ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ឈប់​ប្រើ​ទំនិញ​ថៃ​ជា​ការ​រួម​ចំណែក​ប្រឆាំង​នឹង​ការ​ឈ្លាន​ពាន

ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន បាន​ធ្វើ​ពហិការ​ឈប់​ប្រើ​ប្រាស់​ទំនិញ​ថៃ ដែល​ថា ដើម្បី​បង្ហាញ​ឆន្ទៈ​ប្រឆាំង​នឹង​ទង្វើ​ឈ្លាន​ពាន​​របស់​ថៃ មក​លើ​កម្ពុជា ដែល​ទង្វើ​ឈ្លាន​ពាន​ថ្មីៗ​នេះ បាន​សម្លាប់​ទាហាន និង​ជន​ស៊ីវិល​កម្ពុជា​ រួម​ទាំង​បំផ្លាញ​ប្រាសាទ​ព្រះ​វិហារ ដែល​ជា​សម្បត្តិ​បេតិក​ភណ្ឌ​ពិភ​ព​លោក។

ជុំវិ​ញប​ញ្ហានេះ សង្គម​ស៊ីវិល​លើក​ឡើង​ថា ការកាត់បន្ថយ ឬ​បញ្ឈប់​ការ​ប្រើ​ប្រាស់​ទំនិញ​របស់​ថៃ ពី​សំ​ណាក់​ពលរដ្ឋ​ខ្មែរ គឺ​ជា​វិធី​ប្រឆាំង​បែប​អហិង្សា និង​ជួយ​លើក​ស្ទួយ​ផលិត​ផល​ក្នុង​ស្រុក ក៏​ប៉ុន្តែ​ថា វិធី​នេះ នឹង​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ អាច​​នឹង​ជួប​​ការ​លំបាក​នៅ​ជំហាន​ដំបូង។

«ទិញ​ទំនិញ​ថៃ ដូច​យក​លុយ​ទៅ​ឱ្យ​ថៃ ទិញ​អាវុធ​មក​ឈ្លាន​ពាន​បូរណ​ភាព​ទឹក​ដី សម្លាប់​ពលរដ្ឋ និង​បំផ្លាញ​សម្បត្តិ​បេតិកភណ្ឌរ​បស់​ខ្មែរ» នេះ​គឺ​ជា​ការ​លើក​ឡើង​របស់​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន ដែល​បាន​ចូល​រួម​ក្នុង​យុទ្ធនា​ការ​បញ្ឈប់​ការ​ទិញ​ទំនិញ និង​ប្រើ​ប្រាស់​ផលិត​ផល​ថៃ ដោយ​ងាក​មក​ប្រើ​ប្រាស់ និង​លើក​ស្ទួយ​ផលិត​ផល​ក្នុង​ស្រុក​វិញ។

និស្សិតសិក្សានៅ​រាជធានី​ភ្នំពេញ កញ្ញា រ័ត្ន សុជាតិ ប្រាប់​វីអូឌី​នៅ​ថ្ងៃទី​៤ ខែ​សីហា​ថា កញ្ញា​កំពុង​ព្យាយាម​ប​ញ្ចៀស​ការ​ទិញ​ផលិត​ផល​ថៃ តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដូច​ជា គ្រឿង​ទេស គ្រឿង​សម្អាង និង​សាប៊ូ​ជាដើម​។

កញ្ញាបន្តថា​ ការ​ចាប់​ផ្ដើម​ពហិការ​ភ្លាមៗ គឺ​ជា​រឿង​ពិបាក ដ្បិត​ផលិត​ផល​ថៃបា​ន​ចាក់​ស្រេះ​ក្នុង​ទីផ្សារ​ស្រុក​ខ្មែរ​រាប់​សិប​ឆ្នាំ​មក​ហើយ ប៉ុន្តែ​កញ្ញា​ថា វា​ក៏​ជាចំណុច​ចាប់​ផ្ដើម ដែល​ធ្វើ​ឱ្យមា​នកា​រ​ផ្លាស់​ប្ដូរ​ក្នុង​សង្គម ជំរុញ​ការ​គាំទ្រ​ផលិត​ផល​ក្នុង​ស្រុក ជាពិសេស​គឺ​ការ​បង្អាក់​ប្រភព​ចំណូល​របស់​ប្រទេស​ថៃ ដែល​ជា​ផ្នែក​មួយ​នៃការ​ទិញ​សព្វា​វុធ​មក​វាយ​ប្រហារ​លើ​ប្រទេស​កម្ពុជា។

កញ្ញា រ័ត្ន សុជាតិ និយាយថា៖«វាពិបាកតែដំបូង​ទេ នៅ​ពេល​ដែល​យើង​បន្សំ​ជាមួយ​វា យើង​ផ្ដាច់​វា​បាន​ទៅ​ វា​អត់​មាន​អី​ពិបាក​ទៀត​ទេ វា​ដូ​ច​ជា​ starter point (ចំណុច​ចាប់​ផ្ដើម) មួយ​សម្រាប់​គ្រប់​យ៉ាង​អ៊ីចឹង តែ​យូរទៅ​វា​លែង​អី​ហើយ ហើយក៏​ច​ង់​លើក​ទឹក​ចិត្ត​ប្រជា​ជន​ទាំង​អស់​ ឱ្យ​ពហិការ​ឈប់​ប្រើ​របស់​ថៃ​ហ្មង។ វា​អត់​មាន​អី​ចំណេញ វា​បាន​លុយ​តែ​ខាង​គេ​ហើយ គេ​យក​លុយ​ហ្នឹង​មក​សម្លាប់​យើង​ទៀត»

ការធ្វើពហិការរបស់ពលរដ្ឋខ្មែរ​លើទំ​និញ​ថៃ​នេះ បាន​កើត​ឡើង​បន្ទាប់​ពី​មាន​ការ​ប៉ះ​ទង្គិច​គ្នារ​វាង​កម្ពុជា និង​ថៃ ដោយ​សារ​កង​ទ័ព​ថៃ បាន​បើក​ការ​ឈ្លាន​ពាន​មក​លើ​កម្ពុជា នៅ​តំបន់​ព្រំដែន​ខេត្ត​ព្រះ​វិហារ និង​ខេត្ត​ឧត្តរ​មាន​ជ័យ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កក្កដា រហូត​មាន​កិច្ច​ព្រម​ព្រៀង​ឈប់​បាញ់ នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា បន្ទាប់ពី​មាន​កិច្ច​ចរចា នៅ​ប្រទេស​ម៉ាឡេ​ស៊ី ដែល​​ជាប្រធាន​ប្ដូរ​វេន​របស់​អាស៊ាន ក្រោម​ការ​សម្រប​សម្រួល​របស់​ប្រទេស​មហា​អំណាច មាន​ដូច​ជា អាមេរិក និង​ចិន ជាដើម។

ទោះជាយ៉ាងនេះក្ដី ព្រឹត្តការណ៍នេះ កង​ទ័ព​ថៃ​បាន​ប្រើ​ប្រាស់​យន្ត​ហោះ​ចម្បាំង​ទំនើបៗ គ្រាប់​បែក​ចង្កោម​ និង​អាវុធ​​គីមី ដូច​ជា​ផ្សែង​ពុល​មក​វាយ​ប្រហារ​លើ​កម្ពុជា នៅ​ទីតាំង​មូល​ដ្ឋាន​ទ័ព ផ្ទះ​សម្បែង​របស់​ពលរដ្ឋ​ សាលា​រៀន វត្ត​អារាម និង​មិន​លើក​លែង សូម្បី​ប្រាសាទ​បុរាណ ដែល​ជា​សម្បត្តិ​បេតិកភ​ណ្ឌពិ​ភព​លោក។

ប្រជាពលរដ្ឋខ្មែរ សង្កេតឃើញថា ការដែលយោធា​ថៃ ប្រើ​ប្រាស់​អាវុធ​ទំនើប មក​ឈ្លាន​ពាន​ខ្មែរ​បែប​នេះ គឺមាន​ការ​រួម​ចំណែក​ពី​ក្រុម​ហ៊ុន​ថៃ​ផងដែ​រ ដែល​ពួក​គេ​បាន​បង់​ពន្ធ​ឱ្យ​រដ្ឋាភិបាល​ថៃ ខណៈ​ក្រុម​ហ៊ុន​របស់​ថៃខ្លះ​ទៀត បាន​ជួយ​ឧបត្ថម្ភ​ដល់​យោធា​ថៃ ដែល​កំពុង​បើក​ប្រតិបត្តិ​ការ​ឈ្លាន​ពាន​កម្ពុជា ទាំង​ដែល​សាខា​អាជីវកម្ម​របស់​ពួក​គេ កំពុង​រក​ស៊ី​នៅ​លើ​ទឹក​ដី​កម្ពុជា​ផ​ង​នោះ។

យ៉ាងណាមិញ ក្រោយបាត់បង់ការគាំទ្រពីអតិថិជនធំ ដែល​ជា​ពលរដ្ឋ​ខ្មែរ នៅ​តាម​បណ្ដា​ហាង​លក់​ទំនិញ​ របស់​ក្រុម​ហ៊ុន​ថៃ​មួយ​ចំនួន មាន​ដូច​ជា ស្ថានីយ​ប្រេង​ឥន្ទនៈ ភីធីធី (PTT) ហាង​កាហ្វេ អាម៉ា​ហ្សូន​ (Amazon) និង​ហាង​លក់​ទំនិញ សេវ៉ិន អ៊ីលីវ៉ិន (7 Eleven)​ជាដើម ហាក់​មាន​ភាព​ស្ងប់​ស្ងាត់​ជាង​មុន។

ប្រឈមនឹងការបាត់បង់អតិថិជននេះ ម្ចាស់អាជីវកម្ម​ដែល​បាន​ទិញ​សិទ្ធិ​​អាជ្ញា​ប័ណ្ណ​ប្រេង​ឥន្ទនៈ​របស់​ក្រុម​ហ៊ុន​ថៃ ភីធីធី ភាគ​ច្រើន បាន​សម្រេច​ចិត្ត​រំលាយ​កិច្ច​សន្យា​តំណាង​ចែក​ចាយ​វិញ និង​បាន​បង្កើត​យីហោ​ថ្មី​ ដែល​មាន​កំរិត​ស្តង់​ដារ​ខ្ពស់។

ចំណែកឯ​ហាង​កាហ្វេអា​ម៉ា​ហ្សូន​វិញ ម្ចាស់​ហាង​មួយ​ចំនួន បាន​ទម្លាក់​ផ្លាក​យីហោ​ក្រុម​ហ៊ុន​ថៃ នេះ​ចោល​ និង​ព្យូរ​ស្លាក​យី​ហោ​ថ្មី​ជំនួស​វិញ ខណៈ​ទំនិញ​ថៃ​ដែល​កំពុង​ដាក់​លក់​នៅ​ក្នុង​ផ្សារ​ទំនើប ត្រូវ​បាន​ម្ចាស់​ហាង​ដាក់​លក់​ឡៃ​ឡុង ដើម្បី​លាង​ស្តុក និង​ជំនួស​មក​វិញ​ដោយ​ផលិត​ផល ដែល​ផលិត​នៅ​ក្នុង​ស្រុក និង​ទំនិញ​នាំ​ចូល​ពី​បរទេស ក្រៅ​ពី​ថៃ។

ក្នុងនោះ អាជីវករលក់ភេសជ្ជៈ​នៅ​ក្រុង​បាត់​ដំបង អ្នកស្រី ស៊ុន ស្រីនិច បាន​ចាត់​ទុក​ការ​ពហិការ លែង​ប្រើ​ប្រាស់​ផលិត​ផល​ថៃ គឺ​ជា​ការ​តប​ត​ដោយ​អហិង្សា​ទៅ​ភាគី​ថៃ ឱ្យ​បញ្ឈប់​ការ​វាត​ទី និង​ប្រើ​ប្រាស់​អាវុធ​មក​បំផ្លាញ​កម្ពុជា​តទៅ​ទៀត។

យ៉ាងណា អ្នកស្រីក៏ចង់ឃើញរដ្ឋាភិបាល និងអ្នកជំនួញ​នៅ​កម្ពុជា បង្កើត​រោង​ចក្រ​សហ​គ្រាស​បង្កើន​ការ​ផលិត​របស់​របរ​ប្រើ​ប្រាស់ និង​ចំណី​អាហារ​ដោយ​ខ្លួន​ឯង ជំនួស​ឱ្យ​ការ​នាំ​ចូល​ពី​ប្រទេស​ជិត​ខាង។

អ្នកស្រី ស៊ុន ស្រីនិច និយាយថា​៖ «ច​ង់​ឱ្យប្រទេស​យើង​ហ្នឹង​ផលិត​ឱ្យ​បាន​ទឹក​ដោះ​គោ​ខាប់ ទឹ​ក​ដោះ​​គោ​ស្រ​ស់​រ​បស់​ខ្មែរ ថា​ទៅ​ភេសជ្ជៈ​គឺ​គ្រឿង​របស់​ខ្មែរ​ទាំង​អស់​បណ្ដោយ ហើយ​ចម្រាញ់​ពី​ផ្លែ​ឈើ​ធ​ម្មជាតិ​រប​ស់​​ខ្មែរ។ យើង​​​​​​ធ្វើខ្លួន​ឯង​ទៅ យើង​ធ្វើ​សិប្បកម្ម យើង​ធ្វើ​ដោយ​ដៃ​ក៏​បាន ប៉ុន្តែ​យើង​ធ្វើ​ដោយ​មាន​គុណ​ភាព មាន​​ស្ត​ង់​ដា​រ​មួយ​​ធ្វើ​ឱ្យ​កើត​ខ្លួន​ឯង មិន​ចាំបាច់​ពឹ​ង​គេទេ​។ ដល់​ពេល​សង្គ្រាម​អ៊ីចឹង វា​ធ្វើ​បាន​យើង​គ្រប់​ច្រក ឈឺ​ចាប់​ដល់​ហើយ»

សន្ទុះនៃការប្រើប្រាស់ទំនិញថៃ របស់​ប្រជា​ពលរដ្ឋ​ខ្មែរ បាន​កើត​ឡើង​បន្ទាប់​ពី​កម្ពុជា ទើប​ចាក​ចេញ​ពី​របប​ខ្មែរ​ក្រហម ដែល​កាល​នោះ​ពលរដ្ឋ​ដែល​រស់​នៅ​ខេត្ត​ជាប់​ព្រំដែន​ថៃ បាន​នាំ​គ្នា​ប្រកប​របរ​រត់​ពន្ធ​ទំនិញ​សំខាន់​ៗ មាន​ដូច​ជា គ្រឿង​ទេស អាហារ​ក្រៀម ថ្មពិល ឱសថ បារី និង​គ្រឿង​អេឡិច​ត្រូនិច​មួយ​ចំនួន ពី​ទឹក​ដី​ថៃ យក​មក​លក់​នៅ​ក្នុង​ស្រុក។

លុះក្រោយមក​ច្រក​ទ្វារ​ការ​នាំ​ចូល​នេះ កាន់​តែ​ធំ​ជាង​មុន បន្ទាប់​ពី​ក្រុម​ឈ្មួញ និង​ក្រុម​ហ៊ុន​ខ្មែរ​មួយ​ចំនួន​ បាន​ទិញ​អាជ្ញា​ប័ណ្ណ និង​នាំ​ចូល និង​ចែក​ចាយ​ទំនិញ​ពី​ប្រទេស​ថៃ កាន់​តែ​ច្រើន មាន​ដូច​ជា ស្រាបៀ ភេសជ្ជៈ យាន​ជំនិះ គ្រឿង​​យន្ត​កសិកម្ម ជី និង​ថ្នាំ​កសិកម្ម គ្រឿង​សំណង់ ប្រភព​ថាមពល និង​គ្រឿង​អេឡិច​ត្រូនិច ជាដើម។

ជុំវិញរឿនេះ ប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជាប្រចាំ​នៅខេ​ត្ត​បន្ទាយ​មាន​ជ័យ លោក ឌិន ពុទ្ធី មាន​ប្រសាស​ន៍ថា​ យុទ្ធនាការ​ឈប់​ប្រើ​ប្រាស់​ទំនិញ​ថៃ របស់​ពលរដ្ឋ​ខ្មែរ​នេះ គឺ​ជា​វិធី​សាស្ត្រ​ឆ្លើយ​តប​ដោ​​យ​អហិង្សា​ផង និង​ចំណេញ​ដល់​សេដ្ឋ​កិច្ច​កម្ពុជា​ផង ដោយ​វិធី​នេះ នឹង​អាច​កាត់​បន្ថយ​ឱន​ភាព​ជញ្ជីង​សេដ្ឋ​​កិច្ច​របស់​កម្ពុជា ជាមួយ​ថៃ និង​ជា​ឱកាស​លើក​ស្ទួយ​ផលិត​ផល​ក្នុង​ស្រុក។ តែ​យ៉ាង​ណា លោក​ថា​ យុទ្ធ​នា​ការ​នេះ និង​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ជួប​ការ​លំបាក​នៅ​ពេល​ដំបូង ប៉ុន្តែ​នឹង​ល្អ​ប្រសើរ​វិញ​នៅ​ពេល​បន្ទាប់។

លោកថា៖«ប៉ុន្តែ​បើ​យើង​មើល​ទិដ្ឋ​ភាព​ជាក់​ស្ដែង ពេល​បិទ​ច្រក​ថ្មីៗ​នេះ យើង​មាន​កា​​រខ្វះ​ខាត​​​ទៅ​​លើ​ទំ​និញ​មួយ​ចំនួន ក៏​ដូច​ជា​តម្រូវ​ការ​ចាំបាច់​ដែល​យើង​ត្រូវ​ប្រើ​ប្រាស់សា​ង​សង់​សំណង់​ផ្សេងៗ​ហ្នឹង។ អ៊ីចឹ​ង​ហើយ​ទំនិញ​ផ្សេងៗ​របស់​ថៃ​ហ្នឹង អាច​ថាមា​ន​គុណភាព​ល្អគួ​រ​សម​ដែរ។ មិន​ល្អណា​ស់​ណា​ទេ ប៉ុន្តែ​​យើ​ង​​អាច​ទទួល​យក​បាន»

កាល​ពីថ្ងៃ​ទី១៦ ខែ​កក្កដា ប្រធាន​ព្រឹទ្ធ​សភា លោក ហ៊ុន សែន បាន​ស្នើឱ្យ​រ​ដ្ឋាភិបាល​កូន​ប្រុស​របស់​លោក​ ពិចារណា ហាម​មិន​ឱ្យ​នាំ​ចូល​ទំនិញ​សំខាន់ៗ​របស់​ថៃ ចំនួន​ពីរ​ប្រភេទ​ធំៗ គឺ​បន្លែ ផ្លើឈើ និង​ប្រេង​ឥ​ន្ធនៈ និង​ឧស្ម័ន​ឥន្ធនៈ ដូច​ជា ប្រេង​សាំង ម៉ាស៊ូត ឧស្ម័ន​រាវ​សម្រាប់​ដុត (LPG និង LNG) ប្រេង​ខ្មៅ និង​ប្រេង​សាំង​យន្ត​ហោះ។

យ៉ាងណាក៏ដោយចុះ ទំនិញថៃ​ផ្សេង​ទៀត បាន​​ប​ន្ត​​នាំ​ចូល​មក​កម្ពុជា​តាម​ច្រក​ព្រំដែន​ប្រទេស​ឡាវ ​​​​​ជា​ប្រ​ភេទ​​ទំនិញ​ដែល​​មិន​ស្ថិត​ក្នុង​បម្រាម​របស់​រដ្ឋាភិបាល​កម្ពុជា ដោយ​ទំនិញ​ថៃ​​ទាំ​ង​នោះ​​​​​មិនត្រូវបា​នដឹ​កជ​ញ្ជូន​ដោ​​​យ​ផ្ទាល់ពី​​​ថៃ​មក​កម្ពុជា​ទេ​ ពោល​គឺ​ត្រូវ​ដឹក​​​ពី​​ថៃ​ចូលទឹ​ក​ដីឡាវ​សិន​​​​ រួច​​ទើប​ដឹក​​ប​ន្ត​​មក​កម្ពុជា តាម​ច្រក​​ទ្វា​​រ​អន្តរជាតិ ត្រពាំង​គ្រៀល-ណង​ណុក​ខៀន នៅ​ព្រំដែន​ខេត្ត​ស្ទឹង​ត្រែង ប្រទេស​កម្ពុជា និង​ខេត្ត​ចំប៉ា​សាក់ ប្រទេស​ឡាវ។

ពលរដ្ឋចំនួន លើកឡើងថា ពួកគាត់មិនរើសអើងជាតិសាសន៍​នោះ​ទេ ក៏​ប៉ុន្តែ​នៅ​ពេល​ដែល​វិវាទ​រឿង​ព្រំ​ដែន​រវាង​កម្ពុជា និង​ថៃ នឹង​បញ្ចប់​ទៅ​ក្នុង​ថ្ងៃ​ណា​មួយ​ក្ដី ក៏​ពួក​គាត់​តាំង​ចិត្ត​ថា នឹង​បន្ត​ជៀស​វាង​ប្រើ​ប្រាស់​ទំនិញ​ថៃ ដើម្បី​គាំទ្រ​ផលិត​ផល​ក្នុង​ស្រុក ដែល​ជា​ផ្នែក​មួយ​នៃកា​រ​ជួយ​ដល់​សេដ្ឋកិច្ច​ជាតិ។ ជាមួយគ្នា​នេះ​ ពួក​គាត់​ក៏​ស្នើ​ឱ្យ​រដ្ឋាភិ​បាល បន្ថយ​សម្ពាធ​នយោបាយ និង​រួប​រួម​ជាតិ ដើម្បី​ទាក់​ទាញ​វិនិយោគ​បរទេស និង​កសាង​សង្គម​ជាតិ​រួម​គ្នា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ