រុស្ស៊ី បានប្រកាសថា ខ្លួននឹងមិនគោរពនូវកាតព្វកិច្ចរបស់ខ្លួន ក្រោមសន្ធិសញ្ញានុយក្លេអ៊ែរ អាយអ៊ែនអេហ្វ(INF) ដែលចុះហត្ថលេខាដោយសហភាពសូវៀត និងសហរដ្ឋអាមេរិក នៅខែធ្នូ ឆ្នាំ១៩៨៧ ការសម្រេចចិត្តនេះបានចោទជាសំណួរអំពីអនាគតនៃការរារាំងនុយក្លេអ៊ែរ និងគ្រោះថ្នាក់នៃការរីកសាយភាយនុយក្លេអ៊ែរជាសកល។
អេស៊ាថាម(Asia Times) បានឱ្យដឹងនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥នេះថា ពេលវេលានៃការប្រកាសនេះពីវិមានក្រឹមឡាំង(Kremlin) ត្រូវយកមកគិតពិចារណា ដែលវាត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមានជម្លោះនៅលើបណ្តាញសង្គម រវាងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) និងអតីតប្រធានាធិបតីរុស្សី លោក ឌីមេទ្រី មេដវេដេវ (Dmitry Medvedev) ដែលជាសម្ព័ន្ធមិត្តដ៏រឹងមាំរបស់លោក វ្លាឌីមមៀ ពូទីន(Vladimir Putin)។
ការឆ្លើយតបទៅនឹងការគម្រាមកំហែងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក ក្នុងការដាក់ទណ្ឌកម្មទៅលើរុស្ស៊ីចំពោះសង្រ្គាមរបស់ខ្លួនលើអ៊ុយក្រែន(Ukraine) លោក មេដវេដេវ(Medvedev) បានបង្ហោះនៅលើបណ្តាញសង្គមអិក្ស(X) នៅថ្ងៃទី២៨ ខែកក្កដា កន្លងមកនេះ ដើម្បីព្រមាន លោក ត្រាំ(Trump)ថា ‘‘ឱសានវាទនីមួយៗ គឺជាការគំរាមកំហែង និងជំហានឆ្ពោះទៅរកសង្រ្គាម មិនមែនតែរវាងរុស្សី និងអ៊ុយក្រែនទេ ប៉ុន្តែជាមួយសហរដ្ឋអាមេរិកផងដែរ’’។
លោក ត្រាំ បានឆ្លើយតបដោយការប្រកាសថា សហរដ្ឋអាមេរិកនឹងដាក់ពង្រាយនាវាមុជទឹកអ៊ុយក្លេអ៊ែរឡើងវិញចំនួនពីររបស់ខ្លួនចូលទៅក្នុងចម្ងាយជិតស្និទ្ធជាមួយរុស្សី។
ការសម្រេចចិត្តរបស់រុស្ស៊ី កើតឡើងត្រឹមបីថ្ងៃមុនថ្ងៃផុតកំណត់នៃថ្ងៃទី៨ ខែសីហា ដែលកំណត់ដោយលោក ត្រាំ(Trump) ដើម្បីឱ្យរុស្សីយល់ព្រមលើបទឈប់បាញ់នៅក្នុងសង្រ្គាមរបស់រុស្សី ជាមួយអ៊ុយក្រែន៕









