កសិករ​នៅ​ខេត្តបា​ត់ដំ​បង ត្អូញ​ត្អែរ​ពី​តម្លៃ​ស្រូវ​ចុះ​ថោក ខណៈ​ជី​និង​ថ្នាំ​កសិកម្ម​បន្ត​ឡើង​ថ្លៃ

នៅតាម​តំបន់​មួយ​ចំនួន ក្នុង​ខេត្ត​បាត់​ដំបង ដូច​ជា​ស្រុក​ឯកភ្នំ ស្រុក​សង្កែ និង​ស្រុក​ថ្មគោល ជាដើម កសិករ​ហាក់​មមា​ញឹក​ក្នុង​ការ​ប្រមូល​ផល​ស្រូវ​ស្រងែ នៅ​ពាក់​កណ្ដាល​ខែវ​ស្សា​នេះ​ ដោយ​កសិករ​ខ្លះ​កំពុង​បញ្ជា​ម៉ាស៊ីន​ច្រូត និង​ខ្លះ​ទៀត​បរគោ​យន្ត​កន្ត្រៃ​ដឹក​ស្រូវ។ តែ​យ៉ាង​ណា កសិករ​ហាក់​មិន​សូវ​សប្បាយ​ចិត្ត​នឹង​ទិន្នផ​ល​ទាំង​នេះ​នោះ​ទេ ដោយ​សារ​ទិន្នផល​មាន​តម្លៃ​ថោក។

កសិករនៅឃុំបឹងព្រីង ស្រុកថ្មគោល លោក ហ៊ុន មាស ប្រាប់​វីអូឌី​ថា ស្រូវ​ស្រងែ​ឆ្នាំ​នេះ​ល្អគ្រា​ន់​បើ ប៉ុន្តែ​ចំពោះ​តម្លៃ​វិញ មិន​ល្អដូ​ច​ទិន្នផល​ឡើយ ដោយ​ក្នុង​មួយ​គីឡូ​ក្រាម ឈ្មួញ និង​រោង​ម៉ាស៊ីន ឱ្យ​តម្លៃ​ត្រឹម​តែ​ ៨០០​រៀល ដែល​តម្លៃ​នេះ គឺ​ធ្វើ​ឱ្យ​កសិករ​ត្រូវ​ខាត​បង់។ ទន្ទឹម​នឹង​តម្លៃ​កសិផល​ធ្លាក់​ចុះ កសិក​រ​រូប​នេះ ​ត្អូញ​ត្អែរ​ទៀត​ថា តម្លៃ​ជី ថ្នាំ និង​សម្ភារៈ​កសិកម្ម​ផ្សេង​ទៀត បាន​ឡើង​ថ្លៃ​ស្ទើ​រគ្រ​ប់​មុខ ធ្វើ​ឱ្យ​កសិករ​ត្រូវ​ចំណាយ​លើ​ថ្លៃ​ដើម​កាន់​តែ​ច្រើន។

លោក ហ៊ុន មាស និយាយថា៖ «ជំពាក់​បំណុល គឺ​ជំពាក់​មែន​ហើយ តែ​ដែល​ត្រង់​តែ​ធ្វើ​ស្រែ ដើម្បី​ដោះ​បំណុល ប៉ុន្តែ​ធ្វើ​ស្រែ​ហើយ​មាន​ដោះ​បា​ន​អី ទៅ​ជា​ជំពាក់​គេ​ថែម​ទៀត។ ធ្វើ​ស្រែ​ហើយ​ជួន​កាល​លក់​ទៅ​ បែរ​ជា​ជំពា​ក់​ថ្លៃ​ជី​គេ​ថែម​ទៀត​នោះ។ មិន​ដឹង​ធ្វើ​យ៉ាង​ម៉េច ព្រោះ​ធ្វើ​តាម​គ្នា​អ៊ីចឹង​ហើយ ដូច​ខ្ញុំ​ថា​អ៊ីចឹង។ មួយៗ​ថា ឆ្នាំ​ទៅ​ម៉ិញ​រាង​ទៅ​ហើយ​ខាត​ប៉ុន្មាន​ឆ្នាំ​ជាប់​គ្នា ប្រុង​ថា​អត់​ធ្វើ ដល់​ឆ្នាំ​នេះ អំណោយ​ផល​ ដើម​ភ្លៀង​រហូត ដល់​ពេល​មួយ​ពី​រ​ព្រោះ​ក៏​ព្រោះតាម​​គ្នា​ទៅ​ទៀត ពេញ​ភូមិ​ទៀត​ទៅ »។

ក្រៅ​ពី​នេះ មាន​ពលរដ្ឋ​នៅ​តាម​ខេត្ត​ផ្សេងៗ​ទៀត ដូច​ជា បន្ទាយ​មាន​ជ័យ កំពង់ធំ កំពង់​ចាម ព្រៃវែង ពោធិ៍​សាត់ និង​កំពង់​ឆ្នាំង ជាដើ​ម បាន​​បង្ហោះ​​វីដេអូ​​ត្អូញ​ត្អែរ​​​ពី​​តម្លៃ​​ស្រូវ​​ចុះ​​ថោ​ក​​តាម​​បណ្ដាញ​​សង្គម​​នានា និង​​ស្នើ​​ដល់​​ស្ថាប័ន​ពាក់​ព័ន្ធ ​ឲ្យ​​ជួយ​​ស្វែង​រក​​ទីផ្សារ​​ជូន​​កសិករ។ ក្នុង​នោះ កសិផល​ស្រូវ​អូអឹម(OM5451)​របស់​កសិករ ខេត្ត​កំពង់​ធំ លក់​បាន​តម្លៃ ជាង ៧០០​រៀល ចំណែក​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ និង​សៀម​រាប តម្លៃ​ស្រូវ​ធ្លាក់​ចុះម​ក​នៅ​ត្រឹម​ជាង ៦០០​រៀល​​ក្នុង​​មួយ​គីឡូ​ក្រាម ដែល​ជា​តម្លៃ​ទាប​បែប​នេះ បាន​ធ្វើ​ឱ្យ​កសិករ​ត្រូវ​ខាត​បង់។

កសិករនៅស្រុកសង្កែ ខេត្តបាត់ដំបង អ្នកស្រី ឃឿន វិច្ឆិកា ឱ្យដឹ​ងថា​ អ្នក​ស្រី​ចង់​បាន​តម្លៃ​ស្រូវ​ចន្លោះ​ពី​ ៩៥០ ទៅ​១ ០០០​រៀល​ក្នុង​មួយ​គីឡូ​ក្រាម ដើម្បី​សល់​ប្រាក់​ខ្លះ​ទូទាត់​ថ្លៃ​ជី​ថ្នាំ​កសិកម្ម និង​កម្លាំង​ពលកម្ម​។ អ្នក​ស្រី​បន្ត​ថា តម្លៃ​ស្រូវ​ចុះថោ​ក​ជា​រៀង​រាល់​ឆ្នាំ បាន​ធ្វើ​ឱ្យ​អ្នក​ស្រី​និង​កសិករ​ដទៃ​ទៀត ជំពាក់​បំណុល​ធនាគារ និង​លុយ​ឯកជន​ជុំទិ​ស ដោយ​​បច្ចុប្បន្ន អ្ន​ក​ស្រី​ជាប់​បំណុល​ជាង ១ម៉ឺន​ដុល្លារ ដោយ​សារ​ធ្វើ​ស្រែ។

អ្នកស្រីថា៖ «រាល់ឆ្នាំធ្វើបានតែមួយហត់ សងលុយ​តែ​ថ្លៃ​ជី​ថ្លៃ​ថ្នាំ​គេ។ អ្នក​ធ្វើ​ស្រែ​ភាគ​ច្រើន​សុទ្ធ​តែ​យក​លុយ​ធនាគារ​មក។ បើចំ​ណេញ​យើង​ដោះ​(សង)​ទៅ បើអ​ត់​ចំណេញ​ផង​បាន​អី​ដោះ»

យោងតាមសហព័ន្ធស្រូវអង្ករកម្ពុជា (Cambodia Rice Federation – CRF) ឱ្យ​ដឹង​ថា តម្លៃ​មធ្យម​ភាគ​ស្រូវ​សើម នៅ​តាម​ស្រុក​នៃ​ខេត្ត​មួយ​ចំនួន គិត​ត្រឹម​ថ្ងៃ​ទី​០៨ ខែ​សីហា ឆ្នាំ​២០២៥ ស្រូវ​សែន​ក្រអូប មាន​តម្លៃ​ជា​ធម្យម ១ ០០០​​រៀល​ក្នុង​មួយ​គីឡូ​ក្រាម ស្រូវ​ចំប៉ី​ស មាន​តម្លៃ ៩០០​រៀល ស្រូវស្រងែ តម្លៃ ៧៩០រៀល និង​ស្រូវ អូអ៊ឹម មាន​តម្លៃ​ជាង ៧០០​រៀល​ក្នុង​មួយ​គីឡូ​ក្រាម។

ពាក់ព័ន្ធនឹងបញ្ហានេះ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ​ឌិត ទីណា កាល​ពី​ថ្ងៃ​ទី៩ ខែ​សីហា បាន​ដឹក​នាំ​កិច្ច​ប្រជុំ​ដោះ​ស្រាយ​តម្លៃ​ស្រូវ​ស្រងែ នៅ​ខេត្ត​បាត់​ដំបង ដោយ​ក្រសួង និង​មន្ទីរ​កសិ​កម្ម បាន​ឯកភាព​គ្នា ស្នើ​ឱ្យ​បណ្តា​រោង​ម៉ាស៊ីន​ចំនួន​១១ សហការ​ជាមួយ​ក្រសួង​កសិកម្ម និង​រដ្ឋបាល​ខេត្ត​ ដើម្បី​ជួយ​ប្រមូល​ទិញ​ស្រូវ​ប្រជា​កសិករ​ឱ្យ​ទទួល​បាន​តម្លៃ​សមរម្យ។

ទោះជាបែបនេះក្ដី តំណាងមហគមន៍កសិករ ឃុំរាំ​ង​កេសី ក្នុង​ស្រុក​មោង​ឬស្សី លោក មុំ មេធ លើក​ឡើង​ថា ដំណោះ​ស្រាយ​របស់​ក្រសួង​កសិកម្ម​នេះ មិន​អាច​ដោះ​ស្រាយ​បញ្ហា​របស់​កសិករ​ឱ្យ​ចំគោ​ល​ដៅ​នោះឡើយ ព្រោះ​រោង​ម៉ាស៊ីន​តម្រូវ​ឱ្យ​កសិករ​ដឹក​ស្រូវ​ទៅ​ដល់​ទីតាំង​ផ្ទាល់ ហើយ​រោង​ម៉ាស៊ីន បាន​ពន្យារ​ពេល​ទូទាត់​ប្រាក់​ឱ្យ​កសិករ​ជាច្រើ​ន​ថ្ងៃ ដែល​ធ្វើ​ឱ្យ​កសិករ​គ្មាន​លុយ​បង្វែរ​សង​បំណុល​ភ្លាមៗ។ លោក​បន្ត​ថា បញ្ហា​នេះ បាន​បង្ខំ​ឱ្យ​កសិករ​ត្រូវ​លក់​ស្រូវ​ទៅ​ឱ្យ​ឈ្មួញ​កណ្ដាល ដើម្បី​ទទួល​បាន​លុយ​ភ្លាមៗ យក​ទៅ​ដោះ​ស្រាយ​បំណុល។

លោកថា៖ «មែនទែនទៅអារឿងបញ្ចុះបញ្ចូលរោងម៉ាស៊ីនអីហ្នឹង វាមាន​តាំង​ពី​ឆ្នាំ​មុន​នោះ តែ​លទ្ធផល​វា​ទទេ​ហ្នឹង វា​មិន​បាន​ផល​ទេ ហើយ​ឈ្មួញ​កណ្ដាល​គេ​ដឹង​ពី​ចំណុច​ខ្សោយ ហើយ​និង​តម្រូ​វ​ការ​របស់​កសិករ​ ជាង​មន្ត្រី​កសិកម្ម​ទៀត។ ហើយ​មួយ​ទៀត រឿង​តម្លៃ​ចុះថោ​ក​ហ្នឹង មិន​មែន​មាន​តែ​ស្រូវ​ពូជ​មក​ពី​យួន ដូច​ស្រូវ​អូអឹម​អី​ទេ សូម្បី​តែស្រូវ​យើង សែន​ក្រអូប សែន​ពិដោរ ផ្កា​ម្លិះ​អី ក៏​វា​ធ្លាក់​ថ្លៃ​ដូច​តែ​គ្នា​ដែរ​ហ្នឹង»

កន្លង​មក ​កសិករ​​នៅ​​ខេត្ត​​បាត់ដំបង តែង​តែ​​ត្អូ​ញត្អែ​រ​​​ពី​​តម្លៃ​​ស្រូវ​​ចុះ​​ថោក​​ស្ទើរ​​តែ​​ជា​​​រៀង​រាល់​ឆ្នាំ ខណៈ​ដំណាំ​​ស្រូវ​​របស់​​​ពួក​គាត់ ជួប​​គ្រោះ​​រាំង​​ស្ងួត និង​​គ្មាន​​ប្រព័ន្ធ​​ទឹក​​ស្រោចស្រព​​នៅ​​រដូវ​​ប្រាំង និង​​ជួប​​គ្រោះ​​ទឹក​ជំនន់​ នៅ​​រដូវ​​វស្សា។ ប្រការ​នេះ ធ្វើ​ឱ្យកសិករ​​​ជា​ច្រើន​ខាត​​បង់​ប្រាក់​​ចំណូល និង​​ប្រឈម​នឹង​​បញ្ហា​​ជំពាក់​បំណុល​​វ័ណ្ឌក ហើយ​ពួក​គាត់​បាន​​ស្នើ​​ដល់​អាជ្ញាធ​រ​​ពាក់​ព័ន្ធ​​ឱ្យ​​ជួយ​​ស្វែង​រក​​ទីផ្សារ​​ស្រូវ​​អង្ករ​​ជូន​​ពួក​គាត់។ ជានិច្ចកាល អាជ្ញាធរ​តែង​ចោល​ពលរដ្ឋ​ថា ធ្វើ​ស្រែ​​លើស​​ផែនការ ឬ​សម្រុក​ច្រូត​ក្នុង​ពេល​តែ​មួយ ឬ​ប្រទេស​ជិតខាង​កំពុង​ប្រមូល​ផល​ស្រូវ​ដូចគ្នា​នឹង​កម្ពុជា ដែល​កត្តា​ទាំង​នេះ ធ្វើ​ឱ្យ​ស្រូវ​ចុះ​ថោក ។

របាយការណ៍ របស់សហព័ន្ធស្រូវអង្ករកម្ពុជា ឱ្យដឹង​ថា ក្នុង​រយៈ​ពេល​៧​ខែ នៃ​ឆ្នាំ​២០២៥ កម្ពុជា​បាន​នាំ​ចេញ​អង្ករ​ចំនួន ៤២០ ៥៧២ តោន គិត​​ជា​ទឹក​ប្រាក់​បាន​ចំនួន ៣០៩.៣២ លាន​ដុល្លារ​សហរដ្ឋ​អាមេ​រិក​។

កសិករ​​ទទូច​ដល់​រដ្ឋាភិបាល និង​ស្ថាប័ន​រដ្ឋ​នានា ឱ្យ​ជួយ​ស្វែង​រក​ទីផ្សារ​​ស្រូវ​​អង្ករ​​សម្រាប់​​ពួក​គាត់ និង​រក​វិធី​សាស្ត្រ​ទប់​​ទល់​តម្លៃថ្លៃ​ដើ​ម​កសិ​កម្ម ដើម្បី​ឱ្យ​​ពួក​គាត់​​មាន​​ជីវភាព​​សមរម្យ អាច​​ដោះ​ស្រាយ​​ជីវភាព​​ប្រចាំ​​ថ្ងៃ​រួម​​ទាំង​​បំណុល​​ធនាគារ​ និង​ជៀស​វាង​ការ​បោះ​បង់​ដី​ស្រែ​ចោល ហើយ​ធ្វើចំ​ណាក​ស្រុក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ