​២០២៥​ រំលោភ​​​​​បទ​ឈប់​បាញ់​ ដែល​បាន​ចូល​ជាធ​រ​មាន​នៅ​ថ្ងៃ​ទី​២៨ខែ​កក្កដា ចាប់​ពី​ម៉ោ​ង​១២​យប់។

ប្រធាន​ព្រឹទ្ធសភា និង​ជាប្រធានគណបក្ស​កាន់អំណាច​នៅកម្ពុជា លោក ហ៊ុន សែន បាន​លើកឡើង​ក្នុង​ទំព័រ​ហ្វេស​ប៊ុក​របស់​លោកនៅ​​ថ្ងៃ​ទី​​០៤ ខែ​សីហា​​នេះ​​ថា នាយករ​ដ្ឋមន្ត្រី​កម្ពុជា និ​ងក្រុមការងារ​​ កំពុង​​ធ្វើ​កា​រ​​ងា​រ​​យ៉ាង​​សកម្ម​ ​ក្នុង​ការ​​ជួយ​​ដល់​​ទាហាន​ខ្មែរ​ទាំង ១៨រូប ដែល​ថៃ​ចាប់យកទៅ​ និ​ងមិនទាន់​បញ្ជូន​មក​កម្ពុជា​វិញនេះ។

លោក​សរសេរ​ក្នុង​សំណេរ​ដើមថា៖ «ខ្ញុំ​ក៏​បាន​ពិភាក្សា​ជាមួយ​នាយករដ្ឋ​មន្ត្រី ដើម្បី​​ជំរុញ​កា​រ​ស្នើសុំ​​ទៅ​កាក​បាទ​ក្រហម​​អន្តរ​​ជាតិ ដើម្បី​បំពេញ​តួនាទី​​ទាក់​ទង​ដល់​កង​ទ័ព​កម្ពុជា​ ១៨រូប ដែល​​​ថៃ​ចល័ត​ទ័ព​ចូល​មក​ចាប់​ក្នុង​បន្ទាយ​នៃ​កង​ទ័ព​កម្ពុជា​ ក្រោយ​កិច្ច​ព្រម​ព្រៀង​ឈប់​បាញ់ចូ​ល​ជា​ធរមាន​រយៈ​ពេល​ប្រមាណ​៨ម៉ោង​ ដែល​ជា​ការ​បំពាន​លើ​​កិច្ច​ព្រម​​​ព្រៀង​​​ឈប់​​បាញ់ ដែល​ហាម​បាញ់ ហាម​ចល័ត​កង​ទ័ព និង​ហាម​បន្ថែម​កង​ទ័ព​។ ហេតុ​ផល​អ្វី​ទៅ​ ដែល​​ថៃ​មិ​ន​ព្រម​ប្រគល់​កង​ទ័ព​កម្ពុជា​១៨​រូប​មក​ឲ្យ​កម្ពុជា​វិញ?»។

កិច្ចព្រមព្រៀងបទឈប់បាញ់រវាង​​កម្ពុជា-​ថៃ ត្រូវ​​បាន​​ធ្វើ​​​ឡើង​​​នៅ​​ប្រទេស​​​ម៉ាឡេ​​ស៊ី កាល​ពី​​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​​២០២៥ ក្រោម​ការ​​សម្រួប​​សម្រួល​​ពី​​ប្រធាន​អាស៊ាន​​ប្តូរ​​វេន នាយក​​រដ្ឋ​មន្ត្រី​​ម៉ាឡេ​ស៊ី លោក អាន់វ៉ា អ៊ីប្រាហីម ផ្តួត​​ផ្តើម​​គំនិត​ដោយ​​​ប្រធានាធិបតី​​សហរដ្ឋ​​អាមេរិក លោក ដូណាល់ ត្រាំ។

បទឈប់បាញ់​ក្រោម​យន្ត​ការ​​អាស៊ាន​​នេះ បាន​​​ធ្វើ​​ឡើង​​ក្រោយ​ពី​​កង​​ទ័​ព​​កម្ពុជា​​​​បា​ន​​ប៉ះ​​ទង្គិ​ច​​គ្នា​​ដោយ​អាវុធ​ អស់​​រយៈ​ពេល​៥ថ្ងៃ ចាប់ពីថ្ងៃទី​២៤ ដល់យប់រំលង​អាធ្រាត្រ​ថ្ងៃទី​២៨ ខែកក្កដា។

កម្ពុជាចោទថា មូលហេតុនៃផ្ទុះអាវុធ ដោយសារតែភាគីថៃ​បាន​​រំលោភ​​ដែន​​អធិប​​តេយ្យ​​កម្ពុជា ទំាង​​កម្រោល​ រំលោភ​​ធម្ម​​នុញ្ញ​​អង្គការ​​សហ​​ប្រជា​​ជាតិ ធម្ម​នុញ្ញ​​អាស៊ាន និង​​ច្បាប់​​អន្តរជាតិ​​មួយ​​ចំនួន​​ទៀត។

លើសពីនេះ អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ដែលមានប្រទេសជាស​មាជិក​៩៣ ក៏​បា​ន​បង្ហោះ​សារអំពាវ​នាវ​ឲ្យ​ប្រទេស​ថៃគោ​រព​សេចក្តី​សម្រេច​របស់​តុលាការ​យុត្តិធម៌​អន្តរ​ជាតិ ក្នុង​សំណុំ​រឿង​ព្រំដែនជាមួយ​កម្ពុជា ដោយ​បាន​គូស​​ប​ញ្ជាក់​ថា តុលាការ​យុត្តិធម៌​អន្តរ​ជាតិ​បាន​កាត់​ឲ្យ​កម្ពុជា ឈ្នះ​ក្តី​ពីរ​លើកមក​ហើយ​គឺ​នៅ​ឆ្នាំ១៩៦២ និ​ង​ឆ្នាំ​២០១៣។

ជុំវិញ​ជម្លោះ​ព្រំដែន​រវាង​កម្ពុជា​និង​ថៃនេះ ​សាស្ត្រាចារ្យវិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណរ៉ា មាន​ប្រសាសន៍ថា ​បទពិសោធន៍សំខាន់​សម្រាប់​​កម្ពុជា និង​ថៃ គឺមិនអាច​រស់នៅ​ឯកោបាន​ទេ​​ ដែល​បាន​ន័យ​ថា ​​​​ត្រូវ​​​​​​មាន​​​​​ទំនាក់​​ទំនង​​ជាមួយ​បណ្តា​រដ្ឋ​ដទៃ​​ទៀត ជាពិសេសពឹ​ងផ្អែកលើការ​អភិវឌ្ឍ​ប្រទេស​តាមវិស័យសេដ្ឋកិច្ច​​​។

មួយវិញ​​ទៀត ​លោកថា ប្រទេស​ទន់ខ្សោយ​ដូចជា ​កម្ពុជា និង​ថៃ ក៏ត្រូវការ​ការ​គាំពារ​ពីប្រទេស​​​​មហា​អំណាច ពី​ការ​​ដាក់​បន្ទុក​ណា​មួយដែរ​ ដូច្នេះ​​ប្រទេស​​ទាំ​​ងពី​រ ក៏​​​ត្រូវ​​ស្តាប់​ប្រទេស​មហាអំណាច​នានា និង​បណ្តាប្រទេស​ក្នុង​អាស៊ាន ដែល​បាននិង​កំពុង​ជួយ​សម្របសម្រួបឱ្យ​មាន​កិច្ច​ព្រមព្រៀង​បទឈប់បាញ់នេះ។​

លោកថា៖ «​ចឹង​​កិច្ច​ការ​​នេះ បញ្ជាក់អំពីថា​ប្រទេស​និមួយ​ៗ​​វា​ត្រូវ​ការ​ចង​សម្ព័ន្ធ​ភាព​ទាំង​អស់​ មិន​អាច​ប្រទេសណា​មួយ​នៅតែ​ឯង​ទេ​ អានេះជាកិច្ច​ការ​សំខាន់ ​​​ហើយ​​បទ​ពិសោធន៍ដែល​​សំខាន់​​​​ដោះ​ស្រាយ​នូវ​​វិបត្តិ​ទាំងអស់​ អត់​​​អាច​​​ទាត់​​ចោល​នូវ​​ការ​​ចរចា ឬ​ហៅថា ​វិធីសាស្រ្ត​កា​រទូត​​បាន​​ទេ​​ ជាយន្តការ​ចម្បងនៅក្នុ​ងការ​ដោះសស្រាយជម្លោះនៅ​លើ​សកល​លោក​​ អត់ជៀស​ផុត​ពីការ​ចរចាការ​ទូត​នេះទេ បើយើង​មើល នេះជាបទពិសោធន៍ធំនៃការបទឈប់បាញ់ហ្នឹង»។​

បើតាម​អ្នកស្រី ​ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា កង​កម្លាំង​ខ្មែរ​ទាំង ​១៨​​រូប ដែល​​ស្ថិត​​ក្រោម​​ការ​​គ្រប់​​គ្រង​​របស់​​ថៃ គិត​មកដល់ថ្ងៃចន្ទ​នេះ ថៃ​នៅ​មិន​​ទាន់​បញ្ជូន​មក​កម្ពុជាវិញ​នៅឡើយ​ទេ​ ក្រៅ​តែ​ពី​កម្លាំង​២រូប ដែល​បញ្ជូន​មក​កាល​​​ពី​ថ្ងៃទី​០១ ខែ​សីហា ក្នុង​សភាព​របួស។

ករណីនេះ អ្នកស្រីថា រាជ​រដ្ឋាភិបាល​កម្ពុជា កំពុង​បន្ត​ធ្វើ​ការ​ចរចា​ជាមួយ​ភាគី​ថៃ យ៉ាង​យក​ចិត្ត​ទុក​ដាក់ និង​​បាន​ស្នើ​ទៅ​ប្រទេស​ម៉ាឡេស៊ី​ ដែល​ជា​ប្រធាន​អាស៊ាន ជួយ​អន្ត​រាគមន៍ ដើម្បី​ជំរុញ​ឱ្យ​ភាគី​ថៃ ប្រគល់​វីរកង​ទ័ព​កម្ពុជា​ទាំង​១៨​រូប ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ ឱ្យ​បាន​ឆាប់​រហ័ស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ