កិច្ចពិភាក្សាបឋមរវាងមន្ត្រីការពារជាតិប្រទេសកម្ពុជា និងថៃ បានចាប់ផ្តើមកាលពីថ្ងៃចន្ទ នៅប្រទេសម៉ាឡេស៊ី មុនពេលកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីដ៏សំខាន់នៅថ្ងៃព្រហស្បតិ៍ ខណៈបទឈប់បាញ់ដ៏ផុយស្រួយ នៅតែបន្តមានឡើង បន្ទាប់ពីភាគីទាំងពីរបានព្រមព្រៀងបទឈប់បាញ់មួយ។
ប្រភពសារព័ត៌មាន រ៉យទ័រ(Reuters)បានឱ្យដឹងនៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥នេះថា បទឈប់បាញ់ដែលបានកើតឡើងបន្ទាប់ពីមានការប៉ះទង្គិចគ្នា តាមព្រំដែនរយៈពេល ៥ថ្ងៃ រវាងកម្ពុជា និងថៃ បានឈានដល់កិច្ចប្រជុំនៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃចន្ទសប្តាហ៍មុន ដោយមានសហរដ្ឋអាមេរិក និងចិន ជាអ្នកសង្កេតការណ៍ផងដែរ។
ប្រភពបន្តថា បើតាមអាជ្ញាធរទាំងពីរភាគីបាននិយាយថា រដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងពីរ គ្រោងនឹងបើកការប្រជុំនៃគណៈកម្មាធិការព្រំដែនទូទៅ ដើម្បីពិភាក្សាអំពីរបៀបការរក្សាបទឈប់បាញ់។
ការមិនទុកចិត្តគ្នារវាងភាគីប្រទេសជិតខាងទាំងពីរ បានអូសបន្លាយ ទោះបីជាមានការចរចាគ្នាក៏ដោយ ជាមួយគ្នានេះដែរ ក្រសួងការពារជាតិកម្ពុជា បានចោទប្រកាន់ថៃនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បានរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់ និងប្រើឧបករណ៍ជីកដោយដាក់លួសបន្លានៅតំបន់ព្រំដែនដែលមានជម្លោះ។
បន្ថែមពីនេះ ប្រទេសកម្ពុជាក៏បានទាមទារប្រទេសថៃឱ្យដោះលែងទាហានខ្មែរ ដែលថៃបានចាប់ចំនួន ១៨ នាក់ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ប្រទេសថៃ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមនេះត្រូវបានចាត់ទុកថាជា‘‘អ្នកទោសសង្រ្គាម’’ ហើយនឹងត្រូវបានដោះលែងបន្ទាប់ពីការបញ្ចប់ជម្លោះទាំងស្រុង មិនមែនគ្រាន់តែជាបទឈប់បាញ់ប៉ុណ្ណោះទេ៕









