ការដែលមេដឹកនាំគ្រួសារហ៊ុន បង្ហាញការដឹងគុណអាមេរិក តាមរយៈស្នើឱ្យផ្តល់ពានរង្វាន់ណូប៊ែលសន្តិភាពដល់មេដឹកនាំ លោក ដូណាល់ ត្រាំ ក្រោមកិច្ចអន្តរាគមន៍ឱ្យមានបទឈប់បាញ់បន្ទាន់ ដែលកម្ពុជាចោទថា ថៃឈ្លានកម្ពុជាទាំងគឃ្លើននោះ ជំរុញឱ្យមានការលើកឡើងថា មេដឹកនាំខ្មែរ គួរតែទម្លាក់បទចោទបែបប្រឌិដ្ឋ លើក្រុមសំឡេងជំទាស់ ដើម្បីកសាងសង្គមប្រជាធិបតេយ្យ ដ៏ពិតប្រាកដមួយ តបតាមរដ្ឋធម្មនុញ្ញ កម្ពុជា និងបំណងអន្តរជាតិ។
នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន ម៉ាណែត បានបង្ហោះសារលើហ្វេសប៊ុកកាលពីថ្ងៃទី៧ ខែសីហានេះ ដោយនិយាយថា ពលរដ្ឋកម្ពុជាស្នើដល់គណៈកម្មាធិការណូបែលន័រវេស គួរតែងតាំងប្រធានាធិបតីអាមេរិក លោក Donald Trump សម្រាប់ពានរង្វាន់ណូបែលសន្តិភាព ក្នុងការទទួលស្គាល់ការរួមចំណែកជាប្រវត្តិសាស្ត្រក្នុងការជំរុញសន្តិភាពពិភពលោក។
លោកបញ្ជាក់ថា ការតែងតាំងនេះ មិនត្រឹមតែឆ្លុះបញ្ចាំងពីការដឹងគុណរបស់មេដឹកនាំកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការដឹងគុណយ៉ាងស្មោះស្ម័គ្ររបស់ប្រជាជនកម្ពុជា ដល់សហរដ្ឋអាមេរិកក្នុងការស្តារសន្តិភាពនិងស្ថិរភាពនៅតាមព្រំដែនកម្ពុជា-ថៃ។
លើសពីនេះ លោកថា វិសាលភាពរបស់ប្រធានាធិបតី Trump ដែលបានផ្តួចផ្តើមគំនិតឱ្យមានបទឈប់បាញ់ភ្លាមៗ និងគ្មានលក្ខខណ្ឌរវាងកម្ពុជា និងថៃ បានឆ្លុះបញ្ចាំងពីសារៈសំខាន់ក្នុងការទប់ស្កាត់ការបាត់បង់អាយុជីវិតយ៉ាងច្រើន និងត្រួសត្រាយផ្លូវឆ្ពោះទៅរកការស្ដារឡើងវិញ នូវសន្តិភាពរវាងប្រទេសទាំងពីរ។
សម្រាប់ លោក ហ៊ុន ម៉ាណែត ការស្វែងរកសន្តិភាពជាប់លាប់របស់ លោក ត្រាំ តាមរយៈទំនាក់ទំនងការទូត គឺសមស្របនឹងចក្ខុវិស័យរបស់ Alfred Nobel ដែលផ្តល់កិត្តិយសដល់អ្នកដែលបានចូលរួមចំណែកដ៏ឆ្នើមចំពោះភាតរភាពអន្តរជាតិ និងការរីកចម្រើននៃសន្តិភាព។
សម្រាប់ហេតុផលទាំងនេះ លោកសង្ឃឹមថា ការតែងតាំងសម្រាប់កិត្តិយស លោក Donald Trump ប្រធានាធិបតីនៃសហរដ្ឋអាមេរិក គឺស័ក្តិសមណាស់សម្រាប់រង្វាន់ណូបែលសន្តិភាពពិភពលោកនេះ។
លើសពីនេះ រដ្ឋធម្មនុញ្ញកម្ពុជាឆ្នាំ១៩៩៣ ជាសមិទ្ធផលនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ បានចែងថា កម្ពុជានឹងអនុវត្តប្រព័ន្ធប្រជាធិបតេយ្យសេរី ដោយឈរលើមូលដ្ឋានពហុបក្ស និងអនុវត្តនយោបាយផ្សះផ្សាជាតិ បង្រួបបង្រួមជាតិ។
ជុំវិញបញ្ហានេះ តំណាងរាស្រ្តបក្សសង្គ្រោះជាតិ លោក សួន សូរីដា ប្រាប់VODនៅថ្ងៃទី៨ ខែសីហានេះថា លោកមិនបដិសេធចំពោះការផ្តល់ពានរង្វាន់ណូប៊ែលសន្តិភាពឱ្យ លោក ដូណាល់ ត្រាំ នោះទេ។ តែផ្ទុយទៅវិញ លោកថា មេដឹកនាំកម្ពុជា ត្រូវក្រឡេកមើលពីបញ្ហាផ្ទៃក្នុងរបស់ជាតិផងដែរថា ពលរដ្ឋនិងអ្នកនយោបាយខ្មែរ ត្រូវការសន្តិភាពពិតប្រាកដ និងប្រជាធិបតេយ្យ សិទ្ធិមនុស្សពេញលេញនៅកម្ពុជា។
ក្នុងន័យនេះ លោកពន្យល់ថា ដើម្បីឱ្យប្រាកដថា រដ្ឋាភិបាលពិតជាស្រឡាញ់សន្តិភាព និងមានឆន្ទៈចង់ស្តារប្រជាធិបតេយ្យ សិទ្ធិមនុស្សនៅកម្ពុជា ជំហានដំបូងត្រូវដោះលែងអ្នកទោសមនសិការទាំងអស់។
លោកអះអាងថា អ្វីដែលមេដឹកនាំសហរដ្ឋអាមេរិកគ្រប់រូប រួមទាំងលោក ត្រាំ ចង់បានពីកម្ពុជាមិនមែនត្រឹមពានរង្វាន់ណូប៊ែលនោះទេ គឺចង់ឃើញកម្ពុជាមានការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។
លោកថា៖ «ខ្ញុំយល់ឃើញថា បើសិនជារដ្ឋាភិបាលចង់សម្តែងនូវការគាំទ្រសហរដ្ឋអាមេរិក នៅក្នុងការដឹងគុណសម្ដែងការគាំទ្រ ឬក៏សម្ដែងការដឹងគុណសហរដ្ឋអាមេរិក នៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ឬក៏សង្រ្គាមឈ្លានពានលើកម្ពុជានេះ គឺចាំបាច់កម្ពុជាត្រូវបង្ហាញភាពស្មោះត្រង់ជាមួយសហរដ្ឋអាមេរិក បានន័យថា បើយើងគាំទ្រយើងស្រឡាញ់បុគ្គលណាមួយ យើងបង្ហាញភាពស្មោះត្រង់ចំពោះយើង ទៅនឹងបុគ្គលហ្នឹង ជាក់ស្ដែងដូចរឿងប្រធានាធិបតីសហរដ្ឋអាមេរិក តំណាងឲ្យប្រទេសអាមេរិកទាំងមូល មិនមែនតំណាងតែបុគ្គលម្នាក់នោះទេ អ៊ីចឹងនៅពេលណាដែលយើងចោទសហរដ្ឋអាមេរិកថា នៅពីក្រោយខ្នងលោក កឹម សុខា នៅក្នុងការផ្ដួលរំលំរដ្ឋាភិបាលកម្ពុជា មានន័យថា ចោទសហរដ្ឋអាមេរិកទាំងមូល»។
ប្រហែលគ្នានេះដែរ អតីតមន្រ្តីបក្សសង្រ្គោះជាតិ លោក ហ៊ីង សុខសាន្ត អះអាងថា ការស្តារប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្ស និងដោះលែងអ្នកទោសនយោបាយ គឺជារឿងចំបាច់បំផុតដែលអាមេរិកត្រូវការ។
លោកថា ការផ្តល់ពានរង្វាន់ណូប៊ែលសន្តិភាពឱ្យមេដឹកនាំអាមេរិក លោក ដូណាល់ ត្រាំ គឺជារឿងល្អ ប៉ុន្តែមេដឹកនាំកម្ពុជាក៏ត្រូវមើលផងដែរថា ប្រទេសដែលចង់ផ្តល់ពានសន្តិភាពនោះមានសន្តិភាពឬនៅ។
ក្នុងន័យនេះ លោកបញ្ជាក់ថា មុននឹងផ្តល់ពានសន្តិភាពឱ្យប្រទេសដែលគេស្គាល់ថា ជាបិតាសន្តិភាពពិភពលោក ដូចជា អាមេរិកនេះ កម្ពុជាខ្លួនឯងត្រូវធ្វើខ្លួនឱ្យស័ក្តិសមជាអ្នកផ្តល់ពានសន្តិភាពនោះ។
លោកថា៖ «យើងត្រូវចាំថាសហរដ្ឋអាមេរិក គឺជាបិតាប្រជាធិបតេយ្យ ហើយសហរដ្ឋអាមេរិក គឺមានគុណតម្លៃទៅលើលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ដូច្នេះខ្ញុំជឿថាវាចៀសមិនផុតទេ ហើយរដ្ឋាភិបាលអាមេរិក មិនថាទូតអាមេរិកប្រចាំនៅស្រុកខ្មែរ រដ្ឋមន្ត្រីការបរទេសអាមេរិកអី ហូរហែនិងមន្ត្រីការទូតដទៃទៀតរបស់សហរដ្ឋអាមេរិក ដែលបានទៅទស្សនកិច្ចស្រុកខ្មែរ ដែលតែងតែជំរុញឲ្យមានការដោះលែងលោក កឹម សុខា និងដោះលែងអ្នកសកម្មជនយោបាយផ្សេងៗទៀត ហើយអាចនឹងទទួលបានផលប្រយោជន៍យ៉ាងច្រើន ពីសហរដ្ឋអាមេរិកទៀតផង ដូច្នេះខ្ញុំគិតថាបើយើងធ្វើបានទាំងពីរក្នុងពេលតែមួយវាល្អហើយយើងទទួលបានការសាទរពីសហគមន៍អន្តរជាតិ ជាពិសេសពីសហរដ្ឋអាមេរិក»។
ប្រធានចលនាជាតិតស៊ូនៅក្រៅប្រទេស លោក សម រង្ស៊ី សរសេរសារបង្ហោះនៅថ្ងៃទី៨ ខែសីហានេះថាត្រូវទម្លាក់ចោលសំណុំរឿងដែលចោទ លោក កឹម សុខា និងអាមេរិករួមគ្នាផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ លោក សម រង្ស៊ី ស្នើឱ្យមេដឹកនាំកម្ពុជា ស្តារទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកឡើងវិញ។
លើសពីនេះ តំណាងរាស្រ្តបក្សសង្គ្រោះជាតិម្នាក់ទៀត គឺលោក អ៊ុំ សំអាន បានសរសេរសារលើហ្វេសប៊ុករបស់លោកថា រឿងស្នើសុំគណៈកម្មការពានរង្វាន់ណូបែលសន្តិភាពឱ្យលោក ដូណាល់ ត្រាំ គឺជារឿងល្អ។ ប៉ុន្តែលោកយល់ថា អ្វីដែលសហរដ្ឋអាមេរិក និងលោក ត្រាំ ចង់បានបំផុតគឺការដោះលែងលោក កឹម សុខា ដែលតុលាការចោទប្រកាន់គាត់ថា បានគប់គិតជាមួយអាមេរិកក្នុងការផ្តួលរំលំរដ្ឋាភិបាល។
លោកបន្តថា មិនតែប៉ុណ្ណោះ អ្វីដែលសហរដ្ឋអាមេរិកចង់បាន គឺការស្តារប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្ស និងការរៀបចំការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌មួយនៅកម្ពុជាផងដែរ។
ការណ៍នេះ លោក អ៊ុំ សំអាន យល់ថា ប្រសិនបើរដ្ឋាភិបាលចង់តបស្នងសងគុណ លោក ដូណាល់ ត្រាំ ឬសហរដ្ឋអាមេរិក គួរតែធ្វើទៅតាមបំណងប្រាថ្នារបស់អាមេរិកចង់បានទាំងប៉ុន្មានចំណុចខាងលើនេះ។
ចំណែក ពលរដ្ឋខ្មែរអាមេរិកាំងនៅទីក្រុងឡង់បិច លោក មួង ណារ៉េត អះអាងថា នេះគ្រាន់តែជានយោបាយលោក ហ៊ុន ម៉ាណែត ចង់ផ្គាប់ចិត្តអាមេរិក និងចង់បិទបាំងការសម្លាប់ប្រជាធិបតេយ្យរបស់គ្រួសារគាត់ប៉ុណ្ណោះ។
លោកអះអាងទៀតថា នយោបាយព្រួញមួយចង់បាញ់សត្វពីររបស់លោក ហ៊ុន ម៉ាណែត មិនអាចទៅរួចទេ បើគាត់មិនព្រមស្តារប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្ស និងដោះលែងអ្នកទោសនយោបាយនោះ។
ក្នុងន័យនេះ លោកពន្យល់ថា ព្រួញសន្តិភាពរបស់លោក ហ៊ុន ម៉ាណែត មិនបាញ់ទម្លុះបេះដូងសហរដ្ឋអាមេរិកបានទេ ព្រោះសិទ្ធិមនុស្ស ប្រជាធិបតេយ្យ ត្រូវបានមេដឹកនាំកម្ពុជាបំផ្លាញចោលអស់ហើយ។
លោកថា៖ «ខ្ញុំជឿថា ដើម្បីឲ្យពិភពលោកជឿថា គេសរសើរយើងថាជាជាតិសាសន៍ដែលមានសន្តិភាពពិតប្រាកដ ហើយអាមេរិកក៏សប្បាយចិត្តដែរ បើសិនជាយើងធ្វើបានអ៊ីចឹង វាស្របទៅនឹងគោលការណ៍ដែលស្រឡាញ់ប្រជាធិបតេយ្យ ដូចនៅអាមេរិកដែរ អ៊ីចឹងយើងអាចសរសើរអាមេរិកថា បានផ្សះផ្សាឲ្យមានសុខសន្តិភាព ហើយយើងស្ដារសិទ្ធិមនុស្សផ្សះផ្សាជាតិនៅស្រុកខ្មែរទៀត អាមេរិកច្បាស់ជាសប្បាយចិត្ត អាហ្នឹងដូចយើងយកទឹកក្រូចទៅប្រគេនលោក មិនយកស្រាបៀរកម្ពុជាទៅប្រគេនលោកអីចឹង»។
លើសពីនេះ អតីតនាយកឧទ្ទការល័យ លោក កឹម សុខា គឺលោក មុត ចន្ថា ក៏បានប្រតិកម្មលើហ្វេសប៊ុករបស់លោកដែរថា «លាងសំអាតការចោទអាមេរិកពីបទក្បត់ជាតិជាមួយលោក កឹម សុខា សិនទៅ»។
លោកបន្តថា លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត គួរពិនិត្យមើលតំណាងអយ្យការ ផ្លុង សុផល និងមេធាវីរាជរដ្ឋាភិបាលដឹកនាំដោយ លោក គី តិច ដែលបានចោទសហរដ្ឋអាមេរិកជាមេគំនិតបានផ្តល់ហិរញ្ញវត្ថុដល់ លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ក្នុងការផ្តួលរំលំរដ្ឋាភិបាលកម្ពុជា ចាប់ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០១៧។
លោកបន្តទៀតថា នៅខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងអាណត្តិទី១នៃលោកប្រធានាធិបតី Donald Trump បានសរសេរលិខិតមកលោក ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីខ្មែរ ដោយបានស្រាយបញ្ជាក់ថា សហរដ្ឋអាមេរិកមិនជាប់ពាក់ព័ន្ធក្នុងផែនការផ្តួលរំលំរដ្ឋាភិបាលកម្ពុជា ជាមួយលោក កឹម សុខា ឡើយ។
ប៉ុន្តែតំណាងអយ្យការ ផ្លុង សុផល និងមេធាវីរាជរដ្ឋាភិបាលដឹកនាំដោយលោក គី តិច នៅតែបន្តចោទយ៉ាងធ្ងន់ធ្ងរទៅលើអាមេរិកដដែល។
យ៉ាងណា សម្រាប់លោក មុត ចន្ថា គាំទ្ររដ្ឋាភិបាលកម្ពុជាក្នុងការស្តារ និងពង្រឹងទំនាក់ទំនងល្អ ជាមួយអាមេរិក ប៉ុន្តែចំណងដែលបានចងក៏គួរត្រូវស្រាយវិញ ដើម្បីបង្ហាញពីសុឆន្ទៈសុចរិត និងការថ្លែងអំណរគុណចេញពីបេះដូងបរិសុទ្ធ។
ដោយឡែក អ្នកតាមដានពីការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី យល់ថា កាលៈទេសៈនេះ ជារឿងល្អណាស់ សម្រាប់កម្ពុជាដែលត្រូវបង្ហាញខ្លួនឱ្យកាន់តែស្និទ្ធជាមួយមេដឹកនាំសហរដ្ឋអាមេរិក។
លោកបន្តថា ការជិតស្និទ្ធជាមួយមេដឹកនាំមហាអំណាច ដូចជា សហរដ្ឋអាមេរិក គឺជាភាពវៃឆ្លាតរបស់មេដឹកនាំ ដើម្បីទទួលបានខ្នងបង្អែកដ៏រឹងម៉ាំ ការពារសន្តិសុខជាតិ និងការពារដែនអធិបតេយ្យខ្លួនផងដែរ។
លោកថា៖ «ក្រោយពីយើងដោះស្រាយបញ្ហាសង្គ្រាមវិវាទនោះ ហើយថាតើយើងធ្វើម៉េចដើម្បីឲ្យមានឯកភាពជាតិ ឬក៏ធ្វើការរៀបចំពង្រឹងនូវឯកភាពជាតិយើង ពីថ្ងៃនេះ សម្រាប់ទៅអនាគតវែងឆ្ងាយទៀតបាទព្រោះអីទំនាស់ជាមួយកម្ពុជាថៃនេះ នឹងមិនមែនចប់នៅត្រឹមតែសម័យនេះ ក្រោយនេះ ឬក៏ពេលនេះទេ វាអាចនឹងមានច្រើនជំនាន់តទៅទៀត បើសិនជាមិនមានកំណត់នៃកិច្ចព្រមព្រៀងណាមួយច្បាស់លាស់ហើយក៏អាស្រ័យទៅលើសមត្ថភាពរបស់កម្ពុជា ដែលបើសិនកម្ពុជាយើងនៅតែខ្សោយ គឺខ្ញុំគិតថាថៃនឹងបន្តមើលងាយកម្ពុជានិងរាប់ជំនាន់ទៀតបាទ»។
ជ្រុងមួយនៃរឿងនេះ លោក កឹម សុខា មេដឹកនាំគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការដកសិទ្ធធ្វើនយោបាយជិត១០ឆ្នាំទៅនេះ តាមបណ្តឹងរបស់គណបក្សកាន់អំណាច ដែលបានចោទមេបក្សប្រឆាំងដែលមានសក្តានុពលរូបនេះថា គប់គិតជាមួយសហរដ្ឋអាមេរិកចង់ផ្តួលរំលំរដ្ឋាភិបាល។
ប៉ុន្តែសហរដ្ឋអាមេរិក តាមរយៈស្ថានទូតប្រចាំកម្ពុជា បានច្រានចោលទៅនឹងសេចក្តីសម្រេចរបស់តុលាការកម្ពុជា ដោយចាត់ទុកការផ្តន្ទាទោស ដើម្បីបំបិទសំឡេង លោក កឹម សុខា ដោយផ្អែកលើបទសមគំនិតប្រឌិត គឺជាបរាជ័យនៃប្រព័ន្ធយុត្តិធម៌៕









