ក្រោយជម្លៀសខ្លួនពីប្រទេសថៃ ទៅដល់ប្រទេសកម្ពុជាវិញដោយសុវត្ថិភាព ពលករខ្មែរនៅតាមបណ្ដាខេត្តមួយចំនួន កំពុងសម្រុកនាំគ្នារកការងារធ្វើ ដោយភាគច្រើនពួកគាត់សំដៅទៅរកការងារសំណង់ សិប្បកម្ម ជាពិសេសគឺវិស័យរោងចក្រ។ ប៉ុន្តែទន្ទឹមនឹងការប្រជ្រៀតគ្នារកការងារធ្វើ អតីតពលករទាំងនោះក៏កំពុងជួបបញ្ហាមួយទៀត គឺគ្មានឯកសារគ្រប់គ្រាន់ដាក់ពាក្យចូលធ្វើការ។
ពលករទើបត្រឡប់ទៅស្រុកកំណើតនៅខេត្តបាត់ដំបង លោក ស្រ៊ី គឹមស្រឿន ប្រាប់វីអូឌីនៅថ្ងៃទី៥ ខែសីហាថា អត្តសញ្ញាណបណ្ណរបស់លោកបានផុតសុពលភាព តែលោកមិនបានយកចិត្តទុកដាក់ ហើយបន្តរស់នៅប្រទេសថៃដល់ទៅ៦ឆ្នាំ។
លោកបន្តថា បច្ចុប្បន្នលោកកំពុងស្វែងរកការងារធ្វើក្នុងផ្នែករោងចក្រ ប៉ុន្តែត្រូវពន្យារពេលដោយសារការធ្វើអត្តសញ្ញាណបណ្ណត្រូវរង់ចាំរយៈពេលមួយខែ។ ពលរដ្ឋរូបនេះស្នើឲ្យអាជ្ញាធរ ពន្លឿនការធ្វើអត្តសញ្ញាណបណ្ណដល់ពលករទើបមកពីប្រទេសថៃ ដើម្បីឱ្យពួកគាត់មានឯកសារគ្រប់គ្រាន់ឆាប់បានចូលធ្វើការ។
លោក ស្រ៊ី គឹមស្រឿន និយាយថា៖ «ចង់ឱ្យគាត់សម្រួលធ្វើឱ្យបានរយៈពេលលឿន ដើម្បីរកការងារធ្វើនៅស្រុកខ្មែរ ព្រោះអីនៅស្រុកខ្មែរចូលធ្វើការ គេត្រូវការអត្តសញ្ញាណបណ្ណ ដល់អ៊ីចឹងចង់ឱ្យគាត់ពន្លឿនបន្តិចបន្តួច ព្រោះដល់មួយខែវារាងយូរដែរ»។
ចាប់តាំងពីប្រទេសកម្ពុជា និងប្រទេសថៃ មានវិវាទព្រំដែនជាមួយគ្នាជាង២ខែ រហូតវិវត្តទៅរកភាពតានតឹងបណ្ដាលឱ្យមានការផ្ទុះអាវុធ ពលរដ្ឋកម្ពុជារាប់សិបម៉ឺននាក់ ដែលកំពុងធ្វើការនៅប្រទេសថៃបានសម្រុកនាំគ្នាត្រឡប់ចូលប្រទេសកំណើតវិញ ដើម្បីសុវត្ថិភាព និងគេចផុតពីការតាមយាយីរាងកាយពីសំណាក់ពលរដ្ឋថៃជ្រុលនិយមមួយចំនួន។
ការត្រឡប់មកវិញយ៉ាងគំហុក បានធ្វើឱ្យគេពួកគេបាត់បង់ការងារ គ្មានប្រាក់ចំណូល ខណៈមួយចំនួនធំជាប់បំណុលធនាគារថែមទៀតផង ដែលតម្រូវឱ្យត្រូវស្វែងរកការងារធ្វើឱ្យបានឆាប់រហ័ស។ ប៉ុន្តែកង្វះឯកសារ ជាពិសេសអត្តសញ្ញាណបណ្ណ បានក្លាយជាបញ្ហាថ្មីមួយបន្ថែមទៀតសម្រាប់ពួកគេ។
ពលករមួយចំនួនលើបណ្ដាញសង្គម បានលើកឡើងព្រោងព្រាតពីសេវាធ្វើអត្តសញ្ញាណបណ្ណ ដែលលឿនរហ័សអាចទទួលបានក្នុងរយៈពេល៧ថ្ងៃ តែតម្រូវឱ្យបង់លុយចំនួន ៦០ម៉ឺនរៀល ឬស្មើនឹង១៥០ដុល្លារ។
ឆ្លើយតបបញ្ហានេះ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅថ្ងៃអង្គារនេះ បានបញ្ជាក់ថា ការធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ គឺមិនតម្រូវឱ្យបង់ប្រាក់ឡើយ ដោយការធ្វើអត្តសញ្ញាណបណ្ណថ្មី សម្រាប់ពលរដ្ឋដែលមានអាយុ១៥ឆ្នាំឡើង តម្រូវឯកសារចំនួនពីរ គឺសំបុត្រកំណើត និងសៀវភៅគ្រួសារ។
ចំណែកអត្តសញ្ញាណបណ្ណដែលហួសសុពលភាព ការស្នើធ្វើថ្មីតម្រូវឱ្យភ្ជាប់ជាមួយអត្តសញ្ញាណបណ្ណចាស់ ករណីមានការផ្លាស់ប្ដូរអាស័យដ្ឋានត្រូវភ្ជាប់ជាមួយនូវសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ។
តាមរយៈការខលសាកសួរព័ត៌មានពីអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ការធ្វើអត្តសញ្ញាណបណ្ណ គឺពុំតម្រូវឱ្យបង់ប្រាក់ឡើយ ដោយត្រូវរង់ចាំរយៈពេល ៥សប្ដាហ៍ ហើយក៏គ្មានសេវាពន្លឿនត្រឹមមួយសប្ដាហ៍នោះដែរ។
ទាក់ទិនរឿងនេះ អ្នកវិភាគនយោបាយ និងសង្គម លោកបណ្ឌិត មាស នី យល់ឃើញថា រដ្ឋាភិបាលតាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ គួរដាក់ចេញផែនការរយៈពេលខ្លី ដើម្បីសម្រួលដល់ពលករទើបមកពីប្រទេសថៃ អាចរកការងារបានធ្វើឆាប់រហ័ស ដោយមិនចាំបាច់តម្រូវឯកសារដូចកម្មករនិយោជិតទូទៅ។
លោក មាស នី ថ្លែងថា៖ «ហើយអាជ្ញាធរ ក៏ត្រូវតែមានការអំពាវនាវដល់សហគ្រាសទាំងនោះ ដើម្បីទទួលយកពួកគាត់ ចំណែកអង្គភាពទទួលបន្ទុកផ្នែកអត្តសញ្ញាណកម្មរបស់ក្រសួងមហាផ្ទៃហ្នឹង គឺត្រូវតែចុះក្នុងការដុតដៃដុតជើង ជួយធ្វើឱ្យគាត់ហ្នឹង បានទទួលនូវអត្តសញ្ញាណបណ្ណហ្នឹង បានឆាប់រហ័ស ព្រោះគាត់មិនអាចចាំដូចដែលក្នុងដំណើរការធម្មតា បើធម្មតាដូចជាជាង២០ថ្ងៃបានៗ ឥឡូវហ្នឹង»។
តាមទិន្នន័យរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ មានពលរដ្ឋខ្មែរជាង ៦១ម៉ឺននាក់ ដែលរស់នៅ និងធ្វើការនៅប្រទេសថៃ បានវិលត្រឡប់មកកម្ពុជាវិញ។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កំពុងធ្វើយុទ្ធនាការផ្សព្វផ្សាយឱកាសការងារដល់ពលករខ្មែរទើបវិលត្រលប់មកពីប្រទេសថៃ នៅតាមឃុំគោលដៅចំនួន៣០០ ដោយគិតត្រឹមថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ក្រសួងមានឱកាសការងារចំនួនជាង២៥ម៉ឺនកន្លែង (២៥០ ៥៨២កន្លែង) នៅទូទាំងប្រទេសសម្រាប់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលករ ដែលទើបវិលត្រឡប់មកពីប្រទេសថៃ៕









