ជប៉ុន​ថា មិ​ន​បាន​​ផ្តល់​ដ្រូន​​ចម្បាំង​​ដល់​ថៃ អំឡុង​កម្ពុជា​កំពុង​​មាន​​ជម្លោះ​​​ព្រំដែន​​ជាមួយ​​​​ថៃ​

ស្ថានទូតជប៉ុន​ប្រចាំ​នៅកម្ពុជា​​ ច្រាន​​ចោល​​ព័ត៌​មាន​ឬពា​ក្យ​​ចចាម​​អារ៉ាម​​​ដែល​ថា រដ្ឋាភិបាល​ជប៉ុន ​បាន​​ផ្តល់​​ដ្រូន​ចម្បាំង​​ដល់​​ប្រទេស​​ថៃ ហើយ​​ក៏​​មិន​​ដែល​​ទទួល​បាន​សំណើរ​​បែប​នេះ​​ពីប្រទេស​​ថៃ​នោះ​ដែរ ខណៈ​ដែល​ជំនួយ​​របស់​​ប្រទេស​នេះ ត្រូវ​បាន​កំណត់​យ៉ាង​តឹង​រឹង​ចំពោះ​​ផ្នែក​​ដែល​​មិន​ពាក់​ព័ន្ធ​​ដោ​យ​​ផ្ទាល់​ទៅនឹ​ង​​ជម្លោះ​​អន្តរ​​ជាតិ។​

យោងតាមសារ​នៅ​លើទំព័រហ្វេសប៊ុក​របស់​ស្ថាន​ទូតជប៉ុន​ប្រចាំនៅ​កម្ពុជា (Embassy of Japan in Cambodia ស្ថានទូតជប៉ុននៅកម្ពុជា) នៅថ្ងៃទី​០៦ ខែសីហានេះ បាន​លើកឡើង​ថា ថ្មីៗនេះ ស្ថាន​ទូត​ជប៉ុន​ បាន​​ឃើញ​ពាក្យ​ចចាម​អារ៉ាម ឬ​ព័ត៌មា​ន​ដែល​ថា​រដ្ឋាភិបាល​ជប៉ុន​នឹង​ផ្តល់​ដ្រូន​ចម្បាំង​​​​​ដល់​​​ប្រទេស​ថៃ ដែល​​ព័ត៌​មាន​នេះ គឺ​ជា​ព័ត៌មាន​​មិន​ពិត​នោះ​ទេ។

ប្រភពដដែល​បន្តថា៖ «​រដ្ឋាភិបាល​ជប៉ុន ពុំ​ដែល​មាន​គម្រោង​ផ្តល់​គ្រឿង​​យន្ត​បែប​​នេះ​ ដល់​ប្រទេស​​ថៃ ហើយ​​ក៏​មិន​ធ្លាប់​​បាន​ទទួល​​សំណើរ​​បែប​​នេះ​​ពី​​ប្រទេស​ថៃ​ដែរ។ ជំនួ​យរ​បស់​ប្រទេស​ជប៉ុន​ត្រូវ​បាន​កំណត់​យ៉ាង​តឹងរ៉ឹ​ង ​ចំពោះ​ផ្នែក​ដែល​​​​មិន​ពាក់​ព័ន្ធ​ដោយ​ផ្ទាល់​ទៅ​នឹង​ជម្លោះ​អន្តរ​ជាតិ»។

ស្ថានទូតនេះបន្តថា ​រដ្ឋាភិបាល​ជប៉ុន ចាត់​ទុក​ការ​អនុវត្ត​កិច្ច​ព្រម​ព្រៀង​បទ​ឈប់​បាញ់​ រវាង​ប្រទេស​កម្ពុជា និង​​ថៃ និង​ការ​ស្តារ​ឡើង​វិញ​នូវ​សន្តិ​ភាព​ឱ្យ​បាន​ឆាប់ ថា​​មាន​សារៈ​សំខាន់​ខ្លាំងណាស់ ហើយ​សង្ឃឹមថា​ ប្រជាជ​ន​កម្ពុជា​នឹង​អាច​វិល​ទៅ​រក​ជីវភាព​ប្រចាំ​ថ្ងៃ​ដោយ​សុខ​សាន្ត​​នា​ពេល​ឆាប់ៗនេះ។

កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ឯក​អគ្គ​រាជ​ទូតជប៉ុន​ប្រចាំនៅ​កម្ពុជា លោក​ អ៊ូអិ​ណុ និង​អង្គ​ទូត​ផ្សេង​ទៀត ​ក៏បាន​ទៅ​កាន់​កន្លែង​ជម្រក​សម្រាប់​ពលរដ្ឋខេត្តឧត្តរ​មាន​ជ័យ​​ ​​ដែល​បាន​ភៀស​ខ្លួន​​​ចេញ​ពី​តំបន់​ជម្លោះ​​​​ព្រំដែន​កម្ពុជា-ថៃផង​ដែរ។​ នេះបើតាម​ហ្វេសប៊ុករបស់ស្ថានទូត​ជប៉ុន​នៅ​​កម្ពុជា។​

ប្រភពដដែល​បាន​ស្រង់​សម្តី​ លោក ​អ៊ូអិ​ណុ ​ថា លោក​​មាន​ការ​ក្តុកក្តួលក្នុង​ចិត្ត​​ជា​ខ្លាំង ​នៅពេល​​​ដែល​​បាន​ឃើញ​ស្ថាន​​ភាព​លំបាក់​របស់​ពលរដ្ឋ​ភៀស​សឹក និង​ទំហំនៃការ​ខូចខាត​ដោយ​​សារ​ការ​ប៉ះ​ទង្គិច​រវាង​យោធានៃ​ប្រទេស​​ទាំងពីរនេះ និង​ចូលរួមរំលែកទុក្ខ​ចំពោះ​​វិញ្ញាណ​ក្ខន្ធអ្នក​ដែល​បាន​ពលីជី​វិត​ក្នុង​ហេតុ​ការណ៍​នេះ។ លោកសង្ឃឹមថា ស​ន្តិ​ភាព​ពេញ​លេញ​នឹង​ត្រូវ​បាន​ស្ដារ​ឡើង​វិញ​ឱ្យ​បាន​លឿន​បំផុត ហើយ​​រដ្ឋាភិបាល​ជប៉ុន និង​រូបលោក​​​ផ្ទាល់នឹ​ង​ខិត​ខំ​អស់​ពី​សមត្ថ​ភាព ដើម្បី​សម្រេច​បាន​នូវ​ចំណុចនេះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ