កម្ពុជា​ថា​ថៃ​គឃ្លើន​រំលោភ​បទ​ឈប់​បាញ់​ធ្វើ​លេណ​ដ្ឋាន​នៅ​តំបន់​អាន​សេះ​ក្នុង​ដី​កម្ពុជា

កម្ពុជា​បាន​អះអាងថា មក​ទល់​ពេ​ល​នេះ ភាគី​ថៃ​កំពុង​ធ្វើ​សកម្មភាព​ដ៏គឃ្លើន រំលោភ​លើប​ទ​ឈប់​បាញ់ និ​​ង​រំលោភ​​បំពាន​បូរណ​ភាព​ទឹក​ដី​កម្ពុជា ដោយ​មិន​ទាន់​រុះ​រើ​លួស​បន្លា​ចេញ​ពី​តំបន់​អាន​សេះ ហើយ​ថែម​ទាំង​ធ្វើ​​លេណ​ដ្ឋា​ន​​នៅ​ទី​នោះ​ទៀ​ត​ផង បើ​ទោះ​​បី​កម្ពុជា​អំពាវ​នាវ​ឱ្យ​រុះ​រើ​ចេញ។

ក្រសួងការពារជាតិកម្ពុជា បាន​និយាយ​លើ​ហ្វេស​ប៊ុក​របស់​ខ្លួន​នៅ​ប៉ុន្មាន​ម៉ោង​មុន​នេះ​ថា បច្ចុប្បន្ន​ភាព​នៃ​ស្ថាន​ភាព​នៅ​ទិស​អាន​សេះ កង​​ទ័ព​ថៃ​បាន​រំលោភ​បំពាន​មក​លើ​បូរណភាព​ទឹក​ដី​កម្ពុជា។

ក្រសួង​បញ្ជាក់​ថា នៅ​វេលា​ម៉ោង ៩:០៩​នាទី គ្រឿង​ច​ក្រ​ថៃ​បាន​បន្ដ​កាយ​ដី ហើយ​នៅ​ម៉ោង ៩:៥០​នាទី មាន​រថយន្ដ​ថៃ ០១​គ្រឿង ដឹក​លេណ​ដ្ឋាន​បេតុង ក្នុង​នោះក​​ង់​ឡាន​និង​លូ (ធ្វើ​រួច) មក​ទម្លាក់​នៅ​មុខ​ប៉ុស្តិ៍​របស់​ខ្លួន ហើយ​នៅវេ​លា​ម៉ោង​៩:៥៣​នាទី កម្លាំង​កង​ទ័ព​ថៃ​បាន​បន្ដ​ជីក​លេណ​ដ្ឋាន។

បើតាមប្រភពដដែល នៅវេលាម៉ោង ១០:៥៥នាទី គ្រឿងចក្រថៃមួយ​គ្រឿង​ទៀត ​បាន​មក​ឈូស​ឆាយ​នៅ​ខាង​ក្រោយ​ប៉ុស្តិ៍​ប៉ូលីស​ចម្ងាយ​ពី​ទីតាំង​កង​ទ័ព​កម្ពុជា​ប្រហែល ១៥​ម៉ែត្រ និង​បន្ដ​ដាក់​លូ និង​កង់​ឡាន​ ចូល​លេណ​ដ្ឋាន។

កម្ពុជាសង្កត់​ធ្ងន់​ថា នេះជាសកម្មភាពដ៏គឃ្លើនរបស់ថៃ ដែល​រំលោភ​លើប​ទ​ឈប់​បាញ់ និង​រំលោភ​បំពាន​បូរណ​ភាព​ទឹក​ដី​កម្ពុជា។ ចាប់​តាំង​ពី​ព្រឹក​​ថ្ងៃ​ទី៥ ខែ​សីហា​នេះ កង​ទ័ព​កម្ពុជា​បាន​ធ្វើ​ទំនាក់​ទំនង​ជាមួយ​កង​ទ័ព​ថៃ ដើម្បី​ឱ្យ​កង​ទ័​ព​ថៃ​រុះ​​រើ​បន្លា​លួស និង​ដក​ចេញ​នូវ​គ្រឿង​ចក្រ​របស់​ខ្លួន​​ជា​បន្ទាន់ ពី​ដែន​អធិប​តេយ្យ​របស់​កម្ពុជា ហើយ​រហូត​មកដល់​ពេល​នេះ មិន​ទាន់​មាន​ការ​រុះ​រើ​នៅ​ឡើយ ហើ​យ​ភាគី​ទាំង​ពីរ​បាន​និង​កំពុង​ពិភាក្សា​គ្នា។

កិច្ច​​ព្រ​ម​​ព្រៀងប​ទ​ឈប់​បាញ់​បាន​ចូល​ជាធ​រមាន​ នៅ​ម៉ោង​១២​យប់​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០២៥ រវាងកម្ពុជា​និង​ថៃ ដែល​បាន​ធ្វើ​ឡើង​នៅ​ប្រទេស​ម៉ាឡេ​ស៊ី ក្រោម​ការ​សម្រប​សម្រួល​ពី​ប្រធាន​អាស៊ាន​ប្តូរ​វេន​នាយក​រដ្ឋ​មន្ត្រី​ម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ដែល​ផ្តួច​ផ្តើម​គំនិត​ដោយ​ប្រធានាធិប​តេយ្យ​អាមេរិក​លោក ដូណាល់ ត្រាំ។

​​កិច្ចព្រមព្រៀងឈ​ប់​បាញ់​បន្ទាន់​នេះ ភាគីទាំងពីរបានឯកភាព​គ្នា​​​​​​លើ​​​​​៣ចំនុច ក្រោម​​​ការ​​​ចូ​​លរួ​​​ម​អ​ង្កេត​​តា​ម​​​ដាន​​​​​ពី​​តំណាង​​មហា​​អំណាច​​​ចិន និង​​សហរដ្ឋ​​អាមេរិក។

ទី​​​​​​​១​​ភាគី​​ទាំង​ពី​​រ បាន​​​ឯកភាព​​​​គ្នាលើ​​ប​​​ទ​ឈប់​​បាញ់​​បន្ទាន់ ដោយឥត​​លក្ខ​ខណ្ឌ ចាប់​​ពី​វេ​លា​​ម៉ោង​​​១​២​យ​ប់​ ថ្ងៃ​ទី​​២៨ ខែ​​កក្កដា ឆ្នាំ​​២០២៥​តទៅ។

ទី២​ រៀ​បចំកិច្ច​ប្រជុំ​ក្រៅ​ផ្លូវ​ការ​​ថ្នា​ក់​​មេ​​បញ្ជាការ​​យោធ​​ភូមិ​ភាគ ខាង​​​ភាគី​​ថៃ យោធ​​ភូមិ​​ភាគ​ទី១ និងទី២ និ​ង​​ភាគី​​កម្ពុជា​ ​យោធភូមិ​​ភាគ​ទី៤ និងទី៥។ នៅ​ថ្ងៃ​ទី២៩ ខែកក្កដា​ បន្ត​រៀប​ចំកិ​ច្ច​ប្រជុំជា​មួយ​បណ្តា​សេ​នា​នុព័ន្ធ និង​​អនុ​ព័ន្ធ​​យោធា ដឹក​​នាំ​ដោ​យ​​ប្រធាន​​អាស៊ាន បើ​​មាន​​ការ​​ឯក​ភាព​ពី​​ភាគី​ទាំ​​ង​ពី​រ ។

​​ទី៣ រៀប​​​ចំ​កិច្ច​​ប្រជុំ​​គណៈ​​កម្មាធិការ​​ព្រំដែន​ទូទៅ (GBC) កម្ពុជា​-ថៃ នៅថ្ងៃ​ទី​៤ ខែ​សីហា ឆ្នាំ​២០២៥ ដែល​​​កម្ពុជានឹង​ធ្វើ​ជាម្ចាស់​ផ្ទះ ប៉ុន្តែពេល​នេះ កិច្ចប្រជុំ(GBC) ត្រូវ​លើក​ទៅធ្វើនៅ​ប្រទេសម៉ាឡេស៊ីវិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ