អ្នកឃ្លាំមើលថាការដែលថៃមកគ្រប់គ្រងប្រាសាទតាមាន់​ឡើងវិញ​ជាប​រាជ័យ​គ្រួសារ​ហ៊ុន

ក្រោយ​ពី​មេប​ញ្ជាការ​កង​ទ័ព ទម្លាយ​ថា ប្រាសាទ​តាមាន់​ធំ ពេល​នេះ​ត្រូវ​បាន​ទាហាន​ថៃ​ឡើ​ង​មក​ធ្វើ​លេ​ណ​ដ្ឋាន​លើ​ប្រាសាទ និង​រាយ​លួស​បន្លា​ទ័ព​ឡើង​វិញ ខណៈ​កង​ទ័ព​កម្ពុជា​ទទួល​បទ​បញ្ជា​ឱ្យ​គោរព​បទ​ឈប់​បា​​ញ់យ៉ា​ង​ម៉ឺង​ម៉ាត់​នោះ អ្នក​តាម​ដាន​ចាត់​ទុក​ថា ជា​បរាជ័យ​របស់​មេដឹក​នាំ ក្នុង​ការ​ការ​ពារ​ទឹក​ដី បើ​មិន​ចាត់​វិធា​​នកា​រ​ជាក់​លាក់​ប្រឆំាង​នឹង​ការ​ឈ្លាន​ពាន​របស់​ថៃទេ​នោះ​។

ការសំអាងបែបនេះ ក្រោយពី​មេបញ្ជាការ​កង​ពលតូ​ច​ថ្មើរ​ជើង​លេខ​៤២ លោក នាក់ វង្ស បាន​ប្រាប់​បណ្ដាអ​នុព័​ន្ធ​យោ​ធា​​បរទេស កាល​ពី​ថ្ងៃទី​១​០ ខែ​សីហា​ថា ទោះ​បី​ជាមា​ន​បទ​ឈប់​បាញ់ កង​ទ័​ព​ថៃ​នៅ​តែ​បញ្ជូន​កម្លាំង​ឡើង​មក​ប្រាសាទ​តាមាន់​ធំ និង​បាន​ដាក់​បាវ​ខ្សាច់​ធ្វើ​លេណ​ដ្ឋាន សម្រាប់​ឈរ​ជើង​គ្រប់​គ្រង​ប្រាសាទ រួម​ទាំង​រាយ​បន្លា​លួស​ព័ទ្ធ​ប្រាសាទ​ទៀត រំលោភ​លើ​បទ​ឈប់​បាញ់។

លោកថា៖ «ចាប់ពីថ្ងៃ១[ខែសីហា] ទាហាន​ថៃ​វា​បាន​រំលោភ​បំពាន វា​រំលោភ វា​ធ្វើលេ​ណ​ដ្ឋាន​ក្នុង​ប្រាសាទ វា​ដាក់​ពង្រាយ​របង​លួស ហើយ​មិញ​នេះ​ហាក់​នឹ​ងប៉ះ​​គ្នា​ហើយ តែ​ខ្ញុំ​លើក​ដៃ​ហាម​ឃាត់»។

តំណាង​រាស្រ្តបក្សសង្រ្គោះជាតិ លោក អ៊ុំ សំអាន ឱ្យដឹងនៅថ្ងៃទី១១ ខែ​សីហា​នេះ​ថា ការ​ប​ណ្តោ​​យឱ្យ​ថៃ ចូល​មក​គ្រប់​គ្រង​ប្រាសាទ​តាមាន់​ធំ​វិញ ឆ្លុះ​បញ្ចាំង​ពី​បរាជ័យ​របស់​មេដឹក​នាំ​គ្រួសារ​ហ៊ុន។

លោ​ក​ថា បើមេដឹកនាំកម្ពុជា មិនចាត់វិធានការ ដើម្បី​ឱ្យទា​ហាន​ថៃ​ដក​ថយ​ទៅ​វិញ​ទេ នោះ​ឆ្លុះ​បញ្ចាំង​ពីកម្សោយ​របស់​មេដឹកនាំ​កំ​ពូល និង​ថា​ជាកា​រប្រ​មាថ​អាយុជី​វិត​កង​ទ័ព​ខ្មែរ ដែល​ពលីជីវិត ដើម្បីការពារទឹកដីដោយ បានបណ្តេញ​កងទ័ពថៃចេញពីប្រាសាទខ្មែរ អំឡុងពេលផ្ទុះអាវុធរយៈពេល៥ថ្ងៃកន្លងទៅថ្មីៗនេះ។

លោកថា៖ «ឆ្លុះបញ្ចាំងថាលោកហ៊ុន សែន លោកហ៊ុន ម៉ាណែត បានប្រមាថទៅដល់អាយុជីវិតទាហានខ្មែរ​ដែល​បាន​ពលី​ជីវិត ក្នុង​ការ​ការ​ពារ​ប្រាសាទ​តាមាន់​ធំ និង​តំបន់​ផ្សេងៗ​ទៀត ដែល​អនុញ្ញាត​ឲ្យ​ថៃ​មក​យក​ប្រាសាទ​តាមាន់​ធំ​ ហើយ​និង​ដី​ខ្មែរ​ ដូច​ជា នៅ​ច្រក​អាន​សេះ និង​តំបន់​ផ្សេងៗ​ទៀត​ហ្នឹង ដោយ​សេរីដោយ​អត់​មាន​ការ​ទប់​ស្កាត់ ដោយ​មិន​ហ៊ាន​បញ្ជា​ឲ្យ​ទាហាន​ខ្មែរ និង​ទប់​ទល់​ ឬ​រុញ​ច្រាន​ឲ្យ​ទាហាន​ថៃទៅវិញ​ ឬក៏មិនឲ្យទាហានខ្មែរបាញ់ទាហា​នថៃ​ដែ​ល​ចូល​មក​យក​ដី​ខ្មែរ​ស្រស់ៗ ហើយ​ក៏​ធ្វើ​ឲ្យកា​រ​ពលី​ជីវិត​របស់​ទាហាន​ខ្មែរ​ហ្នឹង គឺ​គ្មាន​ន័យ​ថា​បើ​ឲ្យ​ថៃ​មក​គ្រប់​គ្រង​រួម​នៅ​ប្រាសាទ​តាមាន់​ធំ ហើយ​ពេល​ឆាប់​ៗ​ហ្នឹង​គ្រប់​គ្រង​រួម​នៅ​ប្រាសាទ​តាក្របី​ដដែល ចាំបាច់​ច្បាំង​គ្នា​នាំ​អស់​គ្រាប់ ច្បាំង​គ្នានាំ​ឲ្យ​បា​ត់ប​ង់​អាយុ​ជីវិ​ត​ទាហាន​ខ្មែរ​យើង​នូវ​ពលរដ្ឋ​ខ្មែរ​ធ្វើ​អី»។

សម្រាប់លោក អ៊ុំ សំអាន មេដឹកនាំកម្ពុជាមិនអាចបណ្តោយឱ្យថៃគឃ្លើនឈ្លានពានទឹកដីខ្មែរស្រស់ៗបែបនេះទេ ត្រូវចាត់វិធានការបញ្ជាឱ្យទាហានជួរមុខទប់ទល់គ្រប់រូបបែប ដើម្បីការពារទឹកដី។

លោកបន្តថា ទោះបីមានបទឈប់បាញ់ក៏ដោយ កម្ពុជាត្រូវប្រើច្បាប់ស្វ័យការពាររបស់ខ្លួនផងដែរ ដើម្បីរារាំងនិងការពារដែនអធិបតេយ្យរបស់ខ្លួន មិនឱ្យសត្រូវឈ្លានពានតាមទំនើងចិត្តនោះទេ។

លោកថា៖ «រដ្ឋាភិបាលត្រូវតែមានចំណាត់ការ ឬ​វិធានកា​រ​ច្បាស់​លាស់​ជា​ងហ្នឹ​ង យ៉ាង​ហោច​ណាស់​ក៏​បញ្ជា​ឲ្យ​ទាហាន​យើង​ហ្នឹង​ ធ្វើ​ម៉េច​រុញ​ទ្រូង​ទាហាន​ថៃ​ហ្នឹង​ឲ្យថ​យ​ទៅ​វិញ បង្ខំ​គ្រប់​មធ្យោបា​យ​យ៉ាង​ណា​ទាំង​ដំបង​ឆក់​ ឬ​ក៏​មធ្យោ​បាយ​​ផ្សេងៗ​ ដែល​អាច​រុញ​ថៃ​ត្រឡប់​ទៅ​វិញ​ កុំ​ឲ្យ​ចូល​មក​ដី​ខ្មែ​រ​យើង​ហ្នឹង បើ​យើង​មិន​ចង់​បាញ់  ហើ​យ​បើ​សិន​យើង​ចូល​ដី​ថៃវិ​ញ ថៃ​ប្រាកដ​ជា​​បាញ់​យើង ដូច្នេះ​យើង​ត្រូវ​មាន​វិធាន​ការ​ណាមួ​យ​ដែល​ល្អ​ប្រសើរ​ជាង​ហ្នឹង កុំ​បណ្ដោយ​ឲ្យ​ថៃ​ចូល​ដី​ខ្មែរ​យើង​សម្រេច​ចិត្ត»។

ប្រហែលគ្នានេះដែរ អ្នកច្បាប់និងជាអ្នកវិភាគឯករាជ្យ លោក វន់ ចាន់ឡូត និយាយថា ការបណ្តោយឱ្យថៃបន្តឈ្លាន​ពាន​ទឹកដី ឆ្លុះបញ្ចាំងពីកំហុសឆ្គងដ៏ធំរបស់មេដឹកនាំ ដែលអសមត្ថភាពការពារទឹកដី។ លោក​ហាក់​ស្តីប​ន្ទោស​ដែរ​ថា កម្ពុជា​មិន​អាច​អង្គុយ​ទន្ទេញ​បទ​ឈប់​បាញ់ ហើយ​មិន​ធ្វើ​សកម្ម​ភាព​ទប់​ទល់​នឹង​ចោរ​ឈ្លាន​ពាន​ទឹក​ដី និង​ចាំ​តែអ​ង្គុយ​ប្រាប់​អន្តរ​ជាតិ​ថា ចោរ​លួច​ទឹ​កដី​​ខ្មែរ​ហើយ​ជួយ​ផង។

លោកបន្តថា ទង្វើបែបនេះ មិនត្រឹមតែឆ្លុះបញ្ចាំងពីកម្សោយនៃការដឹកនាំទេ ថែមទាំងប្រមាថជីវិតកងទ័ពប្ដូរជីវិត៥ថ្ងៃ វាយកាន់កាប់និងដេញសត្រូវឈ្លានពាន តែបែរជាឱ្យគេចូលមកយកដីដោយស្រួល។

លោកផ្តល់ជាយោបល់ថា បើគេបំពានបទឈប់បាញ់ ហើយដើរចូលមកព័ទ្ធយកដីនិងប្រាសាទបុរាណខ្មែរ គឺកម្ពុជាត្រូវមានវិធានការចាប់ខ្លួន ដេញចេញ ឬបាញ់ការពារទង្វើឈ្លានពាន បើសត្រូវនៅគឃ្លើន។

លោកថា៖ «ករណីនេះ កម្ពុជា​គួរ​តែ​ចាត់​វិធាន​ការ​ជាក់​លាក់ ជាក់​ស្តែង​ហើយ​នៅ​នឹង​កន្លែង​ គឺ​ធានា​ថា​នៅ​ពេល​ដែល​​​មាន​បទ​ឈប់​បាញ់​ចូល​ជាធ​រមាន វត្ត​មាន​កង​ទ័ព​នៃ​ភាគី​ទាំង​ពីរ​នៅក​ន្លែង​ណា គឺ​ត្រូវ​រក្សា​វត្ត​មាន​នៅ​កន្លែង​នោះ​ មិន​អាច​ដើរ​ចូល​មក​បំពាន​ខុស​ទៅ​នឹង​លក្ខ​ខណ្ឌ​នៃ​បទ​ឈប់​បាញ់​ទេ ទី​ពីរ​មិ​ន​អាច​ទន្ទេញ​ពាក្យ​សន្តិភាព​ សុំ​សន្តិភាព​ ដោយ​ឈរ​មើល​ការ​រំលោភ​បំពាន​ដោយ​គ្មាន​ចំណាត់​កា​រ​នោះ​ទេ នោះ​គឺ​ជា​កំហុស​ឆ្គង​មួយ​ដ៏​ធំ ដែល​រដ្ឋាភិ​បាល​​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ប្រជា​ពលរដ្ឋ»។

ចំណែក អតីតនាយឧទ្ទការល័យ លោក ​កឹម សុខា គឺលោក មុត​​ ចន្ថា បានប្រតិកម្ម​ថា ការ​គោរព​បទ​ឈប់បាញ់​គឺ​ជារឿ​ង​ល្អនិ​ង​ត្រឹមត្រូវ។ ប៉ុន្តែរឿ​ង​ការ​ពារ​បូរណភា​ពទឹ​ក​ដី​ពី​ការ​រំលោភ​ឈ្លាន​ពាន គឺ​ជា​កាតព្វ​កិច្ច​ចាំបា​ច់​បំផុត ភាព​​អត់​ធ្មត់​ចំពោះកា​រ​រំលោភ​ឈ្លាន​ពាន​ពី​សំណាក់​សត្រូវ គឺ​ជា​រឿង​ខុស​ឆ្គង​ចំពោះជា​តិ​មាតុ​ភូមិ។

លោកបន្តថា ករណីទ័ពសៀមរំលោភឈ្លានពានកាន់កាប់ប្រាសាទតាមាន់ ក្រោយបទឈប់បាញ់ ខណៈកងទ័ពខ្មែរ​សុខចិត្តគោរពបទឈប់បាញ់ដោយឥតងាករ៉េ គឺជារឿងខុសឆ្គងធំបំផុតរបស់មេដឹកនាំ។

សម្រាប់លោក មុត ចន្ថា គាំទ្រដល់កងទ័ពខ្មែរដែលបានប្តូរផ្តាច់ការពារប្រាសាទតាមាន់ មិនឱ្យរបូតទៅលើដៃកង​ទ័ព​សៀម នៅចន្លោះពីថ្ងៃទី២៤-២៩ ខែកក្កដា ឆ្នាំ២០២៥។

ប៉ុន្តលោកថា លោកមិនគាំទ្រដល់ការអត់ធ្មត់ក្នុងការគោរពបទឈប់បាញ់ ដែលមិនទប់ទល់ដល់ការឈ្លាន​ពាន​របស់​កង​ទ័ពសៀមមកលើដែនអធិបតេយ្យ និងបូរណភាពទឹកដីខ្មែរឡើយ។

ដោយឡែក ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត លើកឡើងថា មេដឹកនាំកម្ពុជាមិនអាចចេះតែគោរពបទឈប់បាញ់តែម្យ៉ាង បណ្តោយឱ្យថៃគឃ្លើនឈ្លានពានទឹកដីតាមទំនើងចិត្តទេ។

លោកបន្តថា បទឈប់បាញ់កម្ពុជាគោរព តែបើសត្រូវបន្តឈ្លានពានកម្ពុជាក៏ត្រូវការពារដែនអធិបតេយ្យរបស់ខ្លួនឱ្យគង់វង្សដែរ ខណៈទាហានកម្ពុជាបានពលីជីវិតច្រើនណាស់ ដើម្បីបុព្វហេតុការពារទឹកដីរបស់​បុព្វបុរសខ្មែរនេះ។

លោកថា៖ «ហេតុអ្វីបានជារដ្ឋាភិបាលកម្ពុជា​ហ្នឹង រក្សា​ភាព​ស្ងប់​ស្ងាត់​ ហើយ​ប្រើ​ពាក្យ​គោរព​កិច្ច​ព្រម​ព្រៀង​បទ​ឈប់​​បាញ់​ ដោយ​គ្មាន​ការ​តប​តនឹង​ការ​ឈ្លាន​ពាន​របស់​ថៃ​យ៉ាងគ​ឃ្លើន ហើយ​ការ​ឈ្លាន​ពាន​នេះ​ គឺ​ចូល​មក​ដោយ​មិន​បាច់​ចាំ​ប្រើ​អាវុធ​កាំភ្លើង​អី​មក​បាញ់​ធ្វើ​សង្គ្រាម​ជាមួយ​ខ្មែរ​ទេ គឺ​ចូល​មក​ស្រស់ៗ​តែ​ម្ដង​ដឹក​គ្រឿង​ចក្រ​ចូល​មក រាយ​បន្លា​លួស​ ជីក​លេណ​ដ្ឋាន​ក្នុង​ដី​ខ្មែរ តាម​ទំនើង​ចិត្ត ឬ​ភាគី​រដ្ឋាភិ​បាល​កម្ពុជា ជាពិសេស​មេ​បញ្ជាការ​ឈរ​ជើង​នៅ​តំបន់​ជួរ​មុខ​នីមួយៗ​ហ្នឹង គ្រាន់​តែ​ធ្វើសេ​ចក្ដី​រាយ​ការណ៍​មក​កាន់​រដ្ឋាភិបាល​ដែល​ជា​ថ្នាក់​លើ​របស់​ខ្លួន​ហ្នឹង ហើយ​​រដ្ឋាភិបាល​មិន​ទាន់មា​ន​ចំណាត់​ការ​ណាមួ​យ​ថា ត្រូវ​ចេញ​បញ្ជា​ដើម្បី​ទប់​ស្កា​ត់​នឹង​អំពើ​ឈ្លាន​ពាន​នេះ​ដែរ»។

កម្ពុជាថៃបានផ្ទុះអាវុធដាក់គ្នាទ្រង់ទ្រាយធំរយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី២៤ ខែ​កក្កដា ដល់​ថ្ងៃ​ទី​២៨ ខែកក្កដា​ ឆ្នាំ​២០២៥ ក្រោយ​ពីភា​គីទាំ​ង​ពីរ​ថៃ និង​កម្ពុជា បាន​ចុះកិ​ច្ច​ព្រម​ព្រៀង​បទ​ឈប់​បាញ់​ចាប់​ពី​ម៉ោង​១២​យប់​ថ្ងៃទី​២​៨​ត​ទៅ ក្រោម​ការ​សម្រ​បស​ម្រួល​ពី​ប្រធាន​អាស៊ាន​ប្តូរ​វេន នៃ​នាយក​រដ្ឋ​មន្ត្រី​ម៉ាឡេ​ស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ក្រោ​មគំ​និត​ផ្តួច​ផ្តើម​ពី​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ។

ប៉ុន្តែភាគីថៃមិនបានគោរពកិច្ចព្រមព្រៀងនេះ​ទេ ពោលគឺ​ការបទ​ឈប់​បាញ់​នេះ បាន​ចូល​ជាធ​រមាន​បាន​៨ម៉ោ​ង ​ទាហាន​​​ថៃ​​បាន​ចូល​ទៅចា​ប់​ទាហាន​ខ្មែរ​នៅ​ខ្សែ​ត្រៀម​ជួរ​មុខ​ចំនួន​២០​នាក់ ខណៈ​ទាហាន​ខ្មែរ​មិន​ហាន​បាញ់​ដោយ​គោរព​បទ​ឈប់​បាញ់។

រហូតមកដល់ថ្ងៃទី១១ខែ​សីហា​នេះ ទាហាន​ខ្មែរ​១៨នាក់​ទៀត ភាគី​ថៃ​មិន​ទាន់​ប្រគល់​ឱ្យកម្ពុជា​វិញ​ទេ ទោះ​ភាគី​កម្ពុជា​​អំពាវនាវ​ឱ្យ​ដោះលែ​ង​ និ​ងស្វែ​ង​រក​កិច្ច​អន្តរាគមន៍​ពីអន្តរ​ជាតិ​ក្តី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ