ក្រសួងឱ្យផ្អាក​អនុវត្ត​លក្ខខណ្ឌ​ភ្ជាប់អត្តសញ្ញាណ​បណ្ណ​ខ្មែរ​ដល់ពលករ​មកពីថៃ​ក្នុងពេល​​ដា​ក់​ពាក្យ​​ធ្វើ​ការ​

ក្រសួង​ការ​ងារ​ ណែនាំ​ដល់​សហគ្រាស​ ក្រុមហ៊ុន រោង​ចក្រ​ ផ្អាកយកអត្តសញ្ញាណ​បណ្ណ​ខ្មែរ ពីពលករ​​ដែល​​ត្រឡប់​មកពី​ប្រទេសថៃ ជាបណ្តោះអាសន្ន​​សិន ដោយអាចប្រើជំនួស​នូវឯកសារ​ផ្សេង​​សម្រាប់​សម្គាល់​​​​​​​អត្ត​​​សញ្ញាណ ក្នុងអំឡុង​ពេល​ពួកគាត់​​ដាក់ពាក្យ​ចូលធ្វើការ​។

ក្រោយ​ជម្លៀស​ខ្លួន​ពី​ប្រទេស​​ថៃ ទៅដល់​​​ប្រទេស​​​កម្ពុ​ជា​​វិញ​​ដោយ​​សុវត្ថិ​​ភាព ពលករ​ខ្មែ​រ​នៅ​តាម​ប​ណ្ដា​​ខេត្ត​​មួ​​យចំ​នួន កំពុង​សម្រុក​នាំ​គ្នា​រក​ការ​ងារ​ធ្វើ ដោយ​ភាគ​ច្រើន​ពួក​គាត់​សំដៅ​ទៅ​រក​ការ​ងារ​សំណង់ សិ​ប្បកម្ម ជាពិសេស​គឺវិ​ស័យ​រោង​ចក្រ។

ប៉ុន្តែ​ទន្ទឹម​នឹង​ការ​ប្រជ្រៀត​គ្នា​រក​ការ​ងារ​ធ្វើ អតីត​ពល​ករ​មួយ​ចំនួន ធ្លាប់​បាន​ប្រាប់ ​វីអូឌី កាល​ពី​​ថ្ងៃទី០៦ ខែសីហា​ថា ​បញ្ហា​​ដែល​​ពួក​គាត់​​ជួ​ប​ប្រទះ​ នោះ​​​គឺ​​គ្មាន​​​​ឯក​សារ​​គ្រប់​​គ្រាន់​ដាក់​​ពាក្យ​ចូល​ធ្វើ​ការ ដោយសារ​តែអត្តសញ្ញាណ​​បណ្ណសញ្ជាតិ​​ខ្មែរ​របស់​ពួកគាត់​អស់​សុពល​ភាព ហើយ​ត្រូវ​រងចាំជាង១ខែ ដើម្បីធ្វើ​អត្តសញ្ញាណបណ្ណ​ថ្មី។

យ៉ាងណា សេចក្តីជូនដំណឹង​របស់​ក្រសួងការ​ងារ និ​ងបណ្តុះ​បណ្តាល​វិជ្ជាជីវៈ ចុះ​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០២៥ បានលើកឡើង​ថា ដើម្បី​សម្រួល​ដល់ការ​ទទួលបានការ​ងារ​ធ្វើ​របស់​ប្រជាពលករ​ខ្មែរ ដែល​ត្រឡ​ប់​មក​ពី​ប្រទេស​ថៃ ក្រសួង​មិន​តម្រូវ​ឱ្យ​ភ្ជាប់​អត្តសញ្ញាណ​​​បណ្ណ​សញ្ជាតិ​ខ្មែរ សម្រាប់​ការ​ស្នើ​សុំ​សៀវភៅ​ការ​ងារ​កម្មករ​និយោជិត​ខ្មែរ និង​ការ​ចុះបញ្ជី​ក្នុងបេឡាជាតិ​សន្តិសុខ​សង្គម (បសស)​ ​ជាបណ្តោះអាសន្ន​ រហូត​ដល់មានការ​ជូនដំណឹង​សាជាថ្មី។

ក្រសួង​បន្តថា ម្ចាស់ ឬនាយក​សហគ្រាស​ ក្រុមហ៊ុន រោង​ចក្រ អា​ចជ្រើស​រើស​​ពលករ​ខ្មែរ​ដែល​ត្រឡប់​មក​ពី​ថៃ ឱ្យ​ចូល​ធ្វើការ​ដោយ​ប្រើ​ប្រាស់​ឯកសារ​ណាមួយ​ ដូចជា សំបុត្រ​បញ្ជាក់​កំណើត​ សៀវ​ភៅ​គ្រួសារ លិខិត​ឆ្លង​ដែន លិខិតធ្វើ​ដំណើរ​​ពលករ​កម្ពុជា​ធ្វើការ​នៅបរទេស ឬលិខិត​បញ្ជាក់​អត្ត​សញ្ញាណ​ដែល​ចេញ​ដោយ​អាជ្ញាធរ​មានសមត្ថកិច្​​ជំនួស​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ។

ចាប់​តាំង​ពីប្រ​ទេស​កម្ពុជា និង​ប្រទេស​ថៃ មានវិវាទព្រំដែនជាមួយ​គ្នាជា​ង​២ខែ​ ​រហូត​វិវត្ត​ទៅ​រក​​ភា​ព​តាន​​តឹង​បណ្ដាល​​ឱ្យ​មាន​ការ​ផ្ទុះ​អាវុធ ពលរដ្ឋ​កម្ពុជាប្រមាណ ៨៧ម៉ឺន​នាក់​​ ដែល​ទៅ​​ធ្វើ​​ការ​​នៅ​​ប្រ​ទេស​​ថៃ ​បាន​​​​នាំគ្នា​សម្រុក​​ត្រ​ឡប់​ចូល​ប្រទេស​កំណើត​វិញ ដើម្បី​សុវត្ថិ​ភាព និង​គេច​ផុត​​​ពី​ការ​តាម​យា​យី​រាង​កាយ​ពី​​សំ​ណាក់​ពលរដ្ឋ​ថៃ​ជ្រុល​និយម​មួយ​ចំនួន។

ការត្រឡប់មកវិញយ៉ាងគំហុក បានធ្វើឱ្យគេពួកគេបាត់បង់​ការ​ងារ គ្មាន​ប្រាក់​ចំណូល ខណៈ​មួយ​ចំ​នួន​ធំ​ជា​​ប់​បំណុល​​ធនាគារ​ថែម​ទៀត​ផង ដែល​តម្រូវ​ឱ្យត្រូ​វ​ស្វែង​រក​ការ​ងារ​ធ្វើ​ឱ្យ​បាន​ឆាប់​រហ័ស។ ប៉ុន្តែ​​កង្វះ​​ឯកសារ ជាពិសេស​អត្ត​សញ្ញាណ​បណ្ណ បាន​ក្លាយ​ជា​បញ្ហា​ថ្មី​មួយ​បន្ថែម​ទៀត​សម្រាប់​ពួក​គេ។

ពលករ​មួយ​ចំនួន​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ព្រោង​ព្រាត​ពី​សេវា​ធ្វើ​អត្តសញ្ញាណ​បណ្ណ ដែល​​លឿន​រហ័ស​អាច​ទទួល​​បាន​ក្នុង​រយៈ​ពេល​៧ថ្ងៃ​ ​​តែត​​ម្រូវ​ឱ្យ​​​បង់​​លុយ​ចំនួន ៦០​ម៉ឺន​រៀល ឬ​ស្មើ​នឹង​​១៥០​​ដុល្លារ។ ប៉ុន្តែ ​តាម​រយៈ​ការ​ខល​សា​កសួ​រព័​ត៌មា​ន​ពី​អគ្គនាយក​ដ្ឋាន​អត្ត​សញ្ញាណ​​​​កម្ម ការ​​ធ្វើ​​​អត្ត​​សញ្ញាណ​​​បណ្ណ គឺ​ពុំ​​តម្រូវ​ឱ្យ​​ប​​ង់​ប្រាក់​ឡើយ ដោយ​ត្រូវ​រង់​ចាំរ​យៈ​ពេល ៥​​សប្ដាហ៍ ហើយ​​ក៏​គ្មាន​​សេ​​វា​ពន្លឿន​ត្រឹម​​មួយ​សប្ដាហ៍​​នោះ​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ