អតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន(Boris Johnson) បាននិយាយថា កាលពីថ្ងៃអង្គារថា តៃវ៉ាន់មិនសមនឹងទទួលបានការគម្រាមដោយប្រទេសចិន និងជំរុញឱ្យលោកខាងលិចកសាងសេដ្ឋកិច្ចនិងទំនាក់ទំនងនយោបាយ ជាមួយក្រុងតៃប៉ិនៅចំពោះមុខក្រុងប៉េកាំង ដែលប្រឆាំងនឹងកោះប្រជាធិបតេយ្យ។
តាមសេចក្តីរាយការណ៍របស់សារព័ត៌មាន(Reuters) នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥នេះថា លោក ចនសុន(Johnson) គឺជាអតីតនាយករដ្ឋមន្ត្រីទី៣អង់គ្លេស ដែលទៅទស្សនកិច្ចនៅតៃវ៉ាន់ បន្ទាប់ពីលោកស្រីលីស ត្រាស់(Liz Truss)នៅក្នុងឆ្នាំ២០២៣ និងលោកស្រី ម៉ាហ្ការ៉េត ថាច់ឆឺ នៅឆ្នាំ១៩៩០ ហើយការធ្វើដំណើររបស់លោកចំពេលដែលអង់គ្លេស និងចិន កំពុងស្វែងរកស្ថេរភាពចំណងមិត្តភាពបន្ថែមទៀត ខណៈដែលលោក គា ស្តាម័រ (Keir Starmer)ត្រូវបានគេរំពឹងទុកថា នឹងធ្វើដំណើរទស្សនកិច្ចនៅក្រុងប៉េកាំងចុងឆ្នាំនេះ។
ប្រភពបន្តថា អង់គ្លេសក៏ដូចប្រទេសភាគច្រើនទៀតដែរ គឺមិនមានទំនាក់ទំនងការទូតជាមួយតៃវ៉ាន់ទេ ប៉ុន្តែរដ្ឋាភិបាលទាំងពីរមានការផ្លាស់ប្តូរសេដ្ឋកិច្ច និងវប្បធម៌ជិតស្និទ្ធ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ក្រុងប៉េកាំងបានបង្កើនយុទ្ធនាការដាក់សម្ពាធយោធា និងផ្នែកការទូតប្រឆាំងតៃវ៉ាន់ រួមទាំងសកម្មភាពយោធាប្រចាំថ្ងៃនៅជិតកោះនេះ ដើម្បីអះអាងទាមទារទឹកដីដែលរដ្ឋាភិបាលក្រុងតៃប៉ិបដិសេធយ៉ាងខ្លាំង។
លោក ចនសុន បានប្រាប់ប្រធានាធិបតី ឡៃ ឈីងតឺ នៅក្នុងក្រុងតៃប៉ិថា ‘‘នៅក្នុងពេលវេលាដ៏លំបាក និង តានតឹងនេះ គឺជាពេលវេលាសម្រាប់បណ្តាប្រទេសលោកខាងលិច ដើម្បីកសាងទំនាក់ទំនងសេដ្ឋកិច្ច និង នយោបាយជាមួយតៃវ៉ាន់ ដោយមិនងាកចេញពីតៃវ៉ាន់ ក្រោមសម្ពាធពីប្រទេសណាមួយឡើយ’’។
នៅក្នុងវេទិការលោក ឡៃ បានប្តេជ្ញាថានឹងកសាង‘‘ខ្សែចង្វាក់ផ្គត់ផ្គង់តាមបែបប្រជាធិបតេយ្យ’’ ជាមួយសម្ព័ន្ធមិត្តដោយធ្វើឱ្យស៊ីជម្រៅសហប្រតិបត្តិការសេដ្ឋកិច្ច ហើយលោកក៏បាននិយាយថា នឹងជំរុញការចំណាយលើវិស័យការពារជាតិតៃវ៉ាន់ឱ្យលើសពី ៣% នៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួននៅឆ្នាំក្រោយ៕









