តំណាងកម្ពុជានៅអង្គការសហប្រជាជាតិ រកកិច្ចអន្តរាគមន៍ពីឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ឱ្យជួយជំរុញទៅភាគីថៃ ពីជម្រើសប្រគល់ទាហានខ្មែរ១៨រូប មកឱ្យកម្ពុជាវិញជាបន្ទាន់និងគ្មានលក្ខខណ្ឌ ស្របតាមច្បាប់មនុស្សធម៌ និងសិទ្ធិមនុស្សអន្តរជាតិ ខណៈពួកគេទាំងនោះ ត្រូវបានទាហានថៃចាប់ខ្លួនកាលពីថ្ងៃទី២៩ ខែកក្កដា រំលោភលើបទឈប់បាញ់។
ក្រសួងការបរទេសកម្ពុជា និយាយកាលពីថ្ងៃទី៦ ខែសីហានេះថា ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ បានផ្ញើលិខិតជូនប្រធានគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ និងឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ឱ្យជួយអន្តរាគមន៍ពន្លឿនដោះលែងទាហានខ្មែរ១៨នាក់ជាបន្ទាន់ និងគ្មានលក្ខខណ្ឌ ស្របតាមច្បាប់មនុស្សធម៌ និងសិទ្ធិមនុស្សអន្តរជាតិ។
ប្រភពបន្តថា កម្ពុជាចាត់ទុកថា ទង្វើរបស់ថៃនេះ ជាការរំលោភយ៉ាងធ្ងន់ធ្ងរទាំងច្បាប់មនុស្សធម៌អន្តរជាតិ (IHL) និងច្បាប់សិទ្ធិមនុស្សអន្តរជាតិ (IHRL) ខណៈការចាប់ខ្លួននេះ បានកើតឡើងនៅក្នុងបរិបទនៃជម្លោះប្រដាប់អាវុធអន្តរជាតិ (IAC) ដូចដែលបានកំណត់ដោយមាត្រា២ នៃអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩ ដែលពាក់ព័ន្ធនឹងកងកម្លាំងប្រដាប់អាវុធធម្មតា នៃភាគីជាប់កិច្ចសន្យាជាន់ខ្ពស់ពីរ។
ប្រភពអះអាងថា ការបន្តឃុំខ្លួនទាហានកម្ពុជា១៨នាក់ បន្ទាប់ពីការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃបទឈប់បាញ់ គឺជាការបង្ខាំងដោយខុសច្បាប់ ដែលឈានដល់ការបំពានយ៉ាងធ្ងន់ធ្ងរតាមមាត្រា១៣០ GCIII និងឧក្រិដ្ឋកម្មសង្គ្រាមតាមមាត្រា៨ នៃលក្ខន្តិកៈទីក្រុងរ៉ូម នៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ។
លើសពីនេះទៅទៀត បំពានទាំងមាត្រា១១៨ GCIII កំណត់កាតព្វកិច្ចជាវិជ្ជមានលើអំណាចឃុំឃាំងដើម្បីដោះលែង និងធ្វើមាតុភូមិនិវត្តន៍ «ដោយគ្មានការពន្យាពេល» បន្ទាប់ពីការបញ្ឈប់អរិភាពសកម្ម។
មិនតែប៉ុណ្ណោះ ថៃបានបំពានលើមាត្រា៩ នៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ (ICCPR) ដែលហាមឃាត់ការឃុំខ្លួនតាមអំពើចិត្ត។ ការដកហូតសិទ្ធិសេរីភាពជាបន្តបន្ទាប់ អវត្តមានមូលដ្ឋានស្របច្បាប់ណាមួយនៅក្រោម IHL ឬ IHRL ហើយដោយគ្មានការត្រួតពិនិត្យដោយឯករាជ្យ នោះវាស្មើនឹងការឃុំខ្លួនមនុស្សតាមអំពើចិត្ត។
ការណ៍នេះ កម្ពុជាអំពាវនាវឱ្យប្រធានគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ និងឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស មេត្តាពិនិត្យនិងដោះស្រាយបញ្ហានេះជាបន្ទាន់ ដើម្បីឆ្លុះបញ្ចាំងស្មារតីនៃច្បាប់អន្តរជាតិ ដូចមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិស្រាប់។
ប្រភពបន្តថា កម្ពុជាថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះទង្វើឈ្លានពាន និងបាញ់សម្លាប់ជនស៊ីវិលខ្មែរ រួមទាំងទង្វើអមនុស្សធម៌ចាប់ទាហានខ្មែរ២០នាក់ ធ្វើជាចំណាប់ខ្មាំង បំពានលើបទឈប់បាញ់អន្តរជាតិ។
នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន ម៉ាណែត ក៏បាននិយាយនៅថ្ងៃទី៦ ខែសីហានេះថា កម្ពុជាបន្តទាមទារឲ្យភាគីថៃត្រូវតែដោះលែងយោធិនកម្ពុជាចំនួន១៨រូប ដែលស្ថិតក្រោមការឃុំគ្រងរបស់កងទ័ពថៃឱ្យមានសេរីភាពឡើងវិញ។
លោកនិយាយថាក្នុងសម្តីដើមថា៖ «សកម្មភាពទាំងអស់នេះ គឺបង្ហាញយ៉ាងច្បាស់នូវស្មារតីស្នេហាជាតិ សាមគ្គីឯកភាពជាតិ ដែលជាកត្តាសំខាន់របស់ជាតិខ្មែរយើង ជាពិសេសគឺបង្ហាញយ៉ាងច្បាស់នូវស្មារតីស្រឡាញ់សន្តិភាព ដើម្បីឈានទៅបញ្ចប់សង្គ្រាម»។
លើសពីនេះ លោក ហ៊ុន សែន បានសរសេរនៅលើបណ្តាញសង្គមរបស់លោក នៅថ្ងៃទី៤ខែសីហានេះថា ទាហានកម្ពុជា១៨រូប ត្រូវបានថៃចល័តទ័ពចូលមកចាប់ក្នុងបន្ទាយនៃកងទ័ពកម្ពុជា ក្រោយកិច្ចព្រមព្រៀងឈប់បាញ់ចូលជាធរមានរយៈពេលប្រមាណ៨ម៉ោង ដែលជាការបំពានលើកិច្ចព្រមព្រៀងឈប់បាញ់ ដែលហាមបាញ់ ហាមចល័តកងទ័ព និងហាមបន្ថែមកងទ័ព។
ប្រធានព្រឹទ្ធសភាកម្ពុជាបានចោទសួរថា ហេតុផលអ្វីទៅ ដែលថៃមិនព្រមប្រគល់កងទ័ពកម្ពុជា១៨រូបមកឲ្យកម្ពុជាវិញ?។
ជុំវិញរឿងនេះ សហស្ថាបនិកគណបក្សកែទម្រង់កម្ពុជា លោក អ៊ូ ច័ន្ទរ័ត្ន ប្រាប់VODនៅថ្ងៃទី៧ ខែសីហានេះថា វាជារឿងចំាំបាច់ណាស់ ដែលថ្នាក់ដឹកនាំកម្ពុជាត្រូវធ្វើបែបនេះ ដោយថាថៃ បានបំពានយ៉ាងកម្រោលលើច្បាប់មនុស្សធម៌អន្តរជាតិ និងកតិកាអន្តរជាតិស្តីពីសិទ្ធិមនុស្សជាសកល។
លោកអះអាងថា ការប្រើយន្តការអន្តរជាតិ គឺបង្ហាញពីភាពវៃឆ្លាតរបស់កម្ពុជា ដើម្បីដាក់សម្ពាធថៃ និងបង្ហាញទៅអន្តរជាតិថា ថៃជាអ្នកបង្កហេតុឈ្លានពាន ធ្វើបាបលើជនស៊ីវិល និងទាហានខ្មែរ។
ម្យ៉ាងវិញទៀត លោកចូលរួមថ្កោលទោសនូវទង្វើព្រៃផ្សៃ និងអមនុស្សធម៌របស់ទាហានថៃ ដែលចាប់ទាហានខ្មែរលើទឹកដីកម្ពុជា ដោយប្រើល្បិចសុំចាប់ដៃចរចា តែបែរជាគឃ្លើនបំពានបទឈប់បាញ់។
សម្រាប់លោក អ៊ូ ច័ន្ទ យល់ថា កម្ពុជាមិនត្រឹមតែស្នើសុំកិច្ចអន្តរាគមន៍ពីអង្គការសហប្រជាជាតិ និងអង្គការកាកបាទក្រហមអន្តរជាតិប៉ុណ្ណោះទេ កម្ពុជាត្រូវពន្លឿនប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ) និងប្តឹងថៃទាមទារសំណងជំងឺចិត្ត ចំពោះការខូចខាតទ្រព្យសម្បត្តិ និងមរតកប្រទេសកម្ពុជាផងដែរ។
លោកថា៖ «យើងឃើញទង្វើឬក៏ល្បិចរបស់ទាហានថៃ ចាប់ទាហានកម្ពុជានៅលើទឹកដីកម្ពុជា ហើយយកទៅធ្វើចំណាប់ខ្មាំងនេះ វាជាទង្វើមួយដែលទាំងសហគមន៍អន្តរជាតិទាំងកម្ពុជា មិនអាចទទួលយកបានទេឲ្យវាជាទង្វើខុសច្បាប់នឹងអន្តរជាតិ វាខុសនឹងច្បាប់មនុស្សធម៌អន្តរជាតិ មិនត្រឹមតែប៉ុណ្ណឹងទេ វាជាទង្វើមួយដែលនាំឲ្យអាម៉ាស់ដល់ប្រជាជាតិថៃទាំងមូលហ្នឹង អ៊ីចឹងហើយទាហានថៃធ្វើបែបនេះវាប៉ះពាល់ដល់កិត្តិយសណាស់ វាធ្វើឲ្យអាប់ឱនកិត្តិយសទាហានថៃខ្លួនឯងហ្នឹងផង ហើយអាប់ឱនកិត្តិយសដល់ប្រទេសជាតិខ្លួនឯងផង»។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា គាំទ្រចំពោះចំណាត់ការនេះ។ លោកថា ទង្វើរបស់ថៃនេះ បានឆ្លុះបញ្ចាំងពីការរំលោភសិទ្ធិមនុស្សអន្តរជាតិ គឺគោលការណ៍មនុស្សធម៌ បំពានបទដ្ឋានអន្តរជាតិ និងគោលការណ៍អាស៊ាន ដែលតម្រូវឱ្យភាគីទាំងពីរគោរពបទឈប់បាញ់។
លោកបន្តថា ទង្វើឈ្លានពានរបស់ថៃ ក៏បង្ហាញឱ្យឃើញកាន់តែច្បាស់ថា ថៃនៅតែចិញ្ចឹមចិត្តចង់បានទឹកដីកម្ពុជា ដូច្នេះកម្ពុជាត្រូវត្រៀមខ្លួនជានិច្ចដើម្បីទប់ទល់។
លោកពន្យល់ថា គន្លឹះទប់ទល់ទៅនឹងការឈ្លានពាន កម្ពុជាត្រូវការពឹងអន្តរជាតិ ដូចជា សហរដ្ឋអាមេរិក ចិន និងប្រទេសជឿនលឿនដទៃទៀត រួមទាំងពង្រឹងវិស័យការពារជាតិ និងសាមគ្គីផ្ទៃក្នុងជាតិផងដែរ។
លោកថា៖ «រឿងដែលសំខាន់ជាងនោះទៅទៀតនោះសម្រាប់ខ្ញុំ ខ្ញុំយល់ថា កម្ពុជាគួរតែរូតរះផងដែរក្នុងការដាក់បណ្ដឹងពីបញ្ហាជម្លោះព្រំដែន ពីព្រោះរឿងទាំងអស់ហ្នឹង វាកើតឡើងអំពីរឿងបញ្ហាវិវាទព្រំដែនជម្លោះព្រំដែនដីជម្លោះព្រំដែន ឬតំបន់មួយចំនួនដែលយើងបានលើកឡើងបួនតំបន់ ហើយឥឡូវហ្នឹងវារីកទៅដល់តំបន់ផ្សេងទៀត ដូចជា នៅច្រកអានសេះអីហ្នឹង គឺអត់បានគ្រោងនឹងការដាក់បញ្ចូលប្ដឹងទៅ ICJទេ ប៉ុន្តែយើងឃើញថា ឥឡូវនេះមានតែតំបន់អានសេះ និងក៏មានការធ្វើរបងធ្វើអីហ្នឹង ជម្លោះទាស់ទែងគ្នាបន្តទៅទៀត អ៊ីចឹងខ្ញុំគិតថារឿងទាំងអស់នេះ វាមូលហេតុទាំងជម្លោះឈានទៅដល់មានការផ្ទុះអាវុធទាំងជម្លោះឈានទៅដល់មានការចាប់ខ្លួន និងការភៀសសឹកមានគ្រោះថ្នាក់មហន្តរាយ ដូចជា ការប្រើប្រាស់នូវអាវុធ ឬក៏គ្រាប់រំសេវដែលត្រូវហាមឃាត់ឧបករណ៍សង្គ្រាម ដែលត្រូវហាមឃាត់មួយចំនួនហ្នឹងគិតថាវាបណ្តាលមកពីរឿងជម្លោះព្រំដែនរវាងកម្ពុជាថៃហ្នឹង»។
យ៉ាងណា គិតមកទល់ពេលនេះ កម្ពុជាទើបតែទទួលបានទាហានខ្មែរ២នាក់ប៉ុណ្ណោះ គឺនៅសល់១៨នាក់ទៀត ដែលកម្ពុជាបន្តអំពាវនាវឱ្យថៃបញ្ជូនមកកម្ពុជាឱ្យបានឆាប់ តាមច្បាប់អន្តរជាតិ ខណៈទាហានថៃ ចាប់កាលពីថ្ងៃទី២៩ខែកក្កដា ធ្វើជាចំណាប់ខ្មាំង រំលោភបទឈប់បាញ់ ក្រោយបទឈប់បាញ់នេះបានចូលជាធរមានប្រមាណជា៨ម៉ោងរួចមក។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងបទឈប់បាញ់បានចូលជាធរមាន នៅម៉ោង១២យប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ រវាងកម្ពុជានិងថៃ ដែលបានធ្វើឡើងនៅប្រទេសម៉ាឡេស៊ី ក្រោមការសម្របសម្រួលពីប្រធានអាស៊ានប្តូរវេននាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ដែលផ្តួចផ្តើមគំនិតដោយប្រធានាធិបតេយ្យអាមេរិក លោក ដូណាល់ ត្រាំ។
កិច្ចព្រមព្រៀងឈប់បាញ់បន្ទាន់នេះ ភាគីទាំងពីរបានព្រមព្រៀងលើបទឈប់បាញ់ដោយឥតលក្ខខណ្ឌ មិនចល័តទ័ព និងមិនបង្កើនកងទ័ពជាដើម។ តែ៨ម៉ោងក្រោយ ថៃបានបំពានលើបទឈប់បាញ់នេះ ហើយចល័តទៅចាប់ទាហានកម្ពុជាដល់ក្នុងបន្ទាយ ខណៈទាហានខ្មែរមិនហ៊ានផ្ទុះអាវុធ ព្រោះទទួលបញ្ជាឱ្យគោរពបទឈប់បាញ់។
យ៉ាងណា នៅថ្ងៃទី៧ ខែសីហានេះ ក្រសួងការពារជាតិកម្ពុជា ប្រកាសថា សហរដ្ឋអាមេរិកកំពុងរៀបផែនការបង្កើនកម្លាំងយោធា និងការឃ្លាំមើលតាមអាកាស រួមទាំងផ្តល់សម្ភារបច្ចេកទេសទំនើបៗច្រើនទៀត ដើម្បីពង្រឹងប្រសិទ្ធិភាពបទឈប់បាញ់រវាងកម្ពុជា-ថៃ ខណៈកិច្ចព្រមព្រៀងនេះស្ថិតក្នុងភាពផុយស្រួយ៕









