ជំនួយការកំពូលប្រធានាធិបតីដូណាល់ ត្រាំ (Donald Trump) កាលពីថ្ងៃអាទិត្យ បានចោទប្រកាន់ឥណ្ឌា ពីបទផ្តល់ហិរញ្ញប្បទានយ៉ាងមានប្រសិទ្ធភាពដល់សង្រ្គាមរុស្សីនៅអ៊ុយក្រែន ដោយទិញប្រេងពីមូស្គូ បន្ទាប់ពីសហរដ្ឋអាមេរិកបានបង្កើនសម្ពាធលើទីក្រុងញូដេលី (New Delhi) ដើម្បីបញ្ឈប់ការទិញប្រេងពីរុស្សី។ នេះបើតាមប្រភពទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ(Reuters)។
រ៉យទ័រ(Reuters) បានរាយការណ៍នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥នេះថា លោក ស្ទីវិនមីល័រ (Stephen Miller) អនុប្រធានបុគ្គលិកនៅសេតវិមាន និងជាជំនួយការដ៏មានឥទ្ធិពលបំផុតរបស់ លោកត្រាំ (Trump) និយាយថា «អ្វីដែលលោកត្រាំ(Trump) បាននិយាយយ៉ាងច្បាស់លាស់ គឺថា ខ្លួនមិនអាចទទួលយកបានទេ សម្រាប់ឥណ្ឌាក្នុងការបន្តផ្តល់ហិរញ្ញប្បទានដល់សង្រ្គាមនេះ ដោយការទិញប្រេងពីប្រទេសរុស្សី»។
ការរិះគន់របស់លោក មីលល័រ (Miller) គឺជាការរិះគន់ខ្លាំងបំផុតដោយរដ្ឋបាល លោក ត្រាំ អំពីដៃគូដ៏សំខាន់របស់សហរដ្ឋអាមេរិកនៅក្នុងឥណ្ឌូប៉ាស៊ីហ្វិក(Indo-Pacific)។
ស្ថានទូតឥណ្ឌាប្រចាំនៅក្រុងវ៉ាស៊ីតោន(Washington) មិនទាន់ឆ្លើយតបភ្លាមៗទេ ចំពោះសំណើរសុំការអធិប្បាយ។ យ៉ាងណា ប្រភពរដ្ឋាភិបាលឥណ្ឌា បានប្រាប់រ៉យទ័រ(Reuters) កាលពីថ្ងៃសៅរ៍ថា ទីក្រុងញូដេលី (New Delhi) នឹងបន្តការទិញប្រេងពីទីក្រុងមូស្គូ ទោះបីជាមានការគំរាមកំហែងពីសហរដ្ឋអាមេរិកក៏ដោយ។
គួររំឭកថា ពន្ធ ២៥% លើផលិតផលឥណ្ឌា បានចូលជាធរមានកាលពីថ្ងៃសុក្រ ដែលជាលទ្ធផលនៃការទិញបរិក្ខាយោធា និងថាមពលពីរុស្សី។ លោក ត្រាំ ក៏បានគម្រាមថា យកពន្ធ១០០% លើការនាំចូលរបស់សហរដ្ឋអាមេរិកពីប្រទេសផ្សេងៗ ដែលទិញប្រេងពីរុស្សី លុះត្រាតែមូស្គូឈានដល់កិច្ចព្រមព្រៀងសន្តិភាពធំជាមួយអ៊ុយក្រែន៕









