មេដឹកនាំកូរ៉េខាងត្បូង និងវៀតណាម បានព្រមព្រៀងគ្នា កាលពីថ្ងៃចន្ទ ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការស៊ីជម្រៅលើវិស័យ ដូចជា ថាមពលនុយក្លេអ៊ែរ រថភ្លើងល្បឿនលឿន និងរ៉ែសំខាន់ៗ ខណៈដែលប្រទេសរបស់ពួកគេព្យាយាមធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងទ្វេភាគី។
សារព័ត៌មាន នីគីអេស៊ា បានរាយការណ៍នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥នេះថា អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡាំ(To Lam) ដែលជាមេដឹកនាំកំពូលប្រទេសវៀតណាមបានជួបជាមួយប្រធានាធិបតីប្រទេសកូរ៉េខាងត្បូង លោក លី ជែម្យុង (Lee Jae Myung) កាលពីថ្ងៃចន្ទ នៅការិយាល័យរបស់លោក លី។ លោកឡាំ គឺជាមេដឹកនាំបរទេសដំបូងដែលរៀបចំដោយប្រធានាធិបតីកូរ៉េខាងត្បូង ចាប់តាំងពីលោក លី បានឡើងកាន់តំណែងកាលពីខែមិថុនា។
ប្រទេសកូរ៉េ គឺជាប្រភពវិនិយោគផ្ទាល់ពីបរទេសដ៏ធំបំផុតរបស់វៀតណាម និងជាដៃគូពាណិជ្ជកម្មទី៣។ ក្រុមហ៊ុនសាំសុង(Samsung) គឺជាអ្នកវិនិយោគដ៏ធំរបស់ប្រទេសវៀតណាម ដោយបានចំណាយប្រាក់ជាង ២៣ពាន់លានដុល្លារ ចូលទៅក្នុងប្រទេសនេះ។ លើសពីនេះ ប្រហែលពាក់កណ្តាលនៃទូស័ព្ទសាំសុងផលិតនៅប្រទេសវៀតណាម។
លោក លី បាននិយាយថា ជម្រើសដើម្បីស្វាគមន៍ លោក ឡាំ ជាភ្ញៀវដំបូងគឺ‘‘មានន័យណាស់’’ ហើយប្រទេសទាំងពីរកំពុងបង្កើតការឆ្លើយតបជាក់ស្តែង ចំពោះការផ្លាស់ប្តូរសណ្តាប់ធ្នាប់ពិភពលោក។
វៀតណាមមានគោលបំណងក្លាយជាប្រទេសអភិវឌ្ឍន៍ឆ្នាំ២០៤៥ រដ្ឋាភិបាលបានកំណត់ទិសដៅកំណើនសម្រាប់ឆ្នាំនេះពី ៨.៣% ទៅ៨.៥% និងមានគោលបំណងឈានដល់កំណើនពីរខ្ទង់ចាប់តាំងពីឆ្នាំ២០២៦តទៅ។ មេដឹកនាំកំពូលរបស់វៀតណាម ចង់ឱ្យប្រទេសនេះឈានទៅមុខក្នុងការប្រណាំងប្រជែងអេអាយ(AI)ពិភពលោក ហើយចាត់ទុកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ជាច្រកទ្វារដើម្បីឈានឡើងជណ្តើរសេដ្ឋកិច្ចពិភពលោក៕









