ចំពេលដែលបទឈប់បាញ់កម្ពុជា-ថៃ ស្ថិតនៅក្នុងភាពប្រកាសអាសន្ននៅឡើយនោះ គណបក្សប្រឆាំងបានព្យាយាមបើកកកាយរឿងអាស្រូវពុករលួយរបស់បក្សកាន់អំណាច ដោយថា គ្រាន់តែលុយពុករលួយបានពីបណ្តាញឧក្រិដ្ឋកម្មឆ្លងដែនក្នុងមួយឆ្នាំ អាចទិញយន្តហោះ F-16 បានដល់ជិត ៣០០គ្រឿង ដើម្បីពង្រឹងវិស័យការពារជាតិ។
លោក ម៉ែន សុថាវរិន្រ្ទ និយាយនៅថ្ងៃទី១៣ ខែសីហានេះថា សង្រ្គាមឈ្លានពានរយៈពេល៥ថ្ងៃទៅនេះ ឃើញថា កម្ពុជានៅមិនទាន់មានសព្វាវុធទំនើប ដើម្បីប្រឆាំងនឹងយន្តហោះទម្លាក់គ្រាប់បែករបស់ថៃ រួមទាំងដ្រូនដែលថៃបានបើកការឈ្លានពាននោះនៅឡើយទេ។
លោកហាក់ស្តីបន្ទោសថា លុយពុករលួយជាច្រើនរបស់គណបក្សប្រជាជនកម្ពុជា បានពីក្រុមឧក្រិដ្ឋជនឆបោក ជួញដូរមនុស្ស និងគ្រឿងញៀន វាសមល្មមអាចយកមកទិញសព្វាវុធទំនើបៗ ដើម្បីការពារជាតិ។
លោកគូសបញ្ជាក់ថា មេដឹកនាំគ្រួសារហ៊ុន ត្រូវតែងាកមកពង្រឹងវិស័យការពារជាតិ ឱ្យរឹងម៉ាំ ដូចជា ទិញយន្តហោះចម្បាំង F-16 និងអាវុធទំនើបៗ ដើម្បីទប់ទល់ទៅនឹងទង្វើឈ្លានពានពីប្រទេសជិតខាង។
លោកថា៖ «ឥឡូវលុយដែលគាត់រកបានទាំងអស់ហ្នឹង គាត់អត់មានជួយអី ដើម្បីជួយទិញសព្វាវុធឬដើម្បីទិញឧទ្ធម្ភាគចក្រក្ដី ក៏យន្តហោះដើម្បីការពារប្រទេសកម្ពុជាទេ អ៊ីចឹងហើយបានពួកបរទេសប្រទេសជិតខាងហ្នឹងគេមើលងាយ ដោយសារយើងខ្វះខាតអីអស់ហើយ កងទ័ពគាត់វិញ គាត់មានចិត្តក្លាហានការពារអង់អាចណាស់ ប៉ុន្តែអត់មានសុទ្ធាវុធអត់មានគ្រឿងអីគ្រប់គ្រាន់ចឹងបានគេមើលងាយ ចឹងបានថាលោក សម រង្ស៊ី គាត់ឲ្យអនុសាសន៍ បើសិនជាគាត់កាន់កាប់នយោបាយគាត់នឹងទិញរថយន្ត អាវុធទំនើបៗកាំភ្លើងធំទំនើបៗ ដ្រូនទំនើបៗជាដើម ដើម្បីការពារដីយើង»។
សម្រាប់លោក ម៉ែន សុវរិន្រ្ទ លុយពុករលួយរបស់គ្រួសារហ៊ុនមិនតិចទេ ប៉ុន្តែគាត់មិនហ៊ានចំណាយដើម្បីទិញអាវុធទំនើបៗ និងពង្រឹងវិស័យការពារជាតិ សម្រាប់ទប់ទល់នឹងសត្រូវឈ្លានពាន។
លោកបន្តថា កម្ពុជាចាំបាច់ត្រូវមានអាវុធទំនើបៗ ឬយន្តហោះចម្បាំងខ្លះ ដើម្បីការពារបូរណភាពទឹកដី ខណៈប្រទេសជិតខាង គេនៅតែចិញ្ចឹមចិត្តចង់ឈ្លានពានទឹកដីកម្ពុជា មិនចេះចប់មិនចេះហើយនោះទេ។
លោកថា៖ «អ៊ីចឹងសុំឲ្យគាត់ទិញ ថវិកាដែលគាត់រកបានរាប់ពាន់រាប់ម៉ឺនលានដុល្លារ ដើម្បីទិញសម្ភារៈដែលយើងគិតមើលទៅយន្តហោះយើងអត់មានទេ F-16 ត្រូវទិញ ព្រោះគាត់អាចទិញបាន ២០ ទៅ៣០គ្រឿង ហើយនិងដ្រូនគាត់អាចទិញរាប់រយរាប់ពាន់គ្រឿងបានពីថវិកាទាំងអស់ហ្នឹង និងសព្វាវុធទំនើបៗ ថ្នាំពេទ្យ ជាពិសេសម្ហូបអាហារដែលបំប៉នទាហានយើងឱ្យខ្លាំងក្លា»។
ដូចគ្នានេះដែរ ប្រធានចលនាជាតិតស៊ូនៅក្រៅប្រទេស លោក សម រង្ស៊ី និយាយលើបណ្តាញសង្គមរបស់លោកទំនងជាសំដៅទៅលើមេដឹកនាំគ្រួសារហ៊ុនថា លុយ១៩ពាន់លានដុល្លារក្នុង១ឆ្នាំ ដែលបានពីពួកឧក្រិដ្ឋជន អាចទិញយន្តហោះចម្បាំងF-១៦ បាន ២៩២គ្រឿង។
ក្នុងន័យនេះ លោកថា៖ លុយ១៩ពាន់លាន$ ក្នុង១ឆ្នាំ គឺជាចំណូលពួកឧក្រិដ្ឋជននៅកម្ពុជា ហើយថា« F-16 (ថ្មី$65M$19B/$65M អាចទិញF-១៦ បានប្រហែល ២៩២គ្រឿង»។
ជុំវិញបញ្ហានេះ អ្នកនាំពាក្យប្រធានគណបក្សប្រជាជនកម្ពុជា លោក ជា ធីរិទ្ធ បដិសេធចំពោះការលើកឡើងខាងលើនេះ ដោយលោកបញ្ជាក់ថា ក្រោមការដឹកនាំរបស់បក្សប្រជាជនកម្ពុជា តែងតែពង្រឹងវិស័យការពារជាតិជានិច្ច ដើម្បីការពារបូរណភាពទឹកដីកម្ពុជា។
លោកថា៖ «អ្វីដែលពួកគេលើកឡើងនោះ គឺមិនបានដូចឃើញអំពីការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា តាមពិតរដ្ឋាភិបាលបានខិតខំប្រឹងប្រែងណាស់ នៅក្នុងការការពារជាតិ ពង្រឹងវិស័យការពារជាតិ តួយ៉ាងដូចជាក្នុងពេលដែលសត្រូវឈ្លានពានយើងអ៊ីចឹងរដ្ឋាភិបាលបានខិតខំប្រឹងប្រែងការពារទឹកដី ជាមួយនឹងកងកម្លាំងទាហានរបស់យើងស្មោះចិត្តពលិកម្មគ្រប់បែបយ៉ាង ដើម្បីការពារបូរណភាពទឹកដីប្រឆាំងនឹងសត្រូវឈ្លានពាន»។
ចំណែក អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន កាលថ្ងៃទី១២ ខែសីហានេះថា រដ្ឋមន្ដ្រីក្រសួងការបរទេស លោក ប្រាក់ សុខុន បានផ្ញើលិខិតទៅកាន់ប្រធានក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ដោយបញ្ជាក់ថា បទឈប់បាញ់កំពុងស្ថិតក្នុងហានិភ័យ ដែលកំពុងកើនឡើង និងគំរាមកំហែង ចំពោះបទឈប់បាញ់ ដ៏ផុយស្រួយខ្លាំង រវាងកម្ពុជា-ថៃ។
លោកបន្តថា តាមរយៈលិខិតផ្ញើទៅកាន់ប្រធានក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិនេះ កម្ពុជាបានបញ្ជាក់ថា ថៃបានរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់រៀបចំឡើងដោយម៉ាឡេស៊ី កាលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដែលកិច្ចព្រមព្រៀងនេះ បានជួយសង្គ្រោះអាយុជីវិតជាច្រើន និងផ្ដល់ក្តីសង្ឃឹមដល់មនុស្សរាប់ពាន់នាក់។
លោកគូសបញ្ជាក់ថា បច្ចុប្បន្នកិច្ចព្រមព្រៀងឈប់បាញ់ស្ថិតក្នុងភាពផុយស្រួយ កំពុងប្រឈមនឹងការគំរាមកំហែងកាន់តែធ្ងន់ធ្ងរឡើង ដោយសារតែកម្លាំងយោធាថៃ បានបន្ដបង្កើនការរំលោភបំពានលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ដែលនេះ ជាការបំពានយ៉ាងច្បាស់លើច្បាប់អន្ដរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានសុពលភាពតាមផ្លូវច្បាប់ ខណៈថៃបន្តរាយបន្លាលួស ធ្វើផ្លូវ និងសាងសង់លេណដ្ឋានជាច្រើនកន្លែងទឹកដីកម្ពុជា។
គូសបញ្ជាក់ថា កម្ពុជា-ថៃ បានផ្ទុះអាវុធដាក់គ្នាទ្រង់ទ្រាយធំរយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី២៤ ខែកក្កដា ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដែលគេសង្កេតឃើញថា ថៃបានប្រើយន្តហោះចម្បាំង F-16 និងអាវុធទំនើបៗ រួមទាំងគ្រាប់បែកចង្កោមឈ្លានពានកម្ពុជា។
លោកថា៖ «រាជរដ្ឋាភិបាលកម្ពុជា ទាមទារឲ្យរាជរដ្ឋាភិបាលថៃ និងកងកម្លាំងយោធាថៃ ទី១បញ្ឈប់ជាបន្ទាន់នូវរាល់ការឈ្លានពាន និងការកាន់កាប់ដោយខុសច្បាប់ និងសកម្មភាពផ្សេងៗទៀត ដែលរំលោភបំពានអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។ ទី២ដកកងកម្លាំងយោធាថៃ និងឧបករណ៍ទាំងអស់ចេញពីទឹកដីកម្ពុជា ត្រឡប់ទៅទីតាំងដែលស្របទាំងស្រុងជាមួយនឹងព្រំដែន ដែលត្រូវបានកំណត់ដោយស្របច្បាប់ និងទី៣អនុវត្តឲ្យបានពេញលេញ និងគ្មានលក្ខខណ្ឌលើរាល់កាតព្វកិច្ចទាំងទ្វេភាគីនិងអន្តរជាតិ»។
ដោយឡែក ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត យល់ថា មេដឹកនាំកម្ពុជាចាំបាច់ណាស់ត្រូវតែពង្រឹងវិស័យការពារជាតិ កងទ័ព អាវុធទំនើបៗ និងសម្ភារៈបរិក្ខាសម្រាប់កងទ័ពជួរមុខ។
លោកអះអាងថា បើកងទ័ពកម្ពុជាខ្លាំង អាវុធទំនើបៗ អាហារហូបចុកគ្រប់គ្រាន់ និងប្រាក់ខែខ្ពស់ នោះទាហានកម្ពុជាមិនខ្លាចពលីជីវិតដើម្បីការពារទឹកដីនោះទេ ហើយសត្រូវក៏មិនហ៊ានឈ្លានពានផងដែរ។
លោកបារម្ភថា បើកម្ពុជាខ្សោយ អាវុធមិនទំនើប សេដ្ឋកិច្ចមិនរឹងម៉ាំ អ្នកនយោបាយចេះតែឈ្លោះបែកបាក់គ្នា នោះកម្ពុជានឹងបន្តរងគ្រោះបាត់បង់ទឹកដីទៅប្រទេសជិតខាងថៃ និងវៀតណាម មិនចប់នោះទេ។
លោកថា៖ «ក្នុងស្ថានភាពបច្ចុប្បន្ននេះ រដ្ឋាភិបាលកម្ពុជាចាំបាច់ត្រូវពង្រឹងសមត្ថភាពកងទ័ព ត្រូវពង្រឹងសមត្ថភាពកងទ័ព ដើម្បីពង្រឹងសមត្ថភាពកងទ័ព ត្រូវតែបង្កើនចំនួនចំណាយសម្រាប់កងទ័ព ស្ថាប័នកងទ័ពថាបានការពារយើងត្រូវតែរដ្ឋាភិបាល ត្រូវតែបង្កើនតម្លាភាពថវិកាជាតិ និងដើម្បីទៅពង្រឹងសមត្ថភាពកងទ័ពផង និងធ្វើទំនើបកម្មសម្រាប់យោធាផង ឥឡូវនេះ យើងមិនចង់បន្ទោសពីរឿងមុនទេ ប៉ុន្តែចាប់ពីឥឡូវត្រូវធ្វើអាហ្នឹង យើងដឹងថា រដ្ឋាភិបាលហ៊ុន សែន កន្លងទៅហ្នឹងធ្វើខុសច្រើនណាស់ ហ៊ុន ម៉ាណែត និងធ្វើខូចច្រើនណាស់ ពុករលួយគ្រប់ជាន់ថ្នាក់ ហើយនឹងបង្ក្រាបប្រជាពលរដ្ឋខ្មែរគ្នាឯង បង្ក្រាបអ្នកប្រឆាំងខ្មែរគ្នាឯងហ្នឹង គឺមិនលើកលែងទេ»។
របាយការណ៍របស់វិទ្យាស្ថាន Humanity Research Consultancy ចេញផ្សាយនៅខែឧសភា ឆ្នាំ២០២៥ រកឃើញថា បណ្តាញឧក្រិដ្ឋកម្មឆ្លងដែននៅកម្ពុជាកាន់តែរីកធំឡើង ពិសេសនៅក្នុងជួរមន្ត្រីរដ្ឋាភិបាលដែលមានអ្នកធ្វើការក្នុងឧក្រិដ្ឋកម្មអនឡាញជាង ១៥ម៉ឺននាក់។
ប្រភពនោះ រកឃើញថា មេដឹកនាំជាន់ខ្ពស់មួយចំនួន ដូចជា លោកឧកញ៉ា លី យ៉ុងផាត់ លោកឧកញ៉ា កុក អាន និងលោក ទ្រី ភាព ជាដើម ដែលអ្នកជួយរកលុយឱ្យគណបក្សប្រជាជន ក៏មានជាប់ពាក់ព័ន្ធក្នុងការជួយការពារបណ្តាញឧក្រិដ្ឋកម្មអន្តរជាតិទាំងនេះដែរ ជាថ្នូរក្នុងការប្រមូលលុយពីឧក្រិដ្ឋកម្មល្បែងអនឡាញ និងអំពើឆបោកនេះ ក្នុងទំហំទឹកប្រាក់ចន្លោះពីជាង ១២ពាន់លានដុល្លារ ទៅ១៩ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ។
បើតាមរបាយការណ៍ដដែល ក្រៅពីការបើកដៃឱ្យឧក្រិដ្ឋជន គណបក្សប្រជាជនកម្ពុជា គឺមានតួនាទីជាអ្នកការពារបណ្តាញឧក្រិដ្ឋកម្មបរទេស ដែលរកស៊ីនៅក្នុងប្រទេសកម្ពុជាផងដែរ៕









