ចរន្ត​ជំរុញ​ឱ្យ​កម្ពុជា​ផ្សះ​ផ្សា​ជាតិ​ចំពេ​ល​អាមេរិក​លូក​ដៃ​កាន់​តែ​ជ្រៅ​ពង្រឹង​ប្រសិទ្ធ​ភាព​បទ​ឈប់​បាញ់

ចំពេលកម្ពុជា អះ​អាង​ថា សហរដ្ឋអា​មេរិក កំពុង​រៀប​ផែន​ការ​បង្កើន​កម្លាំ​ង​យោធា ដើម្បី​ពង្រឹង​ប្រសិទ្ធ​ភាព​នៃ​កិច្ច​ព្រម​ព្រៀង​បទ​ឈប់​បាញ់​កម្ពុជា ថៃ នោះ ជំរុញ​ឱ្យ​មាន​ការ​លើក​ឡើងថា មេដឹក​នាំ​កម្ពុជា ចាំបា​ច់​ត្រូវ​វិល​ទៅផ្សះ​​ផ្សា​ជាតិ តាម​គន្លង​ប្រជា​ធិប​តេយ្យ​ឡើង​វិញ ហើយ​ឈប់​ចោទ លោក កឹម សុខា ថា​ជា​អ្នក​គប់​គិត​ជាមួយ​អាមេរិក ចង់​ផ្តួល​រំលំ​រដ្ឋាភិ​បាល។

ថ្លែង​ក្នុង​សន្និសីទសា​រ​ព័ត៌​​មា​ន​​នៅ​​ថ្ងៃ​ទី​៧ ខែ​​សីហា​​នេះ អ្នក​​​នាំ​​ពាក្យ​​ក្រសួង​​ការ​​ពារ​​ជាតិ​ អ្នក​ស្រី ម៉ាលី សុជាតា និយាយ​​ថា អាមេរិក​បាន​បញ្ជាក់​ជំហរ​តាម​ដាន​ការ​អនុវត្ត​បទ​ឈប់​បាញ់​កម្ពុជា​ថៃ​ តាម​រយៈកា​រ​ចូល​រួម​គាំទ្រ​ផ្នែក​យោធា​ ដើម្បី​ឱ្យ​កិច្ច​ព្រម​ព្រៀង​នេះ​ជោគ​ជ័យ។

អ្នកស្រី​ថា៖ «លើសពីនេះទៅទៀត សហរដ្ឋអាមេរិក​ក៏​បាន​បង្ហាញ​ពី​អ្វីដែ​ល​ជាកា​រ​អនុវ​ត្ត​បន្ត​របស់​សហរដ្ឋ​អាមេរិក រួម​មាន ការ​ធ្វើផែ​ន​ការ​យោធា គ្រឿង​បរិក្ខារ ប្រព័ន្ធ​បញ្ជូន​កម្លាំង, ប្រព័ន្ធ​ឃ្លាំមើ​ល​តាម​អាកាស និង​សម្ភារ​បច្ចេក​ទេស​ទំនើបៗ​ជា​ច្រើន​ទៀត។ ទាំង​នេះ​ជា​ការ​បង្ហាញ​ពី​ការ​តាំង​ចិត្ត​ខ្ពស់ និង​បាន​ត្រៀម​ខ្លួន​ចូល​រួម​ក្នុង​ការ​កសាង​ឲ្យមា​ន​សន្តិភា​ព​កើត​ឡើង​យ៉ាង​ពិត​ប្រាកដ»

បទ​ឈប់​​បាញ់​កម្ពុជា-ថៃ ​ក្រោម​​យ​ន្ត​​ការ​​អាស៊ាន ដែល​​ផ្តួច​​ផ្តើម​​គំនិ​ត​ដោយ​​ប្រធានាធិប​តី ​អាមេរិក​ លោក ដូណាល់ ត្រាំ ភាគី​ទាំង​២​ព្រ​​ម​​ព្រៀង​​​ឈប់​​បាញ់​​ចាប់​​​ពី​វេ​លា​​​ម៉ោង​​​១​២​យ​ប់​ ថ្ងៃ​​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០២៥តទៅ។

យ៉ាងណា ទោះបីជាបទឈប់បាញ់ចូលជាធរមានក្តី តែ​យោធាថៃ​បា​ន​​​​​ធ្វើ​​សកម្ម​​ភាព​​បំពាន​​​ដែន​​អធិ​​​ប​​តេយ្យ​​កម្ពុជា​ជាថ្មី​ កាល​ពី​ថ្ងៃទី​៤ ខែ​សីហា ដោយ​​​​​ប្រើ​​​គ្រឿង​ចក្រ និង​​​រាយ​​បន្លា​​លួស ហ៊ុំព័ទ្ធ​​​ចូល​​ដី​ខ្មែរ​នៅ​ច្រក​អាន​សេះ ខេត្ត​ព្រះ​វិហារ និង​ទីតាំង​មួយ​​ចំនួ​នទៀ​តដោយ​ជោគ​ជ័យ។
ជុំវិញរឿងនេះ តំណាងរាស្រ្តបក្សសង្រ្គោះ​ជាតិ លោក អ៊ុំ សំអាន យល់​ថា នៅ​ចំពោះ​មុខ​នេះ​កម្ពុជា​ចាំបាច់​ត្រូវ​ពឹង​ឱ្យ​សហគមន៍​អន្តរ​ជាតិ​ ជួយ​ការ​ពារ​ដែន​អធិប​តេយ្យ​របស់​ខ្លួន ក្រោម​ការ​ឈ្លាន​ពាន​ដោយ​គគ្លើន​ពី​ថៃ​បែប​នេះ។

លោកសង្កត់ធ្ងន់ថា ក្រោយមាន​ការ​លូក​ដៃជួ​យ​ជ្រោម​ជ្រែង​ពី​សហគម​ន៍អ​ន្តរ​ជាតិ ជាពិសេស​អាមេរិក​បែប​នេះ រដ្ឋាភិបាល​កម្ពុជា​ត្រូវ​តែ​បន្ទន់​ឥរិយាបទ​ដោយ​ដោះលែង​អ្នក​ទោស​នយោ​បាយ ជាពិ​សេស​ លោក កឹម សុខា ដែល​ជា​បំណង​របស់​សហគមន៍​អន្តរ​ជាតិ។

លោកថា៖ «ធ្វើម៉េចចំណែកពង្រឹងទំនាក់ទំនង​ទ្វេភាគី​ជាមួយ​អាមេរិក​ហ្នឹង ឲ្យ​បាន​ល្អប្រ​សើរ​ឡើង​វិញ តាម​រយៈ​ការ​ដោះ​លែង​ លោក កឹម សុខា ទៅ ព្រោះ​លោក​ កឹម សុខា កន្លង​មក​ហ្នឹង​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ថា បាន​គប់​គិត​​​ជាមួយ​អាមេរិក​ដើម្បី​ផ្ដួល​រំលំរ​ដ្ឋាភិ​បាល។ មួយ​ទៀត​ត្រូវ​ដោះលែ​ង​អ្នក​ទោស​មន​សិការ​ទាំង​អស់ និង​ស្ដារ​ប្រជា​ធិ​ប​​តេយ្យ និង​រៀប​ចំ​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធ​ម៌​កុំ​រំលោភ​សិទ្ធិ​មនុស្ស​ទៀត​ អាហ្នឹង​ទើប​ធ្វើ​ឲ្យ​ទំនាក់​ទំនង​​រវាង​កម្ពុជា និង​អាមេរិក កាន់​តែ​ល្អប្រ​សើរ​ ហើយ​អាច​ពឹង​ពាក់​អាមេរិក​ ដើម្បី​ជួយ​ការ​ពារ​ទឹក​ដី​យើង​ពី​ការ​ឈ្លាន​ពាន​របស់​ថៃ»។

បើតាម លោក សំអាន ការងាកមកផ្លូវប្រជាធិបតេយ្យ និង​គោរពសិទ្ធិ​មនុស្ស រៀប​ចំ​ការ​បោះ​ឆ្នោត​ដោយ​សេរី ត្រឹម​ត្រូវ និង​យុត្តិ​ធម៌​ឡើង​វិញ កម្ពុជា​ចំណេញ​ទាំង​សន្តិ​ភាព រួ​ម​ទាំង​ទទួល​បាន​ប្រព័ន្ធ​អនុ​គ្រោះពន្ធ​ EBA និង​GSP​ឡើង​វិញ​ផង​ដែរ។

ដោយឡែក ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ​ណាត យល់​ថា បើ​គ្មាន​ការ​លូក​ដៃ​​​ពី​ស​ហគម​ន៍​​អន្តរ​​ជា​តិ​​ជាពិសេស​​​អាមេ​រិ​ក​ទេ កម្ពុជា​នឹង​​ប្រឈម​ផល​វិបាក​ធ្ងន់​ធ្ងរ​​ក្នុង​ជម្លោះ​ព្រំដែន​ជាមួយ​ថៃ​នេះ ព្រោះ​​ថៃ​​​​ជឿន​​លឿន​​​ជាងខ្មែរ​ទាំង​​​យោធា និង​សេដ្ឋ​​កិច្ច។

បើតាមលោក ម៉ែន ណាត ក្នុងពេលកម្ពុជាកំពុងមានប្រៀប​លើ​ថៃ​លើ​ឆាក​អន្តរ​ជាតិ​នេះ កម្ពុជា​ខ្លួន​ឯង​ក៏ត្រូវ​ងាក​ទៅ​បង្កើន​ទំនាក់​ទំនង​ល្អ​ទ្វេ​ដង ជាមួយ​សហរដ្ឋ​អាមេរិក​តាម​រយៈ​បើ​ក​លំហរ​សេរីភាព​នយោ​បាយ និង​សិទ្ធិ​មនុស្ស​ឡើង​វិញ។

លោកថា៖ «ឲ្យតែកម្ពុជាបើកលំហសេរីភាព​បន្តិ​ច​ទៀត សម្រួល​បញ្ហា​នយោបាយ​ផង! សម្រួល​បញ្ហា​ទំនាក់​ទំនង​ការ​ទូត​ល្អ​ថែម​ទៀត​ផង! អ្វីៗ​សម្រាប់​កម្ពុជា​ ខ្ញុំ​គិត​​ថា ល្អ ​ហើ​យពេ​ល​នោះ​មិន​ថា​វៀត​ណាម​មិន​ថា​ថៃ​ទេ នៅ​ពេល​ដែល​យើង​សហ​ប្រតិបត្តិ​ការ​ជាមួយ​អាមេរិក​ល្អ​ ដូច​សព្វ​ថ្ងៃ​ហ្នឹង ឬ​ក៏​បង្កើន​ឲ្យល្អ​ជា​ង​ហ្នឹង​ទៀត ប្រទេស​ជិត​ខាង​លែង​ហ៊ាន​មើល​ស្រាល​កម្ពុជា​ទៀត​ទេ»។

សភា​អឺរ៉ុប កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ ព្រមាន​កាត់​ផ្តាច់​ប្រព័ន្ធ​​​អនុ​​គ្រោះ​​​ពន្ធ EBA ដែល​​​នៅ​​សល់​​​ចំនួន​៨០% ជាមួយ​​កម្ពុជា ដែល​​ជា​​​ការ​​ឆ្លើយ​តប​ទៅនឹ​ង​​ការ​​មិ​ន​​អើ​​​ពើ​​ស្តារ​​ប្រជា​ធិប​​តេយ្យ ពី​សំណាក់​​​រដ្ឋាភិ​បាល ​ចាប់​​តាំង​​ពី​​មាន​​ការ​​រំលាយ​​គណបក្ស​​សង្គ្រោះ​​ជាតិ និ​ង​​ចាប់ខ្លួន​​​មេដឹក​នាំគណបក្ស​នេះ​ដាក់​​ពន្ធនាគារ រួម​​មាន លោក កឹម សុខា ជា​ដើម។

រីឯ ប្រពន្ធ​អនុគ្រោះ​ពន្ធ GSP របស់​អាមេរិក ក៏​កម្ពុជា​មិន​​ទាន់​​​ទទួល​បាន​​​ឡើង​​​វិញ​​ដែរ ក្រោ​​យ​ពី​ត្រូវ​​​ផ្អាក​​អំឡុង​ឆ្នាំ​​២០២០។

ប្រព័ន្ធ​អនុគ្រោះពន្ធទាំង២នេះ បានភ្ជាប់កាតព្វ​កិច្ច​​គោរព​​​សិទ្ធិ​មនុស្ស និង​​​លទ្ធិ​ប្រជាធិប​​តេយ្យ ដែល​​ជា​​អំណោយ​ផល​​ដល់​​កំណើន​​សេដ្ឋ​​កិច្ច​​ជាតិ និង​ប​ង្កើន​​ប្រា​​ក់ចំ​ណូល​ដល់​​ពលរដ្ឋ​​ច្រើន​លាន​​នាក់ ទាំង​​ផ្ទាល់​​និង​​ប្រយោល តាម​រយៈ​បង្កើត​ទីផ្សារ​ការ​ងារ ក្នុង​​ប្រទេស​​កម្ពុជា ពិសេស​វិស័យ​​កាត់​​ដេរ។

ជ្រុងមួយនៃរឿងនេះ លោក កឹម សុខា មេដឹកនាំគណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​តុលាការ​ដក​សិទ្ធ​ធ្វើ​​នយោបាយ​​​ជិត​​១​​០​​​​​ឆ្នាំ​​​​ទៅ​​នេះ តាម​​​បណ្តឹង​​របស់​​គណបក្ស​​​កាន់​​​អំណាច ដែល​​បាន​​ចោទ​មេបក្ស​​ប្រឆាំង​​​ដែ​​ល​​​មាន​​សក្តា​នុ​​ពល​​​រូបនេះ​​ថា គប់​​​គិត​​ជាមួយ​​សហរដ្ឋ​​អាមេរិក​​ចង់​​​ផ្តួល​​រំលំ​​រដ្ឋាភិ​បាល។

ប៉ុន្តែសហរដ្ឋ​អាមេរិក ​តាម​រយៈ​ស្ថាន​ទូត​ប្រចាំ​កម្ពុជា បាន​ច្រាន​​ចោល​​ទៅ​នឹ​​ងសេ​​ច​ក្តី​​សម្រេច​របស់​​តុលាការ​កម្ពុជា​ ​ដោយ​ចាត់ទុ​ក​​កា​រ​​ផ្តន្ទា​​ទោស​ដើម្បី​​បំបិទ​​សំឡេង លោក កឹម សុខា ដោយ​​​ផ្អែក​លើប​ទ​​សម​​គំនិត​ប្រឌិត គឺ​​​ជា​​បរាជ័យ​នៃ​​ប្រព័ន្ធ​យុត្តិ​ធម៌។

យ៉ាងណា ក្នុងជម្លោះព្រំដែនកម្ពុជា ថៃ នៅ​ពេល​នេះ ក្រោយ​ប្រធានា​ធិ​ប​តី ត្រាំ ចេញ​អន្ត​រាគមន៍​​រហូត​​មាន​បទ​​​ឈប់​​​​បាញ់​​​​បន្ទាន់ រវាង​​​កម្ពុជា​​​និង​​ថៃ ដែល​​​បាន​ប៉ះ​​​ទង្គិច​​គ្នា​ដោ​​យ​​​អាវុធ​​មក មេដឹកនាំ​បក្ស​​កា​ន់​​​អំណាច ទាំង​​​លោក ហ៊ុន សែន និង​​​លោក ហ៊ុន ម៉ាណែត បាន​​ផ្ញើ​សារ​​​ថ្លែង​​អំណរ​​​គុណ លោក ដូណាល់ ត្រាំ ដោយ​​ចាត់​​ទុក​​ថា សមិទ្ធផល​​នៃ​​​គំនិត​​ផ្តួច​​ផ្តើម​​នេះ បាន​​សង្រ្គោះ​ជីវិត​​មនុស្ស​រា​ប់​​ពាន់​​ម៉ឺន​​នាក់​​ពី​​សង្រ្គាម​​កម្ពុជា និង​​ថៃ។

ការណ៍នេះ​ ត្រូវបានមជ្ឈដ្ឋានមួយចំនួនចាត់ទុក​ថា កិច្ចអន្តរាគមន៍​ឱ្យ​​មាន​​​បទ​​​ឈប់​​បាញ់​​បន្ទាន់​របស់​មេដឹកនាំ​​អាមេរិក​ បង្ហាញ​ថា អាមេរិក​មិន​មាន​​គំនិត​គប់​គិត​​ជាមួយ​​លោក កឹម សុខា ចង់​ផ្តួល​​​រំលំ​​រដ្ឋាភិបាល​​កម្ពុជា ដូច​​តុលាការ​​​​ចោទ​​ជិត​១០​ឆ្នាំ​​ទៅ​​នេះ​ទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ