អាមេរិក-ចិន​បន្ត​ផ្អាក​សង្រ្គាម​ពាណិជ្ជ​កម្ម​របាំង​ពន្ធ​គយ​រយៈ​ពេល​៩០​ថ្ងៃ

សេត​វិមាន​ បាន​និយាយ​ថា ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក ដូណាល់ ត្រាំ(Donald Trump) បាន​ចុះ​ហត្ថ​លេខា​លើ​បទ​បញ្ជា​ប្រតិបត្តិ​មួយ​ ដើម្បី​បន្ត​ការ​ផ្អាក​របាំង​ពន្ធ​គយ​រវាង​សហរដ្ឋ​អាមេរិក និង​ចិន​សម្រាប់​រយៈ​ពេល​៩០​ថ្ងៃ​កាល​ពី​ថ្ងៃ​ចន្ទ។

​យោង​តាម​សារព័ត៌មាន នីគីអេស៊ា​(Nikkei Asia) បាន​រាយ​ការណ៍​នៅ​ថ្ងៃ​ទី​១២ ខែ​​សីហា ឆ្នាំ​២០២៥​នេះថា ការ​ផ្អាក​សង្រ្គាម​ពាណិជ្ជ​កម្ម​ត្រូវ​បាន​កំណត់​ថា នឹង​ផុត​កំណត់​នៅ​ថ្ងៃទី១២ ​​​ខែ​​សីហា​​នេះ ដោយ​ឡែក ថ្ងៃ​ផុត​កំណត់​ថ្មី នៅ​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០២៥។

នេះ​បើយោង​តាម​បញ្ជា​​របស់ លោក ត្រាំ ដែល​រំឭក​ឡើង​វិញ​ចំពោះ​ការ​ព្រួយ​បារម្ភ​អំពី​‘‘កង្វះ​ខាត​នៃពាណិជ្ជ​កម្ម​ទៅ​វិញ​ទៅ​មក’’​ និង​សន្តិ​សុខ​សេដ្ឋ​កិច្ច។

ក្រសួងពាណិជ្ជកម្ម​របស់​ចិន​ បាននិ​យាយ​ថា ខ្លួន​នឹង​ដក​ក្រុម​ហ៊ុន​អាមេរិក​ចំនួន​១២ ចេញ​ពី​បញ្ជី​ត្រួត​ពិនិត្យ​ការ​នាំ​ចេញ​រប​ស់​ខ្លួន និ​ង​ផ្អាក​ការ​ដាក់​បញ្ចូល​ក្រុម​ហ៊ុន​ចំនួន​១៦ ផ្សេង​ទៀត​ សម្រាប់​រយៈ​ពេល ៩០ ​ថ្ងៃ។

​អ្នកនាំពាក្យស្ថានទូតចិន លោក លីវ ភឹង​អ៊ី (Liu Pengyu) បាន​ប្រាប់ Nikkei Asia ថា​​‘‘យើង​សង្ឃឹម​ថា​​សហរដ្ឋ​អាមេ​រិក​​នឹង​​បន្ត​ធ្វើការ​ជាមួយ​ប្រទេស​ចិន ដើម្បី​អ​នុវត្ត​ការ​ឯកភាព​ដែល​ឈាន​ដល់​ក្នុង​អំឡុង​ពេល​ការ​ហៅ​ទូរ​ស័ព្ទ​របស់​ប្រមុខ​រដ្ឋ​ទាំង​ពីរ’​’ ​សំ​ដៅ​លើ​ការ​សន្ទនា​រវាង​លោក ត្រាំ និង​លោក ស៊ី កាល​ពី​ខែ​មិថុនា​។ លោក​បន្ត​ថា ការ​ពិគ្រោះ​យោបល់​​ពាណិជ្ជ​កម្ម​គួរ​តែ​ផ្អែក​លើ​‘‘ភាព​ស្មើ​គ្នា ការ​គោរព​គ្នាទៅ​វិញ​ទៅ​មក’’ដើម្បី​‘‘បង្កើន​ការ​យល់​ដឹង កាត់​បន្ថយ​ការ​យល់​ច្រឡំ និង​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិ​ការ​តាម​រយៈ​ការ​សន្ទនា’’។

លោក​ អាលីវីនី (Ali Wyne) ទីប្រឹក្សា​ស្រាវ​ជ្រាវ និង​តស៊ូ​មតិ​ជាន់​ខ្ពស់​ ស្តីពី​ទំនាក់​ទំនង​អាមេរិក-ចិន នៅ​ International Crisis Group បាន​និយាយ​ថា ការ​ចរចា​រវាង​សហរដ្ឋ​អាមេ​រិក និង​ចិន ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ថ្មីៗនេះ​ បាន​បញ្ជាក់​អំពី​ភាព​មិន​ស៊ី​សង្វាក់​នៃការ​ពឹង​ផ្អែក​គ្នា​រវាង​ប្រទេស​ទាំង​ពីរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ