បន្ទាប់ពីមានការប៉ះទង្គិចគ្នា នៅតាមតំបន់ព្រំដែនកម្ពុជា និងថៃ បណ្ដាញប្រព័ន្ធផ្សព្វផ្សាយនៃប្រទេសទាំងពីរ បានរាយការណ៍អំពីស្ថានភាពនៅក្នុងសមរភូមិ និងសភាពការណ៍ក្នុងប្រទេសរបស់ខ្លួនផ្សេងៗពីគ្នា។ ក្នុងនោះសម្រាប់កម្ពុជា គឺមានតែសារព័ត៌មានរបស់ស្ថាប័នរដ្ឋ និងឯកជនស្និទ្ធនឹងរដ្ឋាភិបាលមួយចំនួនប៉ុណ្ណោះ ដែលអាចផ្សាយ និងរាយការណ៍ព័ត៌មាន ពាក់ព័ន្ធនឹងស្ថានការណ៍ជម្លោះនេះបាន ដោយពុំមានវត្តមានសារព័ត៌មានឯករាជ្យនោះឡើយ។
កត្តានេះ បានធ្វើឱ្យប្រជាពលរដ្ឋខ្មែរ បាត់បង់ឱកាសក្នុងការទទួលបានព័ត៌មានពិត ដែលស៊ីជម្រៅ ដោយតម្លាភាព។ លើសពីការប្រឈមមុខដាក់គ្នា ផ្នែកសព្វាវុធនៅក្នុងលេណដ្ឋាន កម្ពុជា ជាមួយយោធាថៃ ពលរដ្ឋកម្ពុជាកំពុងទទួលរងឥទ្ធិពលពីការក្លែងបន្លំព័ត៌មាន តាមរយៈបច្ចេកវិទ្យាបណ្តាញសង្គម និងទូរស័ព្ទ ដែលធ្វើឱ្យពួកគាត់កាន់តែមានភាពស្មុគស្មាញ និងច្របូកច្របល់ ក្នុងការទទួលបានព័ត៌មានពិត ទាន់ហេតុការណ៍ និងស៊ីជម្រៅ។
ស្របពេលពលរដ្ឋនៅតំបន់ព្រំដែនចលាចលរត់ភៀសខ្លួនចេញពីការផ្ទុះអាវុធ ប្រជាពលរដ្ឋកម្ពុជាផ្សេងទៀតវិញ ក៏មានភាពចលាចលមិនចាញ់គ្នានោះដែរ។ ចលាចល គឺដោយសារបានធ្លាក់ចូលទៅក្នុងអន្ទាក់ ឬចាញ់បោកសារព័ត៌មានក្នុងស្រុកមួយចំនួន ដែលបង្កើតឡើងដោយក្រុមអ្នករកលុយពីអ៊ីនធឺណិត ឬដែលគេហៅថា អឹម.អឹម.អូ និងសារព័ត៌មានរបស់បរទេសមួយចំនួន ដែលផ្សាយបង្កប់នូវការកេងចំណេញនយោបាយ និងវាយប្រហារផ្លូវចិត្តមកលើពលរដ្ឋ និងទាហានកម្ពុជា។
អតីតអ្នករាយការណ៍ពិសេសរបស់វិទ្យុអាស៊ីសេរី ភាសាខ្មែរ ប្រចាំនៅប្រទេសអូស្ត្រាលី លោក ថា ថៃ បានបង្ហាញការសោកស្ដាយចំពោះខ្លួនលោកផ្ទាល់ និងអ្នកសារព័ត៌មានឯករាជ្យ ដែលមានវិជ្ជាជីវៈផ្សេងទៀត មិនអាចបំពេញការងាររបស់ខ្លួន ឱ្យបានពេញលេញ នៅក្នុងកាលៈទេសៈដ៏សំខាន់ ដែលកម្ពុជា និងថៃ មានការប៉ះទង្គិចគ្នាដោយអាវុធ ដោយសារតែទទួលរងផលប៉ះពាល់ទាំងផ្ទាល់ និងមិនផ្ទាល់ ពីសំណាក់រដ្ឋាភិបាលកម្ពុជានិងក្រៅប្រទេស។ លោក ថា ថៃ សង្កេតឃើញថា នៅក្នុងព្រឹត្តិការណ៍ប៉ះទង្គិចគ្នា កម្ពុជាហាក់បានបាត់បង់ព័ត៌មានសំខាន់ៗជាច្រើន ខណៈសារព័ត៌មានរបស់ភាគីថៃ បានរាយការណ៍គ្រប់ជ្រុងជ្រោយ ដែលធ្វើឱ្យអន្តរជាតិបាត់បង់ព័ត៌មានពិត អំពីកម្ពុជា។
លោក ថា ថៃ និយាយថា៖ «ហើយបើយើងអត់មានអ្នកសារព័ត៌មានទេ គឺយើងនឹងគ្មានដំណឹង ហើយពេលខ្លះ អ្នកដែលមិនមែនជាអ្នកសារព័ត៌មាន គាត់គ្មានប្រភពច្បាស់លាស់នោះទេ តែគាត់ឮពីមាត់មួយ ទៅមាត់មួយ ហើយគាត់យកមកផ្សាយ នោះវាទៅជាការបំពុល។ ពេលខ្លះមិនមែនមានតែពលរដ្ឋសាមញ្ញនោះទេ ដែលពុលនឹងព័ត៌មានក្លែងក្លាយនោះ សូម្បីតែមេដឹកនាំ និងអ្នកនយោបាយហ្នឹង ក៏ពុលនឹងព័ត៌មានក្លែងក្លាយនោះដែរ។ យើងឃើញហើយ ពេលខ្លះរដ្ឋាភិបាលខ្លួនឯង ដែលគ្មានព័ត៌មានពិត ហើយនៅពេលដែលអត់មានអ្នកសារព័ត៌មានសរសេរអត្ថបទដែលមានប្រភពច្បាស់លាស់ហ្នឹង គាត់ទៅជឿលើព័ត៌មានក្លែងក្លាយ ហើយប្រតិកម្មចំពោះព័ត៌មានក្លែងក្លាយហ្នឹងទៅវិញ។ នេះមិនមែនមានតែពលរដ្ឋធម្មតាទេ សូម្បីតែរដ្ឋាភិបាលហ្នឹង ក៏គាត់ចាញ់បោកសារព័ត៌មានក្លែងក្លាយនៅពេលខ្លះដែរ»។
បើរំឭកទៅដល់ព្រឹត្តិការណ៍ផ្ទុះអាវុធ រវាងកងទ័ពខ្មែរ និងកងទ័ពថៃ កាលពីឆ្នាំ២០០៨ កម្ពុជា មានស្ថាប័នសារព័ត៌មានឯករាជ្យចម្រុះជាច្រើន បានចុះមករាយការណ៍ព័ត៌មាន នៅទីតាំងផ្ទាល់ មានដូចជា វិទ្យុអាស៊ីសេរី វិទ្យុសំឡេងសហរដ្ឋអាមេរិក វីអូអេ និងសារព័ត៌មាន ឌឹខេមបូឌៀដេលី ជាដើម។
ស្ថាប័នសារព័ត៌មានទាំងនោះ បានបញ្ជូនអ្នកកាសែតឱ្យមកផ្ដិតយករូបភាព និងសម្ភាសន៍ជាមួយកងទ័ពផ្ទាល់ ដល់ទីតាំងលេណដ្ឋាន ដើម្បីធ្វើសេចក្ដីរាយការណ៍លម្អិត ស្ដីពីបច្ចុប្បន្នភាពនៃការប៉ះទង្គិចគ្នា ឱ្យទាន់សភាពការណ៍ទៅដល់អ្នកស្ដាប់។
យ៉ាងណាមិញ សេចក្ដីរាយការណ៍ទាំងនេះ ត្រូវបានបកប្រែជាភាសាអង់គ្លេស មុននឹងត្រូវបានកាសែត ឬសារព័ត៌មានអន្តរជាតិជាច្រើនទៀត ដកស្រង់យកទៅចុះផ្សាយបន្ត ដែលប្រការនេះ បានធ្វើឱ្យពិភពលោកយល់កាន់តែច្បាស់ អំពីសាវតា និងគោលជំហររបស់កម្ពុជា ក្នុងពេលដែលថៃបានរំលោភលើបូរណភាពទឹកដីកម្ពុជា។ ក៏ប៉ុន្តែ ចាប់តាំងពីឆ្នាំ២០១៧មក ស្ថាប័នសារព័ត៌មានឯករាជ្យជាច្រើន ត្រូវបានរដ្ឋាភិបាលលោក ហ៊ុន សែន ធ្វើទុក្ខបុកម្នេញ រហូតត្រូវបិទការិយាល័យនៅក្នុងស្រុក បន្ទាប់ពីបក្សកាន់អំណាចបានបើកយុទ្ធនាការកម្ចាត់បក្សប្រឆាំង អង្គការសង្គមស៊ីវិល និងលុបបំបាត់សំឡេងឯករាជ្យ។
ទោះជាយ៉ាងណា ក្នុងករណីផ្ទុះអាវុធលើកទី២ រវាងកម្ពុជា និងថៃ នៅប្រាសាទតាមាន់ធំ ដែលបានផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ កន្លងមកនេះ មហាជននៅលើបណ្ដាញសង្គមជាច្រើន បានលើកឡើងថា ពួកគាត់មិនបានទទួលបានព័ត៌មានលម្អិត ដែលស៊ីជម្រៅ ពីតំបន់ព្រំដែននោះឡើយ ទោះបីជារឿងទាំងនោះ មិនពាក់ព័ន្ធនឹងសន្តិសុខជាតិ ឬយុទ្ធសាស្ត្រយោធាក្ដី ខណៈព័ត៌មានដែលពាក់ព័ន្ធនឹងបច្ចុប្បន្នភាពវិញ ក្រសួងការពារជាតិ ឬស្ថាប័នសារព័ត៌មានដែលស្និទ្ធនឹងរដ្ឋាភិបាល បានបញ្ចេញ ឬប្រកាសតិចតួចប៉ុណ្ណោះ ស្របពេលដែលរឿងរ៉ាវពាក់ព័ន្ធសំខាន់ៗផ្សេងទៀត មិនត្រូវបានផ្សព្វផ្សាយឱ្យបានទូលំទូលាយនោះឡើយ។
ជាក់ស្ដែង ក្រោយសមរភូមិប៉ះទង្គិចគ្នារយៈពេល ៥ថ្ងៃ ជាមួយកងទ័ពថៃ នៅតំបន់ព្រំដែន ក្នុងខេត្តព្រះវិហារ ឧត្តរមានជ័យ និងពោធិ៍សាត់ ព័ត៌មានពាក់ព័ន្ធនឹងចំនួនកងទ័ព ដែលរបួស និងពលី មិនត្រូវបានផ្សព្វផ្សាយដោយតម្លាភាពទៅដល់ប្រជាពលរដ្ឋ ជាពិសេសចំពោះសមាជិកគ្រួសារយោធានោះឡើយ។ ក្រោយកម្ពុជា និងថៃ បានឯកភាពគ្នាលើបទឈប់បាញ់ កាលពីថ្ងៃទី២៨ ខែកក្កដានោះ មានសមាជិកគ្រួសាររបស់យុទ្ធជនកងទ័ពមួយចំនួន បានប្រកាសតាមសារព័ត៌មានអនឡាញ ឬក្រុម អឹម.អឹម.អូ ដើម្បីស្វែងរកសាច់ញាតិដែលបានបាត់ដំណឹង នៅតំបន់ឈរជើងនៅតំបន់សមរភូមិជួរមុខ ខណៈស្ថាប័នរដ្ឋមិនបានធ្វើបច្ចុប្បន្នភាពលើករណីនេះនោះឡើយ។
ស្ថានភាពនៅពេលនោះ បានជំរុញឱ្យពលរដ្ឋទាមទារឱ្យ រដ្ឋាភិបាលបញ្ចេញព័ត៌មានណា ដែលមិនប៉ះពាល់ដល់យុទ្ធសាស្រ្តកងទ័ព ជាជាងការលាក់ស្តុកទុកព័ត៌មានច្រើនពេក ដែលអាចនាំឱ្យពលរដ្ឋកើតមន្ទិលសង្ស័យ។
ពាក់ព័ន្ធនឹងតម្លាភាពនៃសារព័ត៌មាននេះដែរ អ្នកតាមដាមសង្គមដ៏សកម្មមួយរូប គឺលោក អោម តារា បានសរសេរនៅលើបណ្ដាញសង្គមកាលពីថ្ងៃទី៧ ខែសីហាថា រូបភាពបង្ហាញពីខាងអានសេះ ពាក់ព័ន្ធនឹងទាហានថៃ នៅតែបន្តព័ទ្ធលួសបន្លាក្នុងដែនដីកម្ពុជា តាំងពីថ្ងៃទី៦ ខែសីហា ក៏ប៉ុន្តែអ្នកនាំពាក្យក្រសួងការពារជាតិ បែរជានិយាយថា សភាពការណ៍តាមទល់ដែនមានភាពស្ងប់ស្ងាត់ ដូច្នេះន័យស្ងប់ស្ងាត់នេះមិនប្រាកដថាគ្មានអ្វីកើតឡើងទេ។
នៅត្រង់ចំណុចនេះ លោកបានប្រតិកម្មថា៖ «សុំផ្តល់ព័តមានត្រង់ៗ ឱ្យពលរដ្ឋបានដឹងកុំលាក់ ព្រោះសង្រ្គាមលើកនេះ ពលរដ្ឋបានដុតដៃដុតជើងសម្បើមណាស់ ពីសមរភូមិ ក្រោយពលរដ្ឋត្រូវការដឹងពីស្ថានភាពជាក់ស្តែង»។
ក្រៅពីទទួលរងការរិះគន់រឿងទាហានថៃ បន្តព័ទ្ធបន្លាលួសហើយនោះ មហាជនមួយចំនួន បានចេញមកបន្ទោសមេដឹកនាំកម្ពុជា ពាក់ព័ន្ធនឹងការព្យាយាមលាក់បាំងព័ត៌មានពិត ករណីទាហានថៃចាប់ខ្លួនទាហានខ្មែរ ដោយកាលពីដំបូងមេដឹកនាំកម្ពុជា បានចោទថា ជាព័ត៌មានក្លែងក្លាយបំពុលសង្គមទៅវិញ។ តែយ៉ាងណា ក្រោយមកលោកនាយករដ្ឋមន្រ្តី លោក ហ៊ុន ម៉ាណែត បានអះអាងថា រឿងនេះមិនមែនរដ្ឋាភិបាលចង់លាក់ព័ត៌មាននោះទេ ដោយសំអាងថា មូលហេតុដែលរដ្ឋាភិបាលមិនបញ្ចេញព័ត៌មាននេះភ្លាមៗ ដោយសារតែការបារម្ភពីអាយុជីវិតទាហានខ្មែរ ដែលថៃចាប់ខ្លួន។
ទោះជាបែបនេះក្ដី មហាជនយល់ថា ការបិទបាំងព័ត៌មានពិតទៅវិញទេ ដែលបង្កគ្រោះថ្នាក់ដល់ទាហានខ្មែរ និងជាការសបញ្ជាក់ថា មេដឹកនាំគ្មានសមត្ថភាពការពារអាយុជីវិតទាហានខ្មែរ ដែលលះបង់ដើម្បីបុព្វហេតុជាតិ។
ទាក់ទិនរឿងនេះ ប្រធានក្លឹបអ្នកកាសែតកម្ពុជា លោក ពុយ គា មានប្រសាសន៍ថា នៅក្នុងព្រឹត្តិការណ៍ប៉ះទង្គិចគ្នា រវាងកងទ័ពកម្ពុជា និងកងទ័ពថៃ ការផ្សព្វផ្សាយព័ត៌មានរបស់ភាគីកម្ពុជា មានភាពល្អប្រសើរជាងសារព័ត៌មានរបស់ថៃមួយចំនួន ដែលលោកមើលឃើញថា បានផ្សាយព័ត៌មានមិនពិត និងគ្មានប្រភពច្បាស់លាស់។ លោកបន្តថា កន្លងទៅ ក្លឹបអ្នកកាសែតកម្ពុជា ធ្លាប់បានជូនដំណឹងទៅកាន់សមាគមន៍អ្នកសារព័ត៌មានថៃ ជាច្រើនដងរួចមកហើយ អំពីការចុះផ្សាយរបស់ស្ថាប័នសារព័ត៌មានថៃមួយចំនួន ដែលផ្ទុយពីការពិត និងគ្មានវិជ្ជាជីវៈ។
លោក ពុយគា និយាយថា៖ «នេះជាបទពិសោធន៍សំខាន់ណាស់សម្រាប់អ្នកសារព័ត៌មានយើង ធ្វើយ៉ាងណាយើងត្រូវគោរពនូវវិជ្ជាជីវៈ គឺយើងត្រូវផ្ទៀងផ្ទាត់ប្រភពទីមួយ ទីពីរ ទីបី ឬទីបួន នៅពេលដែលយើងបានប្រភពមកហើយនោះ យើងត្រូវពង្រីងបន្ថែមថា តើព័ត៌មាននោះ ពិតឬមិនពិត នេះជារឿងសំខាន់ណាស់។ ហើយនៅពេលស្ថាប័នសារព័ត៌មានយើងផ្សាយទៅវាខុសច្រើនដង អ៊ីចឹងទៅវាបាត់បង់តម្លៃរបស់យើង គេអត់ឱ្យតម្លៃអ្នកសារព័ត៌មាន មិនមែនតែស្ថាប័នយើងទេ ប៉ុន្តែវាប៉ះពាល់ដល់អ្នកសារព័ត៌មានដទៃទៅទៀត»។
នៅពេលមានការផ្ទុះអាវុធភ្លាមៗ សារព័ត៌មានអន្តរជាតិជាច្រើន បានរាយការណ៍ពីវិវាទនេះ ប៉ុន្តែក្រសែភ្នែកតាមដានឃើញថា ការរាយការណ៍ទាំងនោះមានភាពលម្អៀងទៅខាងភាគីថៃ ខណៈស្ថាប័នមួយចំនួនក្នុងចំណោមនោះ មានបុគ្គលិកជាជនជាតិថៃកំពុងបម្រើការ។
ជុំវិញរឿងនេះ ប្រធានសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) លោក ណុប វី កត់សម្គាល់ឃើញថា ស្ថាប័ន និងអ្នកសារព័ត៌មានអន្តរជាតិធំៗ ច្រើនមានវត្តមានលើទឹកដីប្រទេសជិតខាង និងតែងតែយកព័ត៌មានពីទីតាំងដែលពួកគេឈរជើង ជាហេតុធ្វើឱ្យអន្តរជាតិមិនសូវបានឮសំឡេងចេញពីកម្ពុជា។ លោកបន្តថា ករណីនេះ គឺជារូបភាពថ្មីមួយ បញ្ជាក់ពីតម្លៃសារព័ត៌មាន ដែលតម្រូវឱ្យរដ្ឋាភិបាលបើកលំហឱ្យបានកាន់តែទូលំទូលាយ ដល់ស្ថាប័នអន្តរជាតិ និងជាពិសេសស្ថាប័នក្នុងស្រុក ដើម្បីឱ្យអ្នកសារព័ត៌មានវិជ្ជាជីវៈ ផ្សព្វផ្សាយ និងរាយការណ៍ពីភាពសម្បូរបែបលើទឹកដីកម្ពុជា។
លោក ណុប វី និយាយថា៖ «ការបើកលំហនូវសេរីភាពសារព័ត៌មាន ការផ្ដល់នូវការគាំពារពេញលេញ ការ ការផ្ដល់ការការពារប្រកបដោយប្រសិទ្ធភាពទៅលើសន្តិសុខ សុវត្ថិភាព របស់អ្នកសារព័ត៌មាន ហើយការធានាថាមិនមានអ្នកមានអ្នកសារព័ត៌មានណាម្នាក់ត្រូវបានរឹតត្បិត ឬក៏គម្រាមកំហែង ឬមួយក៏ហាមឃាត់ ឬមួយក៏ធ្វើទុក្ខបុកម្នេញ តាមរូបភាពមធ្យោបាយផ្សេងៗ ដោយសារតែការបំពេញវិជ្ជាជីវៈរបស់ពួកគាត់ហ្នឹង គឺជារឿងមួយដែលចាំបាច់ ដែលរដ្ឋាភិបាលលោកគួរតែធានាឱ្យបាន»។
ក្នុងហេតុការណ៍ផ្ទុះអាវុធរវាងកម្ពុជា-ថៃ ពលរដ្ឋខ្មែរបានទទួលរងការផ្សាយព័ត៌មានបំពុល និងមានភាពច្របូកច្របល់ជាច្រើន ពីសំណាក់សារព័ត៌មានអនឡាញ ក្រុម MMO និងសារព័ត៌មានថៃមួយចំនួន ដែលប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ឬ AI មកបង្កើតរូបភាពបំភាន់ភ្នែកជាដើម។
ជាក់ស្ដែង ដូចជាការផ្សព្វផ្សាយថា ទាហានខ្មែរបានបាញ់ទម្លាក់យន្តហោះចម្បាំង F-16 របស់ថៃមួយគ្រឿង, ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន បានភៀសខ្លួនទៅប្រទេសចិន តាមយន្តហោះឯកជនមួយ និងរឿងកងកម្លាំងថៃបានដណ្តើមយកប្រាសាទព្រះវិហារ និងវត្តកែវសិក្ខាគីរីស្វារៈ បានដោយជោគជ័យ ជាដើម។
ពលរដ្ឋមួយចំនួនបានបញ្ចេញមតិរបស់ខ្លួននៅលើបណ្ដាញសង្គមថា ក្នុងស្ថានភាពនេះ ប្រសិនបើស្ថាប័នព័ត៌មានឯករាជ្យ ដូចជា វិទ្យុអាស៊ីសេរី វិទ្យុសំឡេងប្រជាធិបតេយ្យ វីអូឌី វិទ្យុសំឡេងសហរដ្ឋអាមេរិក វីអូអេ និងសារព័ត៌មាន ឌឹខេមបូឌៀដេលី មានវត្តមាននៅកម្ពុជា នោះប្រហែលជាការផ្សព្វផ្សាយព័ត៌មានវិវាទព្រំដែននឹងល្អប្រសើរជាងនេះ។
តាមរបាយការណ៍របស់អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន ហៅកាត់ RSF ចេញផ្សាយកាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥នេះ បានទម្លាក់ចំណាត់ថ្នាក់សេរីភាពសារព័ត៌មានរបស់កម្ពុជា ចំនួន១០លេខ ពោលធ្លាក់ពីចំណាត់ថ្នាក់ទី១៥១ នៅឆ្នាំ២០២៤ មកទី១៦១ នៅឆ្នាំ២០២៥។ មូលហេតុដែលអង្គការនេះ ទម្លាក់ចំណាត់ថ្នាក់សេរីភាពសារព័ត៌មានរបស់កម្ពុជា គឺដោយយោងលើចំណុចសំខាន់ៗមួយចំនួន ដូចជាបរិយាកាសនៃប្រព័ន្ធផ្សព្វផ្សាយ បរិបទនយោបាយ ក្របខណ្ឌច្បាប់ បរិបទសេដ្ឋកិច្ច បរិបទសង្គម វប្បធម៌ និងបញ្ហាសុវត្ថិភាព។
របាយការណ៍របស់ RSF បានរៀបរាប់ឡើងវិញនូវសកម្មភាពរបស់រដ្ឋាភិបាលកម្ពុជា ដែលបានបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ដូចជាវិទ្យុសម្លេងប្រជាធិបតេយ្យ VOD វិទ្យុអាស៊ីសេរី និងកាសែត The Cambodia Daily ជាដើម។
យ៉ាងណាក៏ដោយចុះ អ្នកធ្វើការផ្នែកសារព័ត៌មាន ជំរុញឱ្យរដ្ឋាភិបាលកម្ពុជា បើកលំហសិទ្ធិសេរីភាពសារព័ត៌មាននៅកម្ពុជាឡើងវិញ ព្រោះសារព័ត៌មានឯករាជ្យនេះហើយ គឺជាកញ្ចក់សម្រាប់ឆ្លុះបញ្ចាំងពីការដឹកនាំរបស់រដ្ឋាភិបាល និងពាំនាំរឿងរ៉ាវរបស់កម្ពុជា ប្រាប់ទៅកាន់ពិភពលោក៕









