ក្រសួងថា​ស្ថានភាព​ព្រំដែន​ស្ងប់​ស្ងាត់​ទោះ​មាន​ការ​ផ្សាយ​ថា​ថៃ​រាយ​លួស​បន្លា​ថ្មី​នៅ​តំបន់​អាន​សេះ

ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា អះ​អាង​ថា ស្ថាន​ភាព​នៅ​ព្រំដែន​មាន​ភាព​ស្ងប់​ស្ងាត់ ស្ថិត​ក្រោម​ការ​ការ​ពារ​ឃ្លាំ​មើល​យ៉ាង​តឹង​រឹង​ ពី​សំណាក់​កង​ទ័ព​កម្ពុជា ខណៈ​​​សារ​ព័ត៌​មាន​ក្នុង​ស្រុក​មួយ​ចំនួន​រាយ​ការណ៍​ថា យោធា​ថៃ​​បាន​រាយ​លួស​បន្លា​ជា​ថ្មី​ទៀត នៅ​តំបន់​អា​ន​សេះ ក្រោយ​កម្ពុជា​រុះ​រើ​យក​ចេញ​ម្តង​រួច​ហើយ។

ក្នុងសន្និសីទសារព័ត៌​មាន​នៅ​ថ្ងៃទី​៦ ខែ​សីហា​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​ពារ​ជាតិ​ អ្នក​ស្រី ម៉ាលី សុជាតា ឱ្យ​ដឹង​ថា ស្ថាន​ភាព​ព្រំដែន​កម្ពុជា-ថៃ មាន​សភាព​ស្ងប់​ស្ងាត់ ដោយ​ឡែក​នៅ​តំបន់​អាន​សេះ​វិញ ក្រោយ​ពេល​ថៃដក​បន្លា​លួស ពេល​នេះ​កំពុង​ស្ថិត​នៅ​ក្រោម​ការ​ឃ្លាំ​មើល​យ៉ាង​យក​ចិត្ត​ទុក​ដាក់​របស់​ភាគី​កម្ពុជា។

យ៉ាងណា អ្នក​ស្រី​មិន​បាន​ឆ្លើយ​តប​ចំពោះ​ការ​ចុះផ្សា​យ​ថា យោធា​ថៃ​បាន​រាយ​បន្លា​លួស​ជា​ថ្មីម្តង​ទៀត នៅ​តំបន់​អាន​សេះ នា​ព្រឹក​ថ្ងៃ​ទី៦ ខែ​សីហា​នេះ​នោះ​ទេ។

អ្នកស្រីថា៖ «ចំពោះស្ថានភាពនៅតំបន់​អាន​សេះ កំពុ​ង​ស្ថិត​នៅ​ក្រោម​ការ​ឃ្លាំមើ​ល ដោយ​ប្រុង​ប្រយ័ត្ន​ខ្ពស់​បំផុត​ដោយ​កង​កម្លាំង​កម្ពុជា ដើម្បី​ពង្រឹង​ការ​អនុវត្ត​តាម​ស្មារតី​បទ​ឈប់​បាញ់ ដែល​កម្ពុជា​គោរព​យ៉ាង​ម៉ឺង​ម៉ាត់​បំផុត ក្នុង​ការ​អនុ​វត្ត​បទ​ឈប់​បាញ់ ដែល​បាន​ឯកភាព​គ្នា​នៅ​ទីក្រុង​ពុត្រា​ចាយ៉ា នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី កាល​ពី​ថ្ងៃទី​២៨ ខែ​សីហា ឆ្នាំ២០២៥​»។

សារ​ព័ត៌មានក្នុងស្រុកមួយចំនួន​សិ្នទ្ធិ​នឹង​រដ្ឋាភិ​បាល រួម​មាន ទូរទស្សន៍ CNC និង​សារព័ត៌​មាន​ដើម​អម្ពិល​ បាន​រាយ​ការណ៍​ថា យោធា​ថៃ បាន​រាយ​បន្លា​លួស នៅ​តំបន់​អាន​សេះ ជា​ថ្មី​ម្តងទៀត នា​ព្រឹក​ថ្ងៃទី​៦ ខែ​សីហា​នេះ។

កាលពីថ្ងៃទី៤ ខែសីហា យោធា​ថៃ​បាន​រាយ​លួស​​បន្លា​​​​នៅ​តំ​បន់​​អាន​​សេះ តែ​ត្រូវ​ក្រសួង​ការ​ពារ​ជាតិ​ បញ្ជាក់​ថា បា​ន​រុះ​រើ​វិញ​នៅរសៀល​ថ្ងៃ​ទី​៥ ខែ​សីហា ឆ្នាំ​២០២៥ ក្រោយ​ពី​យោធា​កម្ពុជា​ និង​ភាគី​ថៃ​ប្រចាំ​ការ​នៅតំ​បន់​អាន​សេះ បាន​ជួប​ពិភាក្សា និង​ចរចា​គ្នា​រួច​មក។

យ៉ាងណា ជម្លោះព្រំ​ដែន​កម្ពុជា​ថៃនេះ​ ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា បញ្ជាក់​ថា ចំនួន​ជន​ភៀសសឹក គិត​ត្រឹម​ថ្ងៃ​ទី៤ ខែ​សីហា ឆ្នាំ​២០២៥ មាន​សរុប​ចំនួ​ន​ជាង​១២​ម៉ឺន​នាក់ ដែល​មក​ពី​ខេត្ត​ឧត្តរ​មាន​ជ័យ ខេត្ត​ព្រះ​វិហារ ខេត្ត​បន្ទាយ​មាន​ជ័យ ខេត្ត​ពោធិ៍​សាត់ និង​ខេត្ត​សៀម​រាប។

ក្នុងនោះខេត្ត​ព្រះវិហារ​នាំមុ​ខ​គេ មាន​ជន​ភៀស​សឹក​ចំនួន​ជាង​ ៤ម៉ឺន​២ពាន់​នាក់​ (៤២ ០១៦  នាក់) តាម​ពី​ក្រោយ​ដោយ​ខេត្ត​សៀម​រាប មាន​ជាង​៣ម៉ឺន​៩ពាន់​នាក់​(៣៩ ៤៨៦ នាក់) រីឯ​ខេត្ត​ឧត្តរ​មាន​ជ័យ​មាន​ជាង​ ៣ម៉ឺន​៤ពាន់​នាក់​(៣៤ ០២៧នាក់)៕ 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ