បទវិភាគ៖ ហេតុ​អ្វី​​​ត្រូវ​ពន្យាពេ​ល​​សវនាការ ​លោក កឹម សុខា ចំ​ពេល​មាន​ការ​​ជំរុ​ញ​​ឱ្យ​រួប​រួម​​ជាតិ?

បើ​ទោះ​​​បី​​ជា​បទ​​ឈប់​​បាញ់​កម្ពុជា-ថៃ ត្រូវ​គេ​មើល​គេ​ឃើញ​ថា នៅ​​​មាន​​សភាព​​ផុយ​​ស្រួយ​​នៅឡើ​យ​​ក្តី​ ក៏​គេស​ង្កេត​ឃើញ​​បន្ទាត់​នយោបាយ​របស់​បក្ស​កាន់​អំណាច មិន​​បាន​ផ្តល់​ភ្លើង​ខៀវ ​ដើម្បី​​បង្រួប​​បង្រួម​​ជាតិ​​ទៅ​តាម​ការ​​ច​ង់​​បាន​​​របស់​​ប្រជា​ពល​រដ្ឋ​​ខ្មែរ​នៅ​ឡើយ​ប៉ុណ្ណោះ​ទេ​ ថែម​​ទាំង​​មាន​ការ​​ចាប់​​ខ្លួន​ ​និង​​កាត់​​ទោស​​បន្ថែម​​ទៀត។

ជ្រុងមួយនៃបញ្ហា​នេះ ​តុលាការ​​បាន​​ប្រកាស​ពន្យា​​ពេល​​សវនា​ការ ​លើ​មេដឹក​​នាំ​​​គណបក្ស​​សង្គ្រោះ​​ជាតិ​លោក កឹម សុខា ជា​ថ្មី​​ទៀត​ ដែល​​ធ្វើ​​ឱ្យ​ក្តី​​សង្ឃឹម​​​នៃ​ការ​​បង្រួប​បង្រួម​ជាតិកា​ន់​​តែ​​រសាត់​​​​ទៅ​​ឆ្ងាយ។ បញ្ហាទាំង​នេះ ជា​មូល​ដ្ឋាន​វិភាគ​​ថា តើ​​ហេតុ​អ្វី​​​មាន​​ការ​ពន្យា​ពេល​សវនាការ​ លោក កឹម សុខា ខណៈ​​មាន​ការ​ជំរុញ​​កាន់​តែខ្លាំង​ឱ្យ​មាន​​​ការ​រួបរួម​ជាតិ?។

វីអូឌី ​បាន​​ប្រមូល​ទស្សនៈ​ និង​​គំនិត​​របស់​​អ្នក​​នយោ​បាយ ​និ​ង​​អ្នក​វិភាគ​​មួយ​​ចំនួន ​មក​រៀប​ចំជាបទវិភាគ​លើ​ប្រធាន​​បទ​នេះ។

ការ​ចាប់​ផ្តើម​នៃការ​បង្រួប​បង្រួម​ជាតិ ​គឺ​កា​រ​​ដោះ​លែង ​លោក ​កឹម សុខា ​ប្រធាន​គណ​បក្ស​​​សង្គ្រោះ​ជាតិ​ ​ដែល​​មាន​​ប្រជា​ពល​រ​ដ្ឋ​​គាំ​ទ្រ​​ស្ទើ​​រក​ន្លះ​​ប្រទេស​។

លើសពីនេះ គឺ​​ការ​ដោះ​​លែង​​អ្នក​​ទោស​​​នយោបាយ ព្រម​​ទាំង​​សកម្ម​ជន​​សង្គម​​​ជាង​​៦០​​នាក់​​ផ្សេង​​ទៀត​ ត្រូ​វ​បាន​​អ្នក​​​នយោបា​យ ​និ​ង​​អ្នក​ឃ្លាំមើល​​សង្គ​ម ​​លើក​​ឡើង​​ថា គឺ​ជាចំណុចគន្លឹះ​​នៃ​​ការ​​បង្រួប​​បង្រួម​​ផ្សះ​​ផ្សា​ជាតិ ​​រវាង​​អ្នក​​នយោ​បាយ​​​ខ្មែរ ។

ជា​ពិសេស​រវាង​មេដឹកនាំ​គណបក្ស​ប្រជា​ជន​កម្ពុជា​​ ដែល​​កំពុង​​កាន់​​អំណាច ​និ​ង​​មេដឹកនាំ​​គណបក្ស​​សង្គ្រោះ​​ជាតិ​​​ដែល​​​​ត្រូវ​​បាន​​រំលាយ​ ខណៈ​​​ប្រជាពលរដ្ឋ​ខ្មែរ​នៅគ្រប់​ទិស​ទី ​បាន​ទម្លាក់​ចោល​នូវនិន្នាការ​នយោ​បា​យ​​ចេញ ​​ហើយ​បាន​​រួបរួមគ្នា​​ធ្វើបាតុកម្មគាំទ្រ​វីរៈ​កង​ទ័ព​​កម្ពុជា​ ដើម្បី​ប្រឆាំង​ទៅ​នឹង​​ការ​​​ឈ្លាន​​ពាន​​របស់​ថៃ​​ និង​​​ក៏​​បាន​​ជំរុញ​ហើយ​​ជំរុញ​​ទៀត ​ឱ្យ​អ្នក​នយោបាយ​ខ្មែរត្រូវ​ឈប់​ឈ្លោះ​គ្នា ​ងាក​មបង្រួប​បង្រួម​ផ្សះផ្សា​ជាតិ ធ្វើការ​អភិវឌ្ឍ​ប្រទេស​ជាតិ​ឱ្យ​រីក​ចម្រើន​​រឹង​មាំ ​ដែល​នឹង​ធ្វើឱ្យប្រជាជាតិ​ខ្មែរ​ខ្លាំង ​អាច​ទប់​ទល់​ទៅ​នឹងការ​​ឈ្លាន​ពាន​ពីសំណាក់​ប្រទេស​ជិត​ខាង​បាន​​​យូរ​​អង្វែង​។

សូម​បញ្ជាក់​ថា កាល​ពីថ្ងៃទី​២៧ ​​​ខែកក្កដា ​ពលរដ្ឋ​ខ្មែរ​រាប់​ពាន់​នាក់ ​នៅ​ប្រទេស​កូរ៉េខាងត្បូង ​និង​នៅប្រទេស​​អូស្ត្រាលី​ ហើយ​បន្តបន្ទាប់​មក​មាន​នៅ​តាម​បណ្តា​ប្រទេស​​មួយ​ចំនួន​ទៀត ដូចជា សហរដ្ឋអាមេរិក បារាំង​ ជប៉ុន និង​​ញូហ្សេឡែន​​ជាដើម បាន​​ប្តូរប្រធាន​បទ​ដែល​គ្រោង​ធ្វើបាតុកម្ម​ប្រឆាំង លោក ​ហ៊ុន សែន​ដែល​បាន​ប្រើ​ឱ្យ​ស្ថាប័ន​​ក្រុមប្រឹក្សា​ធម្មនុញ្ញ រដ្ឋ​សភា និង​ព្រឹទ្ធសភា ​ដែល​ជាឧបករណ៍​នយោ​បាយ​របស់​ខ្លួន​ ឱ្យ​កែរដ្ឋធម្មនុញ្ញមាត្រា​៣៣ ​ដើម្បី​ដក​សញ្ជាតិ​​ពីពល​រដ្ឋ​ខ្មែរ​ ទៅ​​​ជា​ការ​​ធ្វើ​​​បាតុ​កម្ម​​គាំទ្រ​​វីរៈ​​កង​​ទ័ព​​កម្ពុជា​ប្រឆាំង​​នឹង​​ការ​​ឈ្លាន​​ពាន​​របស់​​ថៃ ​មក​​លើ​​បូរណភាព​​ទឹក​ដី​កម្ពុជា​​​វិញ និង​​បាន​​ផ្ញើ​សារ​ជំរុញ​​ឱ្យ​​អ្នក​​នយោ​បាយ​​ខ្មែរ ​ងាក​មក​បង្រួប​បង្រួម​ជាតិ​ដើម្បី​ឱ្យ​ខ្មែរ​ខ្លាំង​ ប្រឆាំង​ទៅ​នឹងការ​ឈ្លាន​ពាន​របស់​ថៃ​។ ការផ្លាស់ប្តូរ​នេះ​ ​​គឺ​​បន្ទាប់​ពី​ថៃ​បាន​​ប្រើ​កម្លាំងទ័ព​ បើក​ការ​វាយ​លុក​ក្នុង​ទ្រង់ទ្រាយ​ធំ​ ស៊ីសាច់​ហុតឈាម ​ដោយ​ប្រើអាវុធធុនធ្ងន់ ​រួម​ទាំង​យន្ត​ហោះ​ចម្បាំង ​និង​ដ្រូន​​ទម្លាក់​គ្រាប់ ​និង​​បាញ់​ស្រោច​មក​លើ​កង​ទ័ព​កម្ពុជា។

មិន​មែនមាន​​តែពល​រដ្ឋ​ខ្មែរ​នោះទេ ដែល​ចង់​ឱ្យ​ខ្មែរ​រួប​រួម​សាមគ្គីគ្នា​ សូម្បី​​លោក​ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែ​ត​ លោក​កឹម សុខា និង​លោក​សម រង្ស៊ី​ ជាដើម​ សុទ្ធ​តែ​ធ្លាប់​​បាន​​ថ្លែង​​ដោយ​​បង្ហាញ​​ពីឆន្ទៈ​​ចង់​ឱ្យ​ខ្មែរ​រួបរួម​​សាមគ្គី​គ្នា ​ដើម្បី​ឱ្យ​ខ្មែរ​​ខ្លាំង​ កុំ​ឱ្យ​​ខ្មែរ​​ដើរ​ជាន់​ដាន​ប្រវត្តិ​សាស្ត្រ ​ដូច​​កាល​ពី​​អតីត​​កាល​ដែល​​ធ្វើ​ឱ្យ​ខ្មែរ​​ចុះ​ខ្សោយ​​ស្ទើរ​​​តែ​បាត់​បង់​​ប្រទេស​​ទៀត​។

នៅ​ក្នុង​អំឡុង​ពេល​ដែល​តុលាការ​ផ្តល់ការ​អនុញ្ញាត​ឱ្យ​​ចាក​​ចេញ​​ពី​ការ​​ជាប់​​ឃុំ​​​នៅ​ក្នុង​​ផ្ទះ ​ទៅ​​គោរព​វិញ្ញាណក្ខន្ធ​សព​​វីរៈ​​ក​ងទ័​ព​កម្ពុជា ​ដែល​ពលី​នៅ​ស្រុកចម្ការ​លើ​ ខេត្ត​កំពង់​ចាម​ កាលពី​ថ្ងៃទី​៣០ ​ខែកក្កដា ​លោក ​កឹម សុខា អតីត​​ប្រធាន​គណបក្ស​​សង្គ្រោះ​​ជាតិ​ ​បាន​​​​អំពាវ​នាវ​​​ឱ្យ​​ខ្មែរ​​រួ​បរួម​​សាម​គ្គី​គ្នា​ ​ដើម្បី​​ទប់​​ទល់​​ជាមួយ​បរទេស​​ដែល​​កំពុង​​ឈ្លាន​ពាន​​កម្ពុជា​។

លោកថា៖ «ពលីកម្ម​របស់វីរៈ​យុទ្ធជន​យើង​ដែល​ពលីជីវិត ​​គឺ​​ដើម្បី​បុព្វហេ​តុ​​ទឹក​ដី​​មិន​​មែន​​បុព្វ​ហេតុ​​បក្ស​​ណា​​ ​​ឬ​ក្រុម​ណាទេ​ ​​គឺ​បុព្វហេតុទឹកដីខ្មែរ​​មាតុ​ភូមិ​​យើង​​ ហើយ​​គាត់​​​ជាខ្មែ​រ ឈាម​​គាត់​​​គឺ​​ឈាម​​ខ្មែរ​​​​ហី​​យើង​ទាំង​អស់គ្នា​ ខ្ញុំ​​សូម​ផ្តាំ​​ថា យើង​ជាខ្មែរ​ហីឈាម​យើង​ជាមួយគ្នា​ ហីយើង​សោក​ស្តាយ​​​មែនទែន​ ចំពោះការ​បាត់​​បង់ជីវិត​គាត់ ​ប៉ុន្តែ​មិន​គួរ​ណា​មក​ដល់​ពេល​នេះ ហើយ​ខ្មែរ​យើង​ធ្លាប់​ឆ្លង​កាត់​សង្គ្រាម​ឈ្លាន​ពាន​ច្រើន​ដង​ហើយ ​មិន​គួរ​ណា​ដល់​ពេល​នឹង​​ហើយ​​ថៃ​​​នៅ​​មក​​ឈ្លាន​​ពាន​​យើង​​ទៀត ​វាហួស​​ហេតុ ចឹង​​យើង​ជាខ្មែ​រ​​ត្រូវ​រួបរួ​ម​ សូមអំពាវ​នាវឱ្យ​ខ្មែររួម​សាមគ្គីគ្នា ​ដើម្បីភាព​រឹងមាំប្រទេស​យើង ការពារ​ទឹក​ដី​យើង ​សម្រាប់​កូនចៅ​​យើង​​បន្តទៀត»។

ចំណែក​ លោក​ ហ៊ុន ម៉ាណែត​ បាន​ថ្លែង​កាល​ពី​ពេល​ថ្មីៗ​​កន្លងមក​​ថា បើ​​ខ្មែរ​​បា​ត់​បង់​​សាមគ្គី​​ភាព បាត់​បង់​​ឯក​ភាព​​​ជាតិ មាន​​ជម្លោះ​និង​​បែក​បាក់​​ផ្ទៃ​​ក្នុង​​ជាតិ​ ​ដោយ​​ខ្វះ​​ស្មារតី​ជាតិនិយម មិន​តម្កល់​ឧត្ដម​ប្រយោជន៍​ជាតិ​ជា​ធំ នោះ​ខ្មែរ​នឹង​នៅ​តែ​បន្ត​រងគ្រោះគ្មាន​ថ្ងៃ​បញ្ចប់​ឡើយ​។

លោកថា៖ «មូលហេតុដែល​យើងបាត់បង់ដីធ្លី បាត់​បង់ដីបាត់បង់​ដែលថា​​ពីអាណាចក្រ​នោះ ​ដោយ​សារ​អី? គន្លឹះ​ធំគឺការបែកបាក់​ផ្ទៃក្នុង​ជាតិ​ យក​រូបភាព ​និង​យកគំនិត​នៃការ​ខ្លាច​​ខាងក្រៅ​​តែមក​បែក​ផ្ទៃក្នុង​ អស្ថិរភាព​ផ្ទៃក្នុង​។ ចុងក្រោយ​នេះ ​គឺ​រដ្ឋប្រហារ​ឆ្នាំ​៧០ ឈាន​ទៅ​ដល់​ការ​កាប់​ចាក់គ្នា​រហូត​ទៅ​ដល់​៩៨ បានយើង​ចប់​ រាប់​លាន​នាក់​ត្រូវបាត់បង់​ ប្រទេសចុះ​ខ្សោយ ​ប្រជា​ពលរដ្ឋ​យើង​​បើសិន​ជា​គ្មាន​​៧០​ទេ ​ប្រហែល​មិនត្រឹម​តែ​​១៧លាន​ទេ ​ប្រជាពលរដ្ឋ​យើង​អាច​ច្រើន​ខ្ពស់ជាងនេះ សេដ្ឋកិច្ចយើងខ្ពស់ជាងនេះ។ ឥឡូវយើង​​មិន​អាច​អង្គុយ​យំ ​អ្វី​ដែល​កើត​មាន​​ហើយ ​មាន​តែ​ធ្វើម៉េចកុំឱ្យកង់​​ប្រវត្តិសាស្ត្រ​ត្រឡប់​មក​វិញ គឺការ​បាក់​​បែក​​ផ្ទៃក្នុង»

​បន្ថែម​ពីនេះ ​នៅ​ថ្ងៃទី​៦​ ខែ​​សីហា ​ឆ្នាំ​២០២៥ ​លោក ​ហ៊ុន ម៉ាណែត បាន​​សរ​សរ​​​លើ​​បណ្តាញ​​​សង្គ​ម​​របស់​​លោក​​ថា លោក​​មាន​ការ​រំភើប ​ដោយ​ក្នុង​មួយ​រយៈ​នេះ​​បានឃើញនូវ​ស្មារតី​ស្នេហា​ជាតិ សាមគ្គីឯកភាពជាតិរបស់ប្រជាពលរដ្ឋខ្មែរនៅទូទាំងពិភពលោក ដែល​បាន​រៀបចំប្រមូលគ្នាសំដែងមតិគាំទ្រទៅដល់សន្តិភាព គាំទ្រ​ដល់កងកម្លាំងរបស់យើង ​ក្នុង​​កិច្ច​ការការពារបូរណៈ​ភាពទឹកដី ក៏ដូចជាការទាមទារឲ្យថៃដោះលែងយោធិន​យើងចំនួន​១៨រូប ដែលស្ថិតក្រោមការឃុំគ្រងរបស់កងទ័ពថៃ។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមខ្លួនលោក​ផ្ទាល់ លោក ​ហ៊ុន ម៉ាណែត ​បាន​អរគុណ​​ចំពោះ​​​​ប្រជាពលរដ្ឋ​​ខ្មែរ​​ទាំង​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស នូវទឹកចិត្ត​ដ៏ថ្លៃថ្លា​នេះ ដែល​បាន​បង្ហាញយ៉ាងច្បាស់នូវ​ស្មារតីស្នេហា​​ជាតិ សាមគ្គី​​ឯកភា​ព​ជាតិ ដែល​ជា​កត្តា​​សំខា​ន់រ​បស់​ជាតិ​ខ្មែរ​ ជា​ពិសេស​គឺប​ង្ហាញ​យ៉ាង​ច្បាស់​នូវ​ស្មារតី​ស្រឡាញ់​សន្តិ​ភាព ដើម្បី​ឈាន​ទៅ​បញ្ចប់​សង្គ្រាម។

ប៉ុន្តែ​យ៉ាងណាក្តី ​សម្រាប់​​លោក ​សម រង្ស៊ី ​អតី​​តមេ​ដឹក​នាំ​គណបក្ស​​ប្រឆាំង ​និ​ង​​អ្នក​​តាម​​ដាន​​នយោ​​បាយ​​ផ្សេង​​ទៀត ​បាន​​លើក​ឡើង​​ថា ការ​​បង្រួប​​បង្រួម​​ផ្សះ​​ផ្សា​​ជាតិ​​ មិន​​មែន​​ផ្អែ​ក​​តែ​​​ទៅ​​លើ​​ការ​​និយាយ​​ឱ្យ​​តែ​ពី​រោះ​ស្តាប់​​នោះ​​ទេ ​ប៉ុន្តែ​​ត្រូវ​​មាន​​សកម្ម​​ភាព​ជាក់​​ស្តែង​​ដោយ​​ចាប់​​ផ្តើម​​​ធ្វើ​​យ៉ាង​​ណា​ ឱ្យ​​មាន​​ការ​​ដោះ​​លែង​​អ្នក​ទោស​​ន​យោ​​បាយ ​និង​​សកម្ម​​ជន​​​សង្គម​​ទាំង​​អស់​។

សម្រាប់​​លោក ​សម រង្ស៊ី ចំណុច​ចាប់​ផ្តើម​នៃ​ការ​បង្រួប​បង្រួម​ជាតិ​​ពិត​​ប្រាកដ ​គឺ​​ត្រូវ​​ទម្លាក់​​ចោល​សំណុំ​រឿង​ដែល​ចោទ​ លោក កឹម សុខា និង​អាមេរិក​រួម​គ្នា​ផ្តួល​​រំលំ​រដ្ឋា​ភិបាល​កម្ពុជា និង​​ត្រូវ​​ស្តារទំនាក់​ទំនង​ជា​មួយ​​សហរដ្ឋ​​អាមេ​រិក​​​ឡើ​ង​​វិញ​។ លោក ​សម រង្ស៊ី ​គូស​​បញ្ជាក់​​ថា «​ដើម្បីប្រឆាំងបរទេសឈ្លា​ន​ពាន ទាំង​ខាងលិច ទាំង​ខាង​កើត ទាល់​តែ​រួប​រួម​ជាតិ ហើយ​ការ​​រួប​រួម​ជាតិ ផ្តើម​ចេញ​ពី​ការ​ឈប់​ធ្វើ​បាប​ខ្មែរ​គ្នា​ឯង»។

សូម​បញ្ជាក់​ថា សាលា​ដំបូង​រាជធានីភ្នំពេញ ​កាល​​ពី​ថ្ងៃ​ទី៣ ខែ​មីនា ឆ្នាំ២០២៣​​​ បាន​​សម្រេច​​​ផ្តន្ទា​ទោស​លោក​ កឹម សុខា ឱ្យ​ជាប់​​​​​​​​ឃុំ​នៅក្នុង​ផ្ទះ​​​២៧​​ឆ្នាំ និងហាមឃាត់មិនឱ្យធ្វើ​នយោ​បាយ​​អស់មួយ​ជីវិត ក្រោម​ការ​ចោទប្រកាន់ ​ពីបទ​ ក្បត់ជាតិ ​​ជាបទ​ចោទ​ដែលមជ្ឈដ្ឋាន​ជាតិ​និង​អន្តរ​ជាតិ ​​រួម​ទាំង​អង្គការ​សហប្រជាជាតិ​ចាត់​ទុក​ថា​ ជា​រឿង​នយោ​បាយ​​ប្រឌិត​ឡើង​ដោយ​ លោក ​ហ៊ុន សែន ​ដើម្បីកម្ទេចគូ​ប្រជែង​​នយោបាយ​​របស់​ខ្លួន។

ថ្មីៗ​នេះ ​សំណុំរឿងប្តឹងទាស់របស់ លោក កឹម សុខា ដែលគ្រោងធ្វើ​នៅ​ថ្ងៃទី១៤ ខែសីហា​នេះ ត្រូវ​​បាន​សា​លា​ឧទ្ធរណ៍​ភ្នំពេញ ប្រកាសលើកពេលជាថ្មីទៀត ដោយមិនកំណត់ពេល ​និង​មិន​បាន​បញ្ជាក់​ពី​មូល​​ហេតុ ដែល​ការណ៍នេះ បាន​ធ្វើ​ឱ្យ​មាន​ការ​ររិះគន់​ជាថ្មី​ទៀត​ថា ធ្វើ​ឱ្យ​ប៉ះពាល់ដល់សិទ្ធិទទួលបានយុត្តិធម៌របស់លោក ​កឹម សុខា។

វិល​ទៅ​សំណួរ​ខាង​ដើម​ថា តើ​ហេតុអ្វី​​មាន​ការ​ពន្យា​ពេល​សវនាការ ​លោក កឹម សុខា ខណៈ​​មាន​ការ​​ជំរុញ​​កាន់​​តែ​​ខ្លាំង​​ឱ្យ​មាន​ការ​​រួប​រួម​​ជាតិ?

មិន​មែន​មាន​តែសវនាការ​សាលា​ឧទ្ធរណ៍​​របស់ ​លោក ​កឹម សុខា ត្រូវ​​បាន​​ពន្យា​​ពេល​​​ធ្វើ​ឱ្យ​​ក្តី​​សង្ឃឹម​​នៃ​ការ​បង្រួប​​បង្រួម​​​ជាតិ​​ ត្រូវ​​បាន​​រសាត់​​ទៅ​​ឆ្ងាយ​​ប៉ុណ្ណោះ​ទេ ​ការ​សម្រេចដាក់​​​​ទោស​​មន្ត្រីយោធា​ស្លូតត្រង់​ចូលនិវត្ត​ន៍ លោក ​សុខ ស៊ុន​​ណា​រ៉េត ឪពុក​​លោក ​ស៊ន តារា សកម្ម​ជន​នយោបាយ​ប្រឆាំង ​​ឱ្យ​​ជាប់​​ពន្ធនាគារ​​៤ឆ្នាំ​ កាល​ពី​ថ្ងៃទី​​៦ខែ​​សីហា ដោយ​​​ចោ​ទ​​ពាក់​​ព័ន្ធ​​គ្រឿង​​ញៀន ការ​​ចាប់​​ឃុំ​​ខ្លួន​​ប្រធានគណបក្ស​ដំណើរ​ឆ្ពោះ​ទៅ​មុខលោក ឃុន ចាន់ឌី កាល​ពី​ថ្ងៃ​ទី​១ ខែសីហា ពីបទញុះញង់​ ការ​នៅ​តែ​តម្រូវឱ្យ​ លោក ​រ៉ុង ឈុន ​ទីប្រឹក្សា​​គណបក្ស​​កម្លាំង​​ជាតិ និង​ ​លោក ​មាជ សុវណ្ណារ៉ា ប្រធាន​គណបក្ស​​ជំនាន់​​ថ្មី​ ​ត្រូវ​​ចូល​​ទៅ​​បង្ហាញ​​ខ្លួន​នៅ​ប៉ុស្តិ៍ប៉ូលិស ពាក់​ព័ន្ធ​នឹងការ​និយាយ​ពីបញ្ហា​ព្រំដែន​កម្ពុជា-​វៀតណាម​ និង​​កម្មករ​​វៀតណាម​ ​ចូល​​មក​​ធ្វើ​ការ​​នៅ​ក្នុង​​ទឹក​ដីខ្មែ​រ​​ជាដើម។ល។ វាបង្ហាញ​យ៉ាង​ច្បាស់​ថា លោក ​​ហ៊ុន សែន​ និង​លោក ​ហ៊ុន ម៉ាណែត ​គ្មាន​បំណង​​ពិតប្រាកដ​ក្នុង​ការ​បង្រួប​​បង្រួម​​ជាតិ​​ខ្មែរ​នោះ​ទេ។

សម្រាប់​ លោក​ ហ៊ុន សែន​ ប្រសិន​បើ​បើក​ឱ្យ​មាន​ការ​រួប​រួម​ជាតិ ហើយ​អ្នក​នយោបាយ​ប្រឆាំង​នៅ​ក្រៅ​ប្រទេស​​​​អា​​ច​វិល​​​​ត្រឡប់​​ចូល​​ស្រុក​​បង្កើត​​គណបក្ស​​នយោបាយ ​ឬចូល​រួម​ជាមួយ​គណបក្ស​នយោបាយ​ណា​មួយ​ ដើម្បី​ចូល​រួម​ប្រកួត​​​ក្នុង​ការ​បោះ​ឆ្នោត​នាពេល​ខាង​មុខ ​​នោះ​វាមាន​ហានិភ័យ​​ខ្ពស់​​ណាស់ សម្រាប់​​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​មាន​លោក​ ហ៊ុន ម៉ាណែត​ ជា​បេក្ខជន​​នាយក​​រដ្ឋ​មន្ត្រីរ​បស់​​គណបក្ស​​ប្រជា​ជន​ ស​ម្រាប់​​​ការ​​ប្រកួត​​ក្នុងការ​បោះ​​ឆ្នោត​​លើក​​ក្រោយៗ​។​

ពីព្រោះ​ដោយ​សារ​តែមិន​ចង់​ឱ្យមាន​គូប្រកួតនយោបាយ​​​ដែល​ខ្លាំង​ ​ទើប​កន្លង​មក ​ក៏​ដូច​ជាបច្ចុប្បន្ន លោក​ហ៊ុន សែន ​បាន​ខំប្រឹងប្រែងខ្លាំង​ណាស់ ​​​ក្នុង​ការ​ត្រួស​ត្រាយ​ផ្លូវ​ទុក​ឱ្យ​ លោក ​ហ៊ុន ម៉ាណែត ​ដោយ​​តាម​កម្ទេច​​តាម​កម្ចាត់​​តាម​​វ៉ៃ​ តាម​ទិញ​សកម្ម​ជន​គណបក្ស​ប្រឆាំង​​ទាំង​ថ្នាក់​ជាតិ ​និង​ថ្នាក់​ក្រោម​ជាតិ​​។ ដូច​លោក​ ​ហ៊ុន សែន ​​ធ្លាប់​និយាយ​​​ជា​សាធារណៈ​​ថា កុំ​ឱ្យគណបក្ស​ប្រឆាំង​វាមាន​កម្លាំង​​ប្រើ និង​ងើបមួយ​វ៉ៃមួយ​ជា​ដើម។

ហេតុផល​​​ក្រៅ​ពី​នេះ​​ អ្នក​តាម​ដាន​នយោបាយ​ឯក​រាជ្យ​ ធ្លាប់​​បាន​​លើក​ឡើង​​ថា ការ​​ដែល​ ​លោក ​ហ៊ុន សែន​បាន​​ប្រើ​លោ​ក ឌិត មន្ទីរ ​ដែល​​កាល​នោះ​​ជា​​​ប្រធាន​​តុលាការ​​កំពូល ​ដែ​ល​​ជា​សមាជិក​គណៈ​​កម្មាធិការ​​អចិន្ត្រៃយ៍​​របស់​​គណបក្ស​​​​ប្រជាជន​​កម្ពុជា ​ឱ្យ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ចាប់​ខ្លួន ​លោក ​កឹម សុខាដែល​ធ្វើឱ្យកក្រើក​ពិភព​​លោក​ រហូត​ដល់​សហរដ្ឋ​អាមេរិក​​កាត់​ប្រព័ន្ធ​អនុគ្រោះពន្ធ GSP និង​សហភាពអឺរ៉ុប​កាត់​EBA ២០ភាគរយ និង​គំរាម​កាត់​ផ្តាច់​​ទាំង​​អស់ ​បើមិន​ព្រម​ដោះលែងអ្នកទោសនយោបាយ​ និង​ស្តារ​ប្រជា​ធិប​តេយ្យ​​ឡើង​​វិញ គឺ​​ដោយ​​សារ​​​តែ​លោក​ ហ៊ុន សែន ​ដឹង​ច្បាស់​​ថា គណបក្ស​សង្គ្រោះ​ជាតិ​​ដែល​កំពុង​តែ​​ឡើង​​ប្រជាប្រិយ​ភាព​​យ៉ាង​ខ្លាំង ​កាល​ពីអំឡុង​ឆ្នាំ​២០១៧​​នោះ​ អាច​នឹងឈ្នះ​ការ​បោះ​ឆ្នោត​​នៅ​ក្នុង​ឆ្នាំ២០១៨​ ទើប​រំលាយ​គណបក្ស​នេះ ​ចោល​ឱ្យ​បាន​មុន​ទោះក្នុង​តម្លៃ​ណា​ក៏​ដោយ។

ដូច្នេះ​បើ​បើក​ឱ្យ​មានការ​រួប​រួមជាតិ​ ដោយ​បើក​ផ្លូវឱ្យ​អ្នក​នយោបាយ​ប្រឆាំង​​វិល​ត្រឡប់​មក​ចូល​រួម​ប្រកួត ​​ក្នុងការ​បោះ​ឆ្នោត ​វា​អាច​ជាគ្រោះធំជាថ្មីទៀត​សម្រាប់ ​លោក ​ហ៊ុន សែន នៃ​គណបក្ស​ប្រជាជនកម្ពុជា​។ ប៉ុន្តែ​បើគ្រួសារ​​ហ៊ុន នៅតែ​​​បន្ត​ដឹកនាំ​ប្រ​ទេសអ​សមត្ថ​ភាព ធ្វើ​ឱ្យ​​កើត​មាន​​អំពើ​​​ពុ​ក​​រលួយ​​ជា​ប្រព័ន្ធ​​ពេញ​បន្ទុក​ អំពើ​​អយុត្តិធម៌​រីករាល​ដាលកាន់​តែខ្លាំង សេដ្ឋ​កិច្ចស្ទើតែងាប់ស្តូក​ ពលរដ្ឋ​ជំពាក់​បំណុលគេ​វ័ណ្ឌក ធ្វើឱ្យ​កើតមាន​វិបត្តិសង្គមចាក់ស្រែស ​នាំ​​ឱ្យ​មាន​គម្លាត​អ្នកមាន ​និង​អ្នកក្រ​កាន់​តែខ្លាំង​ដូច​បច្ចុប្បន្ន​ នៅថ្ងៃណាមួយអាចនឹង​កើត​មាន​​ចលាចល​សង្គម​​ ប្រជាពល​រដ្ឋ​ងើបបះបោរ ​គឺពិបាក​ប៉ាន់​ស្មាន​ណាស់​​ពីជោគវាសនា​របស់​គ្រួសារ​​ហ៊ុន។

ប៉ុន្តែយ៉ាងណាក្តី ក្រុម​អ្នក​វិភាគ លើកឡើងថា ស្ថានការណ៍នយោបាយ​នៅកម្ពុជា ​វា​អាច​នឹង​ប្រែប្រួល​​ទៅ​តាម​​ភូមិ​សាស្ត្រ​​នយោបាយ​​តំបន់​ និង​ពិភពលោក​​ បូក​រួម​នឹង​ចរន្ត​រុញ​ច្រាន​រប​ស់​ប្រជាពល​រដ្ឋ​ខ្មែរ​ នៅ​ពេល​ពលរដ្ឋខ្មែរគ្រប់​រូប​មើល​ឃើញ​ពីមហន្ត​រាយជាតិ​កាន់​តែខ្លាំង​ ក្រោម​ការ​ដឹកនាំ​របស់​គ្រួសារ​ហ៊ុន​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ