សហរដ្ឋអាមេរិក បង្ហាញក្តីរំពឹងថា កម្ពុជានិងថៃ នឹងគោរពយ៉ាងពេញលេញនូវការប្តេជ្ញាចិត្តរបស់ពួកគេ ក្នុងការបញ្ចប់ជម្លោះក្រោមស្មារតីនៃកិច្ចជុំគណៈកម្មាធិការព្រំដែនទូទៅ ដែលធ្វើឡើងនាទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដែលបានបិទបញ្ចប់នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥។
នេះបើតាមសេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក Marco Rubio ចុះថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ស្តីពីដំណោះស្រាយបទឈប់បាញ់ រវាងប្រទេសកម្ពុជា និងថៃ ដែលបានប្រកាសនៅលើគេហទំព័ររបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា។
លោក Marco Rubio បាននិយាយថា សហរដ្ឋអាមេរិកស្វាគមន៍កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅនៅថ្ងៃនេះ នាទីក្រុងកូឡាឡាំពួរ ថាជាជំហានដ៏សំខាន់ឆ្ពោះទៅមុខក្នុងការពង្រឹងការរៀបចំបទឈប់បាញ់ និងការបង្កើតយន្តការក្រុមសង្កេតការណ៍អាស៊ាន។
លោកគូសបញ្ជាក់ថា៖ «លោកប្រធានាធិបតី Trump និងខ្ញុំ រំពឹងថារដ្ឋាភិបាលនៃប្រទេសកម្ពុជា និងប្រទេសថៃនឹងគោរពយ៉ាងពេញលេញ នូវការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការបញ្ចប់ជម្លោះនេះ។ យើងនៅតែដឹងគុណចំពោះនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម សម្រាប់ការដឹកនាំរបស់គាត់ និងសម្រាប់ការធ្វើជាម្ចាស់ផ្ទះនៃដំណើរការបទឈប់បាញ់ ដែលជាលទ្ធផលផ្ទាល់នៃឆន្ទៈរបស់គាត់ ក្នុងការសហការរៀបចំកិច្ចប្រជុំពិសេសថ្ងៃទី២៨ ខែកក្កដា ជាមួយសហរដ្ឋអាមេរិក ដើម្បីដោះស្រាយជម្លោះនេះ។ យើងទន្ទឹងរង់ចាំការគាំទ្រដល់ប្រទេសម៉ាឡេស៊ី អាស៊ាន និងប្រទេសទាំងពីរ នៅពេលដែលដំណើរការនេះឈានទៅមុខ»។
ជុំវិញរឿងនេះដែរ កាលពីថ្ងៃទី៧ខែសីហានេះ កម្ពុជា តាមរយៈអ្នកនាំពាក្យក្រសួងការពារជាតិ អ្នក ម៉ាលី សុជាតា ឱ្យដឹងត្រឹមថា លទ្ធផលកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅប្រទេសម៉ាឡេស៊ី បានប្រព្រឹត្តទៅក្នុងបរិយាកាសស្ថាបនា និងវិជ្ជមាន ហើយថា លទ្ធផលនេះ នាំមកនូវលទ្ធផលប្រកបដោយផ្លែផ្កា ភាគីទាំងពីរក៏បានឯកភាពលើលក្ខខណ្ឌនៃបទឈប់បាញ់ និងការរៀបចំយន្តការសម្រាប់អនុវត្ត។
លើសពីនេះ អ្នកស្រីថា អាមេរិកបានបញ្ជាក់ជំហរតាមដានការអនុវត្តបទឈប់បាញ់កម្ពុជា-ថៃ តាមរយៈការចូលរួមគាំទ្រផ្នែកយោធាដើម្បីឱ្យកិច្ចព្រមព្រៀងនេះជោគជ័យ។
អ្នកស្រីថា៖ «លើសពីនេះទៅទៀត សហរដ្ឋអាមេរិកក៏បានបង្ហាញពីអ្វីដែលជាការអនុវត្តបន្តរបស់សហរដ្ឋអាមេរិក រួមមាន ការធ្វើផែនការយោធា គ្រឿងបរិក្ខារ ប្រព័ន្ធបញ្ជូនកម្លាំង, ប្រព័ន្ធឃ្លាំមើលតាមអាកាស និងសម្ភារបច្ចេកទេសទំនើបៗជាច្រើនទៀត។ ទាំងនេះជាការបង្ហាញពីការតាំងចិត្តខ្ពស់ និងបានត្រៀមខ្លួនចូលរួមក្នុងការកសាងឲ្យមានសន្តិភាពកើតឡើងយ៉ាងពិតប្រាកដ»។
កិច្ចព្រមព្រៀងបទឈប់បាញ់កម្ពុជា-ថៃ បានចូលធាជាធរមានចាប់ពីម៉ោង១២យប់ ថ្ងៃទី២៨ខែកក្កដា ក្រោមការសម្របសម្រួយដោយប្រធានអាស៊ានប្តូរវេន នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ក្រោមគំនិតផ្តួចផ្តើមរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។
ប៉ុន្តែ គិតត្រឹមថ្ងៃទី៨ខែសីហានេះ កម្ពុជានៅតែអះអាងថា ភាគីថៃមិនទាន់ប្រគល់ទាហានខ្មែរចំនួន១៨រូបមកឱ្យកម្ពុជាវិញនៅឡើយទេ បើទោះបីកម្ពុជាចោទថា យោធាថៃ បានរំលោភបទឈប់បាញ់៕









