ខណៈមានបទឈប់បាញ់ក្រោមយន្តការអាស៊ាន និងការផ្តួចផ្តើមគំនិតដោយប្រធានាធិបតេយ្យអាមេរិក លោក ដូណាល់ ត្រាំ ជំរុញឱ្យមានការលើកឡើងថា កម្ពុជាជាប្រទេសតូច ពលរដ្ឋតិច សេដ្ឋកិច្ចទន់ក្រោយ កម្ពុជាត្រូវពឹងផ្អែកលើសហគមន៍អន្តរជាតិ ដើម្បីជួយទប់ទល់ទៅនឹងសត្រូវឈ្លានពានទាំងខាងលិចនិងខាងកើត។
ពួកគេថា ការណ៍នេះ មេដឹកនាំខ្មែរ មិនអាចបំភ្លេចស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងនៅតែបន្តបដិសេធអនុសាសន៍របស់សហគមន៍អន្តរជាតិ ដែលចង់ឃើញកម្ពុជាវិលទៅស្តារប្រជាធិបតេយ្យ ដើម្បីបំពេញកាតព្វកិច្ចតបតាមរដ្ឋធម្មនុញ្ញ និងបំណងអន្តរជាតិនោះបានទេ។
ការលើកឡើងនេះ ក្រោយពីភាគីថៃក្នុងរយៈពេល២ថ្ងៃជាប់គ្នានេះ ពោលគឺចាប់ពីថ្ងៃទី៤ខែសីហា បានធ្វើសកម្មភាពបំពានដែនអធិបតេយ្យកម្ពុជា ដោយប្រើគ្រឿងចក្រ និងរាយបន្លាលួស ហ៊ុំព័ទ្ធចូលដីខ្មែរនៅច្រកអានសេះ ខេត្តព្រះវិហារ និងទីតាំងមួយចំនួនទៀត ដោយជោគជ័យ។
តែយ៉ាងណា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា អ្នកស្រី ម៉ាលី សុជាតា ថ្លែងក្នុងសន្និសីទកាសែតនៅថ្ងៃទី៦ ខែសីហានេះថា ទាហានកម្ពុជាបានរុះរើបន្លាលួសចេញពីច្រកអានសេះហើយ កាលពីថ្ងៃទី៥ខែសីហា។
អ្នកស្រីអះអាងថា ក្រោយរុះរើបន្លាលួសរួច ស្ថានភាពនៅច្រកអានសេះខេត្តព្រះវិហារ ស្ថិតក្នុងសភាពស្ងប់ស្ងាត់ ប៉ុន្តែទាហានកម្ពុជាមានប្រុងប្រយ័ត្នជានិច្ច ក្នុងការទប់ទល់ទៅនឹងសត្រូវឈ្លានពានទឹកដី។
អ្នកស្រីថា៖ «ចំពោះស្ថានភាពនៅតំបន់អានសេះ កំពុងស្ថិតនៅក្រោមការឃ្លាំមើល ដោយប្រុងប្រយ័ត្នខ្ពស់បំផុតដោយកងកម្លាំងកម្ពុជា ដើម្បីពង្រឹងការអនុវត្តតាមស្មារតីបទឈប់បាញ់ ដែលកម្ពុជាគោរពយ៉ាងម៉ឺងម៉ាត់បំផុតក្នុងការអនុវត្តបទឈប់បាញ់ ដែលបានឯកភាពគ្នានៅទីក្រុងពុត្រាចាយ៉ា នៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥»។
ជុំវិញបញ្ហានេះ តំណាងរាស្រ្តបក្សសង្រ្គោះជាតិ លោក សួន សូរីដា ប្រាប់VODនៅថ្ងៃទី៦ ខែសីហានេះថា មេរៀនសង្រ្គាមរយៈពេល៥ថ្ងៃនេះ កម្ពុជាគួរមើលឃើញនូវភាពចំបាច់ និងសារៈសំខាន់របស់អន្តរជាតិ។
ក្នុងន័យនេះ លោកពន្យល់ថា បើគ្មានការចូលរួមបង្កើតឱ្យមានបទឈប់បាញ់ពីសហគមន៍អន្តរជាតិ ដូចជា សហរដ្ឋអាមេរិក ចិន និងប្រធានអាស៊ានទេ កម្ពុជាអាចប្រឈមនឹងគ្រោះថ្នាក់ខ្លាំង ខណៈថៃជាប្រទេសជឿនលឿននិងធំជាងកម្ពុជា ទាំងវិស័យយោធា សព្វាវុធ សេដ្ឋកិច្ច និងប្រជាជន។
ម្យ៉ាងវិញទៀត លោកថា កម្ពុជាចាំបាច់ណាស់ត្រូវការសហគមន៍អន្តរជាតិ បណ្តាប្រទេសជឿនលឿនដូចជា សហរដ្ឋអាមេរិក ប៉ារាំង ជប៉ុន អូស្រ្តាលី អង់គ្លេស និងសមាជិកអាស៊ានមួយចំនួនទៀត ដើម្បីជួយកម្ពុជា។
លោកសង្កត់ធ្ងន់ថា ដើម្បីឱ្យអន្តរជាតិបន្តជួយកម្ពុជា និងមានទំនុកចិត្តលើកម្ពុជា មេដឹកនាំចាំបាច់ណាស់ត្រូវតែស្តារសិទ្ធិមនុស្ស ប្រជាធិបតេយ្យ ដោះលែងអ្នកទោសនយោបាយ ទើបគេទុកចិត្តកម្ពុជា។
លោកថា៖ «អ្វីដែលយើងចង់ឲ្យអាមេរិកដឹងថាយើងនិយាយដោយស្មោះត្រង់ទី១ គឺយើងត្រូវចាត់ទុកអាមេរិកជាមិត្ត ព្រោះឥឡូវក្រោយពីសង្គ្រាមនេះ មកយើងយល់ឃើញថា ម្នាក់ៗចាត់ទុកថាមានតែអាមេរិកទេ ជាមិត្តរបស់យើង ប៉ុន្តែអាការចោទលោក កឹម សុខា ដែលអាមេរិកនៅពីក្រោយខ្នង ក្នុងការផ្ដួលរំលំរដ្ឋាភិបាលនៅតែបន្ត អ៊ីចឹងមានន័យថា អ្វីដែលរដ្ឋាភិបាលនិយាយហ្នឹង គ្រាន់តែជាពាក្យបោកប្រាស់ប៉ុណ្ណោះ អាហ្នឹងអ៊ីចឹង ដើម្បីឲ្យវាក្លាយជាការពិតជំហានដំបូង គឺត្រូវទម្លាក់ចោលការចោទប្រកាន់ទៅលើ លោក កឹម សុខានោះមានន័យថា រដ្ឋាភិបាលបានបង្ហាញនូវភាពស្មោះត្រង់ជាមួយអាមេរិកហើយអាហ្នឹងអ៊ីចឹង។ រឿងទី២ដូចខ្ញុំបានជម្រាបឱ្យដោះលែងអ្នកទោសនយោបាយ សកម្មជនបរិស្ថាន សង្គមផ្សេងៗ ហើយងាកមកគោរពសិទ្ធិមនុស្ស និងគោរពលទ្ធិប្រជាធិបតេយ្យ តាមរយៈការបើកពីមានការប្រកួតប្រជែងដោយសេរីរៀបចំឲ្យមានការបោះឆ្នោតដោយយុត្តិធម៌ និងត្រឹមត្រូវ អាហ្នឹងឯងគឺជាអ្វីដែលសហរដ្ឋអាមេរិកចង់បាន»។
ប្រហែលគ្នានេះដែរ អ្នកតាមដានភូមិសាស្ត្រនយោបាយនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក លោក សេង វណ្ណលី និយាយថា កត្តាចាំបាច់ដែលកម្ពុជាត្រូវតែធ្វើឱ្យអន្តរជាតិឃើញ គឺដោះលែងអ្នកទោសមនសិកា ស្តារប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្ស។
លោកយល់ថា សង្រ្គាមឈ្លានពានរយៈពេល៥ថ្ងៃនេះ ជាមេរៀនសម្រាប់កម្ពុជាថា សហគមន៍អន្តរជាតិដើរតួនាទីយ៉ាងសំខាន់ សម្រាប់ដោះស្រាយជម្លោះព្រំដែន និងជួយសង្រ្គោះអាយុជីវិតពលរដ្ឋរាប់ម៉ឺននាក់។
លោកបន្តថា កម្ពុជាមិនអាចអត់សហគមន៍អន្តរជាតិ និងបណ្តាប្រទេសជឿនលឿន ដូចជា សហរដ្ឋអាមេរិក ចិន ប៉ារាំង អង់គ្លេស អូស្រ្តាលី និងសមាជិកអាស៊ានដទៃទៀតនោះទេ ដើម្បីជួយគ្នាទៅវិញទៅមក។
លោកថា៖ «តាំងពីមានវិវាទជាមួយថៃយើងឃើញថា ទាំងគណបក្សប្រឆាំង ក៏ដូចជាមជ្ឈដ្ឋានក្នុងតំបន់និងអន្តរជាតិ ព្យាយាមជំរុញឲ្យរដ្ឋាភិបាលកម្ពុជាបើកឱ្យមានលំហប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស ហើយក៏ដូចជាព្យាយាមធ្វើយ៉ាងណា ដើម្បីឱ្យលំហនយោបាយមានភាពទូលំទូលាយ ដើម្បីបង្កើតឲ្យមានភាពស្របច្បាប់ ក្នុងការទាមទាររបស់កម្ពុជា ក្នុងការរុញឲ្យវិវាទរឿងទំនាស់រវាងកម្ពុជាជាមួយថៃ រុញទៅយន្តការអន្តរជាតិ ឱ្យមជ្ឈដ្ឋានអន្តរជាតិមើលឃើញថា ពិតជារដ្ឋាភិបាលបច្ចុប្បន្ន ពិតជាមានសុឆន្ទៈនៅក្នុងការដោះស្រាយវិវាទទាំងបញ្ហាផ្ទៃក្នុង ក៏ដូចជាបញ្ហាក្រៅប្រទេសដោយឈរទៅលើយន្តការសន្តិវិធី ដោយគ្មានការរឹតត្បិតសិទ្ធសេរីភាព ក៏ដូចជារំលោភសិទ្ធិដ៏ធ្ងន់ធ្ងរ កន្លងមក»។
ដោយឡែក អ្នកតាមដានពីការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី អះអាងថា ការស្តារសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យឡើងវិញ កម្ពុជាហាក់ដូចជា ព្រួញមួយបាញ់បានសត្វពីរ។
ក្នុងន័យនេះ លោកពន្យល់ថា ព្រួញទី១ កម្ពុជាអាចទទួលបានការគាំទ្រពីសហគមន៍អន្តរជាតិ ដូចជា សហរដ្ឋអាមេរិក នូវប្រព័ន្ធអនុគ្រោះពន្ធ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងអ្នកវិនិយោគទន់ធំៗជាដើម។ ចំណែក ព្រួញទី២ កម្ពុជានឹងមានខ្នងបង្អែកយ៉ាងរ៉ឹងម៉ាំពីសហគមន៍អន្តរជាតិ រួមទាំងអាមេរិក ក្នុងការការពារដែនអធិបតេយ្យកម្ពុជាពីការឈ្លានពានរបស់ប្រទេសជិតខាង ទាំងថៃ និងវៀតណាមជាដើម។
លោកថា៖ «រឿងសំខាន់គឺកម្ពុជាបើសិនជាយើងធ្វើបាន គឺយើងអាចបាញ់ព្រួញមួយបានសត្វពីរ បានន័យថា ការរៀបចំធ្វើម៉េចឲ្យស្រុកទេសយើងមានឯកភាពជាតិគ្រប់គ្រាន់ ហើយមានការកែលម្អឡើងវិញ នូវការគោរពសិទ្ធិមនុស្សហើយនិងប្រជាធិបតេយ្យ នោះយើងនឹងបានឯកភាពជាតិមកវិញ ហើយក៏នឹងបន្តធ្វើឲ្យយើងមានការទទួលស្គាល់ពីបច្ចឹមប្រទេស ជាពិសេសពីសហរដ្ឋអាមេរិកនោះ ក៏វាមានកាន់តែប្រសើរឡើងដែរ បើសិនជាយើងធ្វើបែបហ្នឹងបាន ហើយធ្វើម៉េចកុំឲ្យទំនាក់ទំនងឱកាសនៃការទាក់ទងគ្នា ដែលកើតមានឡើង ហើយហ្នឹងវារលត់ទៅវិញ ដោយសារតែលក្ខខណ្ឌមួយចំនួនដែលយើងមិនព្រមធ្វើនៅក្នុងស្រុក ក៏ប៉ុន្តែបើយើងធ្វើបានឯកភាពជាតិ បានន័យថា យើងទទួលស្គាល់នូវការគោរពសិទ្ធិមនុស្ស និងធ្វើម៉េចឱ្យបានប្រសើរឡើងវិញ នូវដំណើរការប្រជាធិបតេយ្យពេលនោះ គឺខ្ញុំគិតថាទំនាក់ទំនងកម្ពុជាជាមួយបច្ចឹមប្រទេស នឹងបន្តមានផលល្អមានផលប្រយោជន៍សម្រាប់កម្ពុជាបន្តទៅទៀត»។
សភាអឺរ៉ុប កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ ជំរុញឱ្យគណៈកម្មការអឺរ៉ុប និងសហភាពអឺរ៉ុប សើរើឡើងវិញអំណោយផលប្រព័ន្ធអនុគ្រោះពន្ធ EBA ដែលនៅសល់ចំនួន ៨០% ជាមួយកម្ពុជា ដែលជាការឆ្លើយតបការមិនអើពើស្តារប្រជាធិបតេយ្យ ពីសំណាក់រដ្ឋាភិបាលគ្រួសារហ៊ុន ចាប់តាំងពីមានការរំលាយគណបក្សសង្គ្រោះជាតិ និងចាប់មេដឹកនាំគណបក្សនេះ ដាក់ពន្ធនាគារ រួមទាំង លោក កឹម សុខា និងយាយីសំឡេងប្រឆាំងរហូតបច្ចុប្បន្ន។
រីឯ ប្រពន្ធអនុគ្រោះពន្ធ GSP របស់អាមេរិក ក៏កម្ពុជាមិនទាន់ទទួលបានឡើងវិញដែរ ក្រោយពីត្រូវផ្អាកអំឡុងឆ្នាំ២០២០។
ប្រព័ន្ធអនុគ្រោះពន្ធទាំង២នេះ បានភ្ជាប់កាតព្វកិច្ចគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ដែលជាអំណោយផលដល់កំណើនសេដ្ឋកិច្ចជាតិ និងបង្កើនប្រាក់ចំណូលដល់ពលរដ្ឋច្រើនលាននាក់ ទាំងផ្ទាល់និងប្រយោល តាមរយៈបង្កើតទីផ្សារការងារ ក្នុងប្រទេសកម្ពុជា ពិសេសវិស័យកាត់ដេរ។
ប៉ុន្តែអំណោយផលសេដ្ឋកិច្ចទាំងពីរនេះ បានរបូតទៅវិញ ក្រោយបន្ទាត់នយោបាយគ្រួសារហ៊ុនជិត១០ឆ្នាំទៅនេះ ត្រូវបានគេមើលឃើញថា បានដើរចេញពីគន្លងប្រជាធិបតេយ្យ ហើយរអិលកាន់តែលឿនទៅរករបបដឹកនាំបែបផ្តាច់ការ ហើយស្នងតំណែងតពូជ ដូចកូរ៉េខាងជើង៕









