សង្គម​ស៊ីវិល​បារម្ភ​ពី​ប្រសិទ្ធ​ភាព​ទប់​ស្កាត់​ការ​ទារ​លុយ​ពី​ពលករ​ខ្មែរ​ដែល​រក​ការ​ងារ​ថ្មី​នៅ​កម្ពុជា

ក្រសួង​ការ​ងារ​ព្រមាន​ចាត់​វិធាន​ការ​​ច្បាប់​​​ទៅ​លើ​​ជន​រូប​ណា ​ដែល​​ទាម​ទារ​ឱ្យ​​ពលរដ្ឋ​​បង់​ប្រាក់ ឬ​ផ្តល់​អត្ថ​ប្រយោជន៍​​ជា​វត្ថុ​ ជា​ថ្នូរ​​នឹង​ការ​​ទទួល​​បាន​​ការ​​ងារ​​ធ្វើ​​​​នៅ​កម្ពុជា ដែល​ការណ៍​នេះ សង្គម​ស៊ីវិល​ទាម​ទារ​ឱ្យ​រដ្ឋាភិបាល បង្កើត​ប្រព័ន្ធ​តាម​ដាន​​លើប​ណ្តាញ​សង្គម ដើម្បីព​ង្រឹង​ប្រសិទ្ធ​ភាព។

ការ​​ព្រមាន​របស់​ក្រសួង ធ្វើឡើ​ង​​ស្រប​ពេល​​ដែ​ល​មាន​ពលករ​ខ្មែរ​​ជាច្រើន​ម៉ឺននា​ក់ បាន​នាំ​គ្នា​​សម្រុក​​មក​កាន់​​មាតុ​​ប្រទេស​​​​វិញ ដោយ​សារ​​ជម្លោះ​ព្រំដែន​​កម្ពុជា-ថៃ។

សេចក្តីជូនដំណឹ​ងរបស់​​ក្រសួង​ការ​ងារ ចុះថ្ងៃទី​០៧ ខែសីហា ឆ្នាំ​២០២៥ បាន​លើកឡើង​ថា យោងតាមច្បាប់​ការ​ងារ​ និង​ក្រម​ព្រហ្មទណ្ឌ ការ​ទាមទារ​ឱ្យ​ប្រជាពលរដ្ឋ​បង់ប្រាក់ ឬផ្តល់អត្ថប្រយោជន៍​ជា​វត្ថុ​ដោយ​ជន​​ណា​មួយ ជាថ្នូរ​នឹង​ការ​ទទួលបាន​ការងារ​ធ្វើ​នៅកម្ពុជា គឺ​ជា​អំពើ​ល្មើស​ច្បាប់ បើ​ទោះ​បីជា​ការ​ផ្តល់​នោះ​ធ្វើឡើង​ដោយ​ការ​ស្ម័គ្រ​ចិត្ត​របស់​អ្នក​ស្នើ​រក​ការ​ងារ​ធ្វើ​ក៏ដោយ។

ប្រភពដដែល​បន្តថា សកម្ម​ភាព​ទាំងនេះ ត្រូវ​បាន​ចាត់​ទុក​ជា​អំពើ​ឆបោក​ និង​កេង​ប្រវ័ញ្ច​​កម្លាំង​ពល​កម្ម​ ដែល​ត្រូវ​ផ្តន្ទា​ទោស​ដាក់ពន្ធ​នាគារ​​ពី ៦ខែ ដល់ ៣ឆ្នាំ និង​ត្រូវ​ទទួល​ការ​ពិន័យ​ជា​ប្រាក់​​​​តាម​ច្បាប់​ការ​ងារ ព្រម​ទាំង​ត្រូ​វទទួល​ទោស​ផ្សេង​ទៀត​តាមច្បាប់ និង​បទប្បញ្ញត្តិ​ពាក់ព័ន្ធ​ជា​ធរមាន។

ករណីនេះ ក្រសួង​បាន​អំពាវនាវ​ដល់​​កម្មករ​និយោជិត និង​សាធារណជន ដែលបាន​រង​គ្រោះ​ឬ​បាន​ដឹង​ករណីទារប្រាក់​ ឬផ្តល់​អត្ថប្រយោជន៍​ជាវត្ថុ ជាថ្នូរ​នឹង​ការ​ទទួលបានការ​ងារធ្វើ អាចប្តឹង​ទៅកាន់ក្រសួងតាមលេខ ១២៨៦ ឬប្រអប់​បណ្តឹង​អនាមិក​របស់​ក្រសួង ដើម្បី​អធិការ​ការ​ងារ ចាត់វិធានការ​តាមច្បាប់​ចំពោះជនល្មើស។

វីអូឌី មិនអាច​សុំការ​បញ្ជាក់បន្ថែមលើ​បញ្ហា​នេះពីអ្នកនាំពាក្យក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជា​ជីវៈ​​បាន​ទេ នៅថ្ងៃ​ទី​០៨ ខែសីហានេះ។

ការ​លើ​កឡើង​ពីបញ្ហា​ផ្លូវច្បាប់ និងការ​ព្រមានចាត់វិធានការច្បាប់​លើជន​ឆ្លៀត​ឱកាស ដែល​​​ទាម​ទារ​​ឱ្យ​​ប្រជាពលរដ្ឋ​​ប​ង់ប្រា​ក់ ឬផ្តល់អត្ថប្រយោជន៍​ជា​វត្ថុ ជាថ្នូរ​នឹង​ការ​ទទួលបាន​ការងារ​ធ្វើ​នេះ គឺកើត​ឡើង​ស្របពេល​ដែល​មានពលករ​ខ្មែរ​រាប់​ម៉ឺន​នាក់ ដែលធ្វើ​ការ​ និង​ស្នាក់នៅប្រទេស​ថៃ បាន​នាំ​គ្នា​​សម្រុក​​ត្រឡប់​​មក​​ប្រទេស​​កម្ពុជា ក្រោយ​មានការ​ផ្ទុះអាវុធ​នៅតាម​ព្រំ​ដែន​រវាង​ប្រទេស​ទាំង​ពីរ កាលពីថ្ងៃទី​២៤ ខែកក្កដា ដល់យប់​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២៥​កន្លង​ទៅ​នេះ។

ករណីជម្លោះព្រំដែន និង​កា​រផ្ទុះអាវុធដែលបង្ក​ឡើង​ដោយភាគីថៃ​បាន​បាញ់​មុននេះ ព្រមទាំង​មានការ​គំរាម​កំហែង​មួយចំនួន​លើពលករខ្មែរ​នៅថៃនោះ​ បាន​ឈាន​ទៅ​ដល់​ការ​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរនៅទីនោះ ឱ្យ​​ត្រឡប់​មករស់នៅ និង​ធ្វើការ​នៅ​កម្ពុជាវិញ ពីសំណាក់​រដ្ឋាភិបាលកម្ពុជា។

ជុំវិញការ​បង្ហោះ​សេចក្តីជូនដំណឹងនេះ នៅលើ​ទំព័រហ្វេសប៊ុក​របស់ក្រសួងការ​ងារ ក៏មានពលរដ្ឋ​ខ្មែរ​មួយ​ចំនួន បានលើកឡើ​ង​ពីបញ្ហា​ដែលពួកគាត់ជួប​ប្រទះផងដែរ។

គណនីហ្វេសប៊ុកឈ្មោះ Pözz Ñê បាន​លើកឡើង​ថា រូបគាត់ និង​សាច់ញាតិ ៣នាក់ទៀត ​បានជួបផ្ទាល់ចំពោះករណី​នៃការ​ទារ​លុយ​ជាថ្នូរនឹងបាន​ការងារធ្វើនោះ ដោយក្នុងនោះ​អ្នកប្រព្រឹត្ត​បាន​ទាមទារ​លុយពីគាត់ក្នុង​ម្នាក់ ៥ម៉ឺនរៀល។

គាត់សរសេរក្នុងសំណេរ​ដើម​ថា៖ «​ខ្ញុំ​ឃើញ​គេ​ផុស​[រើស​]កម្មករ នៅ​ម្ដុំ​ថ្នល់​ទទឹង ខ្ញុំ​ក៏​ទាក់​ទង​ទៅ ពេល​ទៅ​ហើយ​ គេឱ្យ​​ថត​ចម្លង​ឯក​សារ​​ដល់​ពេល​ធ្វើ​ហើយ​ទើប​ប្រាប់​ថា ថ្លៃ​នាំ​ចូល​អស់ ៥ម៉ឺន ខ្ញុំ​អត់​មាន​លុយ​ឱ្យ​​គេ ខ្ញុំ​ទើប​ចុះ​មក​ពី​ថៃ​ លុយ​មិន​បាន​ផង​ មាន​លុយ​តិច​តួច​ទុក​គ្រាន់​ថ្លៃ​បន្ទប់​ជួល​និង​ថ្លៃ​ហូប​ចុក»

គណនីហ្វេសប៊ុក​មួ​យទៀត ឈ្មោះ ​Vanda Him ក៏បានលើកឡើង​ដែរថា ថ្មីៗនេះ ក៏មាន​ករណី​ទារ​​​លុយ ដើម្បីទទួលបានការ​ងារ​ធ្វើ​ដែរ ដោយ​ក្នុង​ម្នាក់​ គេតម្រូវ​ឱ្យ​បង់លុយចំនួន ១០ម៉ឺន ទៅ១២ម៉ឺន​រៀល ទៅតាម​មេការ​ដែលគេ​នាំ​ចូល។​

លោក​បន្តក្នុងសំណេរដើម​ថា៖ «ខ្ញុំពិត​ជា​មិន​សប្បាយ​ចិត្ត​ទេ ពេល​ដែល​ឃើញ​មេការ​មួយ​ចំនួន​ទារ​លុយដ​ល់ក​ម្មករ​ដែល​មាន​បំណង​ចង់​បម្រើ​ការ​ងារ​ នៅ​តាម​ក្រុម​ហ៊ុន​ឬ​រោង​ចក្រ​ណា​មួយ​នោះ ហើយ​ត្រូវ​មេការ​ទាំង​នោះ​ទារ​លុយ​មុន​ចំនួន ១០​ម៉ឺន​ឬក៏១២​ម៉ឺន ទៅ​តាម​ការ​ងារ។ ​ខ្ញុំ​សូម​បញ្ជាក់​ថា នេះ​ជា​រឿង​ពិត​ដែល​កើត​មាន​ឡើង​នៅ​ពេលថ្មីៗ​នេះ»

អ្នកគ្រប់គ្រងកម្មវិធីការងារនៃអង្គការសង់ត្រាល់ លោក ឃុន ថារ៉ូ យល់ថា កា​រព្រមាន​របស់​ក្រសួង​ការ​ងារ​​ នឹង​អាច​ជួយ​ទប់ស្កាត់បានខ្លះ​​នូវ​​ការ​កើតមានការ​យកប្រាក់ជាយូរ​នឹង​ការ​ទទួល​​បាន​​ការ​ងា​រនេះ​ដែរ ខណៈបញ្ហានេះធ្លាប់កើតមាន​នៅតាម​បណ្តា​​រោង​ចក្រសហគ្រាស​​​មួយ​ចំនួន ដែលមានទម្រង់​ជាប្រព័ន្ធ។

តែយ៉ាងណា លោកជំរុញឱ្យ​ក្រសួង​បង្កើត​គណៈកម្មការ​ចំពោះកិច្ច​មួយ ដើម្បីធ្វើការ​ស្រាវ​ជ្រាវ​ ស៊ើបអង្កេត​ និង​ដោះស្រាយបញ្ហាទាំងនេះឱ្យ​មាន​ប្រសិទ្ធភាព​ ជាពិសេស​អំឡុង​​ពេល​​​ដែល​ពលករ​​ខ្មែរ​​រាប់​​ពាន់​​នាក់​ដែល​ចំណាក​​ស្រុក​​ទៅ​ធ្វើ​ការ​នៅ​​ប្រទេស​ថៃ​ បាន​ត្រឡប់មក​មាតុ​ប្រទេស​​វិញ​ ហើយ​ពួកគេ​កំពុង​ព្យាយាម​ស្វះស្វែង​រក​ការ​ងារ​ធ្វើ​។

លោកថា៖ «ចឹងករណីនេះ វា​អាចថា​​ជា​ការ​ឆ្លៀត​ឱកាសរបស់​​​អ្នកដែលធ្លាប់​ប្រើប្រាស់​នូវ​ទម្រង់​នៃការ​ផ្តល់ជា​សេវា​ ពីសំណាក់កម្មក​រដែល​គាត់​ស្វែង​រក​ការ​ងារ​​ធ្វើ​ ព្រោះករណីនេះ វា​ធ្លាប់​កើត​មាន​ឡើង​នៅតាម​បណ្តាក្រុមហ៊ុន​សហគ្រាស រោង​ចក្រ​មួយ​ចំនួន​ដែរកន្លងមក។ ​ព្រោះបច្ចុប្បន្ន​​​នេះ យើង​ឃើញ​មាន​ការ​ផ្សព្វផ្សាយ​នៅ​តាម​បណ្តាញ​សង្គមនានា​ជា​ច្រើន​ ពាក់ព័ន្ធទៅ​​នឹង​​ការ​ជ្រើស​រើស​ពលករ ការសន្យា​ការ​​ផ្តល់​អត្ថ​ប្រយោជន៍​អី​ជា​ច្រើន​ នៅតាម​បណ្តា​សហគ្រាស ក្រុម​ហ៊ុន​អីជា​ដើម ចឹង​ដើម្បីធ្វើការ​ឱ្យមាន​ប្រសិទ្ធភាព វា​លុះ​ត្រា​មានការ​តាម​ដាន​ ស៊ើប​​អង្កេត​មួយ​ ​ឱ្យ​មាន​នូ​វគណៈកម្មការ​ចំពោះកិច្ចមួយ​ដែល​អា​ច​ធានា​ដល់​ដំណើរ​ការ​​នៃ​ការ​តាម​​ដាន ការ​ស៊ើប​អង្កេត​ ការ​ត្រួតពិនិត្យ ជាពិសេសគឺ​នៅ​តាមរយៈបណ្តាញ​សង្គមមួយចំនួន​​ ដែល​មិន​មែន​ជា​ផ្លូវ​ការ​​​ ដែល​មានការ​សន្យា ដែលមាន​ការ​ប្រកាស​​នូវ​ការ​ជ្រើស​រើសអីជាដើម​។ល។»

យោង​តាម​របាយ​ការណ៍​របស់​ក្រសួង​ការ​ងារ​និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ ដែល​ត្រូវ​បាន​ស្រង់​មកផ្សាយ​លើគេហទំព័រ​របស់​ក្រសួង​ព័ត៌មាន​ ឱ្យ​ដឹង​ថា គិត​ចាប់​ពី​ថ្ងៃ​ទី​៨ ខែ​មិថុនា មក​ដល់​ថ្ងៃ​ទី៦ ខែ​សីហា ឆ្នាំ២​០២៥នេះ ពលរដ្ឋ​ខ្មែរ​ដែល​បាន​វិល​ត្រឡប់​មក​កាន់​មាតុ​ប្រទេស​វិញ​ សរុបចំនួន ៨០៦ ៨១៦ នាក់ (ជាង៨៨ម៉ឺននាក់)​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ