បទឈប់បាញ់បន្ទាន់មួយ រវាងកម្ពុជានិងថៃ ដែលបានកើតឡើងថ្មីៗនេះ នៅប្រទេសម៉ាឡេស៊ី ក្រោមការសម្របសម្រួយតាមយន្តការអាស៊ាន និងផ្តួចផ្តើមគំនិតដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ។
ការណ៍នេះ ជំរុញឱ្យមានការលើកឡើងថា ដើម្បីទប់ទល់ទៅនឹងសត្រូវឈ្លានពានប្រកបដោយស្មារតីជាតិនិយមពិតប្រាកដនោះ ប្រទេសកម្ពុជាដែលជាប្រទេសតូច មេដឹកនាំមិនត្រូវមើលស្រាលលើការផ្សះផ្សាជាតិ ដើម្បីឱ្យខ្មែរមានសំឡេងតែមួយ ដោយឈរលើស្មារតីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសបានទេ ដែលកិច្ចព្រមពៀងនេះ មានប្រទេស១៨គាំទ្រ រួមទាំងមហាអំណាចទាំង៤ ដែលបានសន្យាថា បូរណភាពទឹកដីកម្ពុជាមិនអាចរំលោភបាន។
ការលើកឡើងនេះ ចំពេលដែលអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា ថ្លែងក្នុងសន្និសីទកាសែតនាព្រឹកថ្ងៃទី៤ ខែសីហានេះ បាននិយាយថា កម្ពុជានៅតែប្រកាន់ជំហរម៉ឺងម៉ាត់ឥតប្រែប្រួល គោរពយ៉ាងម៉ឺងមាត់កិច្ចព្រមព្រៀងបទឈប់បាញ់ ដែលបានចូលជាធរមានកាលពីពាក់កណ្តាលអាធ្រាតថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។
លោកថា ជំហរនៅខាងសន្តិភាព និងពឹងផ្អែកទៅលើច្បាប់អន្តរជាតិរបស់កម្ពុជា សមស្របទៅនឹងអ្វីដែលសហគមន៍អន្តរជាតិចង់បាន។ លោកថា ដូច្នេះហើយកម្ពុជាមិននៅតែឯកឯងទេ សហគមន៍អន្តរជាតិដែលស្រឡាញ់សន្តិភាពឈរនៅជាមួយកម្ពុជា ជាពិសេប្រទេស៣ដែលចូលរួមដោយផ្ទាល់ ធ្វើឱ្យសម្រេចបានកិច្ចព្រមព្រៀងបទឈប់បាញ់នេះ គឺសហរដ្ឋអាមេរិក ចិន និងម៉ាឡេស៊ីជាប្រធានអាស៊ានប្តូរវេន។
លោកបន្តថា កម្ពុជា នៅតែប្រកាន់ជំហរម៉ឺងម៉ាត់ ឥតប្រែប្រួលលើកិច្ចព្រមព្រៀងឈប់បាញ់ ដែលបានចូលជាធរមាន ហើយកម្ពុជារក្សាជំហរសន្តិភាព និងពឹងផ្អែកលើច្បាប់អន្តរជាតិរបស់កម្ពុជា សមស្របទៅនឹងអ្វីដែលសហគមន៍អន្តរជាតិចង់បាន។
លោកថា៖ «កម្ពុជាមិននៅតែឯកឯងទេ សហគមន៍អន្តរជាតិដែលស្រឡាញ់សន្តិភាព ឈរនៅជាមួយកម្ពុជា ជាពិសេសប្រទេសបីដែលសំខាន់ ដែលចូលរួមដោយផ្ទាល់ក្នុងការធ្វើឲ្យសម្រេចបានកិច្ចព្រមព្រៀងឈប់បាញ់ កាលពីថ្ងៃ២៨កក្កដា២០២៥ គឺសហរដ្ឋអាមេរិក ចិន និងម៉ាឡេស៊ី។ ទីបីសូមបងប្អូនជនរួមជាតិយើង អាចរក្សាសាមគ្គីភាពឯកភាពផ្ទៃក្នុងដ៏រឹងមាំ បន្តជ្រោងទង់ជាតិរបស់កម្ពុជា និងស្រែកបន្លឺសំឡេងចង់បានសន្តិភាព ក្នុងនាមជាប្រជាជាតិដែលស្រឡាញ់សុខសន្តិភាព»។
ជុំវិញរឿងនេះ តំណាងរាស្រ្តបក្សសង្រ្គោះជាតិ លោក អ៊ុំ សំអាន ប្រាប់VODនៅថ្ងៃទី៤ ខែសីហានេះថា លោកគាំទ្រការគោរពគោលការណ៍ច្បាប់អន្តរជាតិ ក្នុងបុព្វហេតុការពារទឹកដីនេះ។
ផ្ទុយពីនេះ លោកថា កម្ពុជាត្រូវស្តារប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្ស និងដោះលែងអ្នកទោសនយោបាយ ដើម្បីផ្សះផ្សាជាតិ។ ក្នុងន័យនេះ លោកពន្យល់ថា ដើម្បីទាក់ទាញការគាំទ្រពីសហគមន៍អន្តរជាតិពិសេសប្លុកលោកសេរី មេដឹកនាំចាំបាច់ត្រូវការពារប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ ដែលច្បាប់កំពូលនេះ ប្រសូត្រចេញពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
យ៉ាងណា លោកថា ដំណាក់កាលនេះ រដ្ឋាភិបាលគ្មានជម្រើសអ្វីក្រៅតែពីចាប់អន្តរជាតិឱ្យជាប់ឡើងវិញ ដូចជា សហរដ្ឋអាមេរិក បារាំង អូស្រ្តាលី អង់គ្លេស និងសមាជិកអាស៊ាន ទើបអាចការពារទឹកដីបាន។
លោកថា៖ «យើងត្រូវមានការផ្សះផ្សាជាតិ ចាប់ពីការដោះលែង លោក កឹម សុខា ដោះលែងអ្នកទោសមនសិការទាំងអស់ហ្នឹង ធ្វើម៉េចរៀបចំការបោះឆ្នោតដោយសេរីនិងយុត្តិធម៌នៅកម្ពុជា ហ្នឹងទើបជាការផ្សះផ្សាជាតិមួយ ហើយកាលណាមានការផ្សះផ្សាជាតិប្រជាពលរដ្ឋក៏សប្បាយចិត្ត មានការសាទរពីសហគមន៍ជាតិ និងអន្តរជាតិ ទាំងពលរដ្ឋខ្មែរ ហើយនៅពេលដែលយើងមានលទ្ធិប្រជាធិបតេយ្យពិតប្រាកដ គឺយើងទៅនិយាយជាមួយនឹងសហគមន៍អន្តរជាតិ គឺគេដូចជាឱ្យតម្លៃយើងគឺទឹកមាត់យើងវាប្រៃ»។
ប្រហែលគ្នានេះដែរ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត អះអាងថា ដើម្បីឱ្យអន្តរជាតិបន្តជួយកម្ពុជា កម្ពុជាខ្លួនឯងត្រូវងាកទៅផ្សះផ្សាជាតិ ស្តារប្រជាធិបតេយ្យ ដោះលែងអ្នកទោសនយោបាយ ទើបអន្តរជាតិមានទំនុកចិត្ត។
មិនតែប៉ុណ្ណោះ លោកថា កម្ពុជាត្រូវប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ គោលការណ៍សិទ្ធិមនុស្ស ស្មារតីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គឺបង្រួបបង្រួមជាតិ នោះអន្តរជាតិកាន់តែទំនុកចិត្តចង់ជួយកម្ពុជា។
លោកថា៖ «ក្នុងកាលៈទេសៈបច្ចុប្បន្ននេះ កម្ពុជាគ្មានជម្រើសអីទេក្រៅពីការបង្ខំចិត្តគោរពគោលការណ៍ច្បាប់អន្តរជាតិនានា ក្នុងការតបតការពារខ្លួន ពីការឈ្លានពានរបស់ថៃ ទីមួយ។ ហើយទីពីរគឺកម្ពុជាត្រូវតែងាកមកមើលខ្លួនឯង ការពង្រឹងស្មារតីជាតិរបស់ខ្លួនឯងយ៉ាងម៉េចបានន័យថា ការពង្រឹងស្មារតីជាតិនេះ គឺតាមរយៈការជំរុញទឹកចិត្តពលរដ្ឋឲ្យមានសាមគ្គីភាពផង ពង្រឹងស្មារតីកងទ័ពឲ្យរឹងមាំ ក្នុងការការពារទឹកដីផង ហើយនិងត្រូវងាកមកលើការផ្សះផ្សានយោបាយជាតិខ្លួនឯង ដើម្បីបន្ធូរបន្ថយ ឬក៏ដោះលែងទាំងស្រុង នូវអ្នកទោសនយោបាយ អ្នកជាប់ឃុំមនសិការទាំងអស់»។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា យល់ថា ជម្លោះព្រំដែនរយៈពេល៥ថ្ងៃនេះ លោកសង្កេតឃើញថា កម្ពុជាមានប្រៀបលើផ្លូវច្បាប់អន្តរជាតិ មានប្រៀបនៅត្រង់ថា កម្ពុជាបានប្រើយន្តការអាស៊ាននិងច្បាប់អន្តរជាតិ ស្នើសុំក្រុមប្រឹក្សាអង្គការសហប្រជាជាតិឱ្យកោះប្រជុំបន្ទាន់ ដើម្បីជួយកម្ពុជា។
លោកបន្តថា ការប្រើយន្តការអាស៊ាន និងច្បាប់អន្តរជាតិនេះហើយ ទើបអាចការពារទឹកដី និងជួយសង្រ្គោះអាយុជីវិតពលរដ្ឋពីការឈ្លានពាន ដូច្នេះថ្នាក់ដឹកនាំកម្ពុជាត្រូវតែបន្តរក្សាទំនាក់ទំនងឱ្យបានល្អជាមួយសហគមន៍អន្តរជាតិ ជាពិសេស ប្រទេសជឿនលឿនដូចជាសហរដ្ឋអាមេរិក និងចិនជាដើម។
លោកថា៖ «ប្រសិនបើយើងមិនយកឱកាសហ្នឹង ដើម្បីស្ដារប្រទេសកម្ពុជាយើងធ្វើការផ្សះផ្សាបង្រួបបង្រួមជាតិ ស្ដារប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្សទេ ខ្ញុំគិតថា ទៅថ្ងៃអនាគត បើទោះបីមានការបញ្ចប់នូវវិបត្តិរវាងកម្ពុជា-ថៃ ក៏ប្រទេសបណ្ដាប្រទេសអន្តរជាតិទាំងអស់ហ្នឹង គាត់នៅតែមិនមានការសហការឲ្យល្អមួយនៅកម្ពុជាយើងប៉ុន្មានដែរ ព្រោះថាកន្លងទៅដូចជាថា សហគមន៍អឺរ៉ុប ខាងសហរដ្ឋអាមេរិកគេនៅតែជំរុញឲ្យប្រទេសយើង មានការស្ដារឡើងវិញ នូវការគោរពសិទ្ធិមនុស្សប្រជាធិបតេយ្យ អ៊ីចឹងអានេះវាមិនមែនពាក់ព័ន្ធទៅដឹងតែការគាំទ្រ រវាងទំនាស់យើងរវាងថៃតែប៉ុណ្ណឹងទេ ប៉ុន្តែបើសិនជាយើងចង់ឲ្យមានការគាំទ្រឲ្យមានជាលក្ខណៈយូរអង្វែង វាត្រូវដែរ យើងនឹងខិតខំក្នុងការយកឱកាសហ្នឹង ដើម្បីធ្វើការផ្សះផ្សាជាតិបង្រួបបង្រួមជាតិហ្នឹង ហើយនិងស្ដារប្រជាធិបតេយ្យសិទ្ធមនុស្ស»។
លើសពីនេះ សាស្រ្តចារ្យវិទ្យាសាស្រ្តនយោបាយ លោក ឯម សុវណ្ណរ៉ា ការទប់ទល់ទៅនឹងសត្រូវឈ្លានពានក្រៅពង្រឹងវិស័យការទូត មេដឹកនាំមិនអាចមើលស្រាលលើខ្មែរមួយក្រុមទៀត ដែលនៅក្រៅជួររដ្ឋាភិបាលនោះទេ។ តែផ្ទុយទៅវិញ ត្រូវពង្រឹងស្មារតីជាតិ តាមរយៈកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
លោករំឭកថា ចរន្តជាតិនិយម ប្រឆាំងនឹងបរទេសឈ្លានពានទឹកដីពេលនេះ ហាក់មានសន្ទុះខ្លាំងទាំងខ្មែរនៅក្នុងស្រុក និងខ្មែរនៅក្រៅប្រទេស ហើយចរន្តវានឹងបង្កផលលំបាកដល់មេដឹកនាំ បើបន្ទាត់នយោបាយខ្វះស្មារតីជាតិនិយមពិតប្រាកដនោះ។
លោកថា៖ «ព្រំដែនមិនមែនមានតែខាងលិចណា មានខាងកើតដែរ វាមានព្រំដែនទឹក អីចឹងវានៅរឿងច្រើនដែលត្រូវដោះស្រាយហើយ បើដោះអត់បានទេ ដោះដោយអន្លើរអ៊ីចឹងទេ អ្នកដឹកនាំមិនអាចរក្សាការជឿជាក់ឬការផ្តល់តម្លៃការគាំទ្រពីពលរដ្ឋបានពេញលេញទេ នេះវាជាការឆ្លុះបញ្ចាំងទៅវិញទៅមកគ្រាន់តែបច្ចុប្បន្ន ពលរដ្ឋមិនសើរើខាងកើត មិនសើរើរឿងបញ្ហាព្រំដែនទឹក គឺពលរដ្ឋនៅមាននៅក្នុងប្រទេសដែលមានកម្រិតនៃការហ៊ានបញ្ចេញមតិ នៅក្រៅប្រទេសមិនទាន់ឈឺឆ្អើលរឿងហ្នឹង ហើយនៅពេលដែលចរន្តជាតិនិយមកើតឡើងបច្ចុប្បន្ននេះ ធ្វើឲ្យពលរដ្ឋឲ្យចាប់ផ្តើមគិតមែនគិតតែមួយចំហៀងទេ ត្រូវគិតទាំងអស់ ពាក់ព័ន្ធនឹងបញ្ហាចម្បងបន្ទាប់ ដោះស្រាយគឺបញ្ហាចំពោះមុខគឺការឈ្លានពានពីថៃនេះជាកិច្ចការមួយដែលអាចឆ្លុះឱ្យអាចជាចរន្តជាតិនិយមមួយ អាចហៅថារស់រវើកទៅថ្ងៃអនាគត»។
លើសពីនេះ លោកបណ្ឌិត មាស នី ក៏បានបង្ហោះសារលើហ្វេសប៊ុករបស់លោក នៅថ្ងៃទី៤ ខែសីហានេះ ដោយនិយាយថា សង្គ្រាម៥ថ្ងៃបាននាំមកនូវឱកាសល្អមួយចំនួនមកឲ្យកម្ពុជា។
ក្នុងន័យនេះ លោកពន្យល់ថា ទី១ កម្ពុជាលែងមានភាពចំរូងចំរ៉ាស់គ្នាលើភាពចាំបាច់ ក្នុងការពង្រឹងសមត្ថភាព និងសុខមាលភាពកងកម្លាំងប្រដាប់អាវុធរបស់កម្ពុជា ដើម្បីការពារខ្លួននៅពេលអនាគត។
ទី២ សាមគ្គីភាពខ្លាំងរបស់ពលរដ្ឋកម្ពុជា នៅពេលមានការឈ្លានពានពីបរទេស។ ទី៣ ទំនុកចិត្តរវាងរដ្ឋនិងរាស្ត្រ លើការការពារទឹកដី និងទី៤ ការគាំទ្ររបស់សហគមន៍អន្តរជាតិមកលើកម្ពុជា ក្នុងសង្គ្រាមខ្មែរ សៀម។
ចំណែក ទី៥ ការមើលឃើញគ្នាជាវិជ្ជមានឡើងវិញរវាងទំនាក់ទំនងអាមេរិកនិងកម្ពុជា និងផលប្រយោជន៍សេដ្ឋកិច្ចដែលកម្ពុជាទទួលបានពីទំនាក់ទំនងនេះ។
សម្រាប់លោកបណ្ឌិត មាស នី យល់ថា អ្វីដែលកម្ពុជាត្រូវដើរឆ្ពោះទៅមុខនោះ រួមមាន ទី១ ពិនិត្យនិង កំណត់លើការពង្រឹងនិងពង្រីកគ្រឹះសេដ្ឋកិច្ចជាតិ ដោយបន្ថយការពឹងផ្អែកពីខាងក្រៅ តែពង្រីកទំហំពាណិជ្ជកម្មបរទេស (ដោយអនុវត្តតាមគោលការណ៍ធ្វើស្រែនិងទឹកធ្វើសឹកនិងបាយ)។
លោកបន្តថា ទី២ ពង្រឹងនយោបាយការបរទេសដោយផ្អែកទៅតាមអ្វីដែលបានចែងក្នុងរដ្ឋធម្មនុញ្ញ ជាពិសេសជាមួយមហាអំណាច។ ទី៣ បន្តរកមធ្យាបាយបន្ថែមលើការពង្រឹងឯកភាពជាតិ និងទី៤ បង្កើននូវភាពទុកចិត្តគា្នជាមួយប្រទេសជិតខាងឡើងវិញ ក្រោយសង្គ្រាមត្រូវបានបញ្ចប់៕









