អាវ​ក្រោះ​ម៉ាស់​ការពា​រ​ផ្សែង​ពុល​និង​​ស្បៀង​​ក្រៀម​ជា​តម្រូវ​ការ​ចាំបាច់​សម្រាប់​កង​ទ័ព​ជួរ​មុខ

បើ​ទោះបី​គិ​ត​​មក​​ដល់​​ត្រឹម​​ថ្ងៃ​​ទី​​​១២ខែ​សីហា​នេះ​ បទ​​ឈប់​​បាញ់​​មាន​​រយៈ​ពេល​​ប្រមាណ​​​ជា​​២​សប្តាហ៍​​មក​ហើ​​យ​​ក្តី តែ​​ស្ថាន​​​ការ​ណ៍​នៅ​​តាម​​ព្រំដែន​ហាក់​នៅ​​តែ​​មាន​​ភាព​ផុយ​​ស្រួយ​នៅ​​ឡើយ។ ក្នុង​​ស្ថាន​​ភាពនេះ​ ​កង​ទ័ព​​កម្ពុជា​​ជួរ​មុខ​​សូម​​ឱ្យ​​​រដ្ឋាភិបាល​​ជួយ​​ផ្តល់​​អាវក្រោះ និង​​ម៉ាស់​​ពាក់​​ការ​​ពារ​​ផ្សែង​ពុល​ និង​​ស្បៀង​ក្រៀម​​ ដើម្បី​​ត្រៀម​​ការ​ពារ​​ខ្លួន​ ខណៈ​​មេ​បញ្ជាការ​​យោធ​ភូមិភា​គ​​២​​របស់​​ថៃ នៅ​​​តែ​ចិញ្ចឹម​​ចិត្ត​​វា​​យ​​ដណ្តើម​យក​​ប្រាសាទ​ខ្មែរ​។

លោក ​តាត ឧត្តម​​ ជាអ្នកកាសែត​ហ្វ្រីឡែន ដែល​​ថ្មី​ៗ​នេះ​​បាន​​ចុះ​​ទៅ​​យកព័ត៌មាន​​​​ដោយ​ផ្ទាល់​នៅ​តាម​តំបន់​ព្រំ​ដែន​ខ្មែរ​ថៃ ​បាន​សរសរ​នៅ​លើ​បណ្តាញ​សង្គម​របស់​លោក នៅ​ថ្ងៃទី​១១ខែ​​សីហា​​​​នេះ​ថា ក្នុងវ័យ​​៥៥​ឆ្នាំ នា​យ​​​ចំ​ណង់ លោក ចាប ថី ដែល​បាន​បំរើ​ការងារ​​នៅក​ង​​​ពល​​​​លេ​ខ​៣ ឈរ​​ជើង​​តំបន់​​​ភ្នំ​ទ្រព្យ​​តាំង​ពី​ឆ្នាំ២០០០​មក បាន​​ព​លី​​ជីវិត នៅ​ថ្ងៃ​ទី២​​នៃ​ការ​ផ្ទុះ​​អាវុធ​​ជាមួយ​ទាហាន​ថៃ ​​គឺ​នៅ​​ថ្ងៃទី​​​២៥ ខែ​​កក្កដា ​ឆ្នាំ​២០២៥។

នាព្រឹកម៉ោង​៧​នៅ​ថ្ងៃ​ទី​២៥ ខែ​​កក្កដា លោក​ចាប​ ថី បាន​ទូរសព្ទ​មក​ប្រពន្ធ ហើយ​បាន​រៀប​រាប់​ថា ​លោក​ឃ្លាន​បាយ​ណាស់ ព្រោះ​២​ថ្ងៃ​ហើយ មិន​ទាន់​បាន​បាយ​ហូប​ទេ ដោយ​សារ​ជាប់​ដៃ​តទល់​ជាមួយ​សត្រូវ​ឈ្លាន​ពាន។ ជាមួ​យ​​​គ្នា​​នេះ ​លោក​ក៏​បាន​ផ្តាំទៅ​ប្រ​ពន្ធ​ថា ឲ្យ​រត់​ឲ្យ​ឆ្ងាយ​​​ពី​ផ្ទះ ឬ​ទៅ​ស្រុក​កំណើត​នៅ​ខេត្ត​កំពង់​ធំ ជា​មួ​​​យកូ​នទាំ​ង​៣ ព្រោះទា​ហាន​ថៃ បាន​​បាញ់​​ផ្លោង​​គ្រាប់​ច្រើន​ណាស់។

 ប៉ុន្តែ​​នាវេលា​​រសៀលក្នុ​ង​​ថ្ងៃ​ដ​ដែល​នោះ ស្ត្រី​​ជា​ភរិយា​វ័យ​​៥​០​ឆ្នាំ បាន​​ទទួល​ទូរសព្ទ​ម្តង​ទៀត ហើយនឹ​ក​ស្មាន​​​ថា​ ជា​ប្តី ប៉ុន្តែ​សំឡេង​​នោះ ​គឺជា​មិ​ត្ត​​រួ​មប្រ​យុទ្ធ ប្រាប់​​ឲ្យ​​​​ស្រ្តីរូបនេះ​​​ទៅ​ទទួល​​សព​ប្តី​នៅ​ឯ​វត្ត​ស្រែ​ណូយ​ ខេត្ត​សៀម​រាប។

អ្នក​ស្រី​ ព្រំ សាឃឿន បាន​ចង​​ចាំ​​ដោយ​​សង្វេគ​ខ្លាំង​​ណាស់ នូវ​សម្តី​ចុង​ក្រោយ​​រប​ស់​​ប្តី​​​ដែល​​ត្អូញ​ត្អែរ​ថា​ឃ្លាន​បាយ​​ណាស់​​ និង​បាន​​ប្រាប់​​​ឲ្យប្រ​ពន្ធ​​រ​ត់​ភៀស​ខ្លួន​ជាមួយ​កូន​ទាំង​បី។

 ជាមួ​យ​គ្នា​​នេះ លោក គិត ឡេង​ ដែល​មាន​អាខោន​​ហ្វេស​ប៊ុក​​ឈ្មោះ​ Kith Leng បាន​​សរ​សេរ​​​នៅ​លើ​​បណ្តាញ​​សង្គម​សូម​​ឱ្យមាន​ការ​រាយការណ៍​​​ព័ត៌មាន​ប្រាប់​​ទៅ ​លោក ​ហ៊ុន សែន ​ប្រធាន​​​ព្រឹទ្ធ​សភា​ ដោយ​អះអាង​ថា ​លោក​​បាន​ទៅ​ជួប​ទាហាន​​នៅ​តាម​ព្រំដែន​​ជាច្រើន ហើយ​​ពួកគាត់​បាន​ស្នើ​​សុំ​ដូចៗគ្នា​ថា សូម​ឱ្យ​ផ្តល់​អាវ​​ក្រោះ ម៉ាស់​​ពាក់​ការពា​រ​​ផ្សែង​​ពុល ​និង​​សូម​​ជួយ​​ជីក​​លេណ​ដ្ឋាន​​​​​​ធ្វើពី​បេ​តុង​ឱ្យ​​បាន​​រឹ​ង​​មាំ​និង​​ធំ​ទូលាយ។

លោក ​គិត ឡេង ​បាន​​សរសេរ​ក្នុង​​សំណេរ​ដើម​​ថា៖ «ហេតុ​ផល​គឺ​ថា ទី១​ទាហាន​​ត្រូវ​​គ្រាប់​ ​និង​​របួស​​ពេញ​​ខ្លួន​​ដោយ​​អំបែង​ ​​គឺដោ​យ​​សារ​​ពួក​​គា​ត់​​អត់​មាន​​អាវ​ក្រោះ​​ពាក់​។ ទី​២ លេណ​​ដ្ឋាន​​គាត់​​​តូច​​ចង្អៀត លេណ​ដ្ឋាន​​ធម្មតា​​មិន​​អាច​​ទប់​​ទល់​​ប្រភេទ​គ្រាប់ ​​ដូច​​​ជា​​សង្គ្រាម​​​៥​ថ្ងៃ​​កន្លង​​​​មក​​​នោះ​​ទេ ហើយ​​លេណ​ដ្ឋាន​​តូច​​ចង្អៀត​ពិបាក​ដាក់​ស្បៀង​ អាវុធគ្រឿងការ​ពារ ​និង​មិន​អាច​ស្នាក់​​នៅ​បានគ្នា​​ច្រើន​ និង​ទី​៣​ម៉ាស់​​ការពារ​ផ្សែងពុល​​គីមី ព្រោះ​​ថៃ​​បាន​​ប្រើ​ម​ធ្យោបា​យ​​បាច​​សាច​ផ្សែង​​ពុល ​ដើម្បី​​ឱ្យ​កង​​ទ័ព​​ថ​ប់​​ដង្ហើម ​​ធ្វើកា​រ​​មិន​​កើត​​​រួច​​ទើប​វា​ធ្វើ​​ការ​​វាយ​បក​​ វាយ​​ប្រហារ​​ដោយ​ថ្មើរ​​ជើ​ង​​បាញ់​គ្រាប់​​ផ្លោង ​និង​​គ្រាប់​​បាញ់​​ចេញ​​​ពី​​យន្ត​ហោះ​​សម្រុក​​ចូល​តែ​ម្តង​»

 វីអូឌី ​មិន​ទាន់​អាចទាក់​ទង​លោកស្រី ម៉ាលី សុជាតា ​អ្ន​ក​​នាំ​ពា​ក្យក្រ​សួង​​ការ​​ពារ​ជាតិ ​ដើម្បី​​ធ្វើ​​ការ​​ពន្យល់​​​លើ​បញ្ហា​​ទាំង​នេះបា​ន​​ទេ។ ប៉ុន្តែ​លោក​​ស្រី​​​បាន​​ថ្លែង​​នៅ​ក្នុង​​សន្និ​សីទ​​កាសែត​​ស្តីពី ​«លទ្ធផល​នៃកា​រអ​នុវ​ត្ត​បទឈប់បា​ញ់​រវាង​កម្ពុជា-ថៃ» នៅ​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី ​​នៅ​​វេលា​​​ម៉ោង​​១១​​ព្រឹក​​ថ្ងៃ​ទី​​១១ខែ​​សីហា​​នេះ​​ថា សភា​​ព​​ការណ៍​នៅ​តាម​បណ្តោយ​ព្រំដែនកម្ពុជា ថៃ​មាន​សភាពស្ងប់​ស្ងាត់ ប៉ុន្តែ​កងកម្លាំង​កម្ពុជា​នៅ​តែ​​រក្សា​ការ​​ប្រុង​ប្រយ័ត្ន​ខ្ពស់បំផុត។

លោក​ស្រីលើកឡើងថា រហូតមក​ដល់ពេល​នេះ កម្ពុជា​នៅ​តែបន្ត​ស្នើ​ឱ្យភាគីថៃ​​ឆាប់​​បញ្ជូន​កង​​កម្លាំង​​របស់​កម្ពុជា​​ទាំង​១៨​រូប​ ដែល​ត្រូវបាន​ថៃ​​ចាប់​​ខ្លួន​​ក្រោយ​​បទ​ឈប់​បាញ់​ កាលពីថ្ងៃ​ទី​២៩ ​ខែកក្កដា ​ឱ្យ​​ត្រឡប់​​មក​វិញ​​ជា​បន្ទាន់ ​ស្រប​​​ទៅ​តា​ម​​ច្បាប់​​មនុស្ស​​ធម៌​​អន្តរ​ជាតិ​ និង​​ស្រប​​ទៅ​តា​ម​​ការ​​អំពាវ​នាវ​​យ៉ាង​​ទទូច​​​ពី​បណ្តា​ប្រទេស​​ដៃគូ​​និង​​ស្ថាប័ន​​អន្តរជាតិ​ជាច្រើន។

លោក​ស្រីថា៖ «ក្រសួង​ការពារ​ជាតិ​ និង​កងយុទ្ធពល​ខេមរភូមិន្ទ ព្រម​ទាំង​សហគមន៍​អន្តរជាតិ ​នឹងបន្ត​ទាម​ទារ​​​រហូត​ដល់ភាគីថៃ​​​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ ក្រោម​ច្បាប់​អន្តរជាតិ​ ហើយ​យើង​នឹង​មិន​ទុក​សមា​ជិក​គ្រួសារ​​យើង​​ណាមួយ​ចោល ​និង​ឯកោជាដាច់ខាត។ កម្ពុជាសូម​គូសបញ្ជាក់​យ៉ាង​ម៉ឺង​ម៉ាត់ ​និងច្បាស់​លាស់នូវ​​ការ​ប្តេជ្ញាចិត្ត​ឥត​ងាក​​រេ​របស់​ខ្លួន ក្នុងការ​គោរព​និង​អនុវត្ត​យ៉ាងខ្ជាប់​ខ្ជួន​​នូវរាល់​លក្ខន្ធ​នៃកិច្ច​ព្រមព្រៀង​បទ​ឈប់​បាញ់ ​ព្រមទាំង​ស្មារតី​និងការ​ឯកភាពគ្នា នៅក្នុង​កិច្ច​ប្រជុំ​វិសាមញ្ញគណៈកម្មាធិការ​ព្រំដែនទូទៅ​កាលពីថ្ងៃទី​៧​ ខែ​សីហា ​ឆ្នាំ​២០២៥​»។

ទាក់​ទង​នឹងសង្គ្រាម​ លោក​បណ្ឌិត ​មាស នី​ អ្នក​​សិក្សា​​ស្រាវ​ជ្រាវ​​​ពីកា​រ​​អភិវឌ្ឍ​​សង្គម បាន​​លើក​ឡើង​​ពី​​សៀវ​ភៅ​មួយ​ដែល​លោក​​បា​ន​អាន ស្តីពី​​អត្ថ​​ន័យនៃ​ពា​ក្យ​ថា កងទ័​ព​ខ្លាំង (professional army) គឺ​​ត្រូវ​ផ្អែកទៅ​​​លើ​កត្តាសំ​ខាន់​មួយ​​ចំនួន ​ដូច​ជា ត្រូវ​​មាន​ការ​ហ្វឹក​​ហ្វឺន​​ជា​ប្រ​ចាំទៀ​ង​ទាត់ ទោះ​ក្នុង​ករណី​គ្មាន​សង្គ្រាម​ក៏​ដោយ មិន​​មែ​ន​ដល់​ពេល​ឡើង​​សមរ​ភូមិ ទើប​​ដើរ​​ប្រមូល​កម្លាំង​ទេ។

កងទ័ព​​ត្រូវ​​មាន​បទ​ពិសោធន៍​លើស​មរ​ភូមិ​ជាក់​ស្តែង​គ្រប់​​គ្រាន់ មាន​​ឧត្តម​គតិ​​ជាតិ​​ខ្ពស់​ក្នុង​ការ​​ធ្វើ​​ចម្បាំង​ ដោយ​មានហេ​តុផល​ច្បាស់​លាស់ មាន​​កា​រ​​គាំទ្រ​ផ្នែក​ភស្តុភារ​គ្រប់​គ្រាន់​ទាន់​សម័យ ទាន់​ពេល​វេលា ទាំង​សម្ភារៈ​ផ្ទាល់​ខ្លួន និង​ឧបករ​ណ៍​​គាំទ្រ​ពេល​ប្រយុទ្ធ​នៅ​លើ​​សមរភូមិ​។

លើសពីនេះ លោកថា ​កងទ័ព​ត្រូវ​មានសមត្ថភាពខ្លាំង និង​ចំណេះ​​ដឹ​ង​ផ្នែក​បច្ចេក​វិទ្យា​ទំនើប​ច្បាស់​​លាស់​​ទាំង​ការ​ប្រើ​ប្រាស់​ឧបករណ៍ និង​ការ​ទប់​ទល់ ជំនាញ​ផ្នែក​ព័ត៌​មាន​ចារកម្ម ដឹង​អំពី​​ទីតាំង កម្លាំង​ ចំណុចខ្លាំង​និង​​ចំណុ​ច​​ខ្សោយ​របស់​សត្រូវ​ជាដើ​ម។

 ទាក់​ទង​នឹងស្បៀង​សម្រាប់​កងទ័ព​វិញ​ លោក​បណ្ឌិត ​មាស នី ​លើក​​ឡើង​​​ថា ស្បៀង​សំរាប់​​ហូប​ក្នុង​​​សមរភូមិ (ពេលប្រយុទ្ធ នៅលើ​ខ្នងភ្នំ ព្រៃក្រាស់) ខុស​គ្នាពី​ស្បៀ​ងធ​ម្មតា​ប្រចាំ​ថ្ងៃ​​នៅ​ក្នុង​​កង​ឯកភាព​យោធា។

ការបែងចែកការប្រមូលស្បៀងនៅសមរភូមិក្រោយ មិន​មែន​​មាន​​តួនាទី​ត្រឹម​តែ​ប្រមូល​និង​វេច​ខ្ចប់​តែ​ប៉ុ​ណ្ណោៈ​​ទេ តែ​ត្រូវ​ពន្យល់ ផ្សព្វ​ផ្សាយ​ដល់​បង​ប្អូន​​ដែល​​បរិច្ចាគ​​ឲ្យ​ដឹ​ង​ពីត​ម្រូវ​ការ​ខុស​គ្នា​នេះ ដើ​​ម្បី​ផ្តល់ស្បៀង​​ចាំបាច់​ឲ្យដ​ល់យុទ្ធជ​ន​​នៅ​​​សមរ​ភូមិ​​មុខ ឲ្យ​ត្រូវ​និង​បាន​ទាន់​តាម​តម្រូវ​ការ ពីព្រោះ​​​បើ​​មិ​ន​ដូច្នោះ​ទេអាហារ​ខ្លះ​​ត្រូវ​​ខូច ឬ​ផ្អូមមុនពេលទៅដល់សមរភូមិ។

លោក​ថ្លែង​ថា បច្ចុប្បន្ន​លោក​ឃើញ​មានការ​ផ្តល់​សម្ភារៈ​​និ​ង​​គ្រឿង​​ឧប​ភោគ​បរិភោគ​​ជាច្រើន គឺ​​សម្រាប់​តែ​ខ្សែ​​ត្រៀម​ជួរ​ក្រោយ​ប៉ុណ្ណោះ រីឯ​អ្នក​​​ប្រយុទ្ធ​ជួរ​​មុ​ខ​​នៅ​តែ​មិ​នបា​ន​ទទួល​ទាន​ដដែល ពីព្រោះ​​​សមរភូមិ​​មុខ​មិន​​អាច​​ដុត​ភ្លើង​​​ឬ​ប្រើ​ចង្ក្រាន​​ហ្គាស​ចម្អិន​​អាហារ​​បាន​​ទេ ពី​ព្រោះ​​ទ័ព​​សត្រូវ​​គេអា​ចមើ​ល​​ឃើ​ញ​ហើយ​​បាញ់​ប្រហារ​​។

លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន ម៉ាណែត ធ្លាប់​​បាន​​ថ្លែង​កាលពីពេល​ថ្មីៗ​នេះថា ការប្រយុទ្ធគ្នា​រវាង​​កងទ័ពកម្ពុជានិងកង​ទ័ពថៃ​កន្លង​មក​ បានបណ្តាលឱ្យយោធិនមួយ​ចំនួន​ត្រូវពលី របួស ពិការ ក៏ដូចជាប្រជាពលរដ្ឋរាប់ម៉ឺន​គ្រួសារ​ក្លាយជាជនភៀសសឹក មិនអាចប្រកបរបរ​ចិញ្ចឹម​ជីវិតប្រចាំថ្ងៃបាន។

លោក​បញ្ជាក់​ថា សម្រាប់យោធិននិងនគរបាលជាតិ​ដែលកំពុងបំពេញ​​ប្រតិបត្តិការ​ក្នុង​សមរភូមិ គ្រួសារយោធិន​ពលី របួស ពិការ ​រាជរដ្ឋាភិបាលបានរៀបចំ​ និង​កំពុង​​អនុវត្តនូវ​កញ្ចប់​គោលនយោបាយ​សម្រាប់គ្រួសារ​យោធិនពលី យោធិនរងរបួស ពិការ​។​

លោក​នាយក​រដ្ឋ​មន្ត្រី បានចេញបទបញ្ជាឲ្យក្រសួងការពារជាតិ និងក្រសួងស្ថាប័នពាក់​ព័ន្ធ សិក្សា​រៀបចំនូវគោល​នយោបាយលើកទឹកចិត្តពិសេស​ សម្រាប់កងកម្លាំងប្រដាប់អាវុធ​ទាំង​យោធា ទាំងនគរបាលជាតិ ដែល​បាន​​ចូលរួមដោយ​ផ្ទាល់ នៅក្នុងសមរភូមិ​ការពារ​បូរណភាព​ទឹកដីនៅពេលនេះ។

លោក​បាន​បញ្ជាក់​ថា ចំពោះយោធិន និងកងនគរបាល​ជាតិ​​​ដែល​បានពលី ឬធ្លាក់ខ្លួនពិ​ការ​មិនអាចបំពេញភារ​កិច្ចបន្តបាន រាជរដ្ឋាភិបាលនឹងផ្ដល់​ក្រប​ខ័ណ្ឌឲ្យសាច់ញាតិបង្កើត​របស់​គាត់មួយរូប បានចូលបម្រើប្រទេស​​ជាតិ​នៅអង្គភាព​ដែល​គាត់បំពេញភារកិច្ចមុនពលីឬធ្លាក់ខ្លួនពិការ។

រហូតមក​ដល់​ពេល​នេះ ​ការប៉ះទង្គិចគ្នាដោយអាវុធ ​ រវាង​​កង​ទ័ព​​កម្ពុជា​​និ​ង​​​ថៃ​ រយៈ​​ពេល​​៥​ថ្ងៃ ​គឺ​ចាប់​ពីថ្ងៃទី​២៤​ដល់​ម៉ោង​១២​យប់​​ថ្ងៃទី​២៨ ​ខែកក្កដា ​ឆ្នាំ​​២០២៥ គេ​​មិន​​ទាន់​​ឃើញ​​មាន​​ព័ត៌មាន​ផ្លូវការ​ណ៍​ណា​មួយ​ទាក់​​ទង​នឹង​​ចំនួន​​មនុស្ស​​ស្លាប់​ រ​ងរ​បួស​ និង​ទំហំនៃ​ការ​ខូច​ខាត​​នោះទេ ​ទាំង​ខាង​កម្ពុជា​និង​ថៃ។

ប៉ុន្តែ​​បើតាម​មេបញ្ជាការ​យោធភូមិភាគ​២​របស់​ថៃ​ លោកឧត្តមសេនីយឯក Boonsin Padklang ​ដែល​ត្រូវ​នៅ​បន្ត​កាន់​តំណែង​នេះ​​៥០​ថ្ងៃទៀត បាន​ប៉ាន់​ប្រមាណនៅ​ថ្ងៃទី​១០​ខែ​សីហា​​ថា ទាហាន​កម្ពុជា​បាន​រង​របួស​​និង​​ស្លាប់ចំនួន ​៣​ពាន់​នាក់​។ បន្ថែម​ពីនេះ មេបញ្ជាការ​ដែល​ដឹកនាំទ័ព​ចូល​​ឈ្លាន​ពាន​ទឹកដី​​កម្ពុជា​រូប​នេះ ​​បាន​ប្តេជ្ញា​បន្ត​វ៉ៃ​យក​​ប្រាសាទ​តាក្របី ​​​និង​បណ្តេញ​កម្ពុជា​ចេញពីប្រាសាទ​តាមាន់​ធំ ​​ឱ្យ​បាន​មុន​ពេល​លោក​​​ចាក​ចេញពីតំណែង​។ ​នេះ​​បើ​​តាមការ​ចុះផ្សាយ​របស់សារព័ត៌មា​ន​ថៃ។

ប៉ុន្តែ​ចំពោះ​អ្វី​ដែល​លោក​ Padklang ​បានលើកឡើង​នេះ លោក ​ម៉ែន គឹម​សេង ​អ្នក​​យក​ព័ត៌​មាន​វីអូអេ ដែល​​​ធ្លាប់​​បាន​អានសៀវភៅ​ ​ស្តីពី ​យុទ្ធសាស្ត្រសង្គ្រាម​ និង​ធ្វើ​សម្ភាស​ជាមួយ​អ្នក​ជំនាញ​​សង្គ្រាម​ជាច្រើន​បាន​​និយាយ​​ថា ទី១​​ប្រសិន​បើ​ខាងកម្ពុជា​ស្លាប់​​និង​រងរបួស​រហូត​ដល់​៣​ពាន់​នាក់​ ដូចគាត់​និយាយ​ពិត​មែន នៅក្នុង​ក្បួន​សឹក​តាម​អ្នកជំនាញ គឺ​អាចមាន​មនុស្ស​១ភាគ៣​​ប្រមាណ​ ​១ពាន់​នាក់​គឺស្លាប់​ មិន​មែន​តិច​ទេច្រើន​ណាស់។​ ដូច្នេះ​អ្វី​ដែល​ Padklang ​និយាយ​គឺ​អត់ពិតទេ ហើយ​ប្រសិន​បើ​ខាងកម្ពុជា​របួស ​២ពាន់​នាក់​មែន ​ម្ល៉េះ​មន្ទីរ​ពេទ្យ​នៅ​តាម​ព្រំដែន​ដាក់​អត់​អស់ទេ។​​

លោក​លើកឡើងថា ក្នុង​ករណី​សង្គ្រាម​ដែល​ថៃ​ចូល​មក​វ៉ៃខ្មែរ គឺត្រូវវ៉ៃ៣ទល់១ បើ​ខ្មែរ​​១០០​​នាក់​ ថៃ​​ត្រូវ​នាំកម្លាំង​ទាហាន​​​មក​ ​៣០០​នាក់ ​ក្បួន​​​វា​​គឺ​អ៊ីចឹង។

នៅ​ពេល​ប្រយុទ្ធគ្នា​បើ​ខាងកម្ពុជា​ខូចខាតកម្លាំង​១​ ខាង​ថៃ​អាចខូចខាតកម្លាំង​ពី២​ទៅ​៣នាក់ ហើយ​នេះ​យក​​ទីតាំងកម្ពុជា​​អត់បានទៀត។ ដូច្នេះ​បើ​ខ្មែរ​ស្លាប់​របួស៣ពាន់​នាក់​​ដូច​ Padklang និយាយ​មែន នោះ​ថៃ​អាចស្លាប់​​ជិត​១ម៉ឺន​នាក់​។

លោកថា៖ «គាត់និយាយ​ភ្លេច​អាចំណុច​ហ្នឹង ​ពីព្រោះ​អី​គឺ​​ថៃជាអ្នក​​វ៉ៃ​ ចឹង​ក្បួន​ទ័ព​ហ្នឹង​គឺ៣ទល់​១ទើប​អាច​យកឈ្នះ​បាន​ លើក​លែង​តែករណី​ដែល​វាយឆ្មក់​ទេ​ ទើប​អាច​យក​កម្លាំង​តិច​ទៅ​វាយ​កម្លាំង​ធំ​បាន​ តែនេះគឺជាការ​ប្រយុទ្ធគ្នា​បើក​ចំហរមុខ​ ​ដូច្នេះ​ត្រូវ​តែយក​កម្លាំង​ច្រើនជាង​គេ ហើយ​បើ​ខ្មែរ​​ខូចខាត៣ពាន់​នាក់ ថៃ​ជិត​​១ម៉ឺន​នាក់​​បាត់​ហើយ​។ អ៊ីចឹងដូច្នេះខ្ញុំ​និយាយ​ហ្នឹង​ គ្រាន់​តែចង់​ប្រាប់ថា អន្ទិត Padklang ​ហ្នឹង​គាត់​និយាយ​​​ចេញមក​ចឹងមនុស្ស​ភរហ្មង​។ ចឹង​ហើយ​រាល់​រូប​ភាពដែលគាត់​ចេញ​មក​ផ្សាយ​កន្លងមក ​គួរ​ប្រយ័ត្ន​ពីព្រោះ​គាត់​ចេញមក​ជា​មនុស្ស​របៀប​មាត់​រប៉េច​រប៉ូចហ្មង មេទ័ព​មាត់​រប៉េចរប៉ូច​ចឹង​យ៉ាប់ដែរ»

លោក​បណ្ឌិត​ មាស នី​​ ​ដែល​ទើប​វិលត្រឡប់​មក​ពី​សួរ​សុខ​ទុក្ខ​មិត្តភ័ក្ត​​​ជា​កងទ័​ព ​និង​​ពលរដ្ឋ​​នៅ​​តាម​​ព្រំដែន​ខ្មែរ​ថៃ​ បាន​សរសេរ​បង្ហោះ​​លើ​បណ្តាញ​សង្គម​របស់​លោក ​នៅថ្ងៃទី​១១ខែ​​សីហា​​​នេះ​ថា កង់​ប្រវ​ត្តិ​សាស្ត្របាននាំកម្ពុជា​មក​ដល់​កន្លែង​ដើមវិញ គឺការគំរាម​ពីប្រទេស​ជិតខាង និងការចូលដៃ​ចូល​ជួយជ្រំជ្រែង​ពីសហគមន៍​អន្តរជាតិ។ លោក​បាន​ចោទ​សួរថា ​តើ​​អ្វីដែលកម្ពុជារៀនបាន ហើយរៀបចំផ្លូវទៅអនាគត? ពីព្រោះ​បើយើង​ធ្វើដដែល នោះ​លទ្ធផលនឹង​វិលលមកវិញដដែលៗមិន​ខាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ