លោក​ ហ៊ុន សែន​ ដៃ​ម្ខាង​​ប្រឆាំង​​ថៃ​​ឈ្លាន​​ពាន​ ដៃ​​ម្ខាង​​បន្ត​ធ្វើ​បាប​​អ្នក​​នយោបាយ​​ប្រឆាំង

បើ​ទោះ​បី​ខ្មែរនៅក្រៅ​ប្រ​ទេស​ ដែល​​តែង​​តែ​ធ្វើបា​តុកម្ម​​ប្រឆាំង​​នឹង​ភាព​​អសកម្ម​ និង​ការ​​ដើរ​​ខុស​​ផ្លូវ​​របស់​​រដ្ឋាភិបាល​​គ្រួសារ​​ហ៊ុន បាន​​ប្តូរ​​មក​​គាំទ្រ​​កង​ទ័ព​​កម្ពុជា​​ ប្រឆាំង​ទៅ​​នឹង​ការ​​ឈ្លា​ន​ពាន​​របស់​​ថៃ​​ក្តី​ ក៏​​លោក ​ហ៊ុន សែន ​ដែ​ល​​​គេ​ដឹង​ថា ជា​​ប្រធាន​តុលាការ​​គ្រប់​​ជាន់​ថ្នាក់​ មិន​​ត្រឹម​​តែ​​​មិន​​បាន​​ដោះ​​លែង​​​អ្នក​ទោស​​នយោបាយ​​ណា​ម្នាក់​ ដែល​​​បង្ហាញ​​ពី​ស​មាណ​ចិត្ត​ក្នុង​​ការ​​បង្រួប​​បង្រួម​​​ជាតិ​​ប៉ុណ្ណោះ​​ទេ​​​ ថែម​​ទាំង​​​នៅ​​តែ​បន្ត​​ចាប់​​ខ្លួន​ ​និង​នៅ​​តែ​បន្ត​​ធ្វើ​ទុក្ខ​​​បុក​​ម្នេញ ​លើ​​​អ្នក​​នយោបាយ​​ប្រឆាំង​​ថែម​​ទៀត។

ជ្រុងមួយនៃ​បញ្ហា​នេះ លោក ​ស៊ន តារា ​​សកម្ម​ជន​​គណបក្ស​​ប្រឆាំង ដែល​​​ទទួល​​បាន​​សិទ្ធិ​​ជ្រក​កោន​ខាង​នយោ​​បាយ​​​នៅ​​ប្រទេស​​បារាំង ​​បាន​​និយាយ​​នៅ​ក្នុង​​កម្ម​វិធី​ផ្សាយ​​បន្ត​ផ្ទាល់​​​​លើ​​បណ្តាញ​​សង្គម ​កាល​​​ពី​​យប់​ថ្ងៃ​​ទី​​៦​​ខែ​​សីហា​​ថា ឪពុក​របស់​​លោក​​គឺ​​ជា​ជន​ស្លូត​ត្រង់​ ធ្លាប់​​​​ធ្វើ​​ទាហាន​​ការ​ពារ​​ជាតិ​​បម្រើ​​ជាតិ​​ជាង​​៣០​​ឆ្នាំ​គាត់​​គ្មាន​កំហុស​ទេ ហេតុ​​​អ្វី​​ត្រូវ​កាត់​ទោស​គាត់​ដាក់​ពន្ធនាគារ​៤​ឆ្នាំ​?។

លោកថា ​ការ​ចាប់​​ឃុំ​ខ្លួនឪពុក​របស់​លោក ​គឺជា​រឿង​នយោបាយ ​ពីព្រោះ​​​វា​បាន​កើត​​ឡើង​​បន្ទាប់​ពី​លោក​​បាន​​បដិសេធ​​ម្តងហើយ​​ម្តង​ទៀត ​មិន​ព្រម​​​ចុះចូល​ជាមួយ​គណបក្ស​ប្រជា​ជន ​និង​មិន​ព្រមបញ្ឈប់​​​ធ្វើការ​រិះគន់​​រដ្ឋា​ភិបាល​​គ្រួសារ​​ហ៊ុន។

សាលា​ដំបូង​ខេត្ត​កំពង់ស្ពឺ​ កាលពីថ្ងៃទី​៦​ខែ​សីហា ​បាន​ប្រកាសសាល​ក្រម​​ផ្តន្ទា​ទោស​​មន្ត្រី​​យោធា​ចូល​និវត្តន៍​​ លោក​ សុខ ស៊ុន​ណារ៉េត ដែល​​​ជា​​ឪពុក​​ លោក ​ស៊ន តារា ​​ឱ្យ​​ជាប់​​ពន្ធនាគារ​​៤​​ឆ្នាំ ​ក្រោម​ការ​​ចោទប្រ​កាន់​​ពាក់​​ព័ន្ធ​​នឹង​គ្រឿង​​ញៀន។

លោក​ ស៊ន តារា​ បាន​លើកឡើង​​ថា ក្នុង​កំឡុង​ពេល​ដែល​ខ្មែរ​នៅគ្រប់​​ទិសទី​រួម​ទាំង​លោក​​ផង​​ដែរ ​បាន​ប្រមូល​​ផ្តុំ​ខ្មែរ​ឱ្យ​រួប​រួម​សាមគ្គីគ្នា​ ដើម្បីការ​ពារ​ទឹក​ដី​ប្រឆាំង​នឹងថៃ​ឈ្លាន​ពាន​​ ប៉ុន្តែ​លោក ​ហ៊ុន សែន ​នៅក្នុង​កំឡុង​​​ពេល​បរទេស​ឈ្លាន​ពាន​នេះ គឺមិនត្រឹម​តែ​មិន​ដោះ​​លែង​អ្នក​នយោបាយ​​ណាម្នាក់​​ប៉ុណ្ណោះ​​ទេ គឺថែមទាំង​​​​ចាប់​ចង​​កាត់​ទោស​អ្នក​នយោ​បាយ​​ប្រឆាំង​​​បន្ថែម​ទៀត​ ដូច​ជា ​ករណី​លោក ​កឹម សុខា គ្រាន់​​តែ​​បន្ធូរ​ខ្សែ​លែង​ ឱ្យ​ទៅ​ចូល​រួម​បុណ្យ​​សព​វីរៈ​កង​ទ័ព​​​​តែ​បន្តិច ដើម្បី​​យក​​រូប​​ភាព​​ក៏យ​ក​​មក​​ឃុំ​​នៅ​​ក្នុង​​ផ្ទះ​​វិញ ការ​​កាត់​ទោស​​ឪ​ពុ​ក​​របស់​​លោក និង​ការចាប់​ឃុំ​ខ្លួន ​លោក ឃុន ចាន់ឌី ប្រធានគណបក្ស​​ដំណើរ​ឆ្ពោះ​ទៅ​​​មុខ​ជា​ឧទាហរណ៍។

លោកថា៖ «ក្នុង​អំឡុង​ពេល​តែមួយ​យើង​រួមគ្នា​ការពារ​បូរណភាពទឹកដី​ ​ហ៊ុន សែន ​​ប្រើ​ប្រាស់​​សង្គ្រាម​​ជា​​លេស​​ដើម្បី​កម្ចាត់​​ខ្មែ​រ​គ្នា​ឯង​​ច្បា​ស់​ណាស់។ យើង​​ឃើ​ញ​​សង្គ្រាម​​​ម្នាក់​​ៗ​​ពេល​​ដែល​​ឃើញថៃ​​ឈ្លាន​​ពាន​ទឹក​ដីហ្នឹ​ង​ ​ខ្មែរ​យើង​ខ្លះនៅក្រៅប្រទេស​​ដេក​ស្រក់​ទឹកភ្នែក​ ដេកយំ​ តែ ហ៊ុន សែន​ អត់​ទេ! ពេល​​ថៃ​​ឈ្លាន​ពាន​គឺ​​គា​ត់​ប្រើប្រាស់​ឱកាសសង្គ្រាមហ្នឹង ​ដើម្បីទៅ​ចាប់​ចង​ធ្វើបាប​ខ្មែរ​គុណ​​កាន់​​តែ​ទ្វេ​​ដង។ តើនេះឬ​ជាការ​ផ្សះ​ផ្សា​​​​បង្រួប​បង្រួមជាតិ​? ​តើ​ផ្សះផ្សា​បង្រួប​​បង្រួម​ជាតិ​យ៉ាង​ម៉េច​ បើ​យើង​ដៃម្ខាង​យើង​ការពារ​ព្រំ​ដែន​ ដៃម្ខាង​ទៀ​ត​​ យើ​ង​គិត​តែពីចាប់​ចង​កាប់​សម្លាប់​​បង្ក​ការ​​ឈឺ​ចាប់​​និង​​ពុះ? អាហ្នឹង​គេមិនហៅថាការ​បង្រួប​បង្រួម​ជាតិ​​ទេ គេហៅ​​ថា ការប្រើប្រាស់​សង្គ្រាម​ ដើម្បី​កាន់​អំណាច​ និង​ធ្វើឱ្យខ្មែរកាន់​តែឈឺ​ចាប់​កាន់​តែប្រេះឆា»

បន្ថែម​ពីនេះ ​លោក ​ស៊ន តារា​ បាន​​ប្រាប់​​ឱ្យ​​ប្រជាពលរដ្ឋ​​ខ្មែរ​​ធ្វើ​ការ​​ពិចារណា​និង​ប្រៀប​ធៀប​ថា តើ​រវាង​ថៃនិងលោក ​ហ៊ុន សែន ប្រធានព្រឹទ្ធសភា ​តើ​អ្នក​ណា​សាហាវជាង​ ខណៈ​ដែល​ថៃ​គេសាហាវ​តែជា​មួយ​ខ្មែរ​ប៉ុណ្ណោះ​ ដោយ​សារ​តែ​គេចង់​បាន​ដីខ្មែរ​។

ប៉ុន្តែលោក ​ហ៊ុន សែន ​គោរព​ថៃ​​មាន​គុណ​ធម៌​​មាន​​សីលធម៌​​ខ្ពស់​​ អត់ឱន​យោគយល់​អធ្យាស្រ័យ​​ខ្ពស់​ណាស់​​​ចំពោះ​​ថៃ គោរពបទ​ឈប់​​បាញ់​ជាមួយ​ថៃ​ ប៉ុន្តែ​​លោក ​ហ៊ុន សែន ​បែរ​ជាប្រ​មាថ​មើល​​ងា​យ​បន្ត​​​ធ្វើ​បាប​​តាម​​កម្ទេច​​តាម​​កម្ចាត់​​​តាម​​ចាប់​​ដាក់​​គុក​​លើ​​ខ្មែរ​គ្នា​ឯង​ ​​ដោយ​​មិន​​បន្ធូរ​ដៃ​ទៅ​​វិញ ដែល​​ត្រង់​​នេះ​គឺបង្ហាញ​​ថា លោក ​ហ៊ុន សែន​ សាហាវ​ជាង​ថៃ។

កាលពីថ្ងៃទី​៤ ខែសីហា ឆ្នាំ២០២៥ លោក មាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មី បាន​ចូលទៅ​បង្ហាញមុខ​នៅស្នងការដ្ឋាន​នគរបាលខេត្តបាត់ដំបង តាមការបង្គាប់បញ្ជារបស់​តុលាការខេត្តរតនគិរី។ លោក ​មាជ សុវណ្ណារ៉ា បាន​ប្រាប់​វីអូឌី​​បន្ទាប់​ពី​ចូល​ទៅ​បង្ហាញ​ខ្លួន​​នៅ​ស្នង​ការ​​ដ្ឋាន​នគរ​បាល​ខេត្ត​បាត់​ដំបង​​​ថា លោក​ត្រូវ​​បាន​​តុលាការ​​​ចោទ​ប្រកាន់ ​ពីបទ ​​ញុះញង់​រើស​អើង​ពូជសាសន៍​ ដែល​វា​​ជារឿង​ហួស​ហេតុ​ ខណៈ​​​កាល​ពីឆ្នាំ​២០២៣​ លោក​គ្រាន់​តែ​​សំណូម​ពរ​ឱ្យ​ក្រសួង​ការ​ងារ ​ចុះ​ទៅ​​ពិនិត្យ​មើល​នៅ​ចម្ការ​ចេក ​ក្នុង​ស្រុកលំផាត់​ដោយ​​​​ចង់​ដឹងថា ហេតុអ្វី​បាន​ជា​ពល​រដ្ឋ​ខ្មែរ​​ធ្វើការ​នៅ​ចម្ការ​ចេក​លំផាត់នោះ ទទួល​បាន​ប្រាក់កម្រៃ​តិច​ជាង​កម្មករ​យួន។

លោកថា៖ «កម្មករ​យួន​ដែល​ជាកម្មករ​អន្តោប្រវេសន៍មិន​ដឹងថា អន្តោប្រវេសន៍​ស្រប​ច្បាប់​ឬខុសច្បាប់ ​ប៉ុន្តែ​មក​​​ធ្វើការ​នៅ​ក្នុង​ចម្ការ​ចេកហ្នឹង ​​វាបានប្រាក់​ច្រើន​ជាងកម្មករ​ខ្មែរ​​តាម​បែប​​ជាអ្នក​មក​​​ជា​អ្នក​​បច្ចេកទេស ​ឬ​ក៏​​ជា​កម្មករដូចគ្នា ហើយ​ថៅកែ​ជាថៅកែយួន​ហ្នឹង​ គេ​ជាអ្នក​រើស​អើងជាតិ​សាសន៍ ឬយើង​គ្រាន់​តែចង់​ឱ្យរក​ភាពយុត្តិធម៌ដល់កម្មករ​ខ្មែរ​យើង ​ដែល​យើង​ឱ្យគុណតម្លៃ​នៃ​ជាតិសាសន៍​ខ្លួន​ឯង បែរជាថា អាហ្នឹង​ញុះញង់​រើស​អើង​ខ្ញុំ​អត់​យល់ដែរ? អាហ្នឹង​ទាំង​រដ្ឋាភិបាល​បច្ចុប្បន្ន​ទាំង​តុលាការគិត​មើល​ឱ្យ​មែនទែន»

លោក​លើកឡើង​ថា លោក​មិនមែន​​ជាជនក្បត់ជាតិ​ដល់​ថ្នាក់​លក់​​ទឹក​លក់​ដី​កាប់​ព្រៃឈើ ​ឬ​ក៏ធ្វើ​អ្វី​ដែល​នាំឱ្យ​​​កើត​វិទ្ធង្សនា​នោះ​ទេ ខណៈ​ដែល​ប្រទេសជាតិ​​កំពុង​តែត្រូវការ​រក​ការ​ឯក​ភាពជាតិ​គ្នា បង្រួប​បង្រួម​ផ្សះ​ផ្សាជាតិ​ ហើយ​​នៅ​ចំពោះ​មុខ​បច្ចុប្បន្ន​សត្រូវ​បរទេស​ឈ្លាន​ពាន​កងទ័ព​សៀម​ជ្រុល​និយម គេមើល​ងាយ​មើ​ល​​​ថោក​​ជាន់​ឈ្លីជាតិ​សាសន៍​ខ្មែរ​។

លោក ​មាជ សុវណ្ណារ៉ា ​និយាយ​ថា ​ក្នុង​ស្ថានភាព​ដូច​បច្ចុប្បន្ន​នេះ មេដឹកនាំខ្មែរ ត្រូវ​គិតគូ​ឡើង​​វិញ​កុំ​ដាក់​សម្ពាធ​​កុំ​បង្កើតនូវនយោ​បាយ​​កម្ទេចខ្មែរ​គ្នា​ឯង​​ ដើម្បី​ត្រួត្រា​សម្រាប់​តែភាគី​ម្ខាង​​ ហើយ​ធ្វើឱ្យ​មាន​ទុក្ខសោក​ភាព​អយុត្តិធម៌ឈឺ​ចាប់​សម្រាប់​ភាគីម្ខាង​ទៀត ​ដែល​​វាជា​សន្តិភាព​​​ដែល​ពិបាក​ទទួល​យក​ណាស់​ ពីព្រោះ​វា​ជាសន្តិភាព​មួយ​ដែល​ទទួល​​នូវភាព​អយុត្តិ​ធម៌ សន្តិភាព​មួយ​ដែល​គ្មាន​សេរីភាព​ពេញ​លេញ​ ក្នុង​ការ​បញ្ចេ​ញ​​​មតិនិយាយ​ស្តី​ឱ្យ​ស្របទៅតាម​ការ​ធានា ​និង​ការ​ការ​ពារ​ដោយ​រដ្ឋធម្មនុញ្ញ​។

លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន​ ម៉ាណែត ​បាន​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​នៅ​ថ្ងៃទី​៦ខែ​​សីហា​​ថា លោកមានការ​រំភើបដោយក្នុងមួយរយៈនេះ បានឃើញនូវស្មារតីស្នេហាជាតិ សាមគ្គីឯក​ភាព​ជាតិរបស់ប្រជាពលរដ្ឋខ្មែរ​​នៅ​ទូទាំងពិភព​លោក ដែលបានរៀបចំប្រមូលគ្នាសំដែង​មតិគាំទ្រទៅដល់សន្តិភាព គាំទ្រដល់កងកម្លាំង​រប​ស់​យើង​ ​ក្នុងកិច្ចការការ​ពារ​បូរណៈភាព​ទឹកដី ក៏ដូចជាការទាមទារឲ្យថៃដោះលែងយោធិនយើងចំនួន១៨រូប ដែ​លស្ថិតក្រោមការ​ឃុំគ្រងរបស់កងទ័ពថៃ។

លោក​លើកឡើង​ថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមខ្លួនលោក​ផ្ទាល់ សូមអរ​គុណ​ចំពោះបងប្អូនប្រ​ជា​​ពលរដ្ឋខ្មែរទាំងក្នុងប្រទេស និងក្រៅប្រទេសនូវទឹកចិត្តដ៏ថ្លៃថ្លានេះ។

សកម្មភាពទាំងអស់នេះ គឺបង្ហាញយ៉ាងច្បាស់នូវស្មារតីស្នេហាជាតិ សាមគ្គីឯកភាពជាតិ ដែលជាកត្តាសំ​ខាន់របស់ជាតិខ្មែរយើង ជាពិសេសគឺបង្ហាញយ៉ាងច្បាស់នូវស្មារតី​ស្រឡាញ់​សន្តិភាព ដើម្បីឈានទៅបញ្ចប់សង្គ្រាម។

ប៉ុន្តែ​​យ៉ាងណាក្តី អ្នក​តាម​ដាន​នយោបាយ ​លើកឡើងថា ការ​សម្រេចដាក់​​ទោស​មន្ត្រីយោធា​ចូលនិវត្តន៍លោក ​សុខ ស៊ុនណារ៉េត ឪពុក​លោក ​ស៊ន តារា សកម្ម​ជន​នយោបាយ​ប្រឆាំង​ឱ្យ​ជាប់​ពន្ធនាគារ​៤ឆ្នាំ ​កាលពីថ្ងៃទី​៦​ខែ​សីហា ដោយ​ចោទ​ពាក់​ព័ន្ធ​គ្រឿង​ញៀន ការ​ចាប់​ឃុំ​ខ្លួន​ប្រធានគណបក្ស​ដំណើរ​ឆ្ពោះ​ទៅ​មុខលោក ឃុន ចាន់ឌី កាល​ពី​ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥​។

ការ​លើក​ពេល​សវនាការ​សាលាឧទ្ធរណ៍​លើ​ លោក ​កឹម សុខា ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​១៤​សីហា ការ​តម្រូវឱ្យ​លោក ​រ៉ុង ឈុន ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ នៅ​តែ​បន្ត​ទៅ​បង្ហាញ​មុខ​នៅ​ប៉ុស្តិ៍​នគរ​បាល​ជារៀង​រាល់​ខែ បន្ទាប់​ពីលោក​បាន​ជាប់​ពន្ធនាគារ​ពាក់​ព័ន្ធ​ការ​និយាយ​រិះគន់​បញ្ហា​ព្រំដែន​​កម្ពុជា​វៀតណាម។

​​ការ​តម្រូវឱ្យប្រធាន​គណបក្ស​ជំនាន់​ថ្មី​លោក ​មាជ សុវណ្ណារ៉ា ​ត្រូវ​ទៅ​បង្ហាញ​ខ្លួន​នៅ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បាត់​ដំបងក្នុង​រយៈ​ពេល​២​ខែម្តង​​ពាក់​ព័ន្ធ​និងការ​​និយាយ​ថា កម្មករ​វៀតណាម​ចូល​មក​ធ្វើការ​នៅក្នុង​ទឹកដីខ្មែរ ​ទទួលបាន​ប្រាក់​ខែ​ច្រើន​​​ជាងកម្មករខ្មែរ​ និង​ការ​ស្នើឱ្យ​រដ្ឋាភិបាល​ប្រទេស​កូរ៉េខាង​ត្បូង​ ចាប់​បញ្ជូន​អាចារ្យ​ហ្វី​ដែល​រិះគន់​រដ្ឋាភិបាល​​ឥតសំចៃមាត់​ជាដើម។ល។និង។ល។ គឺ​សុទ្ធ​តែជាការ​ធ្វើទុក្ខ​បុក​ម្នេញ​​ដាក់​សម្ពាធ​ធ្វើឱ្យ​មាន​ការ​ឈឺចាប់​មក​លើ​អ្នក​នយោបាយ​ប្រឆាំង​។

សាលា​ឧទ្ធរណ៍​ភ្នំពេញ​ កាលពីថ្ងៃទី​៣១ខែ​កក្កដា ​បាន​ជូន​ដំណឹង​ពីការ​ពន្យា​ពេល​សវនាការ​ ​រឿងក្តី​លោក ​កឹម សុខា ដោយ​គ្មានពេល​កំណត់ ​និង​មិន​បាន​បញ្ជាក់​ប្រាប់​ពីមូលហេតុ​នៃ​ការ​ពន្យា​ពេល ​ដែល​គ្រោង​ធ្វើនៅ​ថ្ងៃទី​១៤ ខែសីហា ​ឆ្នាំ​២០២៥​នេះទេ។

ការ​ពន្យា​ពេល​រឿង​ក្តី​អតី​ត​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ជាថ្មីទៀត បន្ទាប់​ពីបាន​ពន្យា​ពេល​ប្រមាណ​២ឆ្នាំ នៅ​សាលា​​​ឧទ្ធរណ៍​ភ្នំពេញ​នេះ លោក ​ផែង ហេង មេធាវី​ការ​ពារក្តី​ឱ្យ​លោក ​កឹម សុខា បាន​សរសេរ​នៅលើ​​​បណ្តាញ​សង្គម​របស់លោក រំលេចពីភាពខុសគ្នាចំពោះមុខច្បាប់ រវាងកូនក្តីជាអ្នកនយោបាយប្រឆាំង និងក្រុមអ្នកមានងារជាឧកញ៉ា និងមានអំណាចជាដើម។

លោកនិយាយក្នុងសម្តីដើមថា៖ «ខ្ញុំកាន់រឿងក្តី​របស់​អ្នកមាន អ្នកក្រ ឧកញ៉ា ឯកឧត្តម ព្រះអង្គ គឺស្រួល និង​ឆាប់​រហ័ស។ ប៉ុន្តែមកប៉ះសំណុំរឿង​របស់​មេបក្សប្រឆាំង​ដ៏ធំនេះ គឺធ្វើ​ឱ្យនឹកឃើញវាសនាអ្នកស្រែក្នុងបទ​​ចម្រៀង «អនិច្ចា​អ្នក​ស្រែ» ដែលសម័យអ៊ុនតាក់​ឆ្នាំ១៩៩៣ ជាប់លំដាប់ថ្នាក់លេខ១ រាល់សប្តាហ៍»។

កាល​ពីថ្ងៃទី​២៧​​​ ខែកក្កដា ​ពលរដ្ឋ​ខ្មែរ​រាប់​ពាន់​នាក់ ​នៅ​ប្រទេស​កូរ៉េខាងត្បូង​ និង​​នៅ​ប្រទេស​​អូស្ត្រាលី ​បាន​ប្តូរ​ប្រធាន​បទ​​ដែល​​គ្រោង​​ធ្វើ​បាតុកម្ម​​ប្រឆាំង​លោក ​ហ៊ុន សែន ​ដែល​​បាន​ប្រើ​ឱ្យ​ស្ថាប័នក្រុមប្រឹក្សា​ធម្មនុញ្ញ រដ្ឋ​សភា និង​ព្រឹទ្ធសភា​ដែល​ជាឧបករណ៍​នយោបាយ​របស់​ខ្លួន​ឱ្យ​កែរដ្ឋ​ធម្មនុញ្ញមាត្រា​៣៣ ដើម្បី​ដក​សញ្ជាតិ​​ពីពល​រដ្ឋ​ខ្មែរ​ ទៅ​ជាការ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ការ​ឈ្លាន​ពាន​របស់​ថៃ​ មក​លើ​បូរណភាព​ទឹកដីកម្ពុជា​​វិញ។

ការផ្លាស់ប្តូរ​នេះ ​គឺ​បន្ទាប់​ពី​ថៃ​បាន​​ប្រើ​កម្លាំងទ័ព​ បើក​ការ​វាយ​លុកក្នុង​ទ្រង់ទ្រាយ​ធំ ​ដោយ​ប្រើអាវុធធុនធ្ងន់​រួម​ទាំង​យន្ត​ហោះ​ចម្បាំង ​និង​ដ្រូន ​​ទម្លាក់​គ្រាប់​និង​បាញ់​ស្រោច​មក​លើ​កង​ទ័ព​កម្ពុជា។

ក្រៅ​ពីនៅ​កូរ៉េខាង​ត្បូង និង​អូស្រ្តាលី ប្រជាពលរដ្ឋ​ខ្មែរ​នៅគ្រប់​ទិស​ទី​ ដូចជា នៅ​សហ​រដ្ឋ​អាមេរិក បារាំង អាល្លឺ​ម៉ង់ ជប៉ុន និង​ញូហ្សេលែន​​​ជាដើម សុទ្ធ​តែបាន​ទម្លាក់​ចោល​នូវ​និន្នា​ការ​នយោបាយ​ ចេញ​​មក​ធ្វើ​បាតុកម្ម​ប្រឆាំង​​​នឹងការ​ឈ្លាន​ពាន​របស់​ថៃ ហើយ​ក៏បាន​អំពាវ​នាវ​ឱ្យ​អ្នក​នយោ​បាយ​គណបក្ស​កាន់​អំណាច ​និង​អតី​ត​​គណបក្ស​សង្គ្រោះ​ជាតិ​ ​រួប​រួម​គ្នា​ដើម្បី​ឱ្យ​ខ្មែរ​ខ្លាំង ​ក្នុង​ការ​ប្រឆាំង​​ទប់ទល់​ទៅ​នឹងការ​ឈ្លាន​ពាន ដោយ​ចាប់​​ផ្តើម​ពីការ​ដោះ​លែង​អ្នក​ទោស​នយោបាយ។

​លោក ​សម រង្ស៊ី ប្រធានក្រុម​ប្រឹក្សា​ជាតិ​តស៊ូ បាន​សរសេរ​នៅលើ​បណ្តាញ​សង្គមថា ក្នុង​ស្ថាន​ភាព​បច្ចុប្បន្ន ដែល​កម្ពុជា​​​កំពុង​ប្រឈម​នឹង​បញ្ហា​ជាមួយ​​ប្រទេស​​ថៃ ប្រជា​ពលរដ្ឋ​ខ្មែរ​ភាគ​ច្រើនចង់បានការរួបរួម និងការផ្សះ​ផ្សា​​ជាតិ​ដោយ​​ត្រូវ​តែដោះ​លែង​ លោក កឹម សុខា និង​​អ្នក​​ទោស​នយោបាយ​ទាំង​អស់។

ប៉ុន្តែ​ក្នុង​កាលៈ​ទេសៈ​ដែល​ប្រជាជាតិ​ខ្មែរ ​ចេញមក​រួប​រួម​សាមគ្គីគ្នា​ប្រឆាំង​​ទៅ​នឹងការ​ឈ្លាន​ពាន​របស់ថៃនេះ ​លោក ​ហ៊ុន សែន ​ដែល​គេដឹងឮជាទូទៅ​ថា ជាប្រធានតុលាការ​គ្រប់​ជាន់​ថ្នាក់ ​និង​លោក ​ហ៊ុន ម៉ាណែត​ មិន​​ទាន់​ឃើញ​ធ្វើ​សកម្ម​ភាពអ្វី​ជាក់​​ស្តែង​ណាមួយ ​ដែល​បង្ហាញ​ថា ឈប់​យកខ្មែរគ្នាឯងធ្វើ​​ជាសត្រូវ​ឈប់​ងើប​មួយ​វ៉ៃមួយ​ ដើម្បី​ឈាន​ទៅ​រកការ​ផ្សះផ្សា​បង្រួប​បង្រួម​ជាតិ​ពិត​ប្រាកដនោះ​ទេ។

​លោក ​​មាជ សុវណ្ណារ៉ា ​និយាយ​ថា នៅ​ពេល​នេះ ​វាជាពេល​​ដែល​ខ្មែរ​យើង​គួរ​បញ្ចប់​នូវវប្ប​ធម៌​ដណ្តើម​គ្នា​រស់ ​វប្បធម៌​មាន​ឯង​​អត់​អញ​ មាន​អញ្​អត់​ឯង​គួរ​តែបញ្ចប់​ទៅ​ ហើយ​បង្កើត​នូវ​វប្បធម៌ចែក​គ្នា​រស់​ វប្បធម៌​ជួយគ្នា​ក្នុង​នាមជាខ្មែរ​ស្រឡាញ់​ខ្មែរ​ ខ្មែរ​ជួយ​ខ្មែរ ខ្មែរ​ការពារ​ខ្មែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ