កម្ពុជា​បន្តស្នើ​ទៅ​​សហគមន៍​​និ​​ងអ​ង្គការ​​អន្តរ​​ជាតិ ចុះ​ពិនិត្យ​ស្ថាន​ភាព​​ទាហាន​ខ្មែរ​១៨​នាក់​​ដែល​ថៃ​ចាប់​ខ្លួន

គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​របស់​រដ្ឋាភិបាល បន្ត​​ស្នើ​​ទៅ​​កាន់​​​ស្ថាប័ន​​​ និង​​​អង្គ​ការ​​សិទ្ធិ​​មនុស្ស​​អន្តរ​​​​ជាតិ​​​​មួយ​ចំនួន ដើម្បី​​ជំរុញ​​ឱ្យ​​​មាន​ការ​​ធ្វើ​​ទស្សន​កិច្ច​ និ​​ងអ​ធិការ​​កិច្ច​ជាប​ន្ទាន់​​​ នៅ​កន្លែង​​ឃុំ​ឃាំង​ទាហាន​កម្ពុជាទាំង​១៨​នាក់ ដែលត្រូវ​បាន​ទាហានថៃចាប់ខ្លួន​ទៅមួយសប្តាហ៍​មក​ហើយ នៅមិនទាន់​មាន​ការ​ដោះលែងនៅឡើយ។

នៅថ្ងៃ​ទី​០៤ ខែសីហា ឆ្នាំ​២០២៥ គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បានសេចក្តីសេចក្តីប្រកាស​​​ព័ត៌មាន​មួយ ដោយ​​​លើក​ឡើង​ថា ក្រោយកិច្ចព្រមព្រៀង​ឈប់បាញ់ចូលជាធរមាន​រយៈពេល ៨ម៉ោង នៅថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ២០២៥ ថៃ​បានចល័តទ័ព​ចូលមក​ចាប់​ទាហាន​កម្ពុជា​ចំនួន ២០នាក់ ក្នុង​​បន្ទាយ​កង​ទ័ព​​កម្ពុជា។ ក្រោយមក​នៅថ្ងៃទី​០១ ខែសីហា ទាហានកម្ពុជាចំនួន ២នាក់ ត្រូវ​បាន​ទាហាន​ថៃដោះលែង​មក​វិញ ជាមួយនឹង​ស្ថានភាពបញ្ហា​​​សុខភាព​ធ្ងន់ធ្ងរ។

ករណីនេះ គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ស្នើ​ដល់​​តំណាង​ការិយា​ល័យ​ឧត្តម​ស្នង​ការ​អង្គ​ការ​សហ​ប្រជា​​​ជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍ ប្រធាន​ស្ថាប័ន​សិទ្ធិមនុស្ស​ជាតិ​ឯករាជ្យ​របស់​ប្រទេស​ថៃ តំណាង​ប្រទេស​ថៃ​ប្រចាំ​គណៈ​កម្ម​ការ​អន្តរ​រដ្ឋាភិបាល​អាស៊ាន​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស (អាយឆា) និ​ង​ប្រធាន​ស្ថាប័ន​សិទ្ធិ​មនុស្ស​ជាតិឯ​ករាជ្យ​របស់​ប្រទេស​ម៉ាឡេស៊ី ជួយ​អន្តរាគមន៍ធ្វើទស្សនកិច្ច​បែប​មនុស្ស​ធម៌​នៅ​កន្លែង​ឃុំខ្លួន​ទាហាន​កម្ពុជា​ទាំង​១៨នាក់ និង​ផ្ទៀង​ផ្ទាត់​សុខុមាល​ភាពផ្លូវកាយ​ និ​ងផ្លូវ​ចិត្ត​របស់ទាហាន ព្រមលក្ខខណ្ឌ​ដែល​ពួកគេ​ត្រូវ​បានឃុំខ្លួន។

ក្រៅពីនេះ គណៈកម្មាធិការ​នេះ ក៏បាន​ស្នើ​ឱ្យ​ធានា​ឱ្យ​មានកា​រដោះលែង​​ជា​បន្ទាន់ និ​ងកា​រព្យា​បាល​ស្របតាម​​គោល​ការណ៍​​មនុស្ស​ធម៌ បទដ្ឋាន​អន្តរ​ជាតិ និង​គោលការណ៍អាស៊ាន និង​ជួយ​សម្របសម្រួល​ឱ្យ​មានការ​ទំនាក់​ទំនង​រវាង​ទាហាន​ទាំង​១៨នាក់ និងគ្រួសារ​របស់ពួកនិង​អ្នក​ពាក់ព័ន្ធផ្សេង​ទៀត​ផង​ដែរ។

លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បានសរសេរ​នៅលើ​ទំព័រហ្វេសប៊ុក​របស់​លោក នៅព្រឹក​ថ្ងៃ​ទី​០៥ ខែសីហា​​នេះថា៖ «​ខ្ញុំ​បាន​ជួបស្ថា​ប័នអ​ន្តរជាតិ​មួយ​ដោយ​ខ្ញុំ​សុំ​ឲ្យ​ក្រុម​គាត់​ជួយ​ដល់​យោធិន​ដែល​ថៃ​កំពុង​ឃុំ។ ខ្ញុំ​បាន​ជម្រាប​គាត់​ថា បើ​ចង់​ជួយ​ទាហាន​ខែ្មរ​ទាំង​១៨​រូប សុំ​ចុះ​ទៅ​ជួយ​ភ្លាម​កុំ​បង្អង់ កុំ​ស្តាប់​ការ​បក​ស្រាយ​រប​ស់​ថៃ ពីព្រោះ​ពួក​គេ​ជំនាញ​ខាង​កុហក​ គឺ​កុហក​រាល់​ថ្ងៃ កុហក ១០០០​ដង​ក្នុង​១ថ្ងៃ»។

គួរ​រំឭក​ថា ចាប់​តាំងពីទាហាន​ថៃ​បានបើកការ​បាញ់​ប្រហារ​​មក​លើ​ទាហានកម្ពុជា ​កាលពី​ថ្ងៃ​ទី​២៤​ខែ​​កក្កដា​​មក​ ប្រជា​ព​លរដ្ឋ​​ខ្មែរ​នៅ​គ្រប់​​​ទិសទី គ្រប់​​និន្នាការ​​នយោបាយ​​​ទាំង​នៅ​កម្ពុជា​ ​និ​ង​​នៅ​​​តាម​​បណ្តា​​ប្រទេស​​មួយ​​ចំនួន ​ដូច​​ជា ​សហរដ្ឋ​​អាមេរិក​ កាណាដា បារាំង​ អាល្លឺម៉ង់ ហូឡង់​ អូស្ត្រាលី និង​​កូរ៉េ​​ខាង​​ត្បូង​​ជាដើម ​បាន​​ប្រមូល​​ផ្តុំ​គ្នា​​ដង្ហែ​ក្បួន​​ និង​​ធ្វើ​​​បាតុកម្ម​​ទាម​​ទា​រ​​ឱ្យ​​​ថៃ​​​ បញ្ឈប់​​ការ​រំលោភ​ឈ្លាន​ពាន​មក​​លើបូរណៈ​​ភាពទឹក​ដី​​កម្ពុជា​ និង​​ទាម​​ទារ​​ឱ្យ​​ទាហាន​​​ថៃ ​ដោះ​លែង​​ទាហាន​កម្ពុជា​ដែល​នៅ​សល់​១៨​នាក់​​វិញ។ ការ​តវ៉ា​របស់ប្រជា​ជាតិ​ខ្មែរ​នេះ ​ធ្វើឡើង​ស្របពេល​ដែល​រាជរដ្ឋាភិបាល​កម្ពុជា ​​ក៏​​កំពុង​​ខិត​ខំ​ប្រឹង​​ប្រែង​​ធ្វើ​ការ​​ចរ​ចា​ឱ្យ​បញ្ឈប់​​​បទ​​ឈប់​​បាញ់​​ជា​ស្ថាពរ ​តាម​​រយៈ​​យន្ត​​ការ​​ការ​ទូត​ ​និង​ច្បាប់​​អន្តរ​ជាតិ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ