ក្រុមមន្ត្រីគណបក្សប្រឆាំង បានស្តីបន្ទោសទៅលើរដ្ឋាភិបាលគ្រួសារហ៊ុនថា ការអនុវត្តបទឈប់បាញ់ រហូតបណ្តោយឱ្យថៃវិលទៅឈ្លានពានទឹកដីខ្មែរបានឡើងវិញ ដោយគ្រាន់តែប្រើជំពាមកៅស៊ូ ដែលការណ៍នេះ ពួកគេជំរុញឱ្យមេដឹកនាំខ្មែរទប់ស្កាត់ទង្វើឈ្លានពាននេះ ឱ្យមានប្រសិទ្ធភាព ដើម្បីកុំឱ្យកងទ័ពខ្មែរដែលបានពលីជីវិត អំឡុងពេលផ្ទុះអាវុធថ្មីៗ ស្លាប់ដោយឥតន័យ។
មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤២ ទិសប្រាសាទតាមាន់ លោក នាក់ វង្ស បានប្រាប់ក្រុមអនុព័ន្ធយោធាបរទេស កាលពីថ្ងៃទី១០ខែសីហាថា កំឡុងពេលបាញ់គ្នា ទាហានថៃមិនអាចចូលមកប្រាសាទតាមាន់ធំបានទេ។ ប៉ុន្តែក្រោយបទឈប់បាញ់ ទាហានថៃ បានរំលោភបទឈប់បាញ់ ដោយបានដាក់បាវខ្សាច់ដើម្បីសាងសង់លេណដ្ឋាននៅក្នុងប្រាសាទតាមាន់ធំ និងធ្វើរបងលួសក្នុងប្រាសាទតាមាន់ធំ។
លោកថា៖ «កាលដែលយើងបាញ់គ្នាប៉ុន្មានថ្ងៃមុនវាចូលអត់កើតទេ អញ្ចឹងក្រោយឈប់បាញ់ ចាប់ពីថ្ងៃទី១សីហា វារំលោភ។ រំលោភ វាធ្វើលេណដ្ឋានក្នុងប្រាសាទ វាស្រះរបងលួសក្នុងប្រាសាទ ហើយម៉ិញនេះហៀបនឹងផ្ទុះអាវុធតែខ្ញុំទៅស្រែកទាន់។ ខ្ញុំចូលទៅរាដៃកុំឱ្យវាធ្វើតែវានៅតែធ្វើ។ យប់មិញវាបាញ់ជំពានប្រហែលជា១០០គ្រាប់»។
ជុំវិញបញ្ហានេះ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន បង្ហាញការព្រួយបារម្ភថា ថៃអាចនឹងវិលមកគ្រប់គ្រងប្រាសាទខ្មែរដូចមុនផ្ទុះអាវុធ បើមេដឹកនាំខ្មែរគ្មានវិធានការច្បាស់លាស់ទប់ស្កាត់ទេនោះ។
ក្នុងន័យនេះ លោកថា៖ «ទាហានថៃនឹងមកគ្រប់គ្រងរួមជាមួយទាហានខ្មែរនៅប្រាសាទតាមាន់ធំ ដូចមុនការផ្ទុះអាវុធហើយបើអញ្ចឹងមែន សង្រ្គាមប៉ុន្មានថ្ងៃដែលកងទ័ពខ្មែរពលីជីវិតនោះ គឺឥតន័យទេ»។
លោកគូសបញ្ជាក់ថា ក្រោយបទឈប់បាញ់ភ្លាម ទាហានខ្មែរបានគ្រប់គ្រងប្រាសាទតាមាន់ធំទាំងស្រុង ហើយបានដេញទាហានថៃឱ្យចេញពីប្រាសាទតាមាន់ធំប្រមាណពី៧០០ម៉ែត្រទៅ១គីឡូម៉ែត្រ ពីប្រាសាទតាមាន់ធំ។
បើតាមលោក អ៊ុំ សំអាន ឥឡូវនេះ ទាហានថៃក៏បានដើរចូលមកឈរជើងជិតលេណដ្ឋានទាហានខ្មែរ នៅប្រាសាទតាក្របីផងដែរ ហើយទាហានថៃនឹងមកគ្រប់គ្រងរួមជាមួយទាហានខ្មែរនៅប្រាសាទតាក្របី ដូចមុនការផ្ទុះអាវុធ ប្រសិនបើមេដឹកនាំខ្មែរនៅតែបណ្តោយឱ្យទាហានថៃ ដើរមកយកដីខ្មែរដោយសេរី ដើម្បីប្តូរយកសន្តិភាព។
លើសពីនេះ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមួយរូបទៀត គឺលោក សួន សូរីដា បង្ហាញការយល់ឃើញថា បើតាមសំដីលោកមេបញ្ជាការទ័ព នាក់ វង្ស «កិច្ចព្រមព្រៀងឈប់បាញ់ គ្រាន់ជាចំណងចងដៃទាហានខ្មែរប៉ុណ្ណោះ។ ទាហានថៃចូលមករាយបន្លាលួសយកប្រាសាទតាមាន់ធំ ដោយគ្រាន់តែប្រើជំពាមកៅស៊ូ »។
យ៉ាងណា នៅព្រឹកថ្ងៃទី១១សីហានេះ កម្ពុជាតាមរយៈអ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រី ម៉ាលី សុជាតា បានចាត់ទុកសកម្មភាពទាហានថៃ និងទង្វើរបស់មេទ័ពភូមិភាគ២ថៃ ថាជាទង្វើឈ្លានពានកម្ពុជា រំលោភលើបទឈប់បាញ់ និងកិច្ចព្រមព្រៀងគណៈកម្មាធិការចម្រុះ(GBC) ដែលបានធ្វើឡើងនៅប្រទេសម៉ាឡេស៊ី ក្រោមយន្តការអាស៊ាន។
លើសពីនេះ កម្ពុជាអំពាវនាវឱ្យយោយធាថៃ ត្រូវរុះរើលួសបន្លាចេញពីដែនអធិបតេយ្យកម្ពុជា ដោយឥតលក្ខខណ្ឌ និងអំពាវនាវឱ្យភាគីថៃគោរពបទឈប់បាញ់ និងកិច្ចព្រមពៀងនានា ដែលភាគីថៃបានព្រមព្រៀង ដើម្បីធ្វើយ៉ាងណាឱ្យកិច្ចព្រមព្រៀងបទឈប់បាញ់ធានាបាននូវសន្តិភាពនៃប្រទេសទាំងពីរ។
អ្នកស្រីថា៖ «បញ្ហាព្រំដែន ត្រូវតែដោះស្រាយតាមរយៈយន្តការបច្ចេកទេស និងច្បាប់អន្តរជាតិ។ ក្រសួងការពារជាតិសូមអំពាវនាវដល់សហគមន៍អន្តរជាតិ ជាពិសេសប្រទេសដៃគូដែលបានខំប្រឹងប្រែងឱ្យសម្រេចបាននូវបទឈប់បាញ់ដ៏លំបាកមួយនេះ ជំរុញយ៉ាងម៉ឺងម៉ាត់ឱ្យភាគីថៃគោរពបទឈប់បាញ់ ដោយមិនគិតត្រឹមតែពាក្យសម្តីប៉ុណ្ណោះទេ ប៉ុន្តែតាមរយៈសកម្មភាពជាក់ស្តែងផងដែរ ដោយបញ្ឈប់រាល់អំពើរំលោភបំពានទាំងឡាយ និងរុះរើបន្លាលួសដែលខ្លួនបានលួចដាក់ ចេញឱ្យអស់ពីដែនអធិបតេយ្យកម្ពុជា»។
យ៉ាងនេះក្តី សម្រាប់មន្ត្រីគណបក្សប្រឆាំង លោក មុត ចន្ថា និយាយថា ការគោរពបទឈប់បាញ់គ្នា គឺជារឿងត្រឹមត្រូវ ប៉ុន្តែរឿងការពារបូរណភាពទឹកដីពីការរំលោភឈ្លានពាន គឺជាកាតព្វកិច្ចចាំបាច់បំផុត។ លោកថា ភាពអត់ធ្មត់ចំពោះការរំលោភឈ្លានពានពីសំណាក់សត្រូវ គឺជារឿងខុសឆ្គងចំពោះជាតិមាតុភូមិ។
លោកគូសបញ្ជាក់ក្នុងសំដីដើមថា៖ «យើងបានស្តាប់ឮនាយករដ្ឋមន្រ្តីខ្មែរ អះអាងដោយប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ដោយមិនអនុញ្ញាតឱ្យកងទ័ពសៀមរំលោភយកដីខ្មែរមួយមីលីម៉ែត្រជាដាច់ខាត។ ក្នុងករណីទ័ពសៀមរំលោភឈ្លានពានកាន់កាប់ប្រាសាទតាមាន់ នៅក្រោយបទឈប់បាញ់គ្នា ខណៈកងទ័ពខ្មែរសុខចិត្តគោរពបទឈប់បាញ់គ្នាដោយឥតងាករេ គឺជារឿងខុសឆ្គងធំបំផុត»។
យ៉ាងណា លោកថា លោកនៅតែគាំទ្រដល់កងទ័ពខ្មែរដែលបានប្តូរផ្តាច់ការពារប្រាសាទតាមាន់បាន មិនឱ្យរបូតទៅលើដៃកងទ័ពសៀម នៅចន្លោះពីថ្ងៃទី២៤-២៩ ខែកក្កដា ឆ្នាំ២០២៥។ ប៉ុន្តែលោកមិនគាំទ្រដល់ការអត់ធ្មត់ក្នុងការគោរពបទឈប់បាញ់គ្នា ដែលមិនទប់ទល់ដល់ការឈ្លានពានរបស់កងទ័ពសៀម មកលើដែនអធិបតេយ្យ និងបូរណភាពទឹកដីខ្មែរឡើយ។
កម្ពុជា-ថៃ បានផ្ទុះអាវុធដាក់គ្នាទ្រង់ទ្រាយធំរយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី២៤ ខែកក្កដា ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ក្រោយពីភាគីទាំងពីរថៃ និងកម្ពុជា បានចុះកិច្ចព្រមព្រៀងបទឈប់បាញ់ចាប់ពីម៉ោង១២យប់ថ្ងៃទី២៨ ខែកក្កដាតទៅ ក្រោមការសម្របសម្រួលពីប្រធានអាស៊ានប្តូរវេន នៃនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ក្រោមគំនិតផ្តួចផ្តើមពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ។
ប៉ុន្តែភាគីថៃមិនបានគោរពកិច្ចព្រមព្រៀងនេះទេ ពោលគឺបទឈប់បាញ់នេះ បានចូលជាធរមានបាន ៨ម៉ោង ទាហានថៃបានចូលទៅចាប់ទាហានខ្មែរនៅខ្សែត្រៀមជួរមុខចំនួន២០នាក់ ខណៈទាហានខ្មែរមិនហានបាញ់ដោយគោរពបទឈប់បាញ់។
រហូតមកដល់ថ្ងៃទី១១ ខែសីហានេះ ទាហានខ្មែរ១៨នាក់ទៀត ភាគីថៃមិនទាន់ប្រគល់ឱ្យកម្ពុជាវិញទេ ទោះភាគីកម្ពុជាអំពាវនាវឱ្យដោះលែង និងស្វែងរកកិច្ចអន្តរាគមន៍ពីអន្តរជាតិក្តី៕









