នាយកប្រតិបត្តិតំបន់អាស៊ីរបស់ក្រុមហ៊ុនបាននិយាយកាលពីថ្ងៃចន្ទថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់វៀតណាមវីនហ្វាស(VinFast) កំពុងជជែកពិភាក្សាជាមួយក្រុមហ៊ុនផលិតគ្រឿងបន្លាស់ជាច្រើន ខណៈខ្លួនកំពុងស្វែងរកប្រភពបន្ថែមទៀតពីប្រទេសឥណ្ឌា។
តាមប្រភពនីគីអេស៊ា(Nikkie Asia)នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥នេះថា ក្រុមហ៊ុនកំពុងពិភាក្សាជាមួយអ្នកផ្គត់ផ្គង់គ្រឿងបន្លាស់បច្ចុប្បន្នមួយចំនួន ហើយខ្លះទៀតចង់ផ្លាស់ប្តូរផ្នែកផលិតកម្មរបស់ពួកគេទៅកាន់សួនឧស្សាហកម្មនៅប្រទេសឥណ្ឌា។
នេះបើតាមនាយកប្រតិបត្តិក្រុមហ៊ុនវីនហ្វាសអេស៊ា(VinFast Asia) លោក ហ្វាម សាញ់ចូវ (Pham Sanh Chau)បានប្រាប់រ៉យទ័រ(Reuters)នៅក្រៅពិធីសម្ពោធរោងចក្រនៅឥណ្ឌារបស់ខ្លួន នៅទីក្រុងធូធូគូឌី (Thoothukudi) ភាគខាងត្បូង។
ក្រុមហ៊ុនផលិតសកលនេះ កំពុងសម្លឹងមើលកាន់តែខ្លាំងឡើង អំពីខ្សែសង្វាក់ផ្គត់ផ្គង់ផលិតកម្មដាច់ដោយឡែកផ្សេងទៀត ដោយការផ្លាស់ប្តូរផលិតកម្មទៅប្រទេសឥណ្ឌា ខណៈការកើនឡើងនៃភាពតានតឹងផ្នែកនយោបាយភូមិសាស្ត្រ ការរឹតបណ្តឹងពាណិជ្ជកម្ម និងសម្ពាធតម្លៃធ្វើឱ្យប្រទេសចិនមិនសូវទាក់ទាញ ក្នុងនាមជាមូលដ្ឋានផលិតកម្មមួយ។
លោក ចូវ (Chau) បានបន្តថា វីនហ្វាស(VinFast) មានគម្រោងដាក់រថយន្តនៅកន្លែងតាំងបង្ហាញនៅប្រទេសឥណ្ឌាចុងខែនេះ ចំពោះតម្លៃនិងកាលបរិច្ឆេទនៅមិនទាន់ត្រូវបានបង្ហាញនៅឡើយទេ។
គួររំឭកថា កាលពីឆ្នាំមុន វីនហ្វាស(VinFast) និងរដ្ឋ តាមីល ណាដូ (Tamil Nadu) បានយល់ព្រមឆ្ពោះទៅរកការវិនិយោគរហូតដល់ ២ពាន់លានដុល្លារ ដោយមានការប្តេជ្ញាចិត្តវិនិយោគចំនួន ៥០០លានដុល្លារសម្រាប់រយៈពេល ៥ឆ្នាំដំបូង។ រោងចក្រនេះ ត្រូវបានគេរំពឹងថា មានសមត្ថភាពផលិតរថយន្តប្រចាំឆ្នាំ បានរហូតដល់ ១៥០០០០គ្រឿង។
វីនហ្វាស(VinFast) បានកំណត់គោលដៅចែកចាយជាសកលនូវរថយន្តចំនួន ២០០០០០គ្រឿងសម្រាប់ឆ្នាំ២០២៥ ដោយឆមាសទីមួយលក់បានប្រហែល ៧២១០០គ្រឿងនៃឆ្នាំនេះជាចម្បង នៅក្នុងទីផ្សារក្នុងស្រុករបស់ខ្លួន៕









