អនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ប្រឈមនឹងការចោទប្រកាន់មួយបទល្មើសទៀត ពីតុលាការក្រុងភ្នំពេញ ដែលធ្វើឱ្យបទចោទលើមេដឹកនាំកូតាគណបក្សប្រឆាំង ដើមកំណើតខ្មែរក្រោមរូបនេះ ឡើងដល់៣បទចោទ ខណៈគាត់តែងតែនិយាយពីប្រវត្តិសាស្ត្រវៀតណាមលេបទឹកដី។
លោក ថាច់ សេដ្ឋា ត្រូវបានចាប់ខ្លួនអំឡុងខែមករា ឆ្នាំ២០២៣ បើគិតមកដល់ថ្ងៃទី៨ខែសីហានេះ មេដឹកនាំកូតាពីបក្សប្រឆាំងរូបនេះ ជាប់ពន្ធនាគារជាង២ឆ្នាំហើយ។
ជុំវិញរឿងនេះ កាលពីថ្ងៃទី៧ខែសីហានេះ លោក ថាច់ សេដ្ឋា ត្រូវបានឆ្មាំពន្ធនាគារដឹកតាមរថយន្ត យកទៅបង្ហាញខ្លួននៅតុលាការក្រុងភ្នំពេញ ដែលមេធាវីការពារក្តី លោក អែម ចន្ថា និយាយថា ការបង្ហាញខ្លួន របស់កូនក្តីពេលនេះ ចៅក្រមហៅឱ្យទៅបំភ្លឺពីចោទថ្មីមួយបន្ថែមទៀត។
លោកថា៖ «មិនមែនជាសវនាការ មិនមែនជាការសួរដេញដោលអីទេ ប៉ុន្តែជាការហៅទៅបំភ្លឺនៅក្នុងដំណាក់កាលអយ្យការដែលមានបណ្តឹងមួយផ្សេងទៀត ក្រៅពីរឿងចាស់ពីមុនពីរនោះ មានបណ្តឹងមួយ ប៉ុន្តែបណ្តឹងហ្នឹងមិនមែនជារឿងថ្មីទេ គឺបណ្តឹងតាំងពីឆ្នាំ២០២៣មកដែរ។ ប៉ុន្តែអយ្យការគាត់ទើបតែនឹងហៅទៅបំភ្លឺ។ តែគាត់មិនទាន់បានបំភ្លឺទេ គាត់សុំលើកពេល ដោយគាត់ចាំមានមេធាវីអម ព្រឹកម៉ិញនេះ ខ្ញុំទៅដែរ តែខ្ញុំមិនអាចអមគាត់បានទេ ទើបនឹងផ្តិតមេដៃលើការពឹងពាក់ ដើម្បីឱ្យខ្ញុំដាក់ពាក្យការពារ»។
លោក ថាច់ សេដ្ឋា ត្រូវបានតុលាការក្រុងភ្នំពេញចោទ២បទល្មើសរួចហើយ ដែលបទចោទទី១ តុលាការភ្នំពេញ ផ្តន្ទាទោសដាក់ពន្ធនាគារ១៨ខែ និងបង្គាប់ឱ្យសងជំងឺចិត្ត ទៅដើមបណ្តឹងជាង៣ម៉ឺនដុល្លារ ក្នុងសំណុំរឿងចោទថា បានចេញសែកគ្មានសាច់ប្រាក់ ឬសែកស្អុយ តែគណបក្សប្រឆាំងបានច្រានចោល។
បទចោទទី២ ត្រូវតុលាការក្រុងភ្នំពេញ កាត់ទោសឱ្យជាប់ពន្ធនាគារចំនួន៣ឆ្នាំ និងពិន័យជាប្រាក់៤លានរៀល ចោទពីបទញុះញង់បង្កភាពវឹកវរ ពាក់ព័ន្ធនឹងការនិយាយពីប្រវត្តិសាស្ត្រវៀតណាមលេបទឹកដីខ្មែរ៕









