កម្ពុជា​​ថ្កោល​ទោ​សថៃ​ជុំ​វិញ​​ការ​ទម្លាក់​កំហុស​ថា​កម្ពុជា​ជា​អ្ន​ក​​​បង្ក​ជម្លោះ​ព្រំដែន

ក្រសួង​ការ​បរទេស​កម្ពុជា បាន​ថ្កោល​ទោស​ថៃ​ដែល​ចោទ​ថា​ កម្ពុជា​ជា​អ្នក​បង្ក​រឿង​មុន​ក្នុង​ជម្លោះ​ព្រំ​ដែន តែ​ថា​ផ្ទុយ​​ទៅ​វិញ​កម្ពុជា​តែង​តែប្រ​កាន់​យក​នូវ​ការ​អត់​ធ្មត់​ខ្ពស់​បំផុត ចំពោះ​មុខ​ការ​ឈ្លាន​ពាន​ពី​យោធា​ថៃ​ និង​ទាម​ទារ​ឱ្យ​ថៃ​គោរព​ដែន​អធិប​តេយ្យ​ភាព​កម្ពុជា ស្រប​តាម​ច្បាប់​អន្តរ​ជាតិ។

នេះបើតា​ម​ការ​ថ្លែង​របស់​អ្នកនាំ​​ពាក្យក្រ​សួង​ការ​បរទេស​កម្ពុជា លោក ជុំ សន្ទរី ក្នុង​សន្និ​សីទសារព័ត៌​មាន​ស្តីពី «លទ្ធផល​នៃ​កា​រ​អនុវត្ត​បទ​ឈប់​បាញ់​រវាង​កម្ពុជា-ថៃ» នៅ​ថ្ងៃ​ទី​៥ ខែ​សីហា ឆ្នាំ​២០២៥​នេះ។

បើតាម លោក ជុំ សន្ទរី ភាពតាន​តឹង​នៅ​ព្រំដែន​ កើត​ចេញ​ពី​ការ​ឈ្លាន​ពាន​​របស់​​​កង​​ទ័ព​​ថៃដែល​​ទន្ទ្រាន​​ចូល និង​​បាញ់​​ផ្លោង​​មក​​លើ​​ដែន​​​ដី​​កម្ពុជា ហើយ​​ថា​​កម្ពុជា​​គ្រាន់​​តែ​​ធ្វើ​សកម្ម​ភាពឆ្លើយ​តប​ដើម្បី​ការ​ពារ​អធិប​តេយ្យ​ភាព និង​ពលរដ្ឋ​ស៊ីវិល​របស់​ខ្លួន​ប៉ុណ្ណោះ។

ក្នុងន័យនេះ​ លោកបានច្រានចោលការចោទប្រកាន់រ​បស់​ក្រសួង​ការ​បរទេស​ថៃ​ ដែល​ផ្តល់​ព័ត៌​មាន​ឱ្យ​អង្គ​ទូត​នានា​ នៅ​ទីក្រុង​បាង​កក កាល​ពី​ថ្ងៃ​ទី៤ ខែ​សីហា​ថា​ កម្ពុជា​ជា​អ្នក​ចាប់​ផ្តើម​ទំនាស់​មុខ​ក្នុង​ជម្លោះ​ព្រំដែន។

លោកចាត់ទុក ការចោទប្រកាន់​នេះ​​គ្មាន​មូល​ដ្ឋាន​ច្បាស់ ហើយ​កម្ពុជា​មិន​​ត្រឹម​​តែ​មិន​មែន​ជាអ្នក​ចាប់​ផ្តើម​ទំ​នាស់​នោះ​ទេ តែ​​កម្ពុជា​តែង​តែ​ប្រកាន់​ខ្ជាប់​នូវ​ការ​អត់​ធ្មត់​ខ្ពស់​បំផុត​ ​នៅ​ចំ​ពោះ​ទង្វើ​បង្ករឿង​ដោយ​យោធា​ថៃ។

លោកថា៖ «ក្រសួងការបរទេស និង​សហ​ប្រតិបត្តិ​ការ​អន្ត​រ​ជាតិ សូម​ធ្វើ​ការ​ថ្កោល​ទោស​យ៉ាង​ខ្លាំង​ក្លា ចំពោះ​ការ​បន្ត​បង្ក​រឿង ដោយ​កង​ទ័ព​របស់​ថៃ ហើយ​ទាម​ទារ​ឱ្យ​ភាគី​ថៃ សូម​ឱ្យ​គោរព​ដ៏​ពេញ​លេញ​នូវ​អធិប​តេយ្យ​ភាព ហើយ​បូរណ​ភាព​របស់​កម្ពុជា ស្រប​ទៅ​តាម​ការ​កំណត់​ របស់​ធម្មនុ​ញ្ញ​អង្គ​ការ​សហ​ប្រជា​ជាតិ ធម្ម​នុញ្ញ​អាស៊ាន ហើយ​នឹង​បណ្តា​គោល​ការណ៍​ជា​មូល​ដ្ឋាន​របស់​ច្បាប់​អន្តរ​ជាតិ»។

បើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិកម្ពុជា ឱ្យ​ដឹង​ថា នៅ​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​៤ខែ​សីហា ថៃ​បាន​បញ្ជូន​កម្លាំង​ប្រដាប់​ដោយ​អាវុធ​គ្រប់​ដៃ និង​គ្រឿង​ចក្រ​ចូល​ក្នុង​តំបន់​អានសេះ ដែល​ជា​ដែន​អធិប​តេយ្យ​របស់​កម្ពុជា និង​បាន​រាយ​បន្លា​លួស​ បើ​​​ទោះបី​ត្រូវ​បាន​ហាម​ឃាត់​យ៉ាង​ខ្លាំង​ពី​កង​កម្លាំង​កម្ពុជា​ក៏​ដោយ។

ក្រសួងថា ទង្វើនេះគឺជាការរំលោភដល់​បទ​ឈប់បាញ់​យ៉ាង​គឃ្លើន និង​បាន​បង្ក​ការ​គំរាម​កំហែង​ដ៏​ធ្ងន់​ធ្ងរ​បំផុត​ចំពោះ​សន្តិភាព និង​សន្តិ​សុខ នៅ​តាម​បណ្តោយ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​ក៏​ដូច​ជាតំ​បន់​ទាំង​មូល។

ជុំវិញរឿងនេះ ស្ថាបនិក​គណបក្សកែទម្រង់​កម្ពុជា លោក អ៊ូ ចន្ទរ័ត្ន​ យល់​ថា ឥរិយា​បទ​ថៃ​ពេល​នេះ មិន​ខ្វល់​ពី​មុខ​មាត់​​លើឆា​ក​អន្តរ​ជាតិ​សោះ​ឡើយ ដែល​ទាមទា​រ​ឱ្យ​កម្ពុជា​ត្រូវ​មាន​ការ​ប្រុង​ប្រយ័តុ្ន​ខ្ពស់​ក្នុង​ការ​ទប់​ទល់​ជាមួយ​ថៃ ។

បើតាមអ្នកនយោបាយរូបនេះ ថៃបានបំផ្លៃ​ព័ត៌​មាន​បោ​ក​ពលរដ្ឋ​ខ្លួន​ថា វ៉ៃ​បាន​ទីតាំង​ឈរ​ជើង​សំខាន់ៗ​ដែល​ខ្លួន​ច​ង់​ឈ្លា​នពា​ន​ តែ​ការពិតកងទ័ពកម្ពុជាជា​អ្នក​កាន់​កាប់​ទៅ​វិញ ធ្វើ​ឱ្យ​ថៃ​ចង់​បង្សាប​កំហឹង​ពលរដ្ឋ​ខ្លួន ស្តារ​មុខ​មាត់​ឡើង​វិញ ទើ​ប​រក​ល្បិច​ឈ្លាន​ពាន​កម្ពុជា​មិន​​ចេះ​ឈប់។

យ៉ាងណា ជម្លោះព្រំដែនលើកនេះ លោកថា កម្ពុជាមានប្រៀប​ទាំង​លើ​សមរភូមិ​យោធា ការ​ទូត និង​ច្បាប់​អន្តរ​ជាតិ ដែល​ក្នុង​ពេល​នេះ​កម្ពុជា​តែ​ងរក្សា​ភាព​អត់​ធ្មត់​ឱ្យ​បា​​ន​ខ្ព​ស់​កុំ​ឱ្យ​ចាញ់​ល្បិច​ថៃ ដែ​ល​ច​ង់​ឱ្យ​កម្ពុជា​​ផ្ទុះអា​វុធ​មុន ដើម្បី​បាន​លេស​ប្រើ​ទ័ព​ឈ្លានពា​ន​កម្ពុជា​បន្ត​ទៀត។

លោកថា«បើសិនជាមានឥរិយាបថ​បែប​នេះ ពី​សំណាក់​ប្រទេស​ថៃ​​​មាន​ចរិត​បែប​គឃ្លើន​មិន​ខ្វល់​ពី​ច្បាប់​ទម្លាប់​បែប​នេះ​ ខ្ញុំ​គិត​ថា កម្ពុជា​អាច​នឹង​កាន់​តែ​មានប្រៀប​នៅ​លើ​ឆាក​អន្តរ​ជាតិ​ ទី១។ ប៉ុន្តែ​កម្ពុជា​ក៏​ត្រូវ​តែ​មាន​វិធី​​ទប់ទ​ល់ជា​មួយ​នឹង​ទង្វើ​ឈ្លាន​ពាន​​ដ៏​គឃ្លើន​បែប​ហ្នឹង​ដែរ ខ្ញុំ​គិត​ថា វិធី​គឺ​បន្លា​មុត​យក​បន្លា​ជួស! បើ​សិន​ជា​គេ​គឃ្លើន​ខ្លួន​បែប​ហ្នឹង យើង​ត្រូវ​ទប់​ទល់​បែប​ហ្នឹង​ដូច​គ្នា​អ៊ីចឹង ធ្វើ​ម៉េច​កុំ​ឲ្យ​តែ​យើង​ផ្ទុះ​អាវុធ​មុន»

បន្ថែមលើនេះ លោក អ៊ូ ច័ន្ទរ័ត្ន ជំរុញឱ្យកម្ពុជាប្រើ​ប្រាស់​យន្តការ​អន្តរ​ជាតិ ឱ្យ​អស់​លទ្ធ​ភាព​ក្នុង​ការ​ការ​ពារ​ទឹក​ដី​ មាន​ទាំង​សន្ធិ​សញ្ញា-បារាំង​សៀម​ឆ្នាំ​១៩០៤ ឆ្នាំ​១៩០៧ យន្ត​ការ​ការ​ទូត​ ហើយ​សន្ធិ​សញ្ញា​ទីក្រុង​ប៉ារីស​ ក៏​កម្ពុជា​គួរ​យ​ក​មក​ប្រើ​ប្រាស់​នៅ​ពេល​នេះ​ដែរ។

ជាងនេះទៀត កម្ពុជាត្រូវប្តឹងថៃរឿង ឧក្រិ​ដ្ឋកម្មសង្រ្គាម ការ​បំផ្លាញ​សម្បត្តិ​បេតិក​ភណ្ឌ​ពិភពលោក គឺ​ប្រាសាទ​ព្រះ​វិហារ ដើម្បី​ថៃ​ទទួល​ខុស​ត្រូវ​លើ​ទង្វើឈ្លា​ន​ពាន​របស់​ខ្លួន​។

ដោយឡែក អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការ​ស្រាវ​ជ្រាវ ​លោក​ សេ​ក សុជាតិ ឱ្យ​យោបល់​ថា ខណៈ​ថៃ​បន្ត​យក​បន្លា​លួស​ព័ន្ធ​លើ​ដី​ខ្មែរ​បែប​នេះ កម្ពុជា​ត្រូវ​ធ្វើ​កំណត់​ទូត​ទៅ​សហគម​ន៍អា​ស៊ាន អង្ក​ការ​សហ​ប្រជា​ជាតិ និង​ឱ្យ​ក្រុម​ការ​ងារ​ចម្រុះ​អន្ត​ជាតិ​ដែល​ឃ្លាំ​មើលរឿង​នេះ​ធ្វើ​ជា​សាក្សី ទុក​ជាភ​ស្តុតាង​ជុំវិញ​រូប​ភាព​ថៃ​ឈ្លា​នពា​ន​កម្ពុជា ដោយ​កំរោល​ ផ្ទុយ​ពី​ច្បាប់​អន្តរ​ជាតិ ​រំលោភ​លើ​ដែន​អធិប​តេយ្យ​ភាព​កម្ពុជា។

សម្រាប់លោក សុជាតិ កម្ពុជាត្រូវរប្តឹងទៅតុលាការ​អន្តរ​ជាតិ ICJ ដើម្បីបញ្ចប់​ជម្លោះ ​តែ​បើ​ថៃ​ចាញ់​ក្តី​ ហើយ​នៅតែ​ឈ្លា​ន​ពាន​ដី​ខ្មែរ​ទៀត កម្ពុជា​ត្រូវ​រក​សហគមន៍​អន្តរ​ជាតិ​ឱ្យ​ដាក់​សម្ពាធ​ថៃ​  ជាពិសេស​ប្រាប់​ទៅ​អង្គ​ការ​សហ​ប្រជា​ជាតិ ឱ្យ​ដ​ក​បេក្ខភាព​​ថៃចេ​ញ​ពី​អង្គ​ការ​នេះ បើ​ថៃ​​នៅ​តែបន្ត​ឈ្លាន​ពាន​ដី​ខ្មែរ។

លោកថា៖ «បើសិនជាថៃនៅតែបន្តរឹងត្អឹង​ មិន​ព្រម​ទទួល​យក​នូវ​យុត្តា​ធិការ​អន្តរជាតិ ហើយ​មិន​ព្រម​រ​ស់នៅ​​ដោយ​សន្តិ​ភាព​ ជាមួយ​នឹង​ប្រទេស​ជិត​ខាង​រប​ស់​ខ្លួន​ទេ ដូច្នេះ​មាន​​តែ​យន្ត​ការនៃ​ការ​ប្រើ​ប្រាស់​ច្បាប់​របស់​ពិភព​លោក ហើយ​នឹង​ស្នើ​សុំ​ឲ្យ​ពិភព​លោក​ពិចារណា នៅ​​ក្នុង​ការ​ដាក់​សម្ពាធ​ទៅ​លើ​ប្រទេស​ថៃ​ ឲ្យ​ទៅ​ដល់​ចំណុច​មួយ​ដែ​ល​ពួក​គាត់​គួរ​តែ​ត្រឹះ​រិះ​សារ​ឡើង​វិញដើម្បី​កុំ​ឲ្យ​ក្លាយ​ទៅ​ជា​ប្រទេស​មួយ ដែល​បំផ្លាញ​សណ្តាប់​ធ្នាប់​ពិភព​លោក ដោយ​សារ​តែ​អំពើ​ឈ្លាន​ពាន និង​ល្មោភ​ចង់​បាន​ដែន​ដី​របស់​គេ ទៅ​ធ្វើ​ជា​ដែន​ដីរបស់​ខ្លួន»។  

ក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា ភាពតាន​តឹង​នៅព្រំដែនរវាង​​កម្ពុជា-ថៃ មាន​ភាព​តាន​តឹង​​​ជា​ថ្មី ក្រោយ​ថៃ​​​​បាន​​​ណែនាំ​​​​ឱ្យ​​ប្រជាជន​​​ខ្លួន​​​ដែល​​​នៅ​​សេស​​​សល់​ នៅតំ​ប​ន់​​ជាប់​​ព្រំដែ​ន​​​ក្នុង​​ខេត្ត​​​សុរិន្ទ ចាកចេញ​​​ឱ្យ​​អ​​ស់​​ត្រឹម​​យប់​ថ្ងៃ​ទី​៣ ខែសីហា​នេះ ដោយ​ភាគី​ថៃ​គ្រោង​​​នឹ​ង​​​បើ​​ក​​​ការ​​​វាយ​​​លុក​​​តាម​​​បន្ទាត់​​​ព្រំដែន ចាប់​តាំង​​ពី​​តំប​ន់​​ប្រា​សាទ​តា​មាន់ ប្រាសាទ​តាក្រ​បី ប្រាសាទ​ព្រះ​វិហារ រហូត​ដ​ល់តំ​បន់​អាន​សេះ​​ ​ក្នុង​ពេល​ឆាប់ៗ មុន​កិច្ច​ប្រជុំ​គណៈ​កម្មា​ធិការ​កិច្ច​ការ​ព្រំដែន​ទូទៅ (GBC) ដែល​គ្រោង​នៅ​ថ្ងៃទី​០៧ ខែ​សីហា ឆ្នាំ​២០២៥ នៅ​ទីក្រុង​កូឡា​ឡាំពួរ ប្រទេស​ម៉ាឡេ​ស៊ី។

តែយ៉ាងណា គិត​មកដល់​ព្រឹក​​​ថ្ងៃ​ទី​៥ ខែសីហា​នេះ ក្រសួង​​ការ​​ពារ​​ជាតិ​​កម្ពុជា បញ្ជាក់​ថា សភាព​​​​​ការណ៍នៅ​តំបន់​ជួរ​មុខ​ នៅ​មា​​នស​​ភាព​​​ស្ងប់​​ស្ងាត់​​​​​​នៅ​ឡើយ​ ប៉ុន្តែ​​កង​​កម្លាំង​​កម្ពុជា ស្ថិត​ក្នុង​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ