តុលាការ​​ខេត្ត​កំព​ង់ស្ពឺ​​​ផ្តន្ទា​​​ទោស​​ឪពុក​​លោក​​ស៊ន តារា ដាក់​ពន្ធនាគារ​​៤ឆ្នាំ

តុលាការ​​ខេត្ត​កំពង់​ស្ពឺ បាន​​សម្រេច​ផ្តន្ទា​ទោស​ លោក សុខ ស៊ុន​ណា​រ៉េត ដែល​ជាឪ​ពុក​​របស់​ លោក ស៊ន តារា អ្នក​អត្ថាធិប្បាយ​​នយោ​បាយ​ ​​ឱ្យ​​​ជាប់​ពន្ធនាគារ ៤ឆ្នាំ ​ពាក់​​​​​​ព័ន្ធ​​​​​នឹង​​​​សំណុំ​​​រឿង «រក្សា​​​​​​ទុក​​​​ដោយ​​ខុស​​​ច្បាប់​​នូវ​​សារ​ធាតុ​​ញៀន»។

លោក សុខ ស៊ុនណារ៉េត ត្រូវ​​បាន​​សមត្ថ​កិច្ច​​​ខេត្ត​​​កំពង់​​ស្ពឺ ចាប់​​ខ្លួន កាល​​​ពី​​ថ្ងៃ​​ទី​​១៣ ខែ​​​វិច្ឆិកា ឆ្នាំ​២០២៤ អំឡុង​​​ពេល​​​មេ​​បញ្ជាការ​​​​ភូមិ​​​ភាគ​​៣ បា​ន​​​ហៅ​​លោក​​ឱ្យ​​ទៅ​​ជួប ហើយ​​​លោក​​​​ត្រូវ​​បាន​​តុលាការ​​​​ខេត្ត​​កំពង់​​ស្ពឺ ចោទ​ប្រកាន់ និង​​​បញ្ជូន​​​​ទៅ​​​​ឃុំ​​ខ្លួន​​​នៅ​​ពន្ធនា​គារ​​​បណ្តោះ​​អា​សន្ន ពាក់​ព័ន្ធ​​​ការ​​រក្សា​​ទុក​​ដោយ​​ខុស​​ច្បាប់​​នូវ​​សារ​ធាតុ​​ញៀន។ នៅថ្ងៃទី០៩​ ខែកក្កដា ឆ្នាំ​២០២៥ តុលាការ​​​​​​​ខេត្ត​កំពង់​ស្ពឺ បាន​បើក​សវនាការ​សួរដេញដោល​លើ​សំណុំរឿង​របស់លោក ហើយ​និង​​ត្រូវប្រកាស​សាល​ក្រម​នៅថ្ងៃ​ទី០៦ ខែសីហានេះ។​

សេចក្តីប្រកាសព័ត៌មាន​របស់​សាលា​ដំបូង​ខេត្តកំពង់ស្ពឺ បានឱ្យ​ដឹងថា នៅថ្ងៃទី០៦ ខែ​សីហា​នេះ ចៅក្រមជំនុំ​ជម្រះ​​បាន​ប្រកាសសាល​ក្រម​ជា​សាធារណៈលើសំណុំរឿង​ព្រហ្មទណ្ឌ ដែល​មាន​ជន​ជាប់ចោទ​ឈ្មោះ សុខ ស៊ុន​ណារ៉េត អាយុ ៦៦ឆ្នាំ ដែលបាន​សម្រេច​ផ្តន្ទា​ទោស​លើ​ពិរុទ្ធ​ជន​រូបនេះ ដាក់​ពន្ធនាគារ​កំណត់​រយៈ​ពេល​ ៤ឆ្នាំ ពីបទ រក្សា​ទុក​ដោយ​ខុស​ច្បាប់​នូវ​សារ​ធាតុ​​ញៀន ប្រព្រឹត្ត​នៅ​ភូមិ​​ដកពរ សង្កាត់​ស្វាយ​ក្រវ៉ាន់ ក្រុង​ច្បារ​មន ខេត្តកំពង់ស្ពឺ តាម​មាត្រា​៤០ និង​៤៨​នៃ​ច្បាប់​ស្តី​ពី​ការ​ត្រួត​ពិនិត្យគ្រឿង​ញៀន​។

លោក ស៊ន សារ៉ាត់ កូនប្រុស​របស់លោក សុខ ស៊ុនណារ៉េត បាន​ចាត់ទុ​កកា​រ​​សម្រេច​​របស់​តុលាការ​នេះថា​ជារឿង​អយុត្តិធម៌សម្រាប់​ឪពុករបស់លោក ដែលជា​មនុស្ស​ស្លូត​ត្រង់ និ​ងគ្មាន​កំហុស។ ករណីនេះ លោកបានស្នើ​យ៉ាងទទូច​​ដល់​តុលាការពិចារណា​ឡើងវិញ ក្នុងការ​ទម្លាក់​បទ​ចោទ និង​ដោះលែងឪពុករបស់​លោកឱ្យ​មាន​សេរីភាពវិញ។

លោកថា៖ «ខ្ញុំគិតថា នេះគឺជា​រឿង​ដ៏អយុត្តិធម៌ខ្លាំ​ង​បំផុតសម្រាប់គាត់ ដែលជា​ជន​ស្លូត​ត្រង់ និ​ង​មិន​​បាន​ប្រព្រឹត្តកំ​ហុស​ដូច​ការ​ចោទប្រកាន់​។ ទោះជា​យ៉ាង​ណា យើង​នៅតែ​ទទូច​ស្នើ​ឱ្យ​ទម្លាក់​​បទ​ចោទ ​ប្រឆាំង​នឹង​រូបគាត់ ហើយ​ទទូច​ឱ្យ​មាន​ការ​​ដោះ​លែង​​​ និង​​ផ្តល់​​សេរីភាព​​ដល់​គាត់​​ឡើង​​វិញ»។

លោក ស៊ន តារា បាន​ផុសនៅលើ​បណ្តាញ​សង្គមហ្វេសប៊ុក​របស់​លោក​នៅថ្ងៃពុធនេះថា ​ឪពុក​​របស់​​លោក ​ជា​ជន​ស្លូត​ត្រង់ គ្មាន​កំហុស និ​ង​​បម្រើ​ជាតិ បែរ​ជា​ត្រូវជាប់​ពន្ធ​នាគារ​ដល់​ទៅ​​ ៤ឆ្នាំ។ លោកបាន​ប្រៀបធៀប​​ករណី​​ផ្តន្ទា​ទោស​​​ឪពុក​​របស់​​លោក​​​​ដាក់​ពន្ធនាគារ ទៅនឹង​ករណី​ទាហាន​​ថៃ​ចាប់​ទាហានខ្មែរ ១៨នាក់ ​​ជា​ចំណាប់ខ្មាំង ដែលជា​ការ​បំបាក់ទឹក​ចិត្ត​កង​ទ័ព។​

លោក​បាន​សរសេរបន្ថែមថា៖ «សូមជាតិ​និង​អន្តរ​ជាតិ អន្តរាគមន៍​ដើម្បី​ដោះ​លែង​ទាហាន​ខ្មែរ​១៨​នាក់​​ដែល​ថៃ​ចាប់ និង​ឪពុក​របស់​ខ្ញុំ»។

មន្ត្រីអង្កេតជាន់ខ្ពស់​នៃ​សមាគម​ការ​ពារ​សិទ្ធិ​មនុស្ស​អាដ​ហុក លោក យី សុខសាន្ត ដែលតាម​​សំណុំរឿង​នេះ យល់ឃើញ​​​ស្រដៀង​គ្នា​​នេះ​​ថា ការផ្តន្ទាទោស​លោក សុខ ស៊ុនណារ៉េត ដាក់​ពន្ធនាគារ ៤ឆ្នាំ និង​ដកហូតរថយន្ត​មួយគ្រឿង​ និង​ទូរស័ព្ទ​មួយគ្រឿង ពីសំណាក់តុលាការ​នេះ ជា​រឿងអយុត្តិធម៌​សម្រាប់គាត់ ដែល​តុលាការ​គួរ​ពិចារណា​ឡើង​វិញទៅលើសេចក្តីសម្រេច​នេះ។​

លោកថា៖ «ភស្តុតាងខ្លះ ដែលចោទប្រកាន់​គាត់ ហេតុអីពីមុនមិន​ចាត់ការតាម​ផ្លូវ​ច្បាប់​មក​លើ​គាត់​​ ហើយ​នៅ​ពេល​ដែល​​​ចោទ​ប្រកាន់​គាត់​​ថា​តើ​​​សាវតា​​ឪពុក​​លោក ស៊ន តារា ហ្នឹង​គាត់​ជា​អ្នក​ជួញ​ដូរ​គ្រឿង​ញៀន​ ផលិត​គ្រឿង​ញៀន ឬ​មួយ​ក៏​ជាអ្នក​ចែក​​ចាយ​​​គ្រឿ​ងញៀន ហើយ​អ្វី​ដែល​ជាភស្តុតាងដែល​ដាក់បន្ទុកគាត់នេះ បើតាម គាត់ទទួល​​ស្គាល់​ថា​នៅក្នុង​ឡាន​គាត់​​ ប៉ុន្តែ​​គាត់​ថា​មិនមែន​ជា​របស់គាត់​ នេះគួរតែ​ពិចារណា​ទៅលើ​ការ​សម្រេច​ក្តី»។

លោក សុខ ស៊ុនណារ៉េត កន្លង​មក ក៏​ធ្លាប់​​​បា​ន​​​​ប្រាប់​​តុលាការ​​ថា លោក​​​ជា​​​​មនុស្ស​​ស្អាត​ស្អំ ដោយ​​​​​​​មិន​​​​បាន​​​រក្សា​ទុក​​សារធាតុ​ញៀន​​នោះ​ទេ ស្រប​ពេល​លោក​ជា​អតីត​យោធិន ចូល​បម្រើ​ការងារ​ជូន​ជាតិ​ដោយ​ភក្ដីភាព ស្ទើរ​ពេញ​មួយ​ជីវិត ដោយ​បន្សល់​ទុក​នូវ​​​ស្នាមរបួស និង​ជំងឺ​រ៉ាំរ៉ៃ​មក​ទល់​សព្វថ្ងៃ។

ជុំវិញករណីនេះ ​អ្នក​​​នយោ​​​បាយ​​​​​​​នៅ​​​​​ក្រៅប្រទេស មាន​​​ប្រតិ​កម្ម​ជា​​ហូរហែថា ការ​​ចាប់​​​ខ្លួន​​លោក ណារ៉េត ជា​​​យុទ្ធ​​សាស្ត្រ​​ថ្មី​​​របស់​​​ត្រកូល​​ហ៊ុន ដែល​ចង់​​​បំបិទ​​​​​មាត់​​​សំឡេង​​​រិះ​​​គន់ ស្របពេល​​ដែលកូន​របស់​លោក ណារ៉េត គឺ​​​លោក ស៊ន តារា ជា​អ្នក​អធិប្បាយ​​​នយោបាយ​ដ៏​លេច​ធ្លោ​​មួយរូប​​នៅ​លើ​​បណ្តាញ​សង្គម ដែល​​តែង​រិះ​គន់​មិន​សំចៃពី​សកម្ម​​​ភាព​រដ្ឋាភិបាល​កម្ពុជា។

ក្រុម​អ្នក​នយោ​បាយ​ប្រឆាំង​រស់​នៅ​ក្រៅ​ប្រទេស យល់​​ថា ការ​ចាប់​ខ្លួន​លោក សុខ ស៊ុន​ណារ៉េត គឺ​​ជា​រឿង​នយោ​បាយ​សុទ្ធ​សាទ។ ក៏​ប៉ុន្តែ​បក្ស​កាន់​អំណាច បាន​បញ្ជាក់​ថា ការ​ចាប់​ខ្លួន​ធ្វើ​ឡើង​​​ដោយ​ផ្អែក​លើបទ​ល្មើស​ជាក់​ស្តែង ដែល​នៅ​​ក្នុង​​នោះ លោក សុខ ស៊ុន​ណារ៉េត ត្រូវ​បាន​រក​​ឃើញ​​ថា មាន​រក្សា​ទុក​​ដោយខុស​ច្បាប់នូវ​សារធាតុ​ញៀន។

ចំណែក ​ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា ហៅ​កាត់​ថា CAT បាន​ចេញសេច​ក្តី​ថ្លែង​ការណ៍​មួយ កាលពីចុង​​​​ខែវិច្ឆិកា ឆ្នាំ​២០២៤​ ដោយ​ចាត់​ទុក​សកម្មភាព​របស់​រដ្ឋាភិ​បាល និង​ប្រធាន​រដ្ឋ​សភា​ ទៅលើ​ឪ​ពុក​លោក​ ស៊ន តារា ថា​​ជា​ការ​បំបិត​​សំឡេង​អ្នក​ដែល​ហ៊ាន​​រិះ​គន់​ចំពោះ​ការ់​ដឹក​នាំ​របស់​ខ្លួន។ ករណី​នេះ ក្រុម​អ្នក​តស៊ូ​​មតិ​​កម្ពុជា បាន​​អំពាវ​នាវ​ឱ្យ​មាន​ការ​ដោះ​លែង​ឪពុក​លោក ស៊ន តារា ឱ្យ​មាន​សេរីភាព​វិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ