ប្រាសាទ​ព្រះ​វិហារ​​រង​​ការ​​ខូច​ខាតជា​ង​១២០​កន្លែង​ ដោយ​សារ​ការ​​វាយ​ប្រហារ​របស់​យោធា​ថៃ

អាជ្ញាធរ​ជាតិ​ព្រះ​វិហារ បាន​​ឱ្យ​​​ដឹង​លទ្ធផល​​បឋម​​ថា ​ប្រាសាទ​ព្រះ​វិហារ​ដែល​​ជា​​​សម្បត្តិ​​​បេតិក​ភណ្ឌ​​ពិភព​​លោក បាន​​រង​​ផ​លប៉ះ​ពា​ល់ខូ​ច​ខាត​​​​ជាង ១២០​កន្លែង ដោយ​​សារ​​តែ​​​​គ្រាប់​ផ្លោង និងការ​​​វាយ​ប្រហារ​​តាម​អាកាស​​របស់​​យោធា​ថៃ កាល​ពីអំឡុង​ខែកក្កដា ដែលកា​រខូចខាតនេះ​មានទំហំ​ធំ​ជាងការ​ផ្ទុះអាវុធរវាងកម្ពុជា-ថៃកាលពីឆ្នាំ​​២០១១ ​ដល់​ទៅ១០ដង។

លោក គង់ ពុទ្ធិការ អគ្គនាយក​អាជ្ញាធរ​ជាតិព្រះវិហារ ​ដែលបានផ្តល់​​កិច្ច​សម្ភាស​ន៍​ពិសេស​ជាមួយ​ទូរទស្សន៍​ទទក ដែលចាក់ផ្សាយនៅថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២៥ បាន​ឱ្យ​ដឹងថា ​ការ​ឈ្លាន​​ពាន​​បូរណភាព​ទឹក​ដីក​ម្ពុជា ពីសំណាក់​យោធាថៃ កាលពីចុងខែកក្កដានោះ បាន​បណ្តាល​​​ឱ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ និង​ខូចខាតគ្រប់គោបុរៈទាំងអស់នៅ​តួ​ប្រាសាទ​ព្រះវិហារ។

ប្រភពដដែលបន្តថា តាមការ​វាយតម្លៃជាបឋម គិត​ត្រឹមថ្ងៃទី​០៥ ខែសីហា មន្ត្រីបានរកឃើញ​គ្រាប់ផ្លោង​ដែលប៉ះប្រាសាទផ្ទាល់​ មានចំនួន ៤៧គ្រាប់ ដោយមិនទាន់​គិត​ពី​អំបែងគ្រាប់ និង​គ្រាប់​កាំភ្លើង​ផ្សេង​ទៀត​នៅឡើយ ខណៈដែលមន្ត្រីជំនាញនៅមិនទាន់​សិក្សា​ និ​ងវាយ​តម្លៃ​លម្អិតនៅឡើយទេ ព្រោះនៅទីនោះនៅមិនទាន់មានសុវត្ថិភាព។

លោកថា៖ «ចឹង ៤៧គ្រាប់ដែលធ្លាក់នៅលើប្រាសាទ​ព្រះ​វិហារ​នេះ​ បាន​បង្ក​​​ផលប៉ះពាល់ ១២៥​​ចំណុច នៅលើប្រាសាទ​​​ទាំងមូល ចឹងខ្ញុំសុំអនុញ្ញាត​ជំរាប​ជូន​ថា ១២៥ចំណុច​នោះ​​គឺ​ធ្ងន់ជាងគេនោះ​ គឺគោបុរៈទី១ និង​គោបុរៈទី​២។ គោបុរៈ​ទី១​យើង​ត្រូវ​រង​ការ​ខូចខាត២០កន្លែង គោបុរៈទី​២ ២៩កន្លែង គោបុរៈទី៣ ១៦កន្លែង គោបុរៈទី​៤ ១២កន្លែង គោបុរៈ​ទី​៥ ១១កន្លែង ជណ្តើរ​ខាង​ជើង ៩កន្លែង និ​ងស្ពាន​ហាល​តាមគោបុរៈ​និមួយៗគឺសរុប​ទៅ​ ៣៣កន្លែងទៀត​ អីចឹងនេះគឺជា​ផល​ប៉ះពាល់​ដោយ​ផ្ទាល់​អំពី​​ការ​វាយ​ប្រហារ​​មក​លើ​ប្រាសាទព្រះវិហារ​របស់យើង​»។

លោក​បន្តថា​ ការ​ប៉ះទង្គិច​គ្នា​លើក​ទី​២នេះ គឺយោធាថៃ​មានការ​ប្រើ​ប្រាស់​អាវុធធន់​ធ្ងន់​ច្រើន ដោយ​​មាន​​ទាំ​ង​អាវុធដែល​ទំនើប រួម​​ទាំង​​ដ្រូន ​​យន្ត​ហោះចម្បាំង(F16) និង​​​​គ្រាប់​បែក​ចង្កោម បាន​ធ្វើការ​ទម្លាក់​ស្រោច​ទៅលើ​ប្រាសាទព្រះវិហារ​ ដែលធ្វើ​ឱ្យ​ប្រាសាទខ្មែរមួយ​នេះរង​ការ​ខូចខាត​​មានទំហំ​​​ធំជា​ង​​ការ​​ប៉ះទ​ង្គិច​គ្នា​​លើក​ទី១ កាលពីឆ្នាំ​២០១១ ប្រមាណជា ១០ដង​។

លោក ពុទ្ធិការ បន្តទៀតថា ក្រៅពីផលប៉ះពាល់ទៅលើ​ប្រាង្គប្រាសាទ ការ​ឈ្លានពាន​របស់យោធាថៃមកលើ​តំបន់​ប្រាសាទព្រះវិហារ​នេះ ក៏បានធ្វើ​ឱ្យ​ខូចខាត​​​ទីស្នាក់​ការ​អភិរក្ស ហេដ្ឋារចនាសម្ព័ន្ធ​ទេសចរណ៍ ផ្លូវ​ថ្នល់ វត្តកែវសិក្ខា​គិរីស្វារៈ ផ្ទះសម្បែង និង​សាលារៀន​មួយចំនួន​ផងដែរ។

លោកបន្ត​ទៀត​ថា អាជ្ញាធរ​ជាតិ​ព្រះវិហារ បាន​និង​​កំពុងរៀបចំ​ឯកសារ​អំពី​​ការ​ខូច​ខាត​ប្រាសាទ​​ព្រះ​​វិហារ ហើយ​​បញ្ជូន​​ទៅ​​កាន់​អង្គ​ការ​យូណេ​ស្កូ និង​​អង្គការ​ផ្សេង​ៗ​ទៀត​ដែល​ពាក់ព័ន្ធ​នឹង​បេតិក​ភណ្ឌ​ពិភព​លោក ដើម្បី​ឱ្យ​ពួក​គេ​បាន​ដឹង​ពី​ទំហំ​នៃ​ការ​ខូច​ខាតនេះ។

កាលពីថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០២៥ ដែលជាថ្ងៃដំបូង​នៃការវាយ​ប្រហារដោយ​សព្វាវុធរវាង​យោធាកម្ពុជា និង​ថៃនោះ ក្រសួងវប្បធម៌កម្ពុជា ក៏បានចេញសេចក្តីថ្លែងការណ៍​ថ្កោល​ទោសចំពោះ​កង​កម្លាំង​ប្រដាប់​​អាវុធ​ថៃ ដែល​បានឈ្លានពាន​​កម្ពុជា ធ្វើ​​​​ឱ្យ​​​ប៉ះ​ពាល់​ និ​​ងបំ​ផ្លិច​បំផ្លាញ​​ទីតាំង​​ជុំវិញ និង​​រចនា​សម្ព័ន្ធ​ផ្ទាល់​របស់​ប្រាសាទ​ព្រះវិហារផងដែរ។

ក្រសួងថា ខ្លួន​នឹង​​​​​​រៀ​ប​ចំនីតិវិធី និងចងក្រងឯកសារ​ពាក់ព័ន្ធ ជុំវិញ​ការ​ខូចខាត​នានា​ ​ទៅលើ​ទីតាំង​​ជុំវិញ​និង​​រចនា​សម្ព័ន្ធ​​​ផ្ទាល់​​របស់​​ប្រាសាទ​​ព្រះ​វិហារ​ ដើម្បីទាមទារយុត្តិធម៌ និង​សំណង​តាម​​ច្បាប់​ផ្លូវ​​អន្តរ​ជាតិ។ ក្រសួង​ចាត់ទុក​​ទង្វើរបស់យោធាថៃ ថា​ជាការ​រំលោភ​​ទៅលើ​​អនុ​​សញ្ញា​​​​​អន្ត​រ​​ជាតិ​​​នានា ស្តីពី​ការ​ពារ​បេតិកភណ្ឌ​​វប្បធម៌​ ក្នុងនោះមានដូចជា អនុសញ្ញា​ទីក្រុងឡាអេឆ្នាំ​១៩៥៤ និ​ងអនុសញ្ញា​​​អង្គ​ការ​​​យូណេ​ស្កូ​ឆ្នាំ​​១៩៧២​ ជាដើម។

ប្រាសាទព្រះវិហារ ស្ថិត​ក្នុង​ភូមិ​ស្វាយ​ជ្រុំ ឃុំ​កន្ទួត ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ នៅ​លើ​ខ្នង​ភ្នំដង​រែក (៨០០ គុណនឹង ៤០០ ម៉ែត្រការ៉េ) ត្រូវ​បានពួក​អាណានិគម​និយម​បារាំង​ ​ប្រគល់​ឲ្យ​ប្រទេស​ថៃ ក្នុង​ឆ្នាំ​១៩៥៤ តែ​ត្រូវ​បាន​ទាម​ទារ​បាន​មក​វិញ ដោយ​ការ​កាត់​សេច​ក្ដី​ពី​តុលាការ​អន្តរ​ជាតិ​ក្រុង​ទ្បា​អេ នៅ​ថ្ងៃ​​ទី​១៥ ខែ​មិថុនា ឆ្នាំ​១៩៦២ ក្រោម​ព្រះ​រាជ​កិច្ច​ដឹក​នាំ​របស់​ព្រះ​បរមរតន​កោដ្ឋ សម្តេច ​នរោត្តម សីហនុ។

គិត​មក​ដល់​ឆ្នាំ​២០២៥នេះ គឺ​មាន​​រយៈពេល ១៧ឆ្នាំ​មក​ហើយ ប៉ុន្តែ​​ថៃ​នៅ​តែ​ចិញ្ចឹម​ចិត្ត​ចង់​បាន​ប្រាសាទ​ព្រះ​វិហារ​របស់​​ខ្មែរ តាម​រយៈ​មិន​ទទួល​ស្គាល់​សាល​ដីកា​របស់​តុលាការ​យុត្តិធម៌​អន្តរ​ជាតិ​(ICJ) នៅ​ឆ្នាំ​១៩៦២ និង​ការ​បក​ស្រាយ​សាល​ដីកា​របស់ ICJ នៅ​ឆ្នាំ​២០១៣ រួម​នឹង​ការ​កាឡៃ​ប្រវត្តិ​សាស្ត្រ​ពី​សំណាក់​ក្រុម​ជាតិ​និយម​ថៃ​ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ