លោក ហ៊ុន សែន ចេញ​រំលត់​ការ​ផ្សព្វ​ផ្សាយ​បែប​ចចាម​អារ៉ាម​ចំពេល​មាន​ប្រតិកម្ម​ពី​អន្តរ​ជាតិ

មេដឹកនាំ​កម្ពុជា លោក ហ៊ុន សែន បាន​ចេញ​រំលត់​ការ​ផ្សព្វ​ផ្សាយ​ច​ចា​ម​​អា​រ៉ាម​​មួយ​ចំនួន រួម​ទាំ​​ងច្រា​ន​​ចោល​​ការ​ដែល​ថា ថៃ​មាន​គម្រោង​ធ្វើ​ឃាត​រូប​​លោក និង​កូន​ប្រុស ដោយ​សំអាង​ថា ការ​​ចេញ​បក​ស្រាយ​នេះ​ ដើម្បី​​ទ​ប់​​ស្កាត់​ការ​ពង្រីក​បញ្ហា​ចេញ​ផុត​ពី​ជម្លោះ រវាង​កម្ពុជា ថៃ ទៅ​កាន់​ប្រទេស​ផ្សេង ខណៈ​ប្រទេស​ទាំង​នោះ កំពុ​ង​ជំរុញ​ឱ្យ​មាន​សន្តិភាព​ឡើង​វិញ រវាង​កម្ពុជា និង​ថៃ។

តាមសារដែល​លោក ហ៊ុន សែន បង្ហោះ​លើ​ហ្វេស​ប៊ុក​របស់​លោក កាល​ពី​ថ្ងៃទី​៦ ខែ​សីហា ឆ្នាំ​២០២៥ បា​ន​ផ្តោត​​​លើ​បញ្ហា​ចម្បង​ពីរ គឺ​បញ្ហា​ទី​មួយ ទាក់​ទង​ដល់​ការ​ផ្តល់​ជំនួយ​ដ្រូន​របស់​ជប៉ុន​ឱ្យ​ថៃ ការ​ផ្តល់​ដ្រូន​ពី​ចិន​ឲ្យ​កម្ពុជា និង​ការ​លក់​គ្រាប់ និងយន្ត​ហោះ ពី​កូរ៉េ​ខាង​ត្បូង​ឱ្យ​ថៃ ដើម្បី​ធ្វើ​ឃាត​លើ​រូប​លោក និង​កូ​ន​ប្រុ​ស​​លោ​ក​គឺ ហ៊ុន ម៉ាណែត។

លោ​កបញ្ជាក់​ថា បញ្ហា​ទាំង​ពីរ​នេះ បើ​មិន​មាន​ការ​បក​ស្រាយ​ឬ​រំលត់​ទេ វា​នឹង​ក្លា​យ​ជា​បញ្ហា​ធំ​សម្រាប់​ថ្ងៃ​ក្រោ​យ ខណៈ​ប្រទេស​ទាំង​នោះ កំពុង​ជួយ​ដល់​ការ​បញ្ឈប់​ជម្លោះ និង​គាំទ្រ​ដល់​ការ​ឈប់​បាញ់​ និង​ជំរុញ​ឲ្យ​មាន​សន្តិភាព​ឡើង​វិញ​រវាង​ប្រទេស​ទាំង​ពីរ​កម្ពុជា-ថៃ។

ក្នុងន័យនេះ លោក ហ៊ុន សែន គូសបញ្ជាក់ថា រឿង​ដ្រូន និង​អាវុធ ឬ​យន្ត​ហោះទោះ​កម្ពុជា ​ឬ​​ថៃ បាន​មក​ពី​ប្រភព​ណា​ ក៏​សូម​មេត្តា​កុំ​ពង្រីក​បញ្ហា​ចេញ​ផុត​ពី​ជម្លោះ​រ​វាង​កម្ពុជា និង​ថៃ​ ទៅ​កាន់​ប្រទេស​ផ្សេង ក្នុ​ង​ពេល​ប្រទេស​ទាំង​នោះ កំពុ​ងជួ​យ​ដល់​ការ​បញ្ឈប់​ជម្លោះ និង​គាំទ្រ​ដល់​ការ​ឈប់​បាញ់​ និង​ជំរុ​ញ​ឲ្យ​មាន​សន្តិ​ភាព​ឡើង​វិញ​រវាង​ប្រទេស​ទាំង​ពី​រ​កម្ពុជា-ថៃ។

លោកបន្តថា ទីពីរ រឿងផែនការធ្វើឃាតរបស់​មេដឹក​នាំ​ថៃ​មក​លើ​រូប​លោក​ និ​ង​នាយក​រដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត រឿង​នេះ​ពិបាក​នឹង​ជឿ​ណាស់ បើ​ទោះ​បី​ជា​មេដឹក​នាំ​ថៃ​ស្អប់ ឬ​មិន​ចូល​ចិត្ត​លោក​ និងលោក ហ៊ុន ម៉ាណែត ក៏​ដោយ​ក៏​មេដឹក​នាំ​ថៃ​មិន​ទាន់​ឈាន​ដល់​កំរិត​អគុណ​ធម៌ ម​ក​រៀប​ចំ​ផែន​ការ​សម្លាប់លោក​ និងលោក​ ហ៊ុន ម៉ាណែត នោះ​ដែរ។

មួយវិញទៀតល លោកថា ក្នុង​ប្រវត្តិសាស្ត្រ​គេ​តែង​តែរ​ក​វិធី​សម្លាប់​មេទ័ព​ដែល​ពូកែ ដើម្បី​ងាយ​យក​ឈ្នះ​លើ​សង្រ្គាម ​តែ​​សម័​យ​នេះ​មិន​ដូច​សម័យ​មុន​ទេ គេ​ត្រូវ​ការមនុស្ស​ដែល​អាច​និយាយ​គ្នាបា​ន ដើម្បី​កសាង​សន្តិភាព។

កម្ពុជា​ក៏​ត្រូវ​ការ​មេដឹកនាំ​ថៃ​រូប​​ណា ដែល​មាន​អំណាច​ខ្លាំង ដើម្បី​ចរចា​រក​សន្តិភាព​បាន។ ឯ​ថៃ​ក៏​ត្រូវ​ការ​មេដឹក​នាំ​កម្ពុជា​ណា​ ដែល​មាន​អំណាច​ខ្លាំង ដែល​ពេ​ល​នេះ​គឺ​មាន​តែលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ប៉ុណ្ណោះ​ដើម្បី​ចរ​ចា​ដែលលោក​ ហ៊ុន ម៉ាណែត ចេញ​មុខ​ចរចា​ដោយ​ផ្ទាល់។

យោង​លើ​ហេតុផល​នេះ​ គឺគ្មាន​មូល​ហេតុណា​មួយ​ដែល​មេដឹក​នាំ​ថៃ មាន​គម្រោង​សម្លាប់លោក ហ៊ុន សែន និងលោក​ ហ៊ុន ម៉ាណែត នោះ​ឡើយ។ ប្រសិ​ន​បើលោក​ ហ៊ុន សែន ឬលោក​ ហ៊ុន ម៉ាណែត ស្លាប់​ដោយ​ស្នាដៃ​មេដឹក​នាំ​ថៃ​មែន​ វា​ច្បាស់​ជា​នឹង​កើត​មានលោក ហ៊ុន សែន ឬលោក​ ហ៊ុន ម៉ាណែត រាប់​ម៉ឺន​រាប់​សែនរា​ប់​លាន​នាក់ នៅ​លើ​ទឹក​ដី​កម្ពុជា​ភ្លាម​ដែរ ហើយ​វា​នឹង​ក្លាយ​ជា​សត្រូវ​សួរ​ពូជ​ពិបាក​រំលត់។

 លោក​សង្កត់​ធ្ងន់​ថា សម្រាប់​រូប​លោក​ក្តី លោក ហ៊ុន ម៉ាណែត ក្តី​ក៏​មិន​មែន​ជា​កូន​សត្វ​កង្កែប ដែល​គេ​ងាយ​នឹង​សម្លាប់​នោះ​ដែរ។ ទាំង​នេះ​ក៏​ជា​ការ​ពន្យល់​បន្ថែម​ថា មេដឹកនាំ​ថៃ​មិន​រៀប​ចំ​ផែន​ការ​ដើម្បី​សម្លាប់លោក ហ៊ុន សែន និងលោក​ ហ៊ុន ម៉ាណែត នោះ​ទេ។

លើសពីនេះ លោក​ថា៖ «នៅ​ក្នុង​ផែន​ការ​សម្លាប់ ហ៊ុន សែន និង ហ៊ុន ម៉ាណែត ដោយ​មេដឹក​នាំ​ថៃ​គេ​លើក​ថា និង​ប្រើ​យន្ត​ហោះ។ ចំណុច​នេះ​គួ​រតែ​​ប្រទេស​ដែល​លក់​យន្ត​ហោះ​ចម្បាំង​ឲ្យ​ថៃ ត្រូវ​រឹត​បណ្តឹង​លើ​កិច្ច​សន្យា​ប្រើ​ប្រាស់​យន្ត​ហោះ ព្រោះ​កន្លង​ទៅ​នេះ​ថៃ​បាន​ប្រើ​យន្ត​ហោះ ដែល​ទិញ​ពីអា​មេរិក និង​ស៊ុយ​អែត វាយ​ចូល​ជ្រៅ​ក្នុង​ទឹក​ដី​កម្ពុជា។ កម្ពុជា​មិន​ជំទាស់​នឹង​ការ​លក់​យន្ត​ហោះ​ចម្បាំង​ឲ្យ​ថៃ​ទេ តែ​សូម​កុំឲ្យ​ថៃ​ប្រើ​ប្រាស់​យន្ត​ហោះ​វាយ​ប្រហារ​ចូល​ទឹក​ដី​កម្ពុជា ឬ​ទឹក​ដី​ឡាវ ឬ​ម៉ាឡេ​ស៊ី ឬ​មីយ៉ាន់​ម៉ា ដែល​ជា​ប្រទេស​ជាប់​ព្រំ​ដែន​ជាមួយ​ថៃ»។

យ៉ាងណា លោក ហ៊ុន សែន មិន​បាន​បញ្ចេញ​ឈ្មោះ​ប្រព័ន្ធ​ផ្សព្វ​ផ្សា​​យ​ណា​ខ្លះ ដែ​​លបាន​ផ្សព្វ​​ផ្សាយ​រឿ​ង​នេះ​​ទេ ប៉ុន្តែ​ជា​ការ​កត់​សម្គាល់ សារ​ព័ត៌មាន​ហ្វ្រេស​ញ៉ូ កាល​ពី​ថ្ងៃ​ទី​០៥ ខែ​សីហា បាន​ផ្សព្វ​ផ្សា​​យ​ពី​ករណី​​ថៃ​មា​​នគ​ម្រោង​ធ្វើ​ឃាត​ប្រធាន​ព្រឹទ្ធស​ភា​ លោក ហ៊ុន សែន និង​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត។

ការចេញបកសា្រយរបស់មេដឹកនាំ​កម្ពុជា​នេះ ក៏​ចំ​ពេល​ដែល​ប្រទេស​ជប៉ុន ដែល​ជា​​ម្ចាស់​ជំនួ​យ​ធំ​ជា​ង​គេ​មួយ​របស់​​កម្ពុជា ​បា​ន​បញ្ចេញ​ប្រតិ​កម្ម​កាល​ពី​ថ្ងៃ​ទី​០៦ ខែ​សីហា​ថា ខ្លួន​ពុំ​ដែល​មាន​គម្រោង​ផ្តល់​គ្រឿង​យន្ត​បែប​នេះ​ដល់​ប្រទេស​ថៃ ហើយ​ក៏​មិន​ធ្លាប់​បាន​ទទួល​សំណើ​បែប​នេះ​ពី​ប្រទេស​ថៃ​ដែរ។

លើសពីនេះ ក៏មាន​កូរ៉េ និង​ចិន​ផង​ដែរ ដែល​កូរ៉េ កាល​ពី​ថ្ងៃទី​០៦ ខែ​សីហា បាន​អះ​អាង​ថា ការ​ចុះ​ផ្សាយ​នេះ​ជា​រឿង​មិន​ពិត​ និ​ងថា​​រដ្ឋាភិបាល​សាធារណ​រដ្ឋ​កូរ៉េ​ ស្វាគមន៍​ចំពោះ​កិច្ច​ព្រម​ព្រៀង​ឈប់​បាញ់​ភ្លាមៗ​ និង​គ្មាន​លក្ខ​ខណ្ឌ​រវាង​កម្ពុជា និង​ថៃ ហើយ​បាន​សម្តែង​ក្តី​សង្ឃឹម​ថា​ភាគី​ទាំង​អស់ ​នឹង​អនុវត្ត​កិច្ច​ព្រម​ព្រៀង​ឈប់​បាញ់​ដោយ​ស្មោះ​ត្រង់ និង​ដោះ​ស្រាយ​ជម្លោះ​ដោយ​សន្តិ​វិធី។

ដោយឡែក ចិន កាលទីថ្ងៃទី០៦ ខែ​សីហា ឆ្នាំ​២០២៥ ក៏​បាន​បញ្ជាក់​ដែរ​ថា​ ថ្មីៗ​នេះ មាន​ផ្សព្វ​ផ្សាយ​ថា​ចិន​បាន​បរិច្ចាគ​​យន្ត​ហោះគ្មា​ន​មនុស្ស​បើក​ដល់​កម្ពុជា ដើម្បី​គាំទ្រ​ដល់​ប្រតិបត្តិ​ការ​ព្រំដែន​របស់​ខ្លួន ជា​រឿង​មិន​​ពិត និង​ថា ចាប់​តាំ​ងពី​មា​ន​ការ​ផ្ទុះ​ឡើង​នៃ​ជម្លោះ​នៅ​តាម​ព្រំដែន​រវាង​ថៃ និង​កម្ពុជា។ ក្នុង​ឋានៈ​ជា​ប្រទេស​ជិត​ខាង ជា​មិត្ត ចិ​នបា​ន​ធ្វើការ​យ៉ាង​សកម្ម​ដើម្បី​កាត់​បន្ថយ​ភា​ព​តាន​តឹង​តាម​មធ្យោបាយ​របស់​ខ្លួន និង​ត្រៀម​ខ្លួន​ជា​ស្រេច ដើម្បី​បន្ត​រក្សា​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់ ដូច​ជា ថៃ កម្ពុជា​ និង​ម៉ាឡេ​ស៊ី ដើម្បីដើ​រតួ​នាទី​ស្ថាបនា​សម្រាប់​ការ​ពង្រឹង​បទ​ឈប់​បាញ់ និង​ការ​ស្តារ​សន្តិភាព និង​ស្ថិរភាព​នៅ​ដើម​ដំបូង។

ជុំវិញបញ្ហានេះ តំណាង​រាស្ត្រគណបក្ស​សង្គ្រោះ​ជាតិ លោក សួន សូរីដា មើល​ឃើញ​ថា ការ​ចេញ​មុខ​បក​ស្រាយ​ដើម្បីរំ​លត់​បញ្ហា​ពេល​នេះ បញ្ជាក់​ថា ព័ត៌​មាន​ក្លែង​ក្លាយ​កំពុង​រីក​រាល​ដាល​ក្រោម​ការ​ដឹក​នាំ​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន ខណៈ​​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​របស់​រដ្ឋ​មាន​ទាំង​ទូរទស្សន៍​ជាតិ​​ជាដើម មិន​បាន​ផ្សព្វ​ផ្សាយ​ការ​ពិត​ពី​បញ្ហា​បូរណ​ភាព​ទឹក​ដី​ទេ រួម​ទាំង​ការ​ផ្ទុះ​អាវុធ​ជាមួយ​ថៃ​រយៈ​ពេល​៥ថ្ងៃ​ថ្មីៗ​នេះ។ មូល​ហេតុ​ចម្បង​ដែល​ជំរុញ​ឱ្យ​មាន​បញ្ហា​នេះ វា​ផ្តើម​ចេញ​ពី​សារ​ព័ត៌​មាន​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិ​បាល ហើយ​ថា ដើម្បី​លុប​បំបាត់​ព័ត៌​មាន​ក្លែង​ក្លាយ រដ្ឋាភិបាល​ចាំបាច់​ត្រូវ​ចាត់​វិធាន​ការ​អ្នក​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​មិន​ពិត​ទាំង​នោះ ទើប​អាច​ស្តារ​មុខ​មាត់​កម្ពុជា និង​ទប់​ស្កាត់​ព័ត៌​មាន​ក្លែង​ក្លាយ​បាន។

លោកថា៖ «លោក ហ៊ុន សែន តែង​តែដា​ក់​ទោស​ទណ្ឌ​ទៅ​លើ​បុគ្គល​ទាំង​ឡាយ​ណា ឬ​ក៏​សារព័ត៌​មាន​ទាំង​ឡាយ​ណា ដែល​និយាយ​ព័ត៌​មាន​មិន​ពិត​ ផ្សព្វ​ផ្សាយ​ព័ត៌​មាន​មិន​ពិត ដោយ​ចាប់​បុគ្គល​ទាំង​នោះ ម​ក​ក្នុង​បទ​ញុះ​ញង់​បង្ក​ឲ្យ​មាន​ចលាចល​សង្គម​ បង្ក​ឲ្យ​មាន​ភាព​ឈាន​ទៅ​ដល់​ការ​​ផ្ទុះ​អាវុ​ធ​នៃ​ប្រទេស​កម្ពុជា​ អ៊ីចឹង​ខ្ញុំ​គិត​ថា លោក ហ៊ុន សែន គួរ​តែ​ចាប់​មេ​ដឹ​ក​នាំ​រឿង​ចាង​ហ្វាង​កាសែត​ហ្រែស​ញ៉ូ មុន​គេបា​ន​ដាក់​គុក​ឲ្យ​ដូច​នឹង​អ្វី​ដែល​ លោក ហ៊ុន សែន ធ្លាប់​ចាប់​អ្នក​សារព័​ត៌​មាន​ដទៃ​ទៀត​ ឬ​ក៏​ចាប់​បុគ្គល​ដទៃ​ទៀត ដែល​រដ្ឋាភិ​បាល​កម្ពុជា​បាន​ចោទ​ថា​ ជា​អ្នក​ដែល​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​ក្នុង​បទ​អី​ញុះ​ញង់ ដូច​ជា​ថ្មីៗ​នេះ​ គឺ​លោក​ឃុន​ថង​ឌី ដែល​ជា​ប្រធាន​គណបក្ស​ដំណើរ​ឆ្ពោះ​ទៅ​មុខ ត្រូវ​បាន​ចាប់​ក្នុង​បទ​ថា​ញុះ​ញង់​ក្នុង​ការ​ផ្សាយ​ព័ត៌​មាន​មិន​ពិត»។

លើសពីនេះ លោកគូស​បញ្ជាក់​ថា បញ្ហា​ដែល​នាំ​ឱ្យ​មាន​ព័ត៌​មាន​ក្លែង​ក្លាយ គឺ​ផ្ដើម​ចេញ​ពី​រដ្ឋាភិបាល​កំចាត់​ព័ត៌មា​ន​ឯករាជ្យ​ដែល​តែង​តែ​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​ពិត។

លោកថា៖ «ដើម្បីឲ្យព័ត៌មាន​ពិត​បាន​ ទាល់​តែ​ព័ត៌​មាន​នេះ​ចេញ​ពី​ស្ថាប័ន​ព័ត៌​មាន​ឯករាជ្យ​ល្បីៗ នៅ​លើ​ពិភព​លោក​​ទេ ដែល​គេ​អាច​ផ្សព្វ​ផ្សាយ​ពី​ស្ថាន​ភាព​នៃ​សង្គ្រាម​ឈ្លាន​ពាន​របស់​ប្រទេស​ថៃ​បាន ប៉ុន្ដែ​យើង​ឃើញ​ថា ដោយ​សារ​តែកម្ពុជា​បាន​បណ្ដេញ​នូវ​សារ​ព័ត៌​មាន​ឯករាជ្យ​ទាំង​នោះ ចេញ​ពី​ប្រទេស​កម្ពុជា អ៊ីចឹ​ង​យើង​ឃើញ​ថា​ សារ​ព័ត៌​មាន​ដែល​នៅក្នុ​ង​ស្រុក​ទាំង​ប៉ុន្មាន​ ជា​សារ​ព័ត៌មាន​ដែល​មាន​លក្ខណៈ​និន្នា​កា​រ​ទៅ​កាន់​រដ្ឋាភិ​បាល​ ដូច្នេះ​ព័ត៌​មាន​ទាំង​ឡាយ​ណា​ដែល​ជា​ព័ត៌​មាន​ ដែ​ល​ជា​ចំណុច​អវិជ្ជ​មាន​នៃ​ការ​ដឹក​នាំ​របស់​រដ្ឋាភិបាល​ក៏​ដូច​ជា​ថ្មីៗ​នេះ ចំណុច​អវិជ្ជមា​ននៃ​សង្គ្រាម​ឈ្លាន​ពាន​រប​ស់ប្រទេស​ថៃ​មក​លើ​កម្ពុជា​ ក៏​ដោយ​​សា​រ​ព័ត៌​មាន​ដែល​មាន​និន្នាកា​រ​ជាមួយ​រដ្ឋាភិបា​ល​នេះ គឺ​ច្បាស់​ជា​មិន​យក​មក​ផ្សព្វ​ផ្សាយ​ឲ្យ​មហា​ជន​ខ្មែរ​បាន​ដឹង​ទេ»។

នាយិកាប្រតិបត្តិមជ្ឈមណ្ឌ​លកម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ (CCIM) អ្នក​ស្រី ឆន សុគន្ធា និយាយ​នៅ​ថ្ងៃ​ទី៧​​ខែ​សីហា​នេះ​ថា ជា​ទូទៅនៅ​ក្នុង​ស្ថាន​ភាព​នេះ​ មាន​ព័ត៏​មាន​ចំរុះ​ជា​ច្រើន​ដែល​បាន​ផុស​ក្នុង​បណ្តាញ​សង្គម​ទាំង​ព័ត៌​មាន​ពិត និង​ក្លែង​ក្លាយ ជា​ហេតុ​ធ្វើ​ឲ្យ​ពលរដ្ឋ​ពិបាក​ក្នុង​ការ​តាម​ដាន​ព័ត៌​មាន​ក្នុង​ពេល​បច្ចុប្បន្ន។

យ៉ាងណា អ្នក​ស្រី​ថា អ្នក​សារ​ព័ត៌​​​មា​នឯ​ករាជ្យ ឬ​សារ​ព័ត៌​មាន​អាជីព​ដើ​រ​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​លើក​ពី​បញ្ហា​ផ្សេងៗ នៅ​ក្នុង​សង្គម​ដល់​ថ្នាក់​ដឹក​នាំ និង​មហា​ជន​បាន​ដឹង ព្រម​ទាំង​ដោះ​ស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​ ប៉ុន្តែ​ថា នៅ​ពេល​​បិទ​​សំឡេង​សារ​ព័ត៌​មាន​ឯករាជ្យ ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្វះ​ព័ត៌មា​ន​ពិត ពិសេស​នៅ​ក្នុង​កំឡុង​ពេល​មាន​ការ​ប៉ះ​ទង្គិ​ច​គ្នា​រវាង​​កម្ពុជា និង​ថៃ​ដោយ​ប្រើ​ប្រាស់​អាវុធ។

ក្នុងន័យនេះ អ្នក​ស្រីព​ន្យល់​ថា ក្នុង​ស្ថាន​ភាព​នេះ មាន​ព័ត៌​មាន​មិន​ពិត​ជា​ច្រើន​ដែល​បង្កើត​ឡើង​ដោយ​អ្នកលេង​បណ្តាញ​សង្គម​ទាំ​ង​ពី​រប្រទេស ដើម្បី​ធ្វើ​ការ​វាយ​ប្រហារ និ​ងបំ​បាក់​ស្មារតី​ទៅ​ពលរដ្ឋ ព្រម​ទាំង​ទាហាន​រប​ស់​ភាគី​ទាំង​សង​ខាង។

មួយវិញទៀត អ្នកស្រីថា រដ្ឋាភិបាល តា​ម​រយៈ​ក្រសួង​ព័ត៌​មាន​បាន​បង្កើត​គណៈ​កម្មា​ធិការ​តាម​ដាន​ព័ត៌​មាន​ក្លែង​ក្លាយ ពិសេស​នៅ​ក្នុង​អំឡុង​ពេល​មាន​ការ​ប៉ះ​ទង្គិច​គ្នា​នេះ ក្រសួង​ព័ត៌​មាន​ការ​ដាក់​ចេញ​នូវ​វិធាន​ការ​ជា​ច្រើន​ដើម្បី​កាត់​បន្ថយ និង​លុប​បំបាត់​ព័ត៌​មាន​ក្លែង​ក្លាយ​ទាំង​នោះ តែ​នៅ​តែ​មិន​អាច​ទទួល​បាន​លទ្ធ​ផល​ច្រើន​នោះ​ទេ ដោយ​សារ​តែ​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ភាគ​ច្រើន មិន​បាន​យល់​ដឹង​ពី​អក្ខរ​កម្ម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​បាន​ច្បាស់ ដូច្នេះ​ដើម្បី​ស្តារ​មុខ​មាត់​កម្ពុជា អ្នក​សារ​ព័ត៌មាន​ដើរ​តួនាទី​ក្នុង​ការ​ផ្តល់​ព័ត៌​មាន​ពិតដល់​​មហា​ជន ព្រម​ទាំង​គោរព​នូវ​ក្រម​សីល​ធម៌​​របស់​​ខ្លួន។

ការ​ណ៍​នេះ អ្នក​ស្រី​ថា អ្នក​ព័ត៌​មាន​នៅ​កម្ពុជា ពិបាក​ក្នុង​ការ​រក​ប្រភ​ព​ដែល​ឯករាជ្យ​នៅ​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​ព័ត៌​មាន​ដែល​ក្លែង​ក្លាយ​ទាំង​នេះ ក្រៅពី​សេ​ចក្តី​ប្រកាស​ព័ត៌​មាន​របស់​ក្រសួង​ការ​ពារ​ជាតិ និង​ក្រសួង​ព័ត៌​មាន ព្រម​ទាំង​បណ្តាញ​សង្គម​របស់​នាយក​រដ្ឋ​មន្រ្តី និង​ប្រធាន​ព្រឹទ្ធ​សភា​តែ​ប៉ុណ្ណោះ។

យ៉ាងនេះ​ក្តី អ្នក​ស្រី​គូស​បញ្ជាក់​ថា អ្នក​សារព័ត៌​មាន​ឯករាជ្យ ឬ​​សារ​ព័ត៌​មាន​អាជីព​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​លើក​ពី​បញ្ហា​ផ្សេងៗ​នៅ​ក្នុង​សង្គម​ដល់​ថ្នាក់​ដឹក​នាំ និង​មហាជន​បាន​ដឹង ព្រម​ទាំង​ដោះ​ស្រាយ​បញ្ហា​ជូន​ពលរដ្ឋ។

សម្រាប់​ប្រភព​ខាង​លើ ក្នុង​កំឡុង​ពេល​មាន​ការ​ប៉ះ​ទង្គិច​គ្នារ​វាង​កម្ពុជា និង​ថៃ ដោយ​ប្រើ​ប្រាស់​អាវុធ ខាង​កម្ពុជា ការ​ទទួល​បាន​ព័ត៌​មាន មាន​ការ​យឺត​យ៉ាវ​ជាង​ខាង​ថៃ ពិសេស​ព័ត៌​មាន​ផ្នែក​ភាសា​អង់​គ្លេស​តែ​ម្តង។ យ៉ាង​ណា អ្នក​ស្រីស​ង្ឃឹម​ថា មេរៀន​ពី​បញ្ហា​នេះ ប្រមុ​ខ​រដ្ឋាភិ​បាល ពិសេស​ក្រសួង​ព័ត៌​មាន​នឹង​ពិចារណា​បើក​ស្ថាប័ន​សារ​ព័ត៌​មាន​ឯករាជ្យ​ឲ្យ​បាន​ច្រើន​ឡើង​វិញ។

ជាការកត់សម្គាល់ រដ្ឋាភិបាលបាន​ធ្វើយុ​ទ្ធ​នាការ​កម្ចាត់​សារ​ព័ត៌​មាន​ឯករាជ្យ ចាប់​ពី​ចុង​ឆ្នាំ​២០១៧​មក​ ក្រោយ​ពី​ពលរដ្ឋ​ជិត​ពាក់​កណ្តាល​ប្រទេស បោះ​ឆ្នោត​ដក​សេច​ក្តី​ទុក​ចិត្ត​ពី​បក្ស​កាន់​អំណាច ហើ​យ​ងាក​ទៅ​បោះ​ឆ្នោត​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​និន្នាការ​ប្រ​ជា​ធិប​តេយ្យ​វិញ។

ចាប់ពីពេលនោះមក សារព័ត៌មាន​ឯករាជ្យ​ជា​ច្រើន ដែល​ចេញ​ផ្សាយ​ប្រចាំ​ថ្ងៃ ទាំង​ពី​​ភាសា​ខ្មែរ និង​អង់​គ្លេស​ រួម​ទាំង​​កាសែត The Cambodia Daily ជាដើម ត្រូវ​បាន​បិទ​ការ​ផ្សាយ ក្រោម​បទ​ចោទ​ដែល​គេ​មើល​ឃើញ​ថា​មាន​ចរិ​ត​នយោបាយ។

នៅថ្ងៃទី០២ ខែ​ឧសភា ឆ្នាំ​២០២៥ អង្គ​ការ​អ្នក​សារព័ត៌​មាន​គ្មាន​ព្រំដែន​ ហៅ​កាត់ RSF បាន​ទម្លាក់​ចំណាត់​ថ្នាក់​សេរីភាព​សារ​ព័ត៌មាន​របស់​កម្ពុ​ជា​នៅ​ឆ្នាំ​២០២៥ ចំនួ​ន​១០​លេខ ពោល​ធ្លាក់​ពី​ចំណាត់​ថ្នាក់​ទី​១៥១​ នៅ​ឆ្នាំ​២០២៤ មក​ទី​១៦១ នៅ​ឆ្នាំ​២០២៥។

ការដែលអង្គការអ្នកសារព័ត៌មាន​គ្មាន​ព្រំដែន RSF បាន​ទម្លាក់​ចំណាត់​ថ្នាក់​សេរី​ភាព​សារ​ព័ត៌​មាន​របស់​កម្ពុជា​ក្នុង​ឆ្នាំ​២០២៥ ពី​លេខ​១៥១ ទៅ​លេខ​១៦១ គឺ​មក​ពី​អង្គ​កា​រ​នេះ​បាន​យោង​លើ​ចំណុច​សំខាន់ៗ​មួយ​ចំនួន ដូច​ជា បរិយា​កាស​នៃ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ បរិបទ​នយោ​បាយ ក្រប​ខណ្ឌ​ច្បាប់ បរិបទ​សេដ្ឋ​កិច្ច បរិបទ​សង្គម វប្ប​ធម៌ និង​បញ្ហា​សុវត្ថិ​ភាព។

ខ្លឹមសារជារួមនៅក្នុងរបាយការណ៍របស់ RSF បាន​រៀប​រាប់​ឡើង​វិញ​នូវ​សកម្ម​ភាព​របស់​រដ្ឋាភិបាល​កម្ពុជា​ដែល​បាន​បិទ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ ដូច​ជា វិទ្យុ​សំឡេង​ប្រជាធិប​តេយ្យ VOD វិ​ទ្យុ​អាស៊ី​សេរី ឬ​កាសែត​ The Cambodia Daily ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ