ថៃ​ប្រឈម​ការ​ខាត​បង់​ប្រាក់​ជិត​២ពាន់​លាន​ដុល្លារ​ក្នុង​ពាណិជ្ជ​​កម្ម​ជាមួយ​កម្ពុជា​ក្រោម​ជម្លោះ​អូស​បន្លាយ

ថៃ​ប្រឈម​មុខ​នឹង​ការ​ខាត​បង់​ចំនួន ១.៨៥​ពាន់​លាន​ដុល្លារ ក្នុង​ពាណិជ្ជ​កម្ម​ជាមួយ​ប្រទេស​កម្ពុជា ក្នុង​ឆ្នាំ​នេះ លុះ​ត្រា​តែ​ភាគី​ទាំង​ពីរ​ឈាន​ដល់​ដំណោះ​ស្រាយ​យូរ​អង្វែង​ចំពោះ​​ជម្លោះ បើ​តាម​ការ​ប៉ាន់​ស្មាន​របស់​រដ្ឋាភិបាល​ថៃ ខណៈ​ភាគី​ទាំង​ពីរ​រៀប​ចំ​ជំនួយ​សម្រាប់​អ្នក​ដែល​រង​ផល​ប៉ះពាល់​ដោយ​ផ្ទាល់​ពី​ការ​ប្រយុទ្ធ​គ្នា។

បើ​តាម​ប្រភព​នីគី​អេស៊ា​(Nikkie Asia)បានឱ្យដឹងនៅថ្ងៃទី​០៦ ខែ​សី​ហា ឆ្នាំ​២០២៥​ថា គណៈ​រដ្ឋ​មន្ត្រី​ថៃ​កាល​ពី​ថ្ងៃអង្គារ បាន​អនុម័ត​គម្រោង​ផែន​ការ​ផ្តល់​សំណង​ចំនួន​ ១០​លាន​បាត​ ដែល​ស្មើ​នឹង ៣០៩ ០០០ដុល្លារ ដល់​​គ្រួសារ​ទាហាន​នីមួយៗ ដែល​បាន​ស្លាប់​ក្នុង​ជម្លោះ ក៏​ដូច​ជា ៨លាន​បាត​ដល់​គ្រួសារ​ជន​ស៊ី​វិលដែល​បាន​ស្លាប់។

ប្រភព​បន្ត​ថា ភាគី​កម្ពុជា​ក៏​រង​ការ​ខូច​ខាត​ធ្ងន់​ធ្ងរ​ផង​​ដែរ លោក​នាយករ​ដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត បាន​អំពាវ​នាវ​ដល់​ស្ថាប័ន​ហិរញ្ញ​វត្ថុ​ថា ‘‘ជួយ​សម្រាល​បន្ទុក​ហិរញ្ញ​វត្ថុ​កង​ប្រដាប់​អាវុធ​របស់​យើង​​អ្នក​​ដែល​សកម្ម ក្នុង​ប្រតិ​បត្តិ​ការ​ការ​ពារ​ដែន​បូរណ​ភាព​ទឹក​ដី​របស់​យើង ​ក៏​ដូច​គ្រួសារ​ដែល​អ្នក​ស្លាប់ រង​របួស និង​ជន​ស៊ីវិល​ដែល​ភៀស​ខ្លួន​ដោយ​សារ​​ជម្លោះ’’។

យោងតាមក្រសួងពាណិជ្ជកម្មថៃ ការនាំចេញរបស់ប្រទេសថៃ​ទៅ​កម្ពុជា មាន​តម្លៃ​ប្រហែល​ចំនួន ៩.២ ពាន់​លាន​ដុល្លារ​កាល​ពី​ឆ្នាំ​មុន ហើយ​បាន​កើន​ឡើង​ប្រហែល​ ១៣​ដង ក្នុង​រយៈ​ពេល ២០​ឆ្នាំ។ យោង​តាមប្រភព​រដ្ឋាភិបាល​ថៃ កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​ថៃ បាន​ជំរុញ​ឱ្យ​​សេដ្ឋកិច្ច​មាន​ការ​កើន​ឡើង ប៉ុន្តែ​ប្រជា​ជាតិ​នេះ​នឹង​ខាត​បង់​ចំនួន ១.៨៥​ពាន់​លាន​ដុល្លារ ក្នុង​ការ​នាំ​ចូល​ទៅ​ប្រទេស​កម្ពុជា ប្រសិន​បើ​ព្រំដែន​នៅ​តែ​បន្ត​បិទ​រហូត​ដល់​ដំណាច់​ឆ្នាំ។

បន្ថែមពីនេះ ការនាំចេញដែលមានហានិភ័យសំខា​ន់ៗ រួម​មាន រថយន្ត គ្រឿង​បន្លាស់​រថយន្ត គ្រឿង​ម៉ាស៊ីន​ និង​អាហារ​​ស្រស់ៗ​ ដូច​ជា​ ផ្លែឈើ និង​ទឹក​ដោះ​គោ។ ប្រទេស​កម្ពុជា ក៏​កំពុង​រឹត​បន្តឹង​​ការ​នាំចូល​ប្រេង​ផលិត​ដោយ​ថៃ​ និង​ប្រេង​ឥន្ធនៈ​ផ្សេង​ទៀត ហើយ​ថៃ​គឺ​ជា​ដៃគូ​ពាណិជ្ជ​កម្ម​ធំ​ទី​បួន​របស់​ប្រទេស​កម្ពុជា។

លើសពីនេះ ក្រុមហ៊ុន​អែន​អេក្ស​ខេស្រ្ពីង (NHK Spring)​ ដែល​ជា​ក្រុម​ហ៊ុន​ផ្គត់​ផ្គង់​គ្រឿង​បន្លាស់​រថយន្ត​ជប៉ុន​មាន​ទីតាំង​នៅ​ក្នុង​ប៉ោយ​ប៉ែត​ ប្រទេស​កម្ពុជា​ជិត​ព្រំដែន​ថៃ។ ក្រុម​ហ៊ុន​នេះ នឹង​ពិចារណា​ប្តូរ​ការ​ដឹក​ជញ្ជូន​តាម​សមុទ្រ​សម្រាប់​ការ​ផ្គត់​ផ្គង់​របស់​ខ្លួន​ទៅ​ប្រទេស​ថៃ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ