អ្នកឃ្លាំមើលកិច្ចការព្រំដែន មានមន្ទិលថា យោធាថៃអាចនៅបន្តគ្រប់គ្រងតំបន់ខ្លះរបស់កម្ពុជាមានភ្នំទ្រព្យ និងច្រកអានសេះ ក្រោយបទឈប់បាញ់ចូលជាធរមាន ដែលជាក្តីបារម្ភបាត់បង់ទឹកដីកម្ពុជា បើមិនពន្លឿនយកសំណុំរឿងព្រំដែនប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ) ដើម្បីការពារបូរណភាពទឹកដីទេនោះ។
ក្តីបារម្ភនេះ ក្រោយក្រសួងការពារជាតិកម្ពុជា រក្សាភាពស្ងៀមស្ងាត់ជុំវិញការចោទប្រកាន់ថា ភ្នំទ្រព្យដែលជាទឹកដីកម្ពុជា ត្រូវបានថៃកាន់កាប់។
បន្ថែមលើនេះ ក្នុងរយៈពេល២ថ្ងៃជាប់គ្នា ពោលគឺចាប់ពីថ្ងៃទី៤ខែសីហា យោធាថៃ បានបំពានដែនអធិបតេយ្យកម្ពុជាដោយប្រើគ្រឿងចក្រ និងរាយបន្លាលួស ហ៊ុំព័ទ្ធចូលដីខ្មែរនៅច្រកអានសេះ ខេត្តព្រះវិហារ ដោយជោគជ័យ។
ជ្រុងមួយទៀតនៃមន្ទិលនេះ ទោះបីជាថ្ងៃទី៥ខែសីហា អ្នកនាំពាក្យរដ្ឋាភិបាល អះអាងថា កងទ័ពកម្ពុជានៅជួរមុខ បានរុះរើលួសបន្លាដែលភាគីថៃបានរាយនោះចេញវិញហើយក៏ដោយ ប៉ុន្តែក្រោយមកព័ត៌មានដែលស្និទ្ធរដ្ឋាភិបាលរាយការណ៍ថា ថៃបានរាយលួសបន្លានៅតំបន់អានសេះនោះឡើងវិញ។
ជុំវិញរឿងនេះ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក អ៊ុំ សំអាន ទាមទារឱ្យរដ្ឋាភិបាលកម្ពុជាបញ្ជាក់ឱ្យច្បាស់ថា តើគ្រប់គ្រងបានតំបន់ណា ហើយបាត់បង់តំបន់ណាខ្លះ ខណៈភ្នំទ្រព្យថៃបានបង្ហាញទាំងរូបភាព និងវីឌីអូថា គេកំពុងកាន់កាប់ និងបានរាយបន្លាលួសជាលើកទី២នៅច្រកអានសេះ។
លោកមានមន្ទិលថា រដ្ឋាភិបាលកម្ពុជា អាចដោះដូរយកសន្តិភាព និងគោរពបទឈប់បាញ់ដែលធ្វើឱ្យថៃឈ្លានពានកម្ពុជាបានសម្រេច។
លោកថា៖ «យើងមានការព្រួយបារម្ភតំបន់ខ្លះ ដែលមិនទាន់មានភាពច្បាស់លាស់ ដូចជា ភ្នំទ្រព្យដែលជាច្រកអានសេះ ដែលកម្ពុជាមិនទាន់បានរើបន្លាលួសជាថ្មី។ តំបន់ដទៃទៀត ដែលរដ្ឋាភិបាលមិនទាន់បានបញ្ជាក់ហ្នឹង រដ្ឋាភិបាលគួរតែបញ្ជាក់ឲ្យបានច្បាស់ ហើយតំបន់ដែលនៅប្រទាញប្រទង់ហ្នឹង គួរតែដាក់ប្ដឹងទៅតុលាការយុត្តិធម៌អន្ដរជាតិ(ICJ) ជាមួយសំណុំរឿងទាំង៤ដែលរដ្ឋាភិបាលគ្រោងប្តឹង ដើម្បីកុំឲ្យមានជម្លោះបន្តទៀតជាមួយថៃ បើអ៊ីចឹងទេ គឺបញ្ហាហ្នឹងនៅតែរ៉ាំរ៉ៃតកូនតចៅ»។
បន្ថែមលើនេះ លោក អ៊ុំ សំអាន ទម្លាយថា សព្វថ្ងៃនេះ ផ្ទះតាម៉ុកឬផ្ទះក្រហមកា្លយជាប៉ុស្តិ៍យាមរបស់ថៃ ដែលសៀមហៅ «ផាម៉អ៊ីដែង»។
លោកថា ផ្ទះតាម៉ុក ស្ថិតក្រោមការគ្រប់គ្រងរបស់តាម៉ុក ឬខ្មែរក្រហម ហើយផ្ទះនេះជាអតីតទីបញ្ជាការកងទ័ពខ្មែរក្រហមកាលពីសម័យសង្រ្គាមស៊ីវិល នាទសវត្សរ៍ទី៨០ ដែលគេអាចមើលឃើញផ្ទះនេះបានទាល់តែឡើងទៅប្រាសាទព្រះវិហារ។ លោក សំអាន ថា ថៃចូលមកកាន់កាប់ផ្ទះក្រហម ក្រោយខ្មែរក្រហមធ្វើសមាហរណកម្មឆ្នាំ១៩៩៨។
ប្រភពបន្តថា បើតាមផែនទីខ្នាត១/២០០ ០០០ ដែលជាផែនទីឧបសម្ព័ន្ធភ្ជាប់សន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៧ បញ្ជាក់ថា ថៃឈ្លានពានដីខ្មែរ ៤.៦គីឡូម៉ែត្រការ៉េ វាតទីយកភ្នំទ្រព្យ និងវាលឥន្ទ្រីយ៍ជាដើម។
លោក សំអាន ថា តុលាការយុត្តិធម៌អន្តរជាតិ ICJ បានប្រកាសសាលក្រមឲ្យខ្មែរឈ្នះក្តីរឿងប្រាសាទព្រះវិហារ និងតំបន់ជុំវិញប្រាសាទឆ្នាំ១៩៦២ និងឆ្នាំ២០១៣ ដូចនេះកម្ពុជាត្រូវតែទាមទារយកដីនិងផ្ទះក្រហមមកវិញ តាមសាលក្រមរបស់(ICJ)។
ជុំវិញរឿងនេះ VOD មិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងការពារជាតិ អ្នកស្រី ម៉ាលី សុជាតា បានទេ ដោយគ្មានអ្នកទទួលទូរសព្ទនៅថ្ងៃទី៨ ខែសីហានេះ។
យ៉ាងណា ក្នុងសន្និសិទ្ធិសារព័ត៌មាននៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា អ្នកស្រី ម៉ាលី សុជាតា និយាយថា សភាពការនៅតាមព្រំដែនមានភាពស្ងប់ស្ងាត់។
លោកថា៖ «ចំពោះកងកម្លាំងរបស់យើង ក៏ស្ថិតនៅក្នុងការប្រុងប្រយ័ត្នខ្ពស់ និងក្នុងការអនុវត្តតួនាទីភារកិច្ចឱ្យបានខ្ជាប់ខ្ជួន»។
យ៉ាងណា អ្នកស្រីមិនបានបកស្រាយការផ្សាយថា យោធាថៃរាយបន្លាលួសជាថ្មីទៀត នៅតំបន់អានសេះ និងកាន់កាប់តំបន់ភ្នំទ្រព្យនោះទេ។
ដោយឡែក ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត កត់សម្គាល់ថា ទោះបីកន្លងទៅក្រសួងការពារជាតិកម្ពុជាថា បានកាន់កាប់តំបន់ទាំង៨មានភ្នំទ្រព្យ និងអានសេះជាដើម តែលោកថាពលរដ្ឋនៅតែមានមន្ទិលសង្ស័យនៅឡើយ។
លោកថា៖ «ខ្ញុំគិតថា វាអត់មានអីត្រូវលាក់បាំង។ ឧបមាថា ឥលូវហ្នឹងលាក់បាំងទៅចុះផលវិបាកហ្នឹង គឺធ្លាក់ទៅលើពួកមន្ត្រីរដ្ឋាភិបាលនិយាយភូតភរអ្នកស្រុក។ អ៊ីចឹងបើយើងចង់ឲ្យមានការបំភ្លឺបង្ហាញភាពស្មោះត្រង់ថា តំបន់ហ្នឹងតើកម្ពុជាបានកាន់កាប់ឬទេ។ ឥលូវមានតំបន់២ដែលពលរដ្ឋសង្ស័យ គឺតំបន់ភ្នំទ្រព្យនិងតំបន់អានសេះ»។
បន្ថែមលើនេះ លោកជំរុញឱ្យរដ្ឋាភិបាលកម្ពុជា ពន្លឿនប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ គ្រប់តំបន់ជាប់ព្រំដែនដែលមានជម្លោះ ដើម្បីការពារទឹកដីកម្ពុជាបានយូរអង្វែង។
កិច្ចព្រមព្រៀងបទឈប់បាញ់កម្ពុជា ថៃបានចូលជាធរមាន នៅម៉ោង១២យប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី ក្រោមការសម្របសម្រួលពីប្រធានអាស៊ានប្តូរវេននាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ផ្តើមគំនិតដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។
កិច្ចព្រមព្រៀងឈប់បាញ់បន្ទាន់នេះ ភាគីទាំងពីរបានព្រមព្រៀងលើបទឈប់បាញ់ដោយឥតលក្ខខណ្ឌ មិនចល័តទ័ព និងមិនបង្កើនកងទ័ពជាដើម។ តែ៨ម៉ោងក្រោយ ថៃបានបំពានលើបទឈប់បាញ់នេះ ហើយចល័តទៅចាប់ទាហានកម្ពុជាដល់ក្នុងបន្ទាយ ខណៈទាហានខ្មែរមិនហ៊ានផ្ទុះអាវុធ ព្រោះទទួលបញ្ជាឱ្យគោរពបទឈប់បាញ់។
យ៉ាងណា នៅថ្ងៃទី៧ ខែសីហា ក្រសួងការពារជាតិកម្ពុជា ប្រកាសថា សហរដ្ឋអាមេរិកកំពុងរៀបផែនការបង្កើនកម្លាំងយោធា និងការឃ្លាំមើលតាមអាកាស រួមទាំងផ្តល់សម្ភារបច្ចេកទេសទំនើបៗច្រើនទៀត ដើម្បីពង្រឹងប្រសិទ្ធិភាពបទឈប់បាញ់រវាងកម្ពុជា-ថៃ ខណៈកិច្ចព្រមព្រៀងនេះស្ថិតក្នុងភាពផុយស្រួយ៕









